សាស្ដ្រាចារ្យខ្មែរម្នាក់ ប្រមែប្រមូលវត្ថុចាស់ៗ និងលក់ចែកឱ្យអ្នកស្រឡាញ់សម្ភារសម័យមុន

ភ្នំពេញ: ផ្ដើមពីការរក្សាទុកនូវឆ្នាំងខ្វាន់បុរាណខ្មែរអាយុកាលជាង ១០០ ឆ្នាំ ដែលលោក មឿង ផាន់នី ខិតខំលុកលុយទៅដល់ភូមិឋានដាច់ស្រយាលនៃស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ដើម្បីសុំចែកទិញវត្ថុកេរដូនតារបស់គ្រួសារ ១ កាលពីជាង ១០ ឆ្នាំមុន ហើយលោកនៅតែបន្ដប្រមែប្រមូលវត្ថុចាស់ៗរហូតដល់សព្វថ្ងៃ។
ជាមួយចំណូលចិត្ដរក្សាទុកវត្ថុចាស់ៗតាំងពី ២ ទសវត្សរ៍មុន លោក ផាន់នី នៅខ្វះលទ្ធភាពរហូតដល់អំឡុងឆ្នាំ ២០១០ និងឆ្នាំ ២០១១ លោកចាប់ផ្ដើមដាក់ចិត្ដដាក់កាយប្រមែប្រមូលវត្ថុសម័យដើមតាំងពីផលិតផលក្នុងស្រុករហូតដល់សម្ភារនៅបរទេស ដែលធ្លាប់មានប្រើប្រាស់ក្នុងសម័យអាណានិគមន៍និយមបារាំង។
ចាប់ពីវិទ្យុ ប៉ាន់តែ មួក ម៉ាស៊ីនអង្គុលីលេខ ម៉ាស៊ីនថត ម៉ាស៊ីនចាក់ឌីស រហូតដល់ឆ្នាំងស្ពាន់ និងនាឡិកាប៉ោល លោក ផាន់នី បានប្រមែប្រមូលរក្សាទុកបានរាប់រយមុខនៅក្នុងផ្ទះល្វែងដ៏តូចចង្អៀតរបស់លោកនៅឯម្ដុំផ្សារឌុយម៉ិច។
ខុសពីតាឆ្កួត លោក លី ប៉េងហេង ដែលលោកបានខិតខំប្រមែប្រមូលវត្ថុចាស់តាំងពីជាង ២០ ឆ្នាំ ដោយផ្ដើមពីម៉ូតូចាស់មួយគ្រឿងរហូតបង្កើតបានជាសាលពិព័រណ៍វិមានសុខាក្នុងរាជធានីភ្នំពេញ និងប្ដូរទៅកាន់សារមន្ទីរវិមានសុខាក្រុងសៀមរាប លោក មឿង ផាន់នី បានចាប់យកជម្រើសនៃការលក់ផលិតផលទាំងនោះទៅវិញ។
បច្ចុប្បន្នសារមន្ទីរវិមានសុខារបស់លោក លី ប៉េងហេង ជាកន្លែងដែលប្រមូលផ្តុំទៅដោយរបស់របរចាស់ៗ សម្រាប់ភ្ញៀវចូលទស្សនាជាមួយការលក់សំបុត្រចូលទស្សនាជនជាតិខ្មែរ ៥ ០០០ រៀល និងជនបរទេស ២ ម៉ឺនរៀល ក៏ដូចជាថតព្រីវែដឌីង ៤០ ម៉ឺនរៀល។
ជាមួយលទ្ធភាពថវិកាមានកំណត់ គួបផ្សំនឹងទីតាំងតូចចង្អៀតមិនអំណោយផលសម្រាប់ការរក្សាទុកជាបន្ដបន្ទាប់ ក្ដីបំណងចង់បង្កើតសារមន្ទីរផ្ទាល់ខ្លួន បានប្រែក្លាយជាចំណូលចិត្ដចង់ចែករំលែករបស់ដែលខ្លួនខិតខំស្វែងរកបានដល់អ្នកដទៃ និងបន្ដរុករកវត្ថុប្លែកៗចូលមកវិញ។ វាហាក់ដូចជាចរន្ដចេញចូលដើម្បីលំនឹងសេដ្ឋកិច្ចផង និងការចែករំលែកផង។
