
ឧបករណ៍តន្ត្រីគែន ដែលនឹងត្រូវដាក់ទៅក្នុងកម្មវិធីសិក្សានៅសាលាបឋមសិក្សាភូមិក្រសាំង នៅខេត្តឧត្តរមានជ័យ។ រូបថត សហការី
ភ្នំពេញៈ ដោយសារមើលឃើញទម្រង់ឧបករណ៍តន្ត្រីបុរាណគែនខ្មែរ កំពុងស្ថិតក្នុងស្ថានភាព កាន់តែខ្សត់ធនធានអ្នកចេះនោះ ទើបក្រុមការងាររថយន្តតន្ត្រីទិព្វខ្មែរ នៃកម្មវិធីអង្គការសិល្បៈខ្មែរអមតៈ បានរៀបចំបង្កើតឱ្យមានថ្នាក់បង្រៀនឧបករណ៍គែន នៅខេត្តឧត្តរមានជ័យ ដើម្បីជួយបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យចេះជំនាញតន្រ្តីបុរាណខ្មែរ សម្រាប់ការអភិរក្សបន្ត និងថែរក្សានូវមរតកសិល្បៈវប្បធម៌ខ្មែរមួយនេះកុំឱ្យបាត់បង់។
ចាប់តាំងពីបើកថ្នាក់បង្រៀនឧបករណ៍តន្រ្តីគែន ដំបូងតាំងពីឆ្នាំ ២០១៨ រហូតមកដល់សព្វថ្ងៃ ក្រោយពីមានការជួយគាំទ្រពីសំណាក់អង្គការសិល្បៈខ្មែរអមតៈផ្តល់ជាប្រាក់ខែ និងមានមូលនិធិពីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាមានសិស្សចាស់ចំនួន ៤ នាក់ (ស្រី ៣ ប្រុស ១) និងសិស្សថ្មីម្នាក់ មកពីខេត្តត្បូងឃ្មុំ កំពុងតែរៀនឧបករណ៍ភ្លេងគែននេះពីលោកគ្រូ ម៉ុន ហៃ។ សិស្សថ្មីនោះ គឺលោក ម៉ន ឡូញ ដែលជាតារាចម្រៀងមហាជនប្រចាំតាមវង់តន្រ្តីប្រពៃណី និងសម័យប្រចាំខេត្តត្បូងឃ្មុំ វ័យ ៣៣ឆ្នាំ ដែលបានទៅរៀនឧបករណ៍គែនជាមួយលោកគ្រូ ម៉ុន ហៃ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២។
បើតាមលោកគ្រូ ម៉ុន ហៃ សព្វថ្ងៃនេះ លោកគ្រូស្ថិតក្នុងវ័យ ៦៦ ឆ្នាំ កំពុងតែរស់នៅក្នុងភូមិក្រសាំង សង្កាត់បុស្សស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោកគ្រូប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៧ ខែសីហាថា ពាក់ព័ន្ធតន្ត្រីបុរាណគែន នឹងមានការដាក់បញ្ចូលការបង្រៀនឧបករណ៍គែននេះ ទៅក្នុងសាលាបឋមសិក្សាភូមិក្រសាំងដែលជាភូមិកំណើតខ្លួននាពេលឆាប់ៗនេះ ក្រោយពីមានការអនុញ្ញាតពីខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តឧត្តរមានជ័យ។
លោកគ្រូ ម៉ុន ហៃ បញ្ជាក់ថា៖ «ក្រោយពីមានការជួយជ្រោមជ្រែងបង្កើតថ្នាក់រៀនភ្លេងគែន ពីខាងក្រុមរថយន្តតន្ត្រីទិព្វខ្មែរតាមរយៈក្មួយស្រី ថន សីម៉ា តាំងពីឆ្នាំ ២០១៨ មក [យើង] បានស្នើសុំទៅដល់ថ្នាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យរួចរាល់ហើយ»។
