ភ្នំពេញៈ ដោយមានកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជានៅថ្ងៃទី ២១ ខែមិថុនា បានប្រារព្ធទិវាកីឡាយោគៈអន្តរជាតិលើកទី៨ដែលមានអ្នកចូលរួមប្រមាណជាង ៣០០ នាក់ នៅមុខទីលានជល់ដំរី ក្នុងខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធនៅម៉ោង ៨ ព្រឹក ក្រោមប្រធានបទ “យោគៈសម្រាប់មនុស្សជាតិ” ខណៈដែលរដ្ឋមន្ត្រីការបរទេសឥណ្ឌលោក Rajkumar Ranjan Singh និងឯកអគ្គរដ្ឋទូត លោក Devyani Khobragade បានធ្វើយោគៈជាមួយអ្នកធ្វើយោគៈជាង ៣០០ នាក់ទៀតនៅមុខទីលានជល់ដំរី។
លោក Singh ថ្លែងថា៖ “ដូចអ្នកបានដឹងថា យោគៈ ជាការហាត់ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណមានប្រភពនៅប្រទេសឥណ្ឌា”។
លោកបន្ថែមថា ពាក្យយោគៈមកប្រភពមកពីភាសាសំស្ក្រឹតដែលមានន័យថា ចូលរួមឬរួបរួម។ ពាក្យនេះតំណាងឲ្យការរួមចិត្ត និងកាយគំនិត និងសកម្មភាព ភាពអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិ ជាវិធីដោះស្រាយប្រកបដោយវិសុទ្ធភាពចំពោះសុខភាព និងសុខុមាលភាព។
លោកបន្តថា៖ «សំខាន់ជាងនេះ យោគៈផ្សព្វផ្សាយសារនៃសន្តិភាពក្នុងពិភពលោក។ សារនេះស្របជាមួយគោលការណ៍នៃឃ្លា Vasudhaiva Kutumbakam ជាភាសាឥណ្ឌាមានន័យថា “ពិភពលោកជាគ្រួសារតែមួយ”»។
បន្ទាប់ពីចាប់កំណើតដំបូងនៅមហាសន្តិបាតអង្គការសហប្រជាជាតិឆ្នាំ២០១៤ទិវាកីឡាយោគៈអន្តរជាតិ ត្រូវបានប្រារព្ធថ្ងៃទី ២០ ប្រចាំឆ្នាំ។ កាលបរិច្ឆេទនេះត្រូវបានកំណត់ដោយនាយករដ្ឋមន្ត្រីឥណ្ឌលោក ណារ៉េនដ្រា ម៉ូឌី។
លោក Singh បញ្ជាក់ថា៖ “ចាប់ពីពេលនោះមក ប្រពៃណីឥណ្ឌាក្លាយជារបស់មនុស្សជាតិ ។ប្រពៃណីនេះត្រូវបានបដិបត្តិអស់ពីដួងចិត្តដោយមនុស្សរាប់លានទូទាំងពិភពលោក។
ក្រសួងទេសចរណ៍លើកឡើងថា ព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិល្អក្នុងការផ្សព្វផ្សាយទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា ខណៈដែលប្រទេសទាំង២ប្រារព្ធខួបលើកទី៧០នៃការបង្កើតទំនាក់ទំនង
ការទូត។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ សម្រេចបានជិត ៩៥ ភាគរយធៀបនឹងប្រជាជនសរុប ១៦ លាននាក់ ធ្វើឲ្យរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ សម្រាប់អ្នកធ្វើដំណើរចាក់វ៉ាក់រួចដោយមិនតម្រូវឲ្យពួកគេធ្វើចត្តាឡីស័កចាប់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។
ព្រឹត្តិការណ៍នេះក៏នឹងបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការធ្វើយោគៈ ទៀងទាត់ដែលអាចនាំឲ្យសុខភាពផ្លូវចិត្ត ផ្លូវកាយ និងបញ្ញាប្រសើរ។
ទិវាកីឡាយោគៈអន្តរជាតិក៏នឹងត្រូវបានប្រារព្ធថ្ងៃទី២៣ ខែមិថុនា ម៉ោង៧ព្រឹក ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាពិកនៅភ្នំពេញ៕