​ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ​មានការ​ជ្រើស​រើសយក​ស្នាដៃ​រឿង​ខ្លី​ ១ មាន​ចំណងជើង ថា​ «​មេម៉ាយ​ប្តី ​៥» និពន្ធ ក្នុង​ឆ្នាំ ​១៩៧៣ ដោយ​អ្នកនិពន្ធ​ម្នាក់ មាន​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​ក្នុង​វិស័យ​អក្សរសាស្ត្រ​ខ្មែរ និង​ល្បីឈ្មោះ​បោះ​សំឡេង នា​ទសវត្សរ៍​ទី​៧០-៨០ មក​បោះពុម្ពផ្សាយ​ឡើងវិញ​ចំនួន​ ២ ០០០​ ក្បាល កាលពី​ខែមិថុនា ដោយ​គ្រឹះស្ថាន​បោះពុម្ព​កម្ពុ​មេ​រា ក្នុង​បំណង​រក្សា​ស្នាដៃ​អ្នកនិពន្ធ​ខ្មែរ​ចាស់ៗ​។​

​បុរស​ម្នាក់​នោះ ធ្លាប់ជា​គ្រូបង្រៀន អ្នក​​និពន្ធ​កាសែត​នគរធំ ជា​មន្ត្រីរាជការ នា​សម័យ​ឆ្នាំ​ ១៩៦៦ ដល់​ឆ្នាំ ​១៩៨០ និង​ជា​អ្នកនិពន្ធ​រឿង​ខ្លី​ជាច្រើន ដែល​មហាជន អ្នកអាន​សម័យមុន​ធ្លាប់​ស្គាល់​ពី​ទឹកដៃ​និពន្ធ​។ បច្ចុប្បន្ន លោក​មាន​វ័យ​ ៨១​ ឆ្នាំ​ទៅហើយ ដែល​កំពុង​រស់នៅ​ជាយក្រុង​​ប៉ារីស ប្រទេស​បារាំង គឺ​លោក​ ជុ​ត ខៃ​។

​លោក ​ជុ​ត ខៃ ធ្លាប់ជា​គ្រូបង្រៀន​ភាសា​​បារាំង បង្រៀនច្បាប់ អ្នកសរសេរ​ព័ត៌មាន និង​ជា​ព្រឹទ្ធបុរស នៃ​មហាវិទ្យាល័យ​ច្បាប់ នៅ​ទីក្រុង​ភ្នំពេញ​។ លោក​ក៏​ជា​អ្នកនិពន្ធ​ខ្មែរ ដ៏​មាន​ទេពកោសល្យ ​១ ​រូប ចេះ​បញ្ចេញ​គំនិត ដោយ​បញ្ចូល​ពី​វប្បធម៌ ទំនៀមទម្លាប់ និង​ឥទ្ធិពល​របស់​បស្ចិមប្រទេស​ទៀតផង​។


​រឿង​ «​មេម៉ាយ​ប្តី ​៥» ដែលជា​ស្នាដៃ ប្រលោមលោក​ខ្នាត​ខ្លី របស់លោក​ ជុ​ត ខៃ គឺ​ទំនង​ទទួល​ឥទ្ធិពល​ពី​បស្ចិមប្រទេស​ហើយ​មើលទៅ សូម្បីតែ​ចំណងជើង​ក៏មាន ប្រើ​សំនួន​ពាក្យពេចន៍ បែប​ជាស​ម្តី​លះៗ​ខ្លាំង​អស់​សេចក្តី​អាថ៌កំបាំង​ផងដែរ​។

​នៅ​ពាក់កណ្តាល​ឆ្នាំ ​២០២២ ​នេះ រឿង​ «​មេម៉ាយ​ប្តី​ ៥»​ ស្រាប់តែ​ត្រូវបាន​គ្រឹះ​​ស្ថាន​កម្ពុ​មេ​រា​សម្រេច​ជ្រើស​យកមក​បោះពុម្ពផ្សាយ​ឡើងវិញ ដែល​មើលទៅ​ហាក់ដូច​ជាមាន​លក្ខណពិសេស​ជាង​​គេ​បន្តិច បើ​ប្រៀប​ទៅនឹង​ស្នាដៃ​រឿង​ខ្លី​ជាច្រើន​ទៀត​របស់លោក ​ជុ​ត ខៃ ដូចជា​រឿង​ «​ក្មេង​វត្ត​សម័យ​បារាំង​» រឿង​ «​កូន​​ក្របី​មនោសញ្ចេតនា​» រឿង​ «​ក្មេង​វត្ត​សាលា​បារាំង​» និង​រឿង ​«​ខ្មោច​ព្រាយ​​អសុរកាយ​» ​ជាដើម​នោះ​។


