ភ្នំពេញៈ ដោយសារ​មាន​ជាប់​ឈាមជ័រ​បន្តវេន​ពី​លោកឪពុកដែលជា​កវីនិពន្ធនា​ទសវត្សរ៍​ទី​៦០ គួបផ្សំ​ឧបនិស្ស័យ​ចូលចិត្ត​ការអាន​សៀវភៅ​គ្រប់​ប្រភេទ និង​មាន​ជំនក់​ចិត្តខ្លាំង​លើ​វិស័យ​ភាពយន្តតាំងពី​កុមារភាពបាន​ត្រួសត្រាយ​អូសបន្លាយ​ខ្សែជីវិត​រប​ស់​អ្នកស្រី ប៉ុល ពិសី ឱ្យ​ឈោង​ចាប់យក​អាជីពជា​អ្នកនិពន្ធ​មាន​រយៈពេល​ជិត ៥០ ឆ្នាំ​។

​នាពេល​បច្ចុប្បន្ន​ កវី​ស្រី ប៉ុល ពិសី ជា​អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ និងជា​គ្រូបង្រៀន​វិជ្ជា​តែង​និពន្ធ​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​ជា​អ្នកនិពន្ធ​ប្រលោមលោក​ឯករាជ្យ​ស្ត្រី​ ១ រូប មានឈ្មោះ​ល្បី​នៅក្នុង​វិស័យ​អក្សរសាស្ត្រ​ខ្មែរ​។


អ្នកស្រី ប៉ុល ពិសី មាន​ស្រុកកំណើត នៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ហើយ​មាន​ទេពកោសល្យ​រៀន​តែង​និពន្ធ​កំណាព្យ​តាំងពីក្មេង​វ័យទទួលបាន​ការអប់រំ និង​បណ្តុះបណ្តាល​ឱ្យ​ស្រឡាញ់​ការអាន និង​ការសរសេរ ដោយផ្ទាល់​ពី​លោកឪពុក​នាម ចាប រិ​ទ្ធ ជា​គ្រូបង្រៀនកវីនិង​ជា​សមាជិក​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរនៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​អំឡុង​ទសវត្ស​ទី​៦០​។

​សម្រាប់​ស្នាដៃ​របស់​កវីនិពន្ធ​ស្ត្រី​មាន​វ័យ ៦៤ ឆ្នាំ ប៉ុល ពិសី រួមមាន​ ប្រលោមលោក (​ខ្នាត​វែង និង​ខ្នាត​ខ្លី ) កំណាព្យ ប្រលោម ​កំណាព្យអត្ថបទ​ភាពយន្ត (​សេណា​រី​យោ) អត្ថបទ​ល្ខោននិយាយ (​ល្ខោននិយាយ​ជា​ភាគ​) ទំនុកច្រៀង សៀវភៅ​រឿង​អប់រំ​កុមារប្រវត្តិ​ខ្សែជីវិត​បុគ្គល (​មាន​ផលិត​ជា​វីដេអូ​)និង​សៀវភៅ​រឿង​គូរ​រូបភាព និង​ធ្លាប់​បានឈ្នះ​ពានរង្វាន់​យ៉ាងច្រើន​ក្នុង​ស្នាដៃ​សំណេរ​ចម្រុះ​របស់អ្នកស្រី ​។​


