សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសប្រឡងជ្រើសរើសសិស្សឱ្យចូលរៀនលើជំនាញសិល្បៈចំនួន ៥ ដោយឥតគិតថ្លៃ
ភ្នំពេញៈ សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសជូនដំណឹងប្រឡងជ្រើសរើសសិស្សឱ្យចូលរៀនដោយឥតគិតថ្លៃ សម្រាប់មុខជំនាញសិល្បៈចំនួន ៥ ក្នុងឆ្នាំសិក្សាថ្មី ឆ្នាំ ២០២២-២០២៣ ដោយចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៥ ខែធ្នូ។
សេចក្តីជូនដំណឹងរបស់សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ២២ ខែកក្កដា បានជូនដំណឹងដល់សិស្សានុសិស្ស ដែលមានបំណងចង់ប្រឡងចូលរៀនជំនាញសិល្បៈ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ឱ្យដឹងអំពីការជ្រើសរើសនេះ។ សាលាបញ្ជាក់ថានឹងរៀបចំការប្រឡងជ្រើសរើសសិស្សានុសិស្សឱ្យចូលរៀនតាមសាលាជំនាញទាំង ៥ (សាលាតូរ្យតន្រ្តី សលារបាំ សាលាល្ខោន សាលាសៀក និងសាលាសិល្បៈសូនរូប)ដោយឥតគិតថ្លៃ។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបញ្ជាក់ថា៖ «សម្រាប់ការជ្រើសរើសសិស្សានុសិស្ស ឱ្យចូលរៀនឥតគិតថ្លៃនេះ យើងបានអនុវត្តតាំងពីដើម មិនមែនទើបតែសម្រាប់ឆ្នាំសិក្សាថ្មីនេះឡើយ»។
ការចូលរៀនជំនាញទាំង ៥ នេះ រួមមាន សាលាតូរ្យតន្រ្តី គឺមានការជ្រើសរើសសិស្ស ឱ្យរៀនក្នុងឯកទេសចម្រៀង(អាយ៉ៃ ចម្រៀងជាពួក និងចម្រៀងបុរាណ) ឯកទេសឧបករណ៍តន្រ្តីសម័យ (វីយូឡុង វីយូឡា ព្យាណូ សែលឡូ កុងត្រីបាស់ ត្រុំប៉ែត ហ្វ្លុត សាក់សូ និងក្លាវីណែត) ឯកទេសឧបករណ៍តន្រ្តីបុរាណ (ចាប៉ីដងវែង ស្រឡៃ ទ្រអ៊ូ ទ្រសោ ឃឺម គងតូច គងធំ តាខេ រនាតឯក និងរនាតធុង)។
ចំពោះសាលារបាំ មានការជ្រើសរើសសិស្សឱ្យរៀនក្នុងឯកទេសរបាំបុរាណ របាំប្រពៃណី និងល្ខោនខោល ខណៈសាលាល្ខោនមានជ្រើសរើសសិស្សឱ្យរៀនក្នុងឯកទេសល្ខោនបាសាក់ ល្ខោនយីកេ និងល្ខោននិយាយ។ ឯសាលាសៀកមានជ្រើសរើសសិស្សឱ្យរៀនក្នុងឯកទេស កាប លោតលើកម្រាល ទន់ភ្លន់ ទោង លំនឹង ត្រែះ បច្ចេកទេសលើលម្ហ បាល្លេ ជាដើម និងសាលាសិល្បៈសូនរូបមានជ្រើសរើសសិស្ស ឱ្យរៀនក្នុងឯកទេសគំនូរ(គំនូរបុរាណ គំនូរលើក្រណាត់ គំនូរផ្សាយ និងគំនូរវិចិត្រកម្ម) ឯកទេសចម្លាក់(ចម្លាក់ពុម្ព ចម្លាក់ស្មិត ចម្លាក់ឈើ ចម្លាក់ខ្មុកស្មាច់ និងចម្លាក់កុសាលភាជន៍)។
ការទទួលពាក្យចូលរៀន នឹងបន្តរហូតដល់ថ្ងៃទី ១៥ ខែធ្នូ និងការប្រឡង ធ្វើនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២។ ការចែកពាក្យ និងទទួលពាក្យប្រឡងនៅការិយាល័យសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ ដែលមានទីតាំង នៅតាមបណ្តោយវិថីម៉ុងឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លើសពីនេះ សិស្សនុសិស្ស ក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 096 568 3452 /092 295 288/ 016 677 133 /011 251 987 ឬតាមហ្វេសប៊ុក៖ សាលាមធ្យមវិចិត្រសិល្បៈ-Secondary School of Fine Arts។