កម្រងសៀវភៅស្នាដៃរបស់លោក ជុត ខៃ អ្នកនិពន្ធខ្មែរល្បីឈ្មោះ ពីទសវត្សរ៍៧០-៨០ ដែលកំពុងរស់នៅប្រទេសបារាំង។ រូប កម្ពុមេរា

​បើតាម​វាចា​អ្នកនិពន្ធ​រឿង​ «​មេម៉ាយ​ប្តី ​៥» លោក​ ជុ​ត ខៃ បាន​សរសេរ​រៀបរាប់​ឱ្យដឹងថា​៖ «​មនុស្ស​យើង មិន​ថា ចាម ចិន យួន ខ្មែរ លាវ បារាំង​នោះទេ ឱ្យតែ​នៅពេល​ទំនេរ​ជួបជុំគ្នា មិន​ថា បុរស ឬ​ស្ត្រី​ទេ តែង​​តែ​និយាយ​ចំអែចំអន់​គ្នា​លេងសើច​អំពី​រឿង​ផ្លូវភេទ​នេះឯង​»​។

​វាចា​អ្នកនិពន្ធ​បន្តថា ​«​មេម៉ាយ​ប្តី ​៥» មិនដូចជា​រឿង​ «​ចំតិត​ឥត​អាសូរ​» ​របស់លោក​ សុទ្ធ ប៉ូ​លីន នោះទេ​។ សង្គម​ខ្មែរ ដែលជា​សង្គម​មានការ​អៀនខ្មាស​ច្រើន​បាន​ចាត់​​ទុក​សៀវភៅ​របស់លោក​ ប៉ូ​លីន ជា​សៀវ​​ភៅ​ចំអេសចំអាស និង​ត្រូវបាន​ហាម​លក់ ប៉ុន្តែ​ក្រោយពី​ហាម សៀវភៅ​នេះ​លក់ដាច់ លើស​ដើម ហើយ​ពិបាក​រក​ទិញ​ទៀត​។ រីឯ​តម្លៃ ថ្លៃ​លើស​ធម្មតា​ពី ៣ ​ទៅ​ ៤-៥ ​ដង​។ មានន័យថា ខ្មែរ​យើង​ចូលចិត្ត​ចង់ដឹង​ផ្លូវភេទ​ដូច​សាសន៍​ដទៃៗ​ទៀត​ដែរ​។

​អ្នកស្រី​ សូ ភី​ណា សហ​ស្ថាបនិក និង​ជាអ្នកគ្រប់គ្រងនៃ​គ្រឹះស្ថាន​បោះពុម្ព​កម្ពុ​មេ​រា ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ ​២០១៥ ​មក​នោះ ក៏បាន​បញ្ជាក់​ឱ្យដឹងពី​ហេតុផល នាំឱ្យមាន​ការជ្រើសរើស​យក​ស្នាដៃ​របស់លោក​ ជុ​ត ខៃ មក​បោះពុម្ពផ្សាយ​ឡើងវិញ នៅ​ឆ្នាំ​ ២០២២​ នេះ​ផងដែរ​។ អ្នកស្រី​បាន​​ឱ្យដឹងពី​គោលបំណង​របស់​គ្រឹះស្ថាន​​បោះពុម្ព​កម្ពុ​មេ​រាថា ជាទូទៅគ្រឹះស្ថាន​បាន​បោះពុម្ព​ស្នាដៃ​ទាំងឡាយណា ជា​ប្រភេទ​រឿង​ប្រលោមលោក​ (​ទាំង​អ្នក​​និពន្ធ​ជំនាន់​ចាស់ និង​ថ្មី​) រឿង​ខ្លី និង​អត្ថបទ បកប្រែ​អក្សរសិល្ប៍​បរទេស​នានា​។