​កវី​ស្រី ប៉ុល ពិសី បាន​រំ​ឭក​ពី​ស្នាដៃ​និពន្ធ​ដំបូង និង​ការចាប់ផ្តើម​រៀន​តែង​និពន្ធ​របស់ខ្លួន ដែល​បន្ត​ពី​លោកឪពុក​តាំងពី​មាន​វ័យ​៨ឆ្នាំ មក​នោះ​ថា​៖ «​ខ្ញុំ​ចាប់ផ្តើម​សរសេរ​កំណាព្យ តាំងពី​មាន​អាយុ ៨ ឆ្នាំ ទោះបី​មិនទាន់​ចេះ​ក្បូន​ខ្នាត​ត្រឹមត្រូវ​ក៏ដោយ​។នៅ​ឆ្នាំ​ ១៩៦៩ ខ្ញុំ​ផ្តើម​សរសេរ​ប្រលោមលោក​ខ្លីៗ​ ហើយ​ឆ្នាំ​ ១៩៧២ ស្នាដៃ​កំណាព្យ​ខ្ញុំត្រូវបាន​កម្ម​វី​ធី​កំណាព្យ​ខ្មែរយកទៅ​សូត្រ​ផ្សាយ​តាម​វិទ្យុជាតិ​កម្ពុជា​ ខណៈ​ស្នាដៃ​ប្រលោមលោក​ដំបូងនៅ​ឆ្នាំ​១៩៧៣ មាន ២ រឿង ទី​១ មាន​ចំណងជើង «​ចំណងដៃ​ទឹកភ្នែក​» ឯ​រឿង​ទី​២ មាន​ចំណងជើង​ថា «​កម្រង​ស្នេហ៍​កម្ម​» ដោយ​ខ្ញុំ​មាន​ឯកសារ​ទុក​មកទល់​សព្វថ្ងៃនេះ គឺជា​សំណេរ​ដោយ​ដៃ​»​។

អ្នកស្រី ប៉ុល ពិសី ក៏​រំ​ឭក​ពី​ចំណូលចិត្ត​កាលពី​កុមារភាព​ថា​៖ «​ពី​កុមារភាព ចូលចិត្ត​អាន​សៀវភៅ​គ្រប់​ប្រភេទ មាន​ប្រលោមលោក កំណាព្យ អត្ថបទ​ស្រាវជ្រាវ ទស្សនា​វ​ដ្តី សារព័ត៌មាន​នានា សាស្ត្រា​ស្លឹក​រឹត​ជាដើម​។ ខ្ញុំ​ចូលចិត្ត​ស្តាប់ តាមដានរឿងរ៉ាវ ដែល​ផ្សាយ​តាម​វិទ្យុជាតិ (​ល្ខោននិយាយ ចម្រៀង ព័ត៌មាន​)​ ហើយ​មាន​ជំនក់​ចិត្តខ្លាំង​ក្នុងការ​ទស្សនា​ភាពយន្ត​តាំងពី​កុមារ និង​ធ្លាប់បាន​តាម​គេទៅ​មើល​ផ្ទាល់​នៅ​កន្លែង​ថតកុន​ទៀតផង​»​។

​ដោយសារ​ឧបនិស្ស័យមើល ស្តាប់​ សង្កេត​តាមដានរាល់​សកម្មភាព​នានា ដែល​មាននៅ​ជុំវិញខ្លួន​តាំងពី​ដឹងក្តី​មក ទើប​ក្លាយជា​កូនស្រី​ម្នាក់ក្នុងចំណោម​កូនប្រុស​ស្រី​ទាំង ៥ នាក់ ទទួលបាន​និស្ស័យ​ខ្សែលោហិត​បន្តវេន​ជា​អ្នក​ស្រឡាញ់​ការសរសេរ​ពី​លោកឪពុក​។

អ្នកស្រី​ប្រាប់ថា យ៉ាងណាក្តី ក្នុង​ចិត្ត​ចង់​ក្លាយជា​អ្នក​បុរាណវិទ្យាដោយ​ក្តី​ស្រឡាញ់​ប្រាសាទបុរាណ រូបចម្លាក់​គ្រប់យ៉ាង ដែលមាន​ទំនាក់ទំនង​នឹង​ផ្នែក​បុរាណវិទ្យា តែ​ជា​អកុសល មិនបាន​ដូច​ការប៉ង ហើយក៏​ផ្ទុយ​ពី​បំណង​ឪពុក​ដែល​ចង់ឱ្យ​ក្លាយជា​អ្នកគ្រូ​ពេទ្យ​ផងដែរ​។​

