មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​៥ ឆ្នាំ​ ២០២២ ​នេះ នឹង​ប្រារព្ធ​ធ្វើ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​គ្រោង​រៀបចំ​នៅ​ទី​រួម​ខេត្ត​ពោធិ៍សាត់ ក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ពោធិ៍សាត់ មាន​ចំនួន ៣ ​ថ្ងៃ គឺ​ថ្ងៃទី​ ២១-២២-២៣ ខែតុលា ឆ្នាំ​ ២០២២ ដោយ​ត្រៀម​កម្មវិធី​បង្ហាញ​កំណាព្យ អក្សរសិល្ប៍ ជំនួប​អ្នកនិពន្ធ​ជាមួយ​សិល្បករ​ចាស់ៗ និង​អ្នក​របាំ​ប្រចាំ​តំបន់ ប៉ុន្តែ​ដោយសារតែ​ខ្វះ​ថវិកា កម្មវិធី​រៀបចំ​ខាងមុខ នឹងត្រូវ​កាត់បន្ថយ​សកម្មភាព​ខ្លះ​។ នេះ​បើតាម​លោក ឃុត សុឃឿន នាយក​គ្រប់គ្រង​នៃ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ នៅ​ថ្ងៃ​អង្គារ ទី ​១៣ កញ្ញា​នេះ​។

ដោយសារ​តែ​កង្វះ​ថវិកា លោក ឃុត សុឃឿន បាន​អំពាវនាវ​ដល់​មហាជន និង​វិស័យ​ឯកជន ដែល​ស្រលាញ់​អក្សរសិល្ប៍ សូម​ជួយ​បរិច្ចាគ​ថវិកា​ទៅតាម​លទ្ធភាព ដើម្បី​ឱ្យ​ការ​ប្រារព្ធ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​៥ ​នេះ អាច​ដំណើរការ​ទៅបាន​តាម​ផែនការ​ពេញលេញ​។

លោក ឃុត សុឃឿន នាយក​គ្រប់គ្រង​នៃ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ បាន​ប្រាប់​ថា កន្លង​មក​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​បាន​រៀបចំ​ឡើង​នៅ​ខេត្ត​មួយ​ចំនួន​ដូចជា​៖ ខេត្ត​សៀមរាប បាត់ដំបង ភ្នំពេញ​។ ប៉ុន្តែ​មហោស្រព បានរៀបចំ​ធ្វើតាម​អន​ឡាញ នៅ​ឆ្នាំ ​២០២១ ដោយសារ​ជំងឺ​កូវីដ​ ១៩។


នៅ​ឆ្នាំ​ ២០២២ ​នេះ មហោស្រព​អក្សរសិល្ប៍​ខ្មែរ ដែល​រៀបចំ​ធ្វើ​នៅ​ខេត្ត​ពោធិ៍សាត់ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ «​ការ​ពាំនាំ​ចម្លង​បន្ត​វេន​អក្សរសិល្ប៍​» ដែល​ក្នុងនោះ មហោស្រព​គ្រោង​រៀបចំ​កម្មវិធី​ជាច្រើន​ដូចជា កម្មវិធី​ពិភាក្សា កម្មវិធី​ផ្នែក​និពន្ធ កម្មវិធី​ប្រឡង​ជ្រើសរើស​ស្នាដៃ​អក្សរសិល្ប៍ កម្មវិធី​សម្ដែង​របាំ និង​ពិព័រណ៍​សៀវភៅ និង​ពិព័រណ៍​មរតក​អក្សរសិល្ប៍​ជាដើម​។

លោក​ថា​៖ «មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​៥ ​នេះ ជួប​ឧបសគ្គ​ដែល​សំខាន់​ជាងគេ គឺ​ការស្វែងរក​ថវិកា ពីព្រោះ​អី​យើង​ផ្ដើម​មាន​ថវិកា​តិចតួច​នៅឡើយ​ទេ ហើយ​ប្រសិនជា​លុយ​អត់​គ្រប់​ទេ ប្រហែលជា​ត្រូវ​កាត់​សកម្មភាព​ណាមួយ​ចំនួន​ចេញ ដើម្បី​អាច​ធ្វើ​មហោស្រព​នេះ​បាន​»​។


បើតាម​លោក ឃុត សុឃឿន ដោយសារ​កម្មវិធី​នេះ​ត្រូវធ្វើ​នៅ​ខេត្ត ទើប​មាន​ការ​ចំណាយ​ច្រើន​។ ដូច្នេះ លោក​អំពាវនាវ​ឱ្យ​សប្បុរសជន​ចូលរួម​បរិច្ចាគ​ថវិកា ដើម្បីឱ្យ​មហោស្រព​នេះ​ដំណើរការ​បាន​ពេញលេញ​។ មហាជន​ដែល​ចង់​ចូលរួម​ជួយ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ អាច​បរិច្ចាគ​បាន តាមរយៈ​គណនី​ធនាគារ ABA: 004 212 177 KHUT SOKHOEUN AND MENG VOUCHNAY AND SOUN MARYNA៕