ពោធិ៍សាត់ៈមហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី​៥ ឆ្នាំ ​២០២២ នេះ នឹង​ប្រារព្ធ​ធ្វើនៅ​ខេត្តពោធិ៍សាត់នៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ពោធិ៍សាត់ចំនួន៣ថ្ងៃគឺ​ថ្ងៃទី ២១-២២-២៣ ខែតុលា ឆ្នាំ ​២០២២ ដោយមាន​បន្ថែម​ការប្រកួត​ប្រជែង​ស្នាដៃ​និពន្ធ​រឿង​ខ្លី និង​កំណាព្យ រួមទាំង​បើកទទួល​យក​ស្នាដៃ​របស់​អតីត​កវីនិពន្ធ​តាំង​​ពី​​ឆ្នាំ​ ១៩៧៥ ដែល​ពុំទាន់​មានឱកាស​ចុះផ្សាយ​ស្នាដៃ​ខ្លួន​ផងដែរ​។

​បើតាម​ព័ត៌មាន​ថ្មី​ចុង​ក្រោយពី​គេហទំព័រ​ផ្លូវការ​កម្មវិធី​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរកាល​ពី​ចុងខែ​កក្កដា ឆ្នាំ​ ២០២២ ឱ្យ​ដឹងថា មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី​៥ មាន​ការ​ប្រកួត​ប្រជែង​ស្នាដៃ​រឿង​ខ្លី និង​កំណាព្យ​ ក្នុង​ប្រធាន​បទ​សេរី មាន​លក្ខណៈ​ទំនើប​និយម ដែល​មាន​ភាព​ច្នៃ​ប្រឌិត បង្ហាញ​ពី​ទស្សន​វិជ្ជា ជីវិត អប់រំ​ និង​វប្បធម៌​។

ចំពោះ​វិញ្ញាសា​ប្រកួត​ប្រកួត​ប្រជែង​ស្នា​ដៃ​ស្នាដៃ​រឿង​ខ្លី ត្រូវមាន​សំណេរ​ចន្លោះ​ពី​ ៥ ទៅ ​៨​ ទំព័រ នៃ​ក្រដាស​ A4 ទំហំ​អក្សរ​ ១២ Pt (Khmer OS Siem Reap) ដោយ​បេក្ខ​ជន​ម្នាក់អាច​ដាក់​បាន​ ២ ​ចំណងជើង​នៃ​សា្ន​ដៃរបស់​ខ្លួន​។ ចំណែក​វិញ្ញាសា​ប្រកួត​ប្រជែង​ស្នាដៃ​កំណាព្យ​វិញ សំណេរ​មិន​ត្រូវ​លើសពី​ ៣ ​ទំព័រ​នៃ​ក្រដាស ​A4 ទំហំ​អក្សរ​ ១២ ​Pt (Khmer OS Siem Reap) ដោយ​បេក្ខជន​ម្នាក់អាច​ដាក់​បាន ​២ ចំណងជើង​នៃ​សា្ន​ដៃ​ខ្លួន​ឯង​ដែរ​។


​នាយក​គ្រប់​គ្រង​កម្មវិធី​មហោ​ស្រព​អក្សរសិ​ល្ប៍​ខ្មែរ​ឆ្នាំ​ ២០២២ លោក ​ឃុត​ សុខឿន បានប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ពី​លក្ខ​ខណ្ឌ​បេក្ខជន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​នេះ​ថា​៖ បេក្ខជន​ត្រូវតែ​មាន​ប្រធាន​បទ​និពន្ធ​មិន​ធ្លាប់​ចូលរួម​ប្រឡង​កាល​ពីមុន​មក​។ ជា​ប្រធាន​សំណេរ​ប្រកប​ដោយ​ភាព​ទំនើប​និយម​ បាន​កែ​អក្ខរា​វិរុទ្ធ​រួចរាល់​ និង​មាន​ភ្ជាប់​ជាមួយ​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន និង​អ៊ី​មែល​ច្បាស់​លាស់​។ ការ​ទទួល​ពាក្យ​ប្រកួត​ចាប់ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ


​រហូត​ដល់​ថ្ងៃទី​ ១៥ ​ខែកញ្ញា ឆ្នាំ​ ២០២២ ដោយ​ត្រូវ​ផ្ញើមក​កាន់​អ៊ី​មែល​: kh​merl​itera​ture​fest​iva​l@​gmai​l.com និង​ទូរ​ស័ព្ទ ​០៧៧ ​៥៥៨ ​៥៤៥​។