​ទោះបីជា​ធ្លាប់បាន​ឆ្លងកាត់​បទពិសោធច្រើន​ឆ្នាំ​ក្នុងការ​តែង​និពន្ធនិង​ធ្លាប់​ឈ្នះ​ពានរង្វាន់​ដ៏​ច្រើនសន្ធឹកពី​ស្នាដៃ​សំណេរ​ចម្រុះ​ខ្លួន​នោះ​ក្តី ក៏​កវី​ជើងចាស់ ប៉ុល ពិសី បាន​ចែករំលែក​នូវ​អ្វី​ជា​ដែល​ផល​លំបាកនិង​ផលប្រយោជន៍​ក្នុង​អាជីព​និពន្ធ​ជំនាន់​អ្នកស្រី ដើម្បី​ទុក​ដល់​អ្នកនិពន្ធ​ជំនាន់​ក្រោយ​បាន​ស្វែងយល់ និង​ដក​ពិសោធ​ផងដែរ​។​

​អ្នកស្រី ប៉ុល ពិសី រំលែក​ឱ្យដឹងពី​ផល​លំបាក​ខ្លះៗក្នុង​អាជីព​ជា​អ្នកនិពន្ធថា​៖ «​ជីវិត​ជា​អ្នកសរសេរ គឺ​តែងតែ​ជួបប្រទះ​នូវ​ឧបសគ្គ​ច្រើនយ៉ាង​។ បរាជ័យ​ច្រើនជាង​ជោគជ័យ សំខាន់​គឺ​ត្រូវតែ​ព្យាយាម អំណត់ តស៊ូ តាមដាន​គ្រប់​សកម្មភាព ដែល​កើតមាន​ជា​រៀងរាល់ថ្ងៃដើម្បី​កត់ត្រា​ប្រមូលយក​ព័ត៌មាន​ពិតមក​ចងក្រង​ ហើយ​ប្រមូល​ថែមថយ ច្នៃប្រឌិត​រំលេច​ជា​សាច់រឿង ដែលមាន​លក្ខណៈ​តថភាព​ច្រើន កើតចេញពី​ក្នុងសង្គម​បច្ចុប្បន្ន ធ្វើ​ដូច្នេះ​ទើប​អាច​ទាក់ទាញ​ចិត្ត​អ្នកអាន​យើង​បាន​»​។​

​អ្នកស្រីបាន​បន្តថា​៖ «​អ្នកសរសេរ​តែ​ម្នាក់ ហើយ​ត្រូវ​បញ្ចេញស្នាដៃ ដើម្បី​ចែកចាយ​ដល់​មហាជន រាប់ពាន់ ​រាប់​ម៉ឺន​នាក់ ​ដូច្នេះ​ទោះបី​ល្អ​យ៉ាងណា ក៏​មិនបាន​សុ​ក្រឹត​ដែរ​ ហើយក៏​គេច​មិន​ផុតពី​មាន​កំហុសឆ្គង​ខ្លះៗជាមិនខាន ព្រោះ​មនុស្ស​ម្នាក់​ចិត្ត​មួយ​។ ការនិពន្ធ​ផលិត​មិនទាន់​ចិត្ត​អ្នកអាន អ្នកទស្សនា​ចង់បាន​ឆាប់ៗក្តៅៗទម្រាំផលិត​បាន​គឺ​យឺត​ពេលធ្វើ​ឱ្យ​មានការ​ខកចិត្ត​ ព្រោះ​អ្វី ដែលជា​ព័ត៌មាន​ថ្មីៗ​នោះ បាន​កន្លង​ពេល​ហួស ឬ​យើង​ហៅថា ព័ត៌មាន​ជូរ ផ្អូម​»​។

​កាលបើបាន​ក្លាយជា​អ្នកនិពន្ធ​ ១ រូប​នោះ ក៏​ទទួលបាន​កិត្តិយស​ក្នុង​ជីវិត មានការ​ទទួលស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន​ជុំវិញខ្លួន បាន​ចូលរួម​លើកស្ទួយ​ខឿនវប្បធម៌ អក្សរសាស្ត្រ​ជាតិ​ឱ្យបាន​រីកចម្រើន បាន​តបស្នង​សងគុណ​វិញ្ញាណក្ខន្ធ​អ្នកមានគុណ រៀមច្បង​អ្នកនិពន្ធ និង​ព្រលឹង​បុព្វបុរស បុព្វ​កវី​ជំនាន់​ដើម​។​