លោក ផាន់នី បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «អ្នកប្រមែប្រមូលវត្ថុចាស់ៗមានជម្រើសផ្សេងៗគ្នា។ ទី១ យើងលក់វត្ថុទាំងនេះ សម្រាប់អ្នកចង់ទិញទុក រំឭកអនុស្សាវរីយ៍ដើម្បីដាក់តាំងនៅតាមគេហឋាន និងតាមរីសតផ្សេងៗ។ បើសិនជាខ្ញុំទិញមកទុកចោល វាហាក់ដូចជាការបិទទុកមិនឱ្យមហាជនស្គាល់។ ទី២ ខ្ញុំប្រមូលទិញវត្ថុចាស់ៗក្នុងគោលបំណងធ្វើជំនួញតិចតួច គ្រាន់បានថវិកាដើម្បីស្វែងរករបស់ផ្សេងៗបន្ដទៀត ពីព្រោះយើងត្រូវការចំណាយដើមទុនច្រើន»។
សាស្ដ្រាចារ្យ ពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនៅវិទ្យាស្ថានអេស៊ីលីដា វ័យ ៥២ ឆ្នាំរូបនេះបានបន្ដថា៖ «មួយវិញទៀត ខ្ញុំចង់ឱ្យកូនខ្មែរបានស្គាល់វត្ថុចាស់ៗ ដែលកូនខ្មែរខ្លះមិនធ្លាប់បានស្គាល់ផង និងមិនធ្លាប់ឃើញថែមទៀត។ មនុស្សសម័យឥឡូវពេញនិយមវត្ថុ vintage ដែលគាត់រំឭកដល់សម័យដើម សម័យជឿនលឿន ឬ Golden Age»។
លោក ផាន់នី និយាយពេលដៃកំពុងសារ៉េប៉ុស្ដិ៍វិទ្យុលើរ៉ាឌីយ៉ូសម័យដើម ១ គ្រឿង ដែលនៅអាចចាប់ប៉ុស្ដិ៍វិទ្យុនាពេលបច្ចុប្បន្នថា វត្ថុខ្លះ ដែលមិនប្រើអគ្គិសនី នៅអាចដំណើរការទៅបាន ដូចជាម៉ាស៊ីនវាយអង្គុលីលេខជាដើម។ នេះជាស្នាដៃរបស់មនុស្សជំនាន់មុន។
លោកបានឱ្យដឹងថា វត្ថុទាំងនេះនៅសេសសល់តាមបណ្ដាខេត្ដនានាទូទាំងប្រទេស។ វត្ថុភាគច្រើន មានសភាពចាស់ច្រែះចាប់ ពុកផុយ ហើយលោកក៏ប្រមែប្រមូលវត្ថុមានប្រភពយកមកពីប្រទេសអឺរ៉ុប ដែលធ្លាប់ធ្វើអាណានិគមន៍លើប្រទេសកម្ពុជា ដូចជា បារាំង ដែលមានលក្ខណៈស្រដៀងគ្នា និងដូចគ្នានៅក្នុងស្រុក ដូចជា រ៉ាឌីយ៉ូ តាំងពីជាង ៦០ ឆ្នាំ និងជាង ១០០ ឆ្នាំ។
លោកបាននិយាយនៅក្បែរវត្ថុចាស់ៗតូចធំជាង ១០០ មុខក្នុងផ្ទះរបស់លោកថា៖ «ការស្វែងរកវត្ថុចាស់ៗនេះ តាមរយៈការផ្សព្វផ្សាយតៗគ្នា ទៅកាន់មិត្ដភក្ដិ និងក្រុមគ្រួសារ ក៏ដូចជាអ្នកស្គាល់គ្នា។ ចំណែកឯការទិញនៅក្រៅប្រទេស ខ្ញុំមានប្អូនម្នាក់នៅបារាំង ដែលគាត់ទិញឱ្យខ្ញុំ»។
