លោក ប៉ោយ ឈុនលី មានក្តីប្រាថ្មាធំបង្កើតសាលាបង្រៀនថតខ្សែភាពយន្តនៅខេត្តបាត់ដំបង

បាត់ដំបងៈ បុរសអ្នកសិល្បៈ អាយុ ៤១ ឆ្នាំ ប៉ោយ ឈុនលី ក្រោយវិលត្រឡប់ពីរៀនជំនាញសិល្បៈភាពយន្តនៅប្រទេសបារាំងក្នុងឆ្នាំ ២០១៤ និងបានប្រឡូកអាជីពសិល្បៈបែបចម្រុះដូចជា ធ្វើជាគ្រូបង្រៀនគំនូរ និងគំនូរជីវចល នៅសាលាហ្វារពន្លឺសិល្បៈ គួបផ្សំនឹងកង្វះខាតធនធានផ្ទាល់ខ្លួននោះ ទើបជំនាញជាក្តីស្រឡាញ់ធំលើវិស័យភាពយន្តត្រូវដំអក់ ហើយបន្តសន្សំចិត្តរហូតជាង ១០ ឆ្នាំ ទើបអាចចាប់ផ្តើមជំហ៊ានដំបូងនាពេលនេះ។
នាពេលថ្មីៗនេះ បុរសមានជំនាញសិល្បៈចម្រុះ ជាកូនចៅអ្នករស់នៅ ខេត្តបាត់ដំបង ដែលមានភិនភាគមុខមាត់ស្រដៀងគ្នានឹងកីឡាករប្រដាល់លំដាប់ពិភពលោកជនជាតិហ្វីលីពីន ម៉ានី ប៉ាគីអាវ គឺធ្លាប់មហាជនប្រសិទ្ធនាមលោកថា «ម៉ានី ប៉ាគីអាវខ្មែរ» ដោយលោកមានឈ្មោះពិតថា ប៉ោយ ឈុនលី បានបង្ហើបពីក្តីប្រាថ្នាធំរបស់ខ្លួន នៅពេលអនាគត ចង់បង្កើតសាលាបង្រៀនថតភាពយន្តមួយកន្លែងនៅខេត្តបាត់ដំបង។
លោក ប៉ោយ ឈុនលី បច្ចុប្បន្នមានវ័យ ៤១ ឆ្នាំ ប្រាប់សកម្មភាពការងារប្រចាំថ្ងៃដ៏មមាញឹករបស់លោកថា៖ «ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ខ្ញុំចុះថតនៅទីជិតឆ្ងាយ និងពេលយប់កាត់តវីដេអូគម្រោងក្នុងស្ទូឌីយោតូចមួយនេះ។ ដើម្បីរកលុយចិញ្ចឹមជីវិត ដល់ថ្ងៃចុងសប្តាហ៍ ធ្វើការដើម្បីសង្គម បង្រៀនជំនាញតែងនិពន្ធ នៅវត្តពោធិវាល ដល់ព្រោះសង្ឃ និងយុវជន ព្រោះជាការងារដែលខ្លួនស្រឡាញ់ពេញបេះដូងតែម្តង។ ធ្វើការ ៧ ថ្ងៃ ក្នុងមួយសប្តាហ៍ ១៨ ម៉ោង ក្នុងមួយថ្ងៃ ហត់បន្តិចមែន តែពិតជាសប្បាយណាស់ ព្រោះបានប្រើពេលវេលាដ៏មានតម្លៃ ឱ្យមានប្រយោជន៍ បន្សល់ទុកជាស្នាដៃដល់មនុស្សជំនាន់ក្រោយ ប្រទេសមួយខ្លាំង ព្រោះមានប្រជាជនខ្លាំងរស់នៅ»។
លោក ប៉ោយ ឈុនលី ដែលស្រទាប់មហាជនច្រើនហៅលោកថា «ប៉ាគីអាវខ្មែរ» នោះក៏បញ្ជាក់បន្ថែមពីក្តីបំណងធំដែលរូបលោកបានសន្សំទាំងចិត្ត និងទ្រព្យធនទុកអស់រយៈពេលជាង ១០ ឆ្នាំ មកហើយ ក្នុងវិស័យសិល្បៈភាពយន្ត ដែលរូបលោកបានរៀនមកពីប្រទេសបារាំង និងជំនាញជាទីស្រឡាញ់ដ៏មុតមាំមិនទាន់ បានសម្រេចបំណងនោះឡើយ។ ក្តីស្រឡាញ់របស់លោកនោះ គឺចង់ផលិតកុនខ្លួនឯងផង និងចង់បង្កើតសាលាបង្រៀនថតកុនមួយកន្លែង នៅខេត្តបាត់ដំបង នាពេលអនាគត។