លោកគ្រូ ម៉ុន ហៃ បន្តថា៖ «ពេលនេះខ្ញុំបានទទួលការអនុញ្ញាត ដែលមានការចុះហត្ថលេខានៅលើសេចក្តីស្នើសុំពីខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរួចហើយ។ ឯខាងមន្ទីរអប់រំ យុវជន និងកីឡា ក៏លោកបានយល់ព្រមដែរ ដោយគ្រាន់តែមិនទាន់បានចុះហត្ថលេខានៅលើសេចក្តីសុំ ហើយខាងនាយកសាលាបឋមសិក្សាភូមិក្រសាំង លោកស៊ីន ស៊ីថា ក៏លោកត្រៀមចាំពិភាក្សារើសពេលដាក់បញ្ចូលផងដែរ»។
ឧបករណ៍ភ្លេងបុរាណគែន ដែលជិតបាត់បង់ ឬគេអាចនិយាយបានថា នៅសល់តែ ១ គត់ នៅប្រទេសកម្ពុជា គឺមាននៅខេត្តឧត្តរមានជ័យ របស់លោកគ្រូ ម៉ុន ហៃ ខណៈថ្នាក់បង្រៀនឧបករណ៍តន្រ្តីគែន ត្រូវបានបង្កើតឡើងនៅភូមិក្រសាំង សង្កាត់បុស្សស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានសិស្សចូលរៀនដំបូងចំនួន ៤ នាក់ ចាប់ផ្តើមតាំងពីឆ្នាំ ២០១៨ រហូតមកដល់សព្វថ្ងៃ។
ក្រោយពីមានការជួយគាំទ្រពីសំណាក់អង្គការសិល្បៈខ្មែរអមតៈ ដែលមានក្រុមការងារផ្ទាល់នៃក្រុមរថយន្តតន្ត្រីទិព្វបានផ្តល់ជាប្រាក់ខែជាមូលនិធិបានពីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា ដើម្បីជួយផ្តល់កម្លាំងចិត្តនោះ លោកគ្រូ ម៉ុន ហៃ ដែលជាអ្នកបន្តថែរក្សាឧបករណ៍ភ្លេងគែន ដែលជាកេរដំណែលតពីដូនតា បានសម្រេចបន្តឆន្ទៈបង្ហាត់បង្រៀនចំណេះជំនាញសិល្បៈវប្បធម៌នេះទៅកូនចៅខ្មែរជំនាន់ក្រោយទៀត ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ទោះបីជាមិនសូវសម្បូរសិស្សមករៀនយ៉ាងណាក្តី។
លោកគ្រូបញ្ជាក់ថា៖ «សព្វថ្ងៃនេះ កំពុងតែបានបណ្តុះចៅស្រី៣នាក់ ដែលម្នាក់វ័យ ១៦ ឆ្នាំ ម្នាក់វ័យ ១២ ឆ្នាំ និងម្នាក់ទៀតវ័យ ១០ ឆ្នាំ ឱ្យរៀនលេងឧបករណ៍គែនបន្ត ដោយសារពួកគេសុទ្ធតែមាននិស្ស័យខាងសិល្បៈប្រភេទនេះ និងសិស្សប្រុសម្នាក់ដែរ ហើយថ្មីៗនេះ ក៏ទើបតែមានសិស្សថ្មីម្នាក់ទៀត មកពីខេត្តត្បូងឃ្មុំ ទាក់ទងមករៀនដល់ផ្ទះខ្ញុំដែរ»។
កាលពីខែមេសា ឆ្នាំ ២០២២ ក្រុមការងាររថយន្តតន្ត្រីទិព្វខ្មែរបានឆៀងទៅពិនិត្យមើលពីដំណើរនៃការបង្រៀនគែនដែរ។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី ថន សីម៉ា ដែលជាអ្នកគ្រប់គ្រងកម្មវិធីជួយបង្កើតថ្នាក់រៀនឧបករណ៍គែន និងសហស្ថាបនិក នៃក្រុមរថយន្តតន្ត្រីទិព្វ។
អ្នកស្រី ថន សីម៉ា បានឱ្យដឹងថា នាថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រុមការងាររថយន្តតន្ត្រីទិព្វខ្មែរ បានទៅដល់ខេត្តឧត្តរមានជ័យ ហើយក៏មានជំនួបជាមួយនឹងលោកគ្រូ ម៉ុន ហៃ ដែលលោក គឺជាគ្រូបង្រៀនថ្នាក់គែន លោកនាយកសាលាបឋមសិក្សាក្រសាំង និងលោកចៅសង្កាត់បុស្សស្បូវ។ គោលបំណង គឺចង់ឱ្យមានឧបករណ៍គែន ចូលជាកម្មវិធីសិក្សាមួយ ដើម្បីបង្រៀនជាប្រចាំនៅក្នុងសាលាបឋមសិក្សាភូមិក្រសាំង ដែលជាភូមិកំណើតរបស់លោកគ្រូ។