លោកបន្ដថា នៅបរទេស តាមតំបន់ខ្លះ ឬក៏ទីក្រុងខ្លះ គេឱ្យតម្លៃខ្ពស់លើវត្ថុចាស់ៗទាំងនេះ ដែលលោកអត់អាចទិញបាន។ ប៉ុន្ដែនៅតំបន់ខ្លះទៀត គេយកមកលក់ឱ្យលុះត្រាតែឪពុកម្ដាយ ឬជីដូនជីតាគេស្លាប់បាត់ ហើយនៅមនុស្សជំនាន់ក្រោយ គាត់មិនដឹងទុកធ្វើអ្វី។ គេយកមកលក់នៅតាមវិចិត្រសាលណាមួយ ឬនៅតាមផ្សារជជុះ។
លោកបានអះអាងថា៖ «ប៉ុន្ដែយើងកម្រទិញបាន ដោយសារឥឡូវនេះមនុស្សមានទស្សនៈស្រឡាញ់វត្ថុចាស់ៗដូចគ្នាមានច្រើន។ អ៊ីចឹង វត្ថុទាំងនោះ ចាប់ផ្ដើមមានតម្លៃខ្ពស់។ នៅស្រុកខ្មែរ មានភាគតិចណាស់ដែលឱ្យតម្លៃ។ ភាគច្រើននៅថៃ និងវៀតណាម ដោយវៀតណាមគេលេងច្រើនណាស់ តាំងពីឡាន ម៉ូតូ ស្បែកជើង មួកជាដើម។ យើងគឺជាជំហានក្រោយ ដូចជា រូបខ្ញុំ មានតិចតួចណាស់»។
លោក ផាន់នី បាននិយាយថា លោកបានប្រមែប្រមូលវត្ថុចាស់ៗបានច្រើនដែរ តែចាស់ៗធ្វើការរាជការតែងតែមកទិញបន្ដវិញ ដោយវារំលស់អស់ខ្លះជាបន្ដបន្ទាប់ដែរ។ វាវិលទៅវិលមក ដោយលក់ចេញខ្លះ និងទិញវត្ថុប្លែកៗចូលទៀត។
ជាអ្នកដឹកជញ្ជូនវត្ថុចាស់ៗសម្រាប់តុបតែងរីសតភូមិរំដួល លោក សែន កុសល ជាបុគ្គលិករីសតបានឱ្យដឹងថា ថៅកែរបស់លោក ចូលចិត្ដតុបតែងវត្ថុចាស់ៗទាំងនៅភោជនីយដ្ឋាន និងគេហឋានផ្ទាល់របស់លោក។
លោក កុសល ដែលបម្រើការនៅភោជនីយដ្ឋានភូមិរំដួល ហួសស្ពានព្រែកសំរោងបន្ដិច បាននិយាយថា៖ «ថៅកែរបស់ខ្ញុំបានទិញម៉ាស៊ីនដេរ ម៉ាស៊ីនកិនកាហ្វេ ម៉ាស៊ីនគិតលុយពីដើម និងនៅមានច្រើនទៀត»។
លោក ផាន់នី អតីតមន្ដ្រីរាជការម្នាក់ បានបន្ថែមថា វត្ថុខ្លះ ស្ទើរតែរកអត់បានតែម្ដងពីព្រោះគេអត់បញ្ចេញលក់ឱ្យ។ វាជាវត្ថុកម្រ ដូចជា ម៉ាស៊ីនចាក់ឌីស (gramophone thomas edison) អ្នកប្រមែប្រមូលពិបាករក ដែលគំរូដើមរបស់វាផលិតក្នុងឆ្នាំ ១ ៨០០ ជាង ហើយនៅផ្ទះរបស់លោកមានម៉ូដែលមួយផលិតក្នុងឆ្នាំ ១៩១១។