សាលាមធ្យមវិចិត្រសិល្បៈ គឺជាថ្នាលបណ្តុះបណ្តាលចំណេះដឹងផ្នែកសិល្បៈតែ ១ គត់របស់រដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនមានប្រភពចំណូល នៃថវិកាក្រៅពីថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាល និងជួយឧបត្ថម្ភពីសប្បុរសជន ដូចជា សម្ភារសិក្សា ឧបករណ៍សិក្សា ឧបករណ៍ភ្លេងបុរាណ និងឧបករណ៍ភ្លេងសម័យ ក៏ដូចជា សម្ភារប្រីប្រាស់ផ្សេងៗ និងស្បៀងអាហារ។ ម៉ោងសិក្សានៅពេលព្រឹក ចាប់ពីម៉ោង ៧ ដល់ម៉ោង ១១ ព្រឹក និងពេលរសៀលចាប់ពីម៉ោង ១៣ ដល់ម៉ោង ១៧ និងមានបណ្តុះបណ្តាលចំណេះដឹងទូទៅចាប់ពីថ្នាក់ទី៤ ដល់ទី១២ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ទៀតផង។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មាននានាអំពីទម្រង់សិល្បៈចម្រុះដែលមានបណ្តុះបណ្តាលនៅសាលាមធ្យមវិចិត្រសិល្បៈយ៉ាងណាក្តី ក៏អត្រានៃចំនួនសិស្សានុសិស្ស ចូលរៀនតាមមុខជំនាញទាំង ៥ ហាក់នៅតែមិនទាន់មានតុល្យភាព ដូចជាចំនួនសិស្សានុសិស្ស កាលពីដើមឡើយ។
លោក ហេង កំសាន្ត បានបង្ហើបឱ្យដឹងពីទិន្នន័យចំនួនអ្នកបម្រើការងារ និងសិស្សានុសិស្ស ក្នុងឆ្នាំសិក្សាឆ្នាំ ២០២១-២០២២ ថា សាលាមធ្យមវិចិត្រសិល្បៈ មានបុគ្គលិក លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា ជំនួយការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា សរុបប្រមាណ ៤៣០ នាក់ (ស្រី ២៦២ នាក់) និងសិស្សានុសិស្សសរុបប្រមាណ ១ ០៣៧ នាក់(ស្រី ៥២៨ នាក់)។
លោក ហេង កំសាន្ត បានបន្តថា៖ «សាលាក៏មានសិស្សស្នាក់នៅចំនួន ១០០ នាក់ ដែលពួកគេមានជីវភាពខ្វះខាត និងពុំមានកន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញផងដែរ»។
សាលាមធ្យមវិចិត្រសិល្បៈ មានបេសកកម្ម ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដ ខាងជំនាញសិល្បៈគ្រប់ទម្រង់ ដើម្បីឱ្យពួកគេអាចប្រើប្រាស់ចំណេះជំនាញទាំងអស់នេះជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ។
លោក ហេង កំសាន្ត ថ្លែងថា៖ «សង្ឃឹមថា ក្រោមកិច្ចសហការល្អ រវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ជាពិសេសស្ថាប័នព័ត៌មាន នឹងរួមចំណែកដល់អង្គភាពមួយនេះ បន្តកិច្ចការងារ និងបេសកកម្មរបស់ខ្លួន ក្នុងក្របខ័ណ្ឌបណ្តុះបណ្តាលអ្នកជំនាន់ក្រោយទៅលើវិស័យសិល្បៈវប្បធម៌ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពយូរអង្វែង»៕