​អ្នកស្រី សូ ភី​ណា បញ្ជាក់ថា​៖ «​ដោយ​​សារ លោក​ ជុ​ត ខៃ មាន​ស្នាដៃ​រឿង​ខ្លី​ជាច្រើន រួមផ្សំ​នឹងមាន​សំណើ​ពី​លោក​ផង​នាពេល​ថ្មីៗ​នេះ ដែលមាន​លក្ខណៈ​ស្របគ្នា​នឹង​គោលដៅ​ពី​គ្រឹះស្ថាន​កម្ពុ​​មេ​រា​យើង​ផង​នោះ ទើប​យើង​សម្រេច​ជ្រើស​រើសយក​ស្នាដៃ​រឿង​ខ្លី ​«​មេម៉ាយ​ប្តី ​៥» នេះ​មក​បោះពុម្ព​ឡើងវិញ​ជា​លើកដំបូង​។ ម្យ៉ាងវិញទៀត ស្នាដៃ​របស់លោក​ក៏​ធ្លាប់​ចេញផ្សាយ​ដោយ​គ្រឹះស្ថាន​បោះពុម្ពនគរធំ កាលពី​ឆ្នាំ ​១៩៧៣»​។

​អ្នកស្រីក៏បាន​បកស្រាយ​ពី​ខ្លឹមសារ​ខ្លះៗ នៃ​រឿង ​«​មេម៉ាយ​ប្តី ​៥» របស់លោក​ ជុ​ត ខៃ ផងដែរ​ថា បើតាម​វាចា​របស់​អ្នកនិពន្ធរឿង​នោះ បាន​សរសេរ​និពន្ធ​ក្នុងអំឡុង​ដើម​ទសវត្សរ៍​ទី​៧០ ដែលជា​សម័យ​​កាល​ប្រទេស​ខ្មែរ មាន​សង្គ្រាមស៊ីវិល បាន​រងគ្រោះ​ដោយ​ការទម្លាក់​គ្រាប់បែកពី​សហរដ្ឋអាមេរិក និង​សម័យកាល​ខ្មែរ​​ក្រហម​។ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​រស់នៅក្នុងស្ថានភាពតានតឹង​ក្នុង​អារម្មណ៍ ដោយ​ពេលនោះ​ត្រូវបាន​គេ​ជម្លៀស​ខ្លួន​ចេញពី​ស្រុកកំណើត មក​រស់នៅ​ទីក្រុង ឬ​ជនបទ បែប​ការរស់នៅ​ប្រមូល​ផ្តុំគ្នា​។

​អ្នកស្រី​ សូ ភី​ណា ឱ្យដឹង​តាមរយៈ​ការ​​បង្ហើប​ប្រាប់​ពី​អ្នកនិពន្ធ​រឿង​ថា​៖ «​លោក​ ជុ​ត ខៃ បាន​សរសេរ​រឿង​ខ្លី​នេះ ដែលមានលក្ខណៈ​កំប្លុកកំប្លែង លាយឡំ​នឹង​ត​ថ​ភាព​សង្គម​ជាច្រើន​ទៀត ដែល​ទាក់ទង​គ្នាដូចជា​របៀបរបបរ​ស់​នៅ ការ​ខិលខូច ការ​ក្លែងបន្លំ ការសិក្សា​រៀនសូត្រ ការធ្វើ​​ការងារ ការ​រើស​គូស្រករ ឬ​ការលើកដាក់​កូនចៅ​ឱ្យមាន​គូស្រករជាដើម ​តាម​សិល្ប៍​វិធី​លោក​ក្នុង​គោលបំណង ចង់ឱ្យ​អ្នកអាន​អាច​រំសាយ​អារម្មណ៍​តានតឹង ព្រោះ​លោក​គិតថា ស្នាដៃ​របស់លោក នឹង​អាចមាន​គេ​យកទៅ​អាន​។ រឿង​ «​មេម៉ាយ​ប្តី ​៥» លោក​បាន​និពន្ធ​នៅ​ឆ្នាំ ​១៩៧៣ ដែលជា​ពេលវេលា​កើត​​ឡើង​នូវ​ភាពចលាចល​នៃ​សង្គម​រស់នៅ​របស់​ប្រជាជន​ខ្មែរ​»​។

​ភាសា​របស់លោក​ ជុ​ត ខៃ ក្នុងសម័យ​នោះ ហាក់​មាន​លក្ខណៈ​ខុសប្លែក​ពី​សម័យ​​បច្ចុប្បន្ន ដែល​អ្នកអាន​នា​សម័យនេះ គឺ​ពិតជា​ពុំ​អាច​ទទួលយក​បានឡើយ ព្រោះ​ភាសា​ខ្លះ​អាន​ទៅ​មិនមាន​លក្ខណៈ​ពីរោះ​​ពិសា​ទេ​។ ដូច្នេះ អ្នកស្រី សូ ភី​ណា ក៏បាន​សំណូមពរ​អ្នកអាន​នៅពេល​យក​សៀវភៅ​លោក​ ជុ​ត ខៃ ទៅ​អាន​នោះ សូមមេត្តា​ពិចារណា​ទៅលើ​សាច់រឿង​ទាំង​​មូល​ផង ដោយ​គ្រាន់តែ​ចាត់ទុកជា​ការរិះគន់​ទៅលើ​ការប្រើប្រាស់​ភាសា​នា​សម័យ​នោះបាន​ហើយ​។