អ្នកស្រី ថន សីម៉ា ក៏បានរំឭកប្រាប់រឿងឆន្ទៈ របស់លោក ម៉ុន ហៃ ក្នុងការបណ្តុះបណ្តាលជំនាញភ្លេងគែននេះដែរថា៖«ចាប់តាំងពីបានជួបក្រុមការងាររថយន្តតន្រ្តីទិព្វ និងទទួលបានការគាំទ្រពីអង្គការសិល្បៈខ្មែរអមតៈ ដែលផ្តល់ជាប្រាក់ខែជូនគាត់មកនោះ លោកតា ម៉ុន ក៏ព្រមមកបង្ហាត់បង្រៀនជំនាញនេះវិញ»។
អ្នកស្រីបន្តថា៖«បើតាមដឹង កាលពីមកនោះ គឺគាត់ក៏ធ្លាប់មានបំណងបោះបង់ចោលវាម្ដងម្កាលដែរ ដោយសារខ្វះការជួយគាំទ្រ។ តែពេលនេះគាត់នៅតែមានឆន្ទៈចង់បន្តការបណ្តុះបណ្តាលដល់សិស្សនូវជំនាញនេះហាក់មិនបានងាករេឡើយ»។
លោកម៉ន ឡូញ ជាអ្នករស់នៅក្នុងភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាតារាចម្រៀងមហាជនតាមភូមិស្រុកប្រចាំខេត្តត្បូងឃ្មុំ បានប្រកបអាជីពចម្រៀងនេះអស់រយៈពេល ៦ឆ្នាំមកហើយ។ ប៉ុន្តែថ្មីៗនេះ លោកបានចាប់អារម្មណ៍រៀនភ្លេងគែន ក្រោយពីឃើញសិល្បករចាប៉ីដងវែង លោកនូ សំណាង បានបង្ហាញឧបករណ៍គែននេះ ក្នុងកម្មវិធីសិល្បៈមួយនៅទីក្រុងភ្នំពេញ និងបានទទួលព័ត៌មានបន្តពីអ្នកស្រីថន សីម៉ា ដែលជាអ្នកគ្រប់គ្រងកម្មវិធី និងសហស្ថាបនិកនៃក្រុមរថយន្តតន្ត្រីទិព្វនៃអង្គការសិល្បៈខ្មែរអមតៈ។
លោកម៉ន ឡូញ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ដោយសារតែជាក្តីស្រឡាញ់តាំងពីតូចមក ដែលធ្លាប់បានស្តាប់ភ្លេងគែននេះតាមវិទ្យុ និងមើលឃើ់ញតាមទូរទស្សន៍ ក៏ចាប់ចិត្តស្រឡាញ់ និងចង់រៀន តែគ្មានឱកាសរហូតដល់សព្វថ្ងៃ»។
លោកឡូញ បន្តថា៖«កាលនៅពីក្មេង មិនបានដឹងថា ឧបករណ៍គែននេះ គឺជារបស់ខ្មែរឡើយ គ្រាន់តែឮគេនិយាយតគ្នាថា គែនគឺជាឧបករណ៍ភ្លេងរបស់ជនជាតិឡាវ។ តែការពិតទៅ មកដល់ពេលឥឡូវនេះ មានការបកស្រាយពីអ្នកចេះដឹងខ្មែរថា វាជាឧបរកណ៍ភ្លេងរបស់ខ្មែរយើង ហើយនៅមានចំនួនតិចតួចចេះលេង។ ខ្ញុំទទួលបានលេខទូរស័ព្ទទំនាក់ទំនងលោកគ្រូ ម៉ុន ហៃ ពីបងស្រី ថន សីម៉ា តាំងពីឆ្នាំ២០១៩មក ហើយក៏ទាក់ទងលោកគ្រូ ដើម្បីសួរនាំរឿងរៀនគែននេះដែរ តែដោយសារបញ្ហាកូវីដ១៩ ទើបបន្តរង់ចាំរហូតមកដល់ឆ្នាំ២០២២នេះ»។
ឧបករណ៍តន្រ្តីគែន គេច្រើនឃើញប្រគំលេងតាមកម្មវិធីជាច្រើនយ៉ាង ដូចជាពិធីបុណ្យសព សែនអ្នកតា បញ្ជាន់អារក្ស បុណ្យបច្ច័យ៤ ដារលាន ភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំថ្មី និងពិធីផ្សេងទៀត ហើយអ្នកផ្លុំអាចលេងបត់បែនតាមបទចម្រៀងបែបចម្រុះបាន គឺអាស្រ័យលើការចេះចាំនូវបទចម្រៀងរបស់អ្នកផ្លុំតែប៉ុណ្ណោះ។ ឧបករណ៍តន្ត្រីគែននេះ លោក ម៉ុន ហៃ ជាអ្នកទទួលបន្ទុកបន្តថែរក្សាដែលជាកេរដំណែលពីដូនតាប្រចាំខេត្តឧត្តរមានជ័យ ដោយលោកបានរៀនឧបករណ៍គែននេះតាំងពីមានវ័យ២៥ឆ្នាំមក និងមានឪពុកជាខ្មែរសុរិន្ទ និងម្ដាយជាតិខ្មែរ។