​លោក ​ឃុត​ សុខ​ខឿន បន្ថែមថា​៖ «​ចំពោះ​បេក្ខ​ជន ដែល​ជាប់​ជយ​លាភី ​នឹងត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី​៥ នៅ​ខេត្ត​ពោធិ៍​សាត់ ក្នុង​ខែតុលា​ខាង​មុខនេះ​។ ជយ​លាភី​លេខ ​១ បាន​ប្រាក់​រង្វាន់​ចំនួន ១​ លាន​រៀល លេខ​ ២ បាន​ប្រាក់​រង្វាន់​ចំនួន ​៨ សែន​រៀល និង​លេខ​ ៣ បាន​ប្រាក់​រង្វាន់​ចំនួន ៤​ សែន​រៀល​»​។​

​វិស័យ​អក្សរ​សិល្ប៍​ខ្មែរ ធ្លាប់​មាន​ប្រវត្តិ​យូរលង់​តាំងពី​បុរាណ​កាល ​បន្ត​រហូត​មកដល់​ទស​វត្សរ៍​ទី​៧០ និង​បាន​ងើប​ឡើង​វិញ ​បន្ទាប់​ពី​សម័យ​ខ្មែរ​ក្រហម​។ នាពេល​បច្ចុប្បន្ន​នេះ គេ​ឃើញថា​ ស្នាដៃ​និពន្ធ ​ឱកាស និង​គុណ​តម្លៃ​របស់​អ្នក​និពន្ធ ​និង​វិស័យ​បោះពុម្ព ​មានកា​រ​រីក​ចម្រើន​គួរឱ្យកត់​សម្គាល់​ជា​បណ្តើរៗ​។ ក៏ប៉ុន្តែ​វិស័យ​និពន្ធ​នេះគឺ​ទាម​ទារ​ឱ្យ​មាន​ការបន្ត​ជ្រោម​ជ្រែង​បង្ក​លទ្ធ​ភាព និង​ឱកាស​ដល់​អ្នក​និពន្ធ ​តាម​រយៈ​ការ​តាំង​ពិព័រណ៍​សៀវ​ភៅ ការ​ធ្វើ​សិក្ខា​សាលា​ សន្និ​សីទ និង​រៀបចំ​កម្មវិធី​មហោ​ស្រព​អក្សរសិ​ល្ប៍​ខ្មែរ​ នេះ​ជា​ដើម​។

​លោក ​ឃុ​ត សុខឿន ​បញ្ជាក់ថា​៖ «​កម្មវិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​ឆ្នាំនេះ ​យើង​ក៏បាន​ដាក់​នូវ​ការ​កំណត់​មួយ​ទៅលើ​ការ​ប្រមូ​ល​ស្នាដៃ​របស់​អ្ន​កនិពន្ធ​ខ្មែរ​ដែល​ខ្វះ​ឱកាស​សម្រាប់​ការ​ផ្សព្វ​ផ្សាយ និង​មិន​ទាន់​មានឱកាស​យក​ស្នាដៃ​ខ្លួន​មក​ដាក់​ប្រកួត​ប្រជែង​​គិត​ត្រឹម​ឆ្នាំ​១៩៧៥ ​ដល់​បច្ចុប្បន្ន​។យើង​ធ្វើបែប​នេះគឺ​ចង់​លើកទឹកចិត្ត​ដល់​ពួក​គាត់ ព្រោះ​ថា ​ស្នាដៃ​ពួក​គាត់​នាពេល​កន្លង​មក អាច​ត្រូវបាន​មជ្ឈដ្ឋា​ន​សង្គម​គិត​ថា​ ជា​ស្នាដៃ​មិន​សូវ​ល្បី ឬ​ខ្វះ​ការ​ផ្តល់​តម្លៃ​នោះ​»​។​

​នាយក​គ្រប់​គ្រង​កម្មវិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​ឆ្នាំ ​២០២២ លោក​ ឃុ​ត សុខឿន ក៏បាន​បង្ហើប​ឱ្យដឹង​ពី​គោល​បំណង​សំខាន់​រៀបចំ​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​នេះ ​ដែរ​ថា ទី​១ ចង់​បណ្តុះ​ស្មារតី​ស្រឡាញ់​អក្ស​រសិល្ប៍​ជាតិ​ខ្មែរ ទី​២ ចង់​លើក​កម្ពស់​កិត្តិ​យស និង​គុណ​តម្លៃ​របស់​អ្នក​និពន្ធ​ខ្មែរ និង​ទី​៣ ចង់​បង្កើន​ឱកាស​ក្នុងការ​ទាក់​ទង និង​ពង្រីក​វិសាល​ភាព​ទីផ្សារ​ដល់​អ្នក​និពន្ធ​។​

