ភ្នំពេញៈ ការសម្តែងទម្រង់សិល្បៈរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជយរវ្ម័នទី៧» ដែលដកស្រង់ត្រង់ឈុតស្នាព្រះហស្តនិងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ សម្តែងដោយក្រុមរបាំសាលាព្រះអង្គម្ចាស់ក្សត្រីបុប្ផាទេវី និងក្រុមយុវជនស្ម័គ្រចិត្ត នឹងជាព្រឹត្តការណ៍សិល្បៈដ៏ធំមួយដោយមានសិល្បករ-សិល្បការិនី សម្តែងចំនួន ២០០ នាក់ នាថ្ងៃទី ២៧-២៨ ខែ សីហា ឆ្នាំ ២០២២ នៅសាលសន្និសីទចតុមុខ។
ផ្ទាំងទស្សនីយភាពសម្តែងរបាំក្បាច់បុរាណខ្មែរនេះ គឺជាការសហការរៀបចំដោយក្រុមសាលារបាំនរោត្តមបុប្ផាទេវី និងក្រុមសហភាពសហព័ន្ធយុវជនខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសហការផ្សព្វផ្សាយដោយទូរទស្សន៍បាយ័ន។
លោក ឈី កុលបុត្រា ជាប្រធានក្រុមដឹកនាំរៀបចំកម្មវិធីសម្តែងនៃសហភាពសព័ន្ធយុវជនខេត្តស្វាយរៀង បានឱ្យដឹងថា ផ្ទាំងទស្សនីយភាពនេះ ត្រូវបានដំឡើងដោយអ្នកគ្រូ ឱម យុវណ្ណឌី ជាអ្នកដឹកនាំក្រុមរបាំរបស់សាលារបាំនរោត្តមបុប្ផាទេវីនិងជាគ្រូទទួលបន្ទុកបច្ចេកទេស ដោយក្នុងនោះមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនី ដែលធ្លាប់មានស្នាដៃមកពីគ្រប់មជ្ឈដ្ឋាន។
លោក ឈី កុលបុត្រា បង្ហើបប្រាប់ពីបំណងរៀបចំការសម្តែងរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជយវរ្ម័នទី៧» នៅថ្ងៃទី ២៧-២៨ ខែ សីហា ឆ្នាំ ២០២២ នេះថា៖ «គោលបំណងផ្សព្វផ្សាយ និងលើកតម្កើងសិល្បៈបុរាណខ្មែរ ដែលជាកេរមរតកពីដូនតា បុព្វបុរសនិងជំរុញឱ្យប្រជាជន ក៏ដូចជាស្រទាប់យុវវ័យស្រឡាញ់គាំទ្រវប្បធម៌ខ្មែរ។ ម្យ៉ាងទៀត ដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តដល់ក្រុមសិស្សសាលារបាំនរោត្តមបុប្ផាទេវីបានសម្តែងទេពកោសល្យរបស់ខ្លួននៅលើឆាកសិល្បៈដ៏អស្ចារ្យ»។
លោក កុលបុត្រា បានបន្តថា៖ «សាលារបាំនរោត្តមបុប្ផាទេវី និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង សហការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំសម្តែងរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជយរវ្ម័នទី៧» ដែលដកស្រង់ត្រង់ឈុតស្នាព្រះហស្ដនិងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គគឺមានព្រះបាទជយវរ្ម័នទី៧ និងមហេសីទាំង២អង្គគឺព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវី»។
ប្រធានក្រុមដឹកនាំរៀបចំកម្មវិធីសម្តែងនៃសហភាពសព័ន្ធយុវជនខេត្តស្វាយរៀងក៏បញ្ជាក់ដែរថា វត្តមានសិល្បករ-សិល្បការិនី ចូលរួមសម្តែងទាំងអស់ ក៏នឹងត្រូវបានទទួលការបង្ហាត់បង្ហាញបន្ថែមមុនការសម្តែងមកដល់ដើម្បីឱ្យសាច់រឿងមើលទៅមានភាពទាក់ទាញនិងត្រូវទៅតាមទម្រង់សិល្បៈបុរាណខ្មែរ។