ជាមួយការប្រមែប្រមូលវត្ថុអាយុកាលចាប់តាំងពីឆ្នាំ ១៩១១ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៨០ លោក ផាន់នី បានអះអាងថា ម៉ាស៊ីនថតរបស់លោកមានអាយុកាលតាំងពី ១៩១៥ និងឆ្នាំ ១៩៥៣ ហើយនៅក្នុងស្ដុកនាពេលនេះ មានរាប់រយមុខដែរទាំងតូចទាំងធំ ដូចជា វិទ្យុ ម៉ាស៊ីនកិនកាហ្វេ នាឡិកា ម៉ាស៊ីនអង្គុលីលេខ (៥-៦ គ្រឿង) រ៉ាឌីយ៉ូត្រេនស៊ីសិនធំៗ (៧-៨ គ្រឿង)។
លោកបានលើកឡើងពីវត្ថុសំណព្វចិត្ដថា៖ «មានវត្ថុមួយក្នុងស្រុកដែលមានភាពវិសេសសម្រាប់ខ្ញុំ គឺម៉ាស៊ីនអង្គុលីលេខ ដែលបន្សល់ទុកតាំងពីសម័យលន់ណុល។ គេនៅប្រើក្នុងក្រសួងព័ត៌មាន ហើយខ្ញុំសុំទិញពីក្រសួងព័ត៌មានមក។ ១ទៀត គឺជញ្ជីងត្រីផលិតពីស្ពាន់ វាមានលក្ខណពិសេស»។
លោកបន្ដថា៖ «វត្ថុវិសេស១ទៀត គឺឆ្នាំងខ្វាន់ ជាឆ្នាំងដាំបាយសម័យដើមក្នុងស្រុកកំពង់ត្របែក ខេត្ដព្រៃវែងប្រហែលអាយុកាលជាង ១០០ ឆ្នាំ។ វត្ថុទាំងនេះខ្ញុំអត់លក់ទេ ដោយសារវាពិសេស។ វត្ថុអត់លក់ដូរមានប្រមាណ ១០មុខដែរ។ វត្ថុដែលខ្ញុំប្រមែប្រមូលទាំងនោះ ភាគច្រើននៅអាចប្រើការបាន ហើយវត្ថុប្រើលែងបានភាគច្រើនជាងគ្រឿងអេឡិចត្រូនិក ដូចជា Cash Register ក្នុងឆ្នាំ ១៩៦៤»។
លោកមានកាមេរ៉ាខ្លះ អាយុកាលតាំងពីឆ្នាំ ១៨០០ ក្រាស់ និងឆ្នាំ ១៩០០ ដូចជា កាមេរ៉ាពោះវៀនជ្រូកវែងៗ ជួនកាលមនុស្សភាគច្រើនអត់ដែលបានស្គាល់ផង ដោយវាមានបណ្ដោយកន្លះម៉ែត្រ និងទទឹង ៣ តិក។
ចំពោះតម្លៃវាអាស្រ័យទៅលើតូចធំ សម្ភារ និងអាយុកាលរបស់វា ដែលវាកាន់តែចាស់ កាន់តែថ្លៃ។ វាអត់ដូចរបស់ថ្មី ដែលអាចរកតាមផ្សារបាន។
ជាអ្នកប្រមែប្រមូលវត្ថុចាស់ៗម្នាក់ និងជាអតិថិជនរបស់លោក ផាន់នី លោក ហោ ប៊ុនហុង អាយុ ៦៣ ឆ្នាំ បានរក្សាទុកវត្ថុបន្សល់តាំងពីសម័យលង្វែក ក៏ដូចជាផលិតនូវវត្ថុថ្មីៗ ដែលចម្លងពីគំរូបុរាណជាច្រើនថែមទៀត។