​អ្នកស្រី​ថ្លែងថា​៖ «​ទោះជា​យ៉ាងណា រឿងនេះ​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​សម័យមុន និង​មានគុណ​តម្លៃ​បែប​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​ជា​បទពិសោធ​ដល់​អ្នកអាននៅ​សម័យ​បច្ចុប្បន្ន បន្ទាប់ពី​បាន​អាន​រឿង​ចប់ ដោយយោង​គិត​តាម​វិធីសាស្ត្រ​នៃ​ការប្រៀបធៀប​តាម​ទ្រឹស្តី​អក្សរសិល្ប៍​នា​សម័យមុន និង​សម័យ​បច្ចុប្បន្ន​ធ្វើជា​គោល​ទៅ​ចុះ​»​។

​លើសពីនេះ​គ្រឹះស្ថាន​កម្ពុ​មេ​រា ក៏​គ្រោង​បន្ត​បោះពុម្ពផ្សាយ​នូវ​ស្នាដៃ​អក្សរសិល្ប៍​ចាស់ៗ​ពី​សម័យមុន​មកជា​ច្រើន​ទៀត​ដែរ ដើម្បី​ជួយ​រក្សាទុក​នូវ​សំណៅ​ឯកសារ​ទាំងនោះ​កុំឱ្យ​បាត់បង់​។​

​អ្នកស្រី ​ហួត សុជាតា ជា​ស្ថាបនិក​​គ្រឹះស្ថាន​បោះពុម្ព​អវតារ ក៏​កោតសរសើរ​ពី​ទេពកោសល្យ​របស់​អ្នកនិពន្ធ ជុ​ត ខៃ សញ្ជាតិ​បារាំង ដើមកំណើត​ខ្មែរ​នេះដែរ ក្រោយពី​ជួប​សំណេះសំណាល​គ្នាតាមរយៈទូរស័ព្ទ​នោះ​។ អ្នកស្រី ហួត សុជាតា បញ្ជាក់ថា​៖ «​ខ្ញុំ​ទើប​ទម្លាក់​ទូរស័ព្ទ​ជាមួយ​មនុស្ស​សំខាន់​ម្នាក់ មនុស្ស​ដែល​ខ្ញុំ​គោរព កោតសរសើរ​ជាទីបំផុត​។ គាត់​ឈ្មោះ ជុ​ត ខៃ​។ គាត់​មិន​ត្រឹមតែ ជា​អ្នកនិពន្ធ​ដ៏​ប៉ិនប្រសប់ ​១ ​រូប​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​អ្នក​បកប្រែ និង​អ្នក​ស្នេហា​អក្សរសាស្ត្រ អក្សរសិល្ប៍​ដ៏​ឆ្នើម​ម្នាក់​ដែរ (​តែ​គាត់​ដាក់ខ្លួន​ណាស់​)​។ គាត់​ជួយ​អាន​សំណៅ​​រឿង ដែល​ខ្ញុំ​សរសេរ គាត់​ជួយផ្ដល់​យោបល់ និង​លើកទឹកចិត្ត​»​។​

​តាម​ជីវប្រវត្តិ​របស់លោក​ពី​គេហទំព័រ ឈ្មោះ​ «​កំពង់ចាម​កំពង់​ចិត្ត​» លោក ​ជុ​ត ខៃ កើត​នៅ​ថ្ងៃទី ​៣០ ខែ តុលា ឆ្នាំ ​១៩៤០ នៅ​ខេត្តកំពង់ចាម​។ លោក​បាន​រៀនសូត្រ នៅ​សាលាបឋមសិក្សា និង​មធ្យមសិក្សា​នៅ​ទី​រួម​ខេត្ត​កំណើត​របស់លោក​។ នៅ​ឆ្នាំ​ ១៩៦៦ លោក​បានបញ្ចប់​ការសិក្សា​នៅ​សាលា​គរុវិជ្ជា​ជាន់ខ្ពស់ ហើយ​បាន​ទៅធ្វើជា​សាស្ត្រាចារ្យនៅ​អនុវិទ្យាល័យ​ឈូក ក្នុង​ខេត្តកំពត​។ ទន្ទឹមនឹង​មុខងារ​ជា​សាស្ត្រាចារ្យ លោក​ឆ្លៀត​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ រហូតដល់​ទទួល​បរិ​ញ្ញាប​ត្រ​នៅ​ឆ្នាំ ​១៩៦៨​។ ក្នុង​ឆ្នាំ​ដដែល​នេះ លោក​បាន​ផ្លាស់​ទៅ​វិទ្យាល័យ​សន្តិភាព នៅ​ខេត្តកំពង់ស្ពឺ​។