លោក ប៉ោយ ឈុនលី ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ដោយសារខ្វះធនធាន ហើយទម្រាំតែសន្សំប្រាក់បានទិញសម្ភារថតកុនមួយឈុតនេះបាន ខ្ញុំត្រូវសន្សំពេល និងប្រាក់តាំងពី ឆ្នាំ ២០០៨ មក ទើបអាចទិញឧបករណ៍ថតវីដេអូមួយឈុតនេះបាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តែវាជាប្រភេទសម្ភាខ្នាតល្មម ដែលមានតម្លៃប្រមាណជាង ៤០០០ ដុល្លារតែប៉ុណ្ណោះ។ យ៉ាងណាមួយឈុតនេះវាជួយខ្ញុំ អាចទទួលយកការងារសហការគ្រប់គម្រោង ទាំងប្រភេទថតភាពយន្តឯកសារ ថតរឿងភាគ ថតរឿងដុំ និងថតរឿងខ្លីផងដែរ។
បច្ចុប្បន្ន ខ្ញុំបានប្រើវាសម្រាប់ផលិតវីដេអូលើគម្រោងចំនួន ២ ជាបណ្តើរៗ ដែលគម្រោងទី ១ ពាក់ព័ន្ធនឹងការថតផ្នែកកសិកម្ម ដោយត្រូវចុះទៅថតនៅតាមចម្ការបន្លែនានា ក្នុងខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ និងប្រើពេលប្រមាណ ៥-៦ ខែ។ ហើយគម្រោងទី២ កំពុងតែមានទំនាក់ទំនងគ្នានៅឡើយ។ នៅសល់ម៉ោង ពេលចុងសប្តាហ៍ ខ្ញុំក៏ត្រូវឆ្លៀតថតប្លង់នានា សម្រាប់ការផលិតកុនខ្នាតវែងខ្លួនឯងជាបណ្តើរៗផងដែរ ដោយខ្ញុំត្រូវឆ្លៀតកាត់តវីដេអូទាំងនោះ នៅពេលយប់ក្នុងស្ទូឌីយូផ្ទាល់ខ្លួន (Poy Studio) ដែលមានទំហំ ១៣ ម៉ែត្រការ៉េ ដើម្បីរៀបចំ និងត្រៀមយកទៅប្រកួតនៅក្រៅប្រទេស ពេលចប់រួចរាល់។ ចំពោះការផលិតកុននេះ ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថា នឹងត្រូវប្រើពេលប៉ុន្មានទើបផលិតរួចរាល់នោះទេ ឬចប់នៅពេលណាបានឡើយ។ ដោយសាច់រឿងកុននោះ ខ្ញុំក៏បានសរសេរវារួចរាល់យូរមកហើយ»។
បើទោះបីជាមើលទៅឃើញទំនោរនៃការចង់បង្កើតការងារឯករាជ្យដោយខ្លួនឯង ដោយបានចាប់ផ្តើមបង្កើតស្ទូឌីយ៉ូផ្ទាល់ខ្លួនតាំងពីឆ្នាំ ២០១៨ មកមែនក្តី តែលោក ប៉ោយ ឈុនលី ក៏មានបំណងចង់បានដៃគូសហការគ្នាពីសំណាក់ក្រុមហ៊ុនពាណិជ្ជកម្មក្នុងស្រុក ឬក្រៅស្រុកនានា ដែលមានគោលដៅចង់ពង្រីកលើវិស័យផលិតភាពយន្តនៅស្រុកខ្មែរ ឱ្យមានសក្តានុពល និងគុណភាពខ្ពស់ អាចយកទៅប្រកួតប្រជែងនៅក្រៅប្រទេសផងដែរ នាពេលអនាគត។
លោកបានព្រលយឱ្យដឹងថា៖ «ប្រសិនបើ មានក្រុមហ៊ុនជាដៃគូសហការលើវិស័យនេះមែននោះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់ ដើម្បីពន្លឿននូវអ្វី ដែលជាក្តីសុបិនរបស់ខ្ញុំ ចង់ឃើញមានសាលាបង្រៀនថតភាពយន្តមួយ នៅក្នុងខេត្តបាត់ដំបង។ កាលណាយើងមានសាលាបង្រៀនថតកុនហើយ នឹងសម្បូរធនធានអ្នកចេះវិស័យនេះ។ ហើយកាលណាសម្បូរធនធានមនុស្សចេះ នឹងមានការប្រកួតប្រជែងមួយ ដែលឈានទៅការសម្រិតសម្រាំងរកគុណភាពមិនខានឡើយ»។