​ដោយ​សារ​ទីក្រុង​ភ្នំពេញ គឺជា​បណ្តុំ​ប្រមូល​ការ​ផ្សព្វ​ផ្សាយ​ផ្នែក​វប្បធម៌​ច្រើន ​ខណៈ​នៅតាម​ខេត្ត​នីមួយៗ​ ក៏​អាច​មាន​ការ​ប្រមូល​ផ្តុំ​នៃ​ការ​ផ្សព្វ​ផ្សាយ តែ​យើង​ហាក់​មិន​បាន​ចាប់​អារម្មណ៍ ទើប​ក្រុម​ការងារ​បាន​សម្រេច​រៀប​ចំ​កម្មវិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​នេះជា​លក្ខណៈ​វិលជុំ​តាម​ខេត្ត​នានា​ដើម្បី​បណ្តុះ​ការ​បង្កើត​ថ្មីឬ​បណ្តុះ​គំនិត​ស្រឡាញ់​សិល្បៈ​វប្បធម៌ នៅ​ខេត្ត​ទាំង​ ២៥ ​តាម​រយៈ​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ដល់​ក្រុម​យុវជន​។​

​លោក ​សុខឿន​ បញ្ជាក់​ថា​៖ «​ដោយ​មាន​ចក្ខុវិស័យ​មួយ​សម្រាប់​វិស័យ​អក្សរ​សាស្ត្រ​ខ្មែរ គឺ​ចង់​ឃើញ​ថា អក្សរ​សាស្ត្រ​ខ្មែរ ក៏​ជា​ធាតុ​សំខាន់​មួយ​ក្នុងការ​រួម​ចំណែក​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែរ​ មិន​មែន​មានតែ​វិស័យ​នានា​ដូចជា ​វិស័យ​កសិ​កម្ម វិស័យ​ទេស​ចរណ៍ ​ឧស្សា​ហកម្ម​ នាំចេញ​នាំចូល​ជាដើម​នោះទេ​។ យើង​ចង់​បង្កើត​វេទិកា​មួយ រវាង​អ្នក​និពន្ធ និង​អ្នក​អាន រវាង​អ្នក​និពន្ធ និង​អ្នក​បោះពុម្ព​សៀវភៅ​ លើក​កម្ពស់​តម្លៃ​អ្នក​និពន្ធ ​ដោយ​បណ្តុះ​វប្បធម៌​មួយឱ្យ​ស្រ​ឡាញ់​ការ​តែង​និពន្ធ​និង​វិស័យ​សិល្បៈ​ប្រចាំ​តំបន់​ដែលខ្លួន​នៅ​ក្នុង​ខេត្ត​នីមួយៗ​ដែរ តាម​រយៈ​វេទិកា​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​នេះ​»​។​

​លោក ​ឃុ​ត សុខឿន ក៏បាន​កត់​សម្គាល់​ផង​ដែរ​ថា សម្ទុះនៃ​ការ​ចូល​រួម ក្នុង​កម្មវិធី​មហោ​ស្រព​អក្សរ​សិ​ល្ប៍ខ្មែរ មានការ​​កើនឡើ​ង​ពី ១ ឆ្នាំទៅ​ ១ ឆ្នាំ ដោយ​សារ​តែមាន​ការយ​ល់​ដឹង​ច្រើនពី​មហោ​ស្រព​នេះ ​និង​មាន​ការ​សហ​ការ​ផ្សព្វ​ផ្សាយ​ពី​បណ្តាញ​សារព័ត៌​មាន​នានា​។

ទោះ​ជា​យ៉ាង​ណា ​កម្មវិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី៥​​នេះ​នឹង​ត្រូវ​កាត់​បន្ថយ​ស​កម្ម​ភាព​ខ្លះ​ដោយ​សារ​ខ្វះ​ខាត​ថវិកា។​ នេះ​បើតាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ ឃុត សុខឿន​ នៅទី​ ១៣ កញ្ញា​ ​។​