​ក្រោយ​រដ្ឋប្រហារ​របស់​លោក​សេនា​ប្រមុខ លន់ នល់ នា​ថ្ងៃទី​ ១៨ ខែ មីនា ឆ្នាំ​ ១៩៧០ លោក​ ជុ​ត ខៃ បាន​ចូលធ្វើ​​ទាហាន ដោយ​បានទទួល​ឋានន្តរស័ក្ដិ​ជា​អនុសេនីយ៍ឯក​។ នៅ​ឆ្នាំ​ ១៩៧១ លោក​បាន​ផ្លាស់​ទៅធ្វើជា​ប្រធាន​រដ្ឋបាល​នៅ​តុលាការសឹក​។ លោក​បានទទួល​ការ​តែងតាំង​ជា​ព្រឹទ្ធបុរស​ស្ដីទី នៃ​មហា​វិទ្យា​ល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ក្នុង​ឆ្នាំ​សិក្សា ​១៩៧៣-១៩៧៤​។

​លោក​រស់នៅ​យ៉ាង​វេទនា​ក្នុង​របប​ខ្មែរ​​ក្រហម ប៉ុន្តែ​ជា​ភ័ព្វសំណាង លោក​បាន​រួច​ផុតពី​ការសម្លាប់​ក្នុង​របប​វាលពិឃាត​នេះ​។ លោក​បាន​ភៀសខ្លួន​ជាមួយ​គ្រួសារ​មកដល់​ជំរំ​ខាវអ៊ី​ដាង ប្រទេស​ថៃ នៅ​ឆ្នាំ ​១៩៧៩​។ បន្ទាប់មក លោក​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​បារាំង ​ក្នុង​ឆ្នាំ ​១៩៨០ ដោយ​បានទទួល​សញ្ជាតិ​បារាំង ហើយ​ប្ដូរ​ឈ្មោះ​ទៅជា Khay Chance​។

​លោក​បាន​ទុក​ស្នាដៃ ជា​ប្រលោម​​លោក​ផ្ទាល់ខ្លួន និង​ប្រលោមលោក​បកប្រែ រួមមាន​រឿង​ «​ខ្មោច​ព្រាយ​អសុរកាយ​» បោះពុម្ព​នៅ​ឆ្នាំ ​១៩៧៣ រឿង​ «​មេម៉ាយ​ប្ដី ​៥» បោះពុម្ព​ឆ្នាំ ​១៩៧៣ រឿង​ «​អស្ដង្គត​នៃ​ប្រជាជាតិ​» ជា​ជីវប្រវត្តិ​ផ្ទាល់​បម្រុង​បោះ​​ពុម្ព​។ រឿង​ «​បុត្រ​ឆ្នើម​នៃ​សង្គ្រាម​» អត្ថបទ​​បកប្រែ​បោះពុម្ព នៅ​ឆ្នាំ ​១៩៧១ រឿង ​«​ជញ្ជាំង​» ស្នាដៃ​បកប្រែ​បោះពុម្ព​នៅ​ឆ្នាំ ​១៩៧២ រឿង​ «​លោក​ឯកអគ្គរដ្ឋទូត​» បោះពុម្ព​នៅ​ឆ្នាំ ​១៩៧៣ រឿង​ «​ក្មេង​វត្ត​សម័យ​បារាំង​» បោះពុម្ព​នៅ​ឆ្នាំ ​២០០៥ រឿង​ «​វិប្បដិសារី​» បោះពុម្ព​នៅ​ឆ្នាំ ​២០០៨ រឿង​ «​ក្មេង​វត្ត​សាលា​បារាំង​» បោះពុម្ព​នៅ​ឆ្នាំ​ ២០១០ រឿង​ «​កូន​ក្របី​មនោសញ្ចេតនា​» បោះពុម្ព​នៅ​ឆ្នាំ ​២០១០ និង​រឿង ​«៣២ ​ឆ្នាំ ក្រោយមក​» បោះពុម្ព​នៅ​ឆ្នាំ ​២០១៨៕