លោក ប៊ុនហុង បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំបានទិញប៉ាន់តែពីគាត់ ដែលមានប្រភពពីប្រទេសជប៉ុន និងមួកស្បែកគោមករក្សាទុក ដើម្បីចង់រំឭកអនុស្សាវរីយ៍ពីដើមមក ដែលនឹកឃើញថា កាលពីសម័យមុន យើងបានប្រើរបស់អ៊ីចឹងៗ វាមានភាពថ្លៃថ្នូរ។ បើចាស់ៗដូចគ្នា គេមើលមក ឃើញថា យើងអស្ចារ្យ ដែលមានរបស់ល្អៗ»។
អតីតអ្នកឌីហ្សាញសួនចូលនិវត្ដន៍រូបនេះ បានឱ្យដឹងថា ជាពិសេស លោកថែរក្សាទុកវត្ថុចាស់ៗជារបស់ខ្មែរ ជាវប្បធម៌របស់ខ្មែរ ដើម្បីធ្វើការអភិរក្ស កុំឱ្យបាត់បង់នៅថ្ងៃក្រោយ។ លោកក៏បានធ្វើវត្ថុចម្លងច្រើនដែរពីសម័យកាលសតវត្សរ៍ទី ១៥ ដូចជា លង្ហិន ប៉ាន់តែ ចម្លាក់ ផ្ទះជំនាន់ដើម ផ្ដិលខាត់ ទូ តុត្រៃរាប់រយឆ្នាំ។
បច្ចុប្បន្ននេះ លោកកំពុងសង់ផ្ទះបុរាណ ដូចជា ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះគ្រឹង។ លោកចង់ទុកតាំងបង្ហាញឱ្យក្មេងៗមើលក្នុងទឹកដីឃុំពង្រ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ហើយលោកធ្វើចម្ការល្មើ និងបង្កើតជារីសតសារមន្ទីរ។
មិនខុសពីលោក ប៊ុនហុង ប៉ុន្មាន លោក ផាននី ក៏មានបំណងចង់បង្កើតជាសារមន្ទីរដាក់វត្ថុទាំងនេះ តែលោកខ្វះលទ្ធភាព ពីព្រោះសារមន្ទីរត្រូវការដី ត្រូវវការផ្ទះធំ ជាពិសេសដើមទុន។
លោកបានបញ្ជាក់ថា ជាធម្មតា អ្នកប្រមែប្រមូលវត្ថុទាំងនេះ មានគោលដៅខុសៗគ្នា ដោយអ្នកខ្លះចង់បើកជាវិចិត្រសាល ឬកូនសារមន្ទីរតូចមួយ លក់កាហ្វេក្នុងនោះ ខណៈលោកមានគោលដៅផ្សេងៗរៀងៗខ្លួន។
លោក ផាន់នី បានឱ្យដឹងថា៖ «ភាគច្រើន អតិថិជនរបស់ខ្ញុំជាមន្ដ្រីរាជការចាស់ៗ ទិញលម្អគេហឋាន និងបង្ហាញកូនចៅរបស់គាត់ឱ្យស្គាល់វត្ថុទាំងនោះ ដែលបាត់រូបរាង។ អ្នកខ្លះ និយាយថា ពួកគាត់ធ្លាប់ឃើញក្នុងភាពយន្ដចិន និងជប៉ុន តែឥឡូវឃើញផ្ទាល់។ អ្នកខ្លះទៀតទិញក្នុងបំណងដេគ័រហាងកាហ្វេ បូទិក និងឡោច ដើម្បីឱ្យអតិថិជនរបស់គាត់គ្រប់វ័យបានស្គាល់វត្ថុចាស់ប្លែកៗ»។
សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលចាស់ៗក្នុងសម័យមាសទាំងនោះ សូមទៅកាន់ហ្វេសប៊ុក Collection Bikes & Vintage Clocks ដែលមានទីតាំងហាងនៅម្ដុំផ្សារឌុយម៉ិច៕