​ជា​មួយ​គ្នានេះ​ លោក ​ឃុត សុខឿន បាន​អំពាវ​នាវ​ដល់​មហា​ជន​ និង​វិស័យ​ឯកជន​ដែល​ស្រ​ឡាញ់​អក្សរ​សិល្ប៍ ឱ្យ​ជួយ​បរិច្ចាគ​ថវិកា​ទៅតាម​លទ្ធ​ភាព​ដើម្បី​ឱ្យ​ការ​ប្រារព្ធ​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​នេះ​អាច​ដំណើរ​ការ​ទៅ​តាម​ផែន​ការ​បាន​ពេញ​លេញ​។ ចំពោះ​មហា​ជន​ដែល​ចង់​ជួយ​កម្មវិធី​នេះ ​អាច​បរិច្ចាគ​បាន​តាមរយៈ​គណនី​ធនា​គារ ABA:​ 004 212 177 KHUT SOKHOEUN AND MENG VOUCHNAY AND SOUN MARYNA។

លោក​បាន​បញ្ជាក់​ថា​៖ «​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី​៥ ​នេះជួប​ឧបសគ្គ​ដែល​សំខាន់​ជាង​គេគឺ​ការស្វែងរក​ថវិកា​ ពីព្រោះ​អីយើ​ង​ផ្ដើម​មាន​ថវិកា​តិច​តួច​នៅ​ឡើយ​ទេ ហើយ​ប្រសិន​បើ​លុយ​អត់​គ្រប់​ទេ​ ប្រហែល​ជា​ត្រូវ​កាត់​សកម្ម​ភាពមួយ​ចំនួន​ចេញ ដើម្បី​អាច​ធ្វើ​មហោ​ស្រព​នេះ​បាន​»​។

បើ​តាម​លោក​ សុខឿន នៅ​ឆ្នាំ​ ២០២២​ នេះ ​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរដែល​រៀបចំ​ធ្វើ​នៅ​ខេត្ត​ពោធិ៍​សាត់​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ ​«​ការ​ពាំនាំ​ចម្លង​បន្តវេន​អក្សរ​សិល្ប៍​»ដែល​ក្នុង​នោះមហោ​ស្រព​គ្រោង​រៀបចំ​កម្មវិធី​ជា​ច្រើន​ដូច​ជា កម្ម​វិធី​ពិភាក្សា ​កម្មវិធី​ផ្នែក​និពន្ធ កម្មវិធី​ប្រឡង​ជ្រើស​រើស​ស្នាដៃ​អក្សរ​សិល្ប៍​ កម្មវិធី​សម្ដែង​របាំ និង​ពិព័រណ៍​សៀវ​ភៅ និង​ពិ​ព័រ​ណ៍ម​រតក​អក្សរ​សិល្ប៍​ជា​ដើម​​។​

​គួរ​រំឭកដែរ​ថា មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី​១ នៅ​ឆ្នាំ​ ២០១៧ ​ត្រូវ​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ឡើង​ដោយ​អ្នក​និពន្ធ​អ្នកស្រី សូ ភី​ណា បាន​សហ​ការ​ជា​មួយ​នឹង​ក្រុម​អ្នក​និពន្ធ​មួយ​ចំនួន​ដើម្បី​ចូល​រួម​ចំណែក​លើក​កម្ពស់​វិស័យ​អក្សរ​សិល្ប៍​ខ្មែរ​បន្ត​រហូត​ដល់​លើក​ទី​៤​។ ក៏ប៉ុន្តែ​សម្រាប់​លើក​នេះ​អ្នក​ស្រី ​សូ ភី​ណា ​បាន​ប្រគល់​តួនាទី​រៀបចំ​ឆ្នាំ​ ២០២២ ​ទៅ​លោក ឃុត ​សុខឿន ជា​នាយក​គ្រប់​គ្រង​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​នេះ​។​

​អ្នក​ស្រី សូ ភី​ណា ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ ក៏បាន​រំ​ឭក​ពី​ដើម​ចម​នៃ​ការបង្កើត​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​នេះ​ឡើង​ផង​ដែរ​ ក្រោយពី​មាន​បទពិ​សោធ​ចូលរួម​កម្មវិធី​នៅ​ស្រុក​ក្រៅ​ជាមួយ​មិត្ត​រួម​អាជីព​ជា​អ្នក​និពន្ធ​នោះ​។

​អ្នក​ស្រី សូ ភី​ណា លើក​ឡើង​ថា​៖ «​ពេល​ចូលរួម​កម្មវិធី​មហោ​ស្រព​អក្ស​រសិល្ប៍​នៅ​បរទេស​ច្រើន​ដង ហើយ​មិត្ត​ភក្តិ​គេ​បាន​សួរ​ខ្ញុំ​ថា តើ​នៅ​ប្រទេស​កម្ពុជា​ មាន​កម្ម​វិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ដែរឬទេ​? ក្រោយ​មក​ខ្ញុំ​ក៏​ចាប់​គិត​ផ្តើម​គិត ​និង​ស្វែងរក​សាវ​តារនៃ​មហោស្រព​មួយ​នេះ និង​បាន​សួរ​ខ្លួន​ឯង​ថា បើ​ក្នុង​ប្រទេស​កម្ពុជា ​មាន​មហោ​ស្រព​ភាព​យន្ត មហោ​ស្រព​សិល្បៈ​បាន ចុះ​ហេតុអ្វី​បាន​ជា​មិន​អាច​បង្កើត​មហោ​ស្រព​អក្សរ​សិល្ប៍​បាន​នោះ​?»​។​

​ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​នៃ​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​អ្នក​ស្រី សូ ភី​ណា បន្ត​ថា​៖ «​ដូច្នេះ​ហើយ​ បានជា​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ខ្ញុំ​ និង​ក្រុម​អ្នក​និពន្ធ​មួយ​ចំនួន​ដូច​ជា មាន​គ្នា​ប្រមាណ​ប្រហែល ​១០​រូប បាន​សហ​ការគ្នា​បង្កើត​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី​១»​។​

​គួរ​រំឭក​ដែរ​ថា មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី​១ រៀបចំ​ធ្វើឡើ​ង​នៅ​ថ្ងៃទី​ ២០-២២​ ខែ ​តុលា ​ឆ្នាំ ២០១៧ នៅ​ខេត្ត​សៀមរាប លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​ ២១-២២-២៣ ​ខែតុលា ឆ្នាំ​ ២០១៨ ​ធ្វើ​នៅ​ខេត្ត​បាត់​ដំបង ​លើក​ទី៣ ធ្វើ​នៅ​ថ្ងៃទី​ ១១-១៣ ​ខែតុលា ឆ្នាំ ២០១៩ ​ធ្វើ​នៅ​បណ្ណា​ល័យ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ដោយ​ឡែក​ឆ្នាំ ២០២០ ​កម្មវិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ មិន​បាន​រៀបចំ​ឡើយ​ ដោយ​សារ​ជួប​បញ្ហា​វិបត្តិ​កូ​វីដ ១៩​ និង​លើក​ទី​៤ នៅ​ឆ្នាំ ២០២១ ត្រូវ​បាន​រៀបចំ​ទៅ​តាម​គន្លង​ថ្មី​អន​ឡាញ​។​

​លោក ទឹម ម៉ា​នី ជា​អ្នក​និពន្ធ​ជើង​ចាស់ ​១ ​រូប ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​អ្នក​និពន្ធ​ជំនាន់​ក្រោយៗ​ និង​តែង​តែ​ស្ម័គ្រ​ចិត្ត​ជួយ​ដល់​កម្មវិធី​មហោ​ស្រព​អក្សរសិ​ល្ប៍​ខ្មែរ​តាំងពី​ចាប់​ផ្តើម​ដំបូង​មក​បាន​ចំណាយ​ទាំង​ពេល​វេលា និង​កម្លាំង​ចិត្ត ដើម្បី​ជា​អ្នក​ប្រឹក្សា​ដំណើរ​ការ​ទូទៅ​នៃ​កម្ម​វិធី​មហោ​ស្រព​។​

​លោក ​ទឹម ម៉ា​នី បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លួន​ថា៖ «ការ​រៀប​ចំ​មហោ​ស្រព​អក្សរ​សិ​ល្ប៍ខ្មែរ​នេះ ​ជាការ​ពង្រឹង​ និង​លើក​តម្លៃ​វិស័យ​អក្សរ​សាស្ត្រ​ខ្មែរ ដល់​យុវ​ជន​ខ្មែរ​ជំនាន់​ក្រោយ​ ឱ្យ​មានការ​ភ្ញាក់រ​ឭក និង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អាន​សៀវ​ភៅ​ឱ្យ​កាន់​តែ​ច្រើន ព្រោះថា ​ការ​អាន​សៀវ​ភៅ ក៏​ជួយ​ឱ្យ​ពួកគេ​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ និង​ពង្រឹង​ការ​សរសេរ​ពាក្យ​ពេចន៍​ខ្មែរ​ឱ្យ​កាន់តែ​ច្បាស់​លាស់តាម​ក្បួន​ខ្នាត​នៃ​វចនានុ​ក្រម​សម្តេច​សង្ឃ​ជួន​ណាត​។ កន្លង​មក​ឃើញ​ថា ក្មេងៗ​ជំនាន់​ក្រោយ ​ច្រើន​តែ​សរ​សេរ​ពាក្យ​ពេចន៍​មិន​សូវ​បាន​ត្រឹម​ត្រូវ​ឡើយ​»៕