​អ្នកស្រី ប៉ុល ពិសី បន្ថែមថា​៖ «​ប្រយោជន៍​ពី​អាជីព​អ្នកនិពន្ធ គឺ​បាន​បន្សល់ទុក​នូវ​ស្នាដៃ និង​ផ្តល់ឱកាស​ក្នុង​ការចែករំលែក​ចំណេះដឹង​ទៅឱ្យ​កូនចៅ​ជំនាន់​ក្រោយ​។ ជាពិសេស​ពេល​មាន​អ្នកគាំទ្រ​ស្នាដៃ​ច្រើនគឺ​ធ្វើឱ្យ​យើង​មាន​មោទកភាព​ខ្លួនឯង រីករាយ​សប្បាយចិត្ត ពេលឮ​ប្រិយមិត្ត​ពោល​សរសើរ​ពី​ស្នាដៃ​»​។

​អ្នកនិពន្ធ​ជើងចាស់ដែល​បាន​ប្រឡូក​អាជីព​និពន្ធ​ជិត ៥០ ឆ្នាំរូបនេះ​បន្តថា​៖ «​យើង​អាចមាន​ឱកាស​បានចេញ​ទៅ​ក្រៅប្រទេស ជួបជុំ​ជាមួយនឹង​ក្រុម​អ្នកនិពន្ធ​បរទេស ចែករំលែក​បទពិសោធ​ការនិពន្ធ​ទៅវិញទៅមក និង​អាច​បង្ហាញ​ពី​កេរ​មរតក​ដូនតា ដែលជា​ផ្នែក​ពិសេស​នៃ​ខឿន​អក្សរសាស្ត្រ​ជាតិ​»​។​

​ស្របពេល​វិទ្យាសាស្ត្រ​ជឿនលឿន បច្ចេកទេស​បាន​វិ​វត្ត​ទៅមុខ គ្រប់យ៉ាង​មានការ​ប្រែប្រួល ហើយ​តាម​សង្កេតឃើញថា អ្នកអាន​ភាគច្រើន​ជា​យុវវ័យ មាន​ចំណង់​ចំណូលចិត្ត​អាន​អ្វីដែលមាន​ភាព​លឿន​រហ័ស ភ្លាមៗ ដូច្នេះ សៀវភៅ​ភាគច្រើន​គឺ​ផលិត​ចេញ​តម្រូវ​ចិត្ត​អ្នកអាន​។ជា​ឧទាហរណ៍​ដូចជា​ការរៀបរាប់​ទេស​ភាព​ផ្តើម​រឿងពី​សម័យមុន​គឺ​រៀបរាប់​វែងឆ្ងាយទើប​ចូល​សាច់រឿង តែ​សម័យនេះ​គឺផ្តើម​ភ្លាម​ចូល​សាច់រឿង និយាយ​ភ្លែត​តែម្តង ចំណែក​បទ​សន្ទនា​វិញ​ក៏​ខ្លីៗ ហើយ​មិនសូវ​បង្កប់ន័យ​ប្រៀបធៀប​ទេ​។

​អ្នកស្រី ប៉ុល ពិសី យល់ឃើញថា​៖ «​តាម​គំនិត​ខ្ញុំ ជា​អ្នកនិពន្ធ​គឺ​ត្រូវ​ចេះ​បត់បែនតាម​ពេលវេលា​។ តែ​ក៏​មិនត្រូវ​បំភ្លេច​អ្វី ជា​កេរដំណែល​ដូនតា​ដែរ​។ យក​ល្អ​គឺ​ត្រូវ​ចេះ​ផ្សែផ្សំ​លាយ​ល្បាយ​រវាង​បុរាណ និង​សម័យ​ឱ្យចូល​គ្នា ទើប​ជាការ​ល្អ​។​