យ៉ាងណាក្ដីលោក ឈី កុលបុត្រា រំពឹងថា ៖«ការសម្តែងផ្ទាំងទស្សនីយភាពនេះនឹងទទួលបានជោគជ័យ រួមទាំងមានការចូលរួមទស្សនាពីសំណាក់ទស្សនិកជនមកពីគ្រប់ទិសទី ដើម្បីជាការចូលរួមចំណែកលើកស្ទួយដល់វិស័យសិល្បៈបុរាណខ្មែរយើងទាំងអស់គ្នា»។
នាដកាវ័យជាង ៦០ ឆ្នាំ អ្នកគ្រូ ឱម យុវណ្ណឌី ជាអ្នកដឹកនាំក្រុមរបាំរបស់សាលានរោត្តមបុប្ផាទេវី និងជាគ្រូទទួលបន្ទុកបច្ចេកទេសមានប្រសាសន៍ឱ្យដឹងពីអត្ថន័យ និងការលើកឈុតមកសម្តែងរឿង «ព្រះបាទជយវរ្ម័នទី៧» នេះថា គ្រាន់តែលើកយកតួអង្គ «ព្រះនាងឥន្ទ្រទេវី និងព្រះនាងជ័យរាជទេវី» ត្រង់ឈុតស្នាព្រះហស្ត ដែលទ្រង់បានកសាងក្នុងវិស័យសិក្សាធិការ និងសិល្បៈវប្បធម៌ ដែលការពិត ព្រះនាងទាំង ២ អង្គ គឺជាគ្រូគ្រប់វិស័យ ទាំងស្ថាបត្យកម្ម វិទ្យាសាស្ត្រជាដើម។តែសម្រាប់ផ្នែករបាំបុរាណ យើងមិនអាចធ្វើបានគ្រប់សកម្មភាពដែលជាសមិទ្ធផលរបស់ទ្រង់នោះទេ ដោយសារត្រូវការមធ្យោបាយបច្ចេកវិទ្យាច្រើនណាស់នៅក្នុងទម្រង់របាំក្បាច់បុរាណខ្មែរ។
អ្នកគ្រូ ឱម យុវណ្ណឌី បន្តឱ្យដឹងពីការបង្កើតរបាំក្បាច់បុរាណរឿងនេះថា៖ «គំនិតនេះ បានផុសចេញពីអារម្មណ៍ស្រឡាញ់ និងធ្លាប់ដឹងឮអំពីកិត្យានុភាព សក្ដានុពលរបស់ព្រះនាងទាំង ២ អង្គ រួមទាំងព្រះបាទជយវរ្ម័នទី៧ នៅតាមសិលាចារិក និងឯកសារនានា ដែលបានចុះផ្សព្វផ្សាយ។ ដោយសារជាអ្នកឯកទេសទម្រង់របាំព្រះរាជទ្រព្យខ្ញុំក៏នឹកឃើញយកមកច្នៃប្រឌិត អភិវឌ្ឍក្បាច់ទាំងប៉ុន្មានមកប្រមូលផ្ដុំឱ្យកើតជារឿង «ព្រះបាទជយវរ្ម័នទី៧» នេះឡើង។
យើងខ្ញុំខិតខំសម្អិតសម្អាងក៏ដូចជាការអភិវឌ្ឍទាំងក្បាច់រាំ ឃើញមាននៅតាមជញ្ជាំងប្រាង្គប្រាសាទ ទាំងបទចម្រៀងមរតកដើមដែលបានកប់បាត់អស់រយៈពេលជិត៥០ឆ្នាំ យកមកចងក្រង កើតជាទស្សនីយភាពរឿងប្រវត្តិសាស្ត្រមួយនេះកើតមាននៅក្នុងសម័យអង្គរ ដើម្បីបង្ហាញពីវីរភាព ជាស្នាព្រះហស្ដ ដ៏អស្ចារ្យនៃព្រះបាទជយវរ្ម័នទី៧ និងព្រះមហេសីទាំង ២អង្គ»។
អ្នកគ្រូ ឱម យុវណ្ណឌី ក៏សម្តែងក្តីរំភើបចិត្តជាខ្លាំងដែរ ចំពោះការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការជួយឧបត្ថម្ភគាំទ្ររបស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីសម្តែងផ្ទាំងទស្សនីយភាពរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជយវរ្ម័នទី៧» ដែលបានបង្កើតរបាំថ្មីដោយអ្នកគ្រូផងដែរ។
អ្នកគ្រូ យុវណ្ណឌី បានបញ្ជាក់ថា៖ «នាងខ្ញុំ មិនត្រឹមតែសប្បាយចិត្តនឹងការដឹកនាំសម្តែងទេ សម្រាប់ថ្ងៃទី ២៧-២៨ ខែសីហា ខាងមុខនោះទេ ថែមទាំងធ្វើមានក្តីរំភើបដោយស្កប់ចិត្តទៀតផង ដោយមានការលើកទឹកចិត្តសម្រាប់ទម្រង់សិល្បៈបុរាណមួយនេះ»។