លោកម៉ុន ហៃ លើកឡើងថា៖«ភ្លេងគែន គឺអាចលេងបានតាមលំនាំ នៃបទខ្មែរគ្រប់យ៉ាងមិនប្រកាន់ទេ។ ប្រការសំខាន់នោះ ឱ្យតែអ្នកផ្លុំចេះចាំបទចម្រៀងច្រើន គឺអាចផ្លុំបានទៅតាមនោះ។ កន្លងមក សម្រាប់ខ្ញុំ អាចលេងបានជាមួយនឹងបទចម្រៀងខ្មែរជាច្រើនចង្វាក់បាន ដូចជា បទចង្វាក់រាំវង់ ចង្វាក់សារ៉ាវ៉ាន់ ឬបទបែបប្រពៃណី បទហោមរោងជាដើម»។
គែនគឺជាឧបករណ៍សិល្បៈ១ប្រភេទ ដែលជនជាតិទាំងអស់នៅតំបន់ខ្ពង់រាប និងវាលទំនាប នៅតែពេញនិយមរាប់សតវត្សរ៍មកហើយ។ រីឯនៅប្រទេសជិតខាង ដូចជា ប្រទេសថៃ ឡាវ និងវៀតណាម ក៏ប្រើឧបករណ៍សិល្បៈប្រភេទនេះដូចគ្នាដែរ ដែលអាចមានមនុស្សខ្លះយល់ច្រឡំថា គែន ជាឧបករណ៍សិល្បៈរបស់ជាតិសាសន៍របស់គេទៅវិញ។
បើតាមអ្នកស្រាវជ្រាវវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឧបករណ៍តន្ត្រីគែន មិនមែនពេញនិយម តែនៅប្រទេសឡាវនោះទេ សូម្បីតែនៅប្រទេសខ្មែរ ក៏ជាទីពេញនិយមខ្លាំងក្លាណាស់ដែរ ពិសេសក្នុងស្រទាប់បងប្អូនខ្មែរលើនៅខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសឡាវ។ ចំណែកប្រជារាស្ត្រខ្មែរនៅខេត្តបាត់ដំបង សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ មិនត្រឹមតែពេញនិយមប៉ុណ្ណោះទេ គឺថែមទាំងបានរក្សាការប្រើឧបករណ៍តន្ត្រីគែនបន្តពីដូនតា ជារហូតមកដល់សព្វថ្ងៃទៀតផង។
ឧបករណ៍គែននេះមានកំណើតតាំងពីសម័យបុរេប្រវត្តិម្ល៉េះ លើទឹកដីកម្ពុជា បើផ្អែកលើភ័ស្តុតាងជាក់ស្ដែងបង្ហាញតាមរយៈរូបបុព្វបុរសខ្មែរផ្លុំគែន ដែលបានឆ្លាក់លើស្គរមហាធឹក។ ប្រវត្តិសាស្ត្របានចែងថា នៅលើទឹកដីនៃជ្រោយឥណ្ឌូចិននេះ កាលដើមឡើយមានតែប្រទេសហ្វូណន និងចម្ប៉ាទេ។ វប្បធម៌អរិយធម៌បុរាណ មានកំណើតមុនប្រទេសទើបកើតថ្មីៗទាំងឡាយ ហើយបន្សល់ទុកដល់សព្វថ្ងៃលើទឹកដីថៃ ឡាវ វៀតណាមខាងត្បូង។
ចំពោះអ្នកស្រាវជ្រាវផ្សេងទៀត ដូចជា លោក ហ្សង់ ហ្សាក់មីលតូ (Jean-Jaeques Milteau តន្ត្រីករជនជាតិបារាំង) បានសួរថា អស់លោកស្គាល់ប្រភពឧបករណ៍តន្ត្រីអាមូនីកាទេ? លោកបានពណ៌នាថា ការផុសចេញនូវឧបករណ៍តន្ត្រីនេះ គឺនៅលើទឹកដីនៃជ្រោយឥណ្ឌូចិន កាលពី៣០០ឆ្នាំ មុនគ្រិស្តសករាជ ជាពិសេសនៅប្រទេសកម្ពុជា ដែលចេញប្រភពពីឧបករណ៍ឈ្មោះថា «គែន»៕