លោក ប៉ោយ ឈុនលី កើតនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៩៨៣ នៅខេត្តបាត់ដំបង ជាគ្រូបង្រៀនគំនូរជីវចលមួយរូប ដែលបានចាប់ផ្តើមជំនាញវីដេអូតុក្កតាមានចលនា (Animation) នេះ ដំបូងគេបង្អស់ក្នុងឆ្នាំ ២០០៧ ខណៈចាប់ផ្តើមប្រឡូកវិស័យសិល្បៈគំនូរតាំងឆ្នាំ ១៩៩៨ មកម្ល៉េះ នៅឯសាលាហ្វារពន្លឺសិល្បៈក្នុងខេត្តបាត់ដំបង ហើយលោកបានបញ្ចប់ការសិក្សាជំនាញសិល្បៈគំនូរនៅសាលាហ្វារពន្លឺសិល្បៈក្នុងឆ្នាំ ២០០២។
ដោយមានការណែនាំពីសំណាក់អ្នកថតរូប ខ្មែរ-អាមេរិក មួយរូប ដែលបានមកទស្សនកិច្ចនៅសាលាហ្វារពន្លឺសិល្បៈនោះលោក ប៉ោយ ឈុនលី ក៏បានចាប់ផ្តើមរៀនស្វែងយល់ និងស្វ័យសិក្សាជំនាញគំនូរជីវចលនេះ នៅឆ្នាំ ២០០២ ដែលវាមានលក្ខណៈខុសប្លែកពីអ្វីលោកបានរៀនដោយការគូរគំនូរមួយសន្លឹកធម្មតា ប៉ុន្តែលោកត្រូវគូររូបដដែលៗ និងមានកាយវិការខុសគ្នាបន្តិចជាច្រើនសន្លឹកផ្គុំចូលគ្នា ទើបអាចបង្កើតបានជាវីដេអូតុក្កតា ប្រភេទជារឿងខ្លីមួយបាន។ ឆ្នាំ ២០០៦ លោកក៏បានស្គាល់មិត្តភក្តិម្នាក់មកពីប្រទេសបារាំង មកជួយបង្រៀនលោកទាំងថ្ងៃ ទាំងយប់រយៈពេលមួយខែ ហើយជំនាញនេះ ត្រូវការពេលវេលាយូរដើម្បីរៀនសូត្រ។ ឆ្នាំ២០០៧ លោក ប៉ោយ ឈុនលី ចាប់ផ្តើមបើកថ្នាក់បង្រៀនជំនាញ គំនូរជីវចលនេះ នៅសាលាហ្វារពន្លឺសិល្បៈតែម្ដង ដោយលោកបានប្រមូលក្មេងៗ ផ្តើមពីសិស្សបីនាក់ រហូតកើនដល់ ដប់បួននាក់ ក្នុងលក្ខណៈជាការបង្រៀនសិស្សផង រៀនខ្លួនឯងផង។ ហើយនៅចន្លោះឆ្នាំ ២០០៧-២០១១ លោក ឈុនលី មានតួនាទីជានាយកស្ទូឌីយ៉ូ ឈ្មោះថា 1000 Hands Animation Studio នៃសាលាហ្វារពន្លឺសិល្បៈ។
ក្រោយមកលោកបានបម្រើការងារជាគ្រូបង្រៀនជំនាញគំនូរជីវចល នៅសាលាហ្វារពន្លឺសិល្បៈចាប់ពីឆ្នាំ ២០១៤ ដល់ត្រឹមឆ្នាំ ២០១៧ ខណៈនៅចន្លោះឆ្នាំ ២០១៦-២០១៧ លោក ឈុនលី ក៏មានតំណែងជាអ្នកដឹកនាំផលិតភាពយន្ត នៅស្ទូឌីយ៉ូខាងលើ។ គិតត្រឹមឆ្នាំ ២០១៨ មកលោក ឈុនលី បានចាប់ផ្តើមការងារខ្លួនឯង ជាមួយនឹងស្ទូឌីយ៉ូផ្ទាល់ខ្លួនមានឈ្មោះ Poy Studio រហូតដល់បច្ចុប្បន្ននេះ។
លោកបានសម្រេចបន្តការសិក្សាជំនាញ Animation នៅសាលា Ecole Pivaut នៅទីក្រុងណាន់តេស (Nantes) ប្រទេសបារាំង នៅចន្លោះឆ្នាំ ២០១១-២០១៤ ដើម្បីសិក្សាលម្អិត និងស៊ីជម្រៅបន្ថែមលើជំនាញថ្មីគំនូរជីវចល។ ស្នាដៃគំនូរជីវចលដំបូងលោកមានចំណងជើងរឿង «Revive» ធ្លាប់បានឈ្នះពានរង្វាន់ទី១ ពីកម្មវិធីមហោស្រព Cambofest Film Festival ឆ្នាំ ២០០៧ និងត្រូវបានគេយកទៅចាក់បញ្ចាំងក្នុងកម្មវិធីមហោស្រពភាពយន្តថ្នាក់ជាតិ និងអន្តរជាតិ ជាច្រើនផងដែរ ដូចជានៅទីក្រុងប៉ារីស ប្រទេសបារាំង នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ និងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា៕