អ្នកគ្រូបន្ថែមថា៖ «កាន់តែសប្បាយចិត្តទៅទៀតនោះ គឺពេលឃើញមានក្រុមយុវជនខ្មែរគ្រប់មជ្ឈដ្ឋាន បានស្ម័គ្រចិត្តចូលរួមការសម្តែងរបាំក្បាច់បុរាណនេះតែម្តង ព្រោះថាកាលដើមឡើយ ខ្ញុំគ្រាន់តែចង់បង្កើតរបាំរឿងថ្មីដើម្បីធ្វើជាគំរូទុកទៅដល់អ្នកសិល្បៈជំនាន់ក្រោយតែប៉ុណ្ណោះ»។
ព្រះអង្គម្ចាស់ ស៊ី សុវត្ថិតេសូ នាយកសាលារបាំនរោតម្តបុប្ផាទេវីបង្ហាញព្រះហឫទ័យសោមនស្សរីករាយ ចំពោះការបង្កើតនូវផ្ទាំងទស្សនីយភាពនៃរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជយវរ្ម័នទី៧» ដែលជាទម្រង់របាំបង្កើតថ្មី និងដឹកនាំសម្តែងដោយអ្នកគ្រូ ឱម យុវណ្ណឌី នៅសាលមហោស្រពចតុមុខនៅថ្ងៃទី ២៧-២៨ ខែ សីហា ឆ្នាំ ២០២២ ផងដែរ។
ព្រះអង្គបានសម្តែងព្រះហឫទ័យថា៖ «ខ្ញុំពិតជាមានមោទនភាពខ្លាំង ចំពោះការបង្ហាញពីរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជយវរ្ម័នទី៧» នេះណាស់ ដែលដឹកនាំសម្តែងដោយអ្នកគ្រូ ឱម យុវណ្ណឌី។ ចំណែកសិស្សរបាំទាំងអស់ពិតជាសប្បាយចិត្តខ្លាំង និងរីករាយ សម្រាប់ការខិតខំប្រឹងប្រែងហាត់ ដើម្បីសម្តែងលើឆាកមួយដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍សិល្បៈដ៏ធំមួយនេះ ជាលើកដំបូង»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ ក៏បានរំឭកពីសារចុងក្រោយរបស់ព្រះរាជបុត្រីនរោត្តមបុប្ផាទេវី កាលទ្រង់មានព្រះជន្មដែលបារម្ភពីវិស័យសិល្បៈរបាំនេះថា៖ « ៣ ខែមុន ព្រះរាជបុត្រីនរោត្តមបុប្ផាទេវី យាងសោយទិវង្គត ទ្រង់មានព្រះរាជបន្ទូលថា សិល្បៈ និងវប្បធម៌ គឺជាក្តីកង្វល់របស់យើងទាំងអស់គ្នា ទោះបីជាយើងពុំមែនជាអ្នកសិល្បៈក្តី»។
ព្រះអង្គម្ចាស់ ក៏មានព្រះរាជបន្ទូលដែរថា ពិតជាមានមោទនភាពណាស់ ក្រោយពីការយាងចូលទិវង្គតរយៈពេល២ឆ្នាំ របស់ព្រះរាជបុត្រីទៅ សាលារបាំមានឈ្មោះថា «សាលារបាំនរោត្តមបុប្ផាទេវី» ក៏ទទួលបានការចាប់អារម្មណ៍ចូលរៀននូវជំនាញរបាំបុរាណខ្មែរពីសំណាក់កុលបុត្រខ្មែរគ្រប់មជ្ឈដ្ឋាន ដោយមានអ្នកគ្រូ វ័ន សាវ៉ៃ និងអ្នកគ្រូ ឱម យុវណ្ណឌី។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសូ ថ្លែងនូវអំណរគុណខ្លាំងណាស់ ចំពោះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបង្កើតឱ្យមានការសម្តែងបែបជាសាធារណៈលើកទី៤ សម្រាប់ក្រុមសិស្សរបាំសាលានរោត្តមបុប្ផាទេវី»។
ចំពោះសំបុត្រចូលទស្សនាការសម្តែងរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជយវរ្ម័នទី៧» នៅថ្ងៃទី ២៧-២៨ ខែ សីហា ឆ្នាំ ២០២២ មាន ៣ ប្រភេទ គឺប្រភេទសំបុត្រពិសេស(VIP) ១ សន្លឹក តម្លៃ ១០ ម៉ឺនរៀល ហើយប្រភេទសំបុត្រពណ៌បៃតង (Green Zone) ១ សន្លឹកតម្លៃ ៤ ម៉ឺនរៀល និងប្រភេទសំបុត្រតំបន់ពណ៌ខៀវ (Blue Zone) ១ សន្លឹក តម្លៃ ២ ម៉ឺនរៀល។ សម្រាប់ព័ត៌មានលម្អិត និងចង់ជាវសំបុត្រចូលទស្សនា អាចទាក់ទងតាមទូរស័ព្ទលេខ ០៧៧ ៤៤៤ ៣៣៥៕