​ចំពោះ​អ្នកនិពន្ធ​ជា​ស្ត្រី​វិញ តាំងពី​សម័យមុន​មក មិនសូវ​សម្បូរ​ទេ គឺមាន​ភាគរយ​តិចតួច​ណាស់ តែ​សម័យនេះ​បែរជា​មានការ​លេចឡើង​នូវ​ចំនួន​អ្នកនិពន្ធ​ជា​ស្ត្រី​ច្រើនហើយ​ក៏មាន​ស្នាដៃ​ឆ្នើមៗ​ជាច្រើន និង​កំពុង​តែមាន​អ្នក​បន្តវេន​ជា​បន្តបន្ទាប់​ថែម​ទៀតផង​។ ខណៈពេល​ឥឡូវ​នេះស្នាដៃ​របស់​អ្នកនិពន្ធ​ស្ត្រីហាក់ដូច​ជាមាន​ភាពប្រាក​ដ​និយម​ច្រើន មានន័យថា​ ភាគច្រើន​សាច់រឿង​បាន​ប្រមូលយក​មកពី​ជីវិត​ពិត ដែល​កើតមាន​ក្នុងសង្គម​មក​រំលេច​ក្នុង​ស្នាដៃ​និពន្ធ​។

​កវី​ស្រី ប៉ុល ពិសី បាន​លើកឡើងថា​៖ «​នេះ​ស​បញ្ជាក់​ឱ្យឃើញថា ស្ត្រី​បាន​យល់ច្បាស់​ពី​តួនាទី​របស់ខ្លួន ហើយ​ចេះ​ប្រើ​សិទ្ធិសេរីភាព ក្លាហាន​ដើម្បី​ចេញមុខ​វែកញែកបង្ហាញឱ្យឃើញ​នូវ​ចំណុច​វិជ្ជមាន និង​អវិជ្ជមានដែល​ស្ត្រីសម័យនេះត្រូវតែ​បានទទួល​ដោយ​ភាពយុត្តិធម៌​បំផុត​។ អ្វីដែល​ពិសេស​នោះសម្រាប់​ខ្ញុំ​ដែលជា​អ្នកនិពន្ធ​ស្ត្រី​ម្នាក់​ដែរ គឺមាន​ឱកាស​បាន​បើក​ទម្លាយ​នូវ​អាថ៌កំបាំងដែល​កន្លងមក ស្ត្រី​ភាគ​ខ្លះមិន​ហ៊ាន​និយាយ​ការពិតដោយ​ការប្រើ​វេទិកា​សំណេរ​បញ្ចូល ក្នុង​សាច់រឿង ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ពី​គ្រ​ប់ម​ជ្ឈដ្ឋា​ន​មិត្ត​អ្នកអាន​»​។

​អ្នកស្រី ប៉ុល ពិសី បន្តថា​៖ «​ខ្ញុំ​បានកំណត់​ក្នុង​ចិត្តតាំងពីដើម​មក​ថា គ្រប់​រឿងរ៉ាវ​របស់​ស្ត្រី គ្មាន​អ្នកណា​ដឹង​ច្បាស់​ជាង​ស្ត្រី​គ្នាឯង​ទេ​។បើ​អ្នកនិពន្ធ​ស្ត្រី មិន​សរសេរ​លើក​តម្កើង​សិទ្ធិសេរីភាព​ស្ត្រី​ដូចគ្នា តើ​ឱ្យ​អ្នកណា​លើក​ជំនួស​ទៅ​? ស្ទើរតែ​គ្រប់​សំណេរ​របស់ខ្ញុំ គឺ​សង្កត់ធ្ងន់​ទៅលើ​ការលើកតម្លៃ លើកទឹកចិត្ត​ស្ត្រី ឱ្យ​ខំតស៊ូ​ជម្នះ​ឧបសគ្គ ដើម្បី​សិទ្ធិសេរីភាព​ក្នុង​ការរស់នៅ​ជានិច្ច​។ បេះដូង និង​ខួរក្បាល​ខ្ញុំ បាន​កត់ត្រា និង​ចងចាំ​សម្តី​មាសរបស់លោក​ឪពុក​ខ្ញុំ បាន​ផ្តាំ​ថា កុំ​ខ្ចី​ដង្ហើម​គេ​ដក ទោះ​កូន​ជា​ស្ត្រី ក៏​កូន​ជា​មនុស្ស​ម្នាក់​ដែរ កូន​ត្រូវតែ​រស់​ដោយ​កម្លាំង​ញើស​ឈាម​ខ្លួនឯង​»​។​

​សម្រាប់​អាជីព​និពន្ធ​ជិត ​៥០ ​ឆ្នាំ អ្នកស្រី ប៉ុល ពិសី បានទទួល​ពានរង្វាន់​យ៉ាងច្រើន រួមមាន​ ពានរង្វាន់​លេខ ​២ ប្រលោមលោក​ខ្លី​រឿង​«​មាសទឹកដប់​»ពី​កម្មវិធី​មហោស្រព​តែង​និពន្ធ​មហាជន​ទូទាំង​រាជធានី​ភ្នំពេញ ឆ្នាំ​ ១៩៨៧​។ ឆ្នាំ​ ១៩៩១ឈ្នះ​ពានរង្វាន់​លេខ ​៤ ​ប្រលោម​កំណាព្យ​រឿង​ «​មាសទឹកដប់​» ​ពី​មហោស្រព​តែង​និពន្ធ​ទូទាំងប្រទេស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ឆ្នាំ​ ១៩៩៥ ឈ្នះ​ពានរង្វាន់​លេខ​ ១ ​ស្ទូ​ន ប្រលោម​កំណាព្យ​រឿង «​ល្ខោន​ជីវិត​»ពី​កម្មវិធី​ពានរង្វាន់​ព្រះសីហនុ​រាជ​លើក​ទី​១ រៀបចំ​ដោយ​សមាគម​អ្នកនិពន្ធ​ខ្មែរ​។ឆ្នាំ​១៩៩៦ឈ្នះ​ពានរង្វាន់​លេខ​ ២ ប្រលោមលោក​ខ្លី​រឿង «​ផ្កា​កេសរ​កូ​ល​» នៃ​កម្មវិធី​ពានរង្វាន់​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​។ឆ្នាំ​២០០១ ឈ្នះ​ពានរង្វាន់​លេខ ​២ ប្រលោម​កំណាព្យ​រឿង «​អប្សរា​» ពី​កម្មវិធី​ពានរង្វាន់​ព្រះ​សុរាម្រិតរបស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ឆ្នាំ​ ២០០៧ ឈ្នះ​ពានរង្វាន់​មេគង្គ​ប្រលោម​កំណាព្យ​រឿង​«​អ្នក​ម្តាយ​»​។ ឆ្នាំ​ ២០១១ ឈ្នះ​ពានរង្វាន់​កិត្តិយស​ព្រះ​បទុម​ត្ថេ​រ​សោម​ប្រលោម​កំណាព្យ​រឿង ​«​ម្ចាស់​ស្នេហ៍​» របស់​ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ​។ ឆ្នាំ​ ២០១២ ឈ្នះ​ពានរង្វាន់​លេខ ២​ ប្រលោម​កំណាព្យ​រឿង «​ក្លិន​ផ្កា​ស្រូវ​» ពី​កម្មវិធីពានរង្វាន់​នាយិកា​សិទ្ធិនៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ឆ្នាំ​ ២០១៣ ឈ្នះ​ពានរង្វាន់​លេខ ​៣ ស្ទួន ប្រលោមលោក​រឿង «​ថ្ម​រាំ​» ពី​កម្មវិធី​ពានរង្វាន់​ រឹម ​គិ​ន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ឆ្នាំ​ ២០១៣ ឈ្នះ​ពានរង្វាន់​អ្នកនិពន្ធ​ទំនុកច្រៀង​ឆ្នើមរបស់​ក្រុមហ៊ុន​សប្បាយ និង​ឆ្នាំ​ ២០១៨ ឈ្នះ​ពានរង្វាន់​កវីនិពន្ធ​អាស៊ី​អា​គ្នេ​យ៍ ប្រលោមលោក​រឿង​«​ថ្ម​រាំ​» ពី​ប្រទេស​ថៃ​។​

​តាម​ក្រឹត្យក្រម​ធម្មជាតិ ទំពាំង​លូតលាស់​ហើយក៏​ត្រូវ​ក្លាយជា​ឫស្សី រួច​ទំពាំង​ថ្មី​ក៏​ដុះ​មក​បន្តបន្ទាប់ មិន​ខុស​អ្វី​ពី​មនុស្ស​ឡើយ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ គឺ​ត្រូវមាន​អ្នក​ស្នង​មរតក​ជំនាញដែលជា​ព្រលឹង​វប្បធម៌​ដ៏​ចំណាស់ដើម្បីឱ្យ​រីកដុះដាល​ត​ទៅមុខទៀត​។

​កវី​ស្ត្រី ប៉ុល ពិសី ផ្តល់​ជា​មតិ​ផ្តាំផ្ញើ ចំពោះ​អ្នកនិពន្ធ​ជំនាន់​ក្រោយ​ថា​៖ «​ក្នុងនាម​ជា​អ្នក​ស្រឡាញ់​ការ​តែង​និពន្ធ​ម្នាក់ ខ្ញុំ​សប្បាយចិត្ត​ព្រោះ​ឃើញ​មាន​អ្នក​បន្តវេន​តាម​ក្រោយ​ជាច្រើន ហើយ​ស្នាដៃ​របស់​ទំពាំង​ថ្មី​នោះក៏មាន​លក្ខណៈ​ជឿនលឿន​ច្រើន​ដែរ​។ ម្យ៉ាងទៀត ​អ្វីដែល​យើង​ជា​អ្នកនិពន្ធ​ត្រូវធ្វើ​នោះ គឺ​ត្រូវតែ​ពង្រីក​ចំណេះដឹង ពង្រឹង​ការគិត​ឱ្យបាន​ច្រើន ទើប​ខឿនវប្បធម៌​អក្សរសាស្ត្រ​ជាតិខ្មែរ​យើង​នឹង​ឋិត​ថេ​រ​គង់​វង្ស​»​។

​អ្នកស្រីបាន​បន្ថែមថា​៖ «​កុំភ្លេចថា យើង​មាន​ខ្សែលោហិត​ត​ពូជពង្សពី​បុព្វបុរស​សម័យអង្គរ ដូចជា ​ព្រះ​នាង​ឥន្ទ្រ​ទេវី ជា​កំពូល​អ្នកប្រាជ្ញ​ដ៏​ល្បីល្បាញ​របស់​ជាតិ​យើង​។ ទោះបី​បច្ចុប្បន្នមានការ​រីកចម្រើន​យ៉ាងណាក៏ដោយ រាល់​សំណេរ​គឺ​ត្រូវតែ​បង្ហាញ​ពី​ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់​របស់​ដូនតា​យើង​។ ត្រូវដាក់​បញ្ចូល​នូវ​អ្វីដែលជា​អត្តសញ្ញាណ​ជាតិ​ដើម្បីឱ្យ​សកលលោក​បាន​ស្គាល់​។ ជាពិសេសកុំ​ភ្លេច​អ្វី​ដែលជា​រសជាតិ ជា​ក្លិន ជា​ពណ៌​សម្បុរ​ពិត​របស់​ជាតិខ្មែរ​យើង​។ បណ្តាំ​ចុងក្រោយគឺ​កុំ​ភ្លេច​សុភាសិត​បុរាណ ងើយ​ស្កក​ ឱនដាក់គ្រាប់​ គឺ​មានន័យថា មិនត្រូវ​មាន​អំនួត​ហួសហេតុ​ពេក​ចំពោះ​ស្នាដៃ​យើង​ទេ​។គ្រប់យ៉ាង​គឺ​ទុកឱ្យ​មហាជនជា​អ្នកផ្តល់​ពិន្ទុ​វាយតម្លៃ​ឱ្យទើប​មាន​កិត្តិយស​ល្អប្រសើរ​ឋិ​ត​ថេរ​យូរអង្វែង​ក្នុង​អាជីព​មួយ​នេះ​»៕