ភ្នំពេញៈ ពីកុមារីមានចរិតដូចប្រុសរហូតវិវឌ្ឍខ្លួនជានាដការបាំដ៏មានឈ្មោះបោះសំឡេងធ្លាប់សម្ដែងលើឆាកសិល្បៈគ្រប់ទ្វីបកញ្ញា ចាប ចំរើនតុលា ក្រៅពីជាសាស្ត្រាចារ្យរបាំបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈហើយក៏នៅឆ្លៀតហោះហើរទៅបំពេញក្ដីស្រមៃរបស់យុវតីនៅបារាំង ដែលស្រឡាញ់របាំអត្តសញ្ញាណខ្មែរទៀតផង។
ដោយសារតែឆន្ទៈរក្សាដួងព្រលឹងវប្បធម៌ខ្មែរនាដកា និងជាសាស្ត្រាចារ្យរបាំបុរាណវ័យ៣៤ឆ្នាំរូបនេះបានប្រើប្រាស់ពេលវេលាធ្វើកិច្ចការនាដកាមន្ត្រីនៅក្រសួងវប្បធម៌ និងជាគ្រូបង្រៀនរបាំដែលបណ្ដុះធនធានមនុស្សជំនាន់ក្រោយទាំងនៅក្នុងស្រុក និងបរទេស។
ក្នុងដំណើរឡើងចុះទីក្រុងប៉ារីសប្រទេសបារាំង ២-៣ ដង ក្នុង ១ ឆ្នាំ ដើម្បីបណ្ដុះគ្រាប់ពូជអ្នករបាំចម្រុះសាសន៍ កញ្ញាតុលាបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ជាក់ស្ដែងពីខ្មែរទៅដល់ស្រុកបារាំងមានរយៈពេល និងមានចម្ងាយឆ្ងាយខ្លាំងដែរ។ ទៅដល់នោះយើងអត់មានពេលហ្វឹកហាត់ច្រើនទេមានតែថ្ងៃសៅរ៍-អាទិត្យ ១ ថ្ងៃ ៣ ម៉ោង អ៊ីចឹងយើងព្យាយាមធ្វើយ៉ាងម៉េចឱ្យគាត់យល់បានច្រើន»។ នាដកាដែលក្លាយជាគ្រូបង្រៀនរបាំអស់រយៈពេល ១៥ ឆ្នាំមកនេះ បានលើកឡើងថា ថ្នាក់បង្រៀនរបាំនៅឯនាយសមុទ្រមានសិស្សប្រមាណ ២០-៣០ នាក់។
ដើមឡើយ សិស្សមានតែខ្មែរសញ្ជាតិបារាំងទេ សព្វថ្ងៃថ្នាក់របាំបុរាណខ្មែរមានសិស្សបរទេសជនជាតិបារាំងសុទ្ធ និងកូនកាត់សាសន៍អាស៊ីដូចជាជនជាតិម៉ុង និងឡាវ ដែលចាប់អារម្មណ៍ពីសិល្បៈខ្មែរជាដើម។
ថ្នាក់បង្រៀនរបាំបុរាណខ្មែរនៅទីនោះមានគ្រូបង្រៀនដែលធ្លាប់ជានាដការបាំដ៏ឆ្នើមរបស់សម្ដេចព្រះរៀមបុប្ផាទេវីផ្ទាល់។ ថ្នាក់របាំនៅទីក្រុងប៉ារីសបើកបង្ហាត់រាល់ថ្ងៃសៅរ៍-អាទិត្យ ជាវេលាដែលសិស្សក្មេងៗត្រូវបានឪពុកម្ដាយនាំយកមកហាត់ហើយក៏ជាថ្ងៃឈប់សម្រាកពីការងាររបស់សិស្សពេញវ័យដែរ។
សិស្សរបាំនៅប្រទេសបារាំង ពុំសូវស្គាល់បច្ចេកទេសបែបបទលក្ខណៈបែបខ្មែរប៉ុន្មានឡើយ ហើយនេះ គឺជាបញ្ហាប្រឈមមួយក្នុងការបង្រៀនដែលនាដកាតុលា និងគ្រូរបាំដទៃទៀត ជួបប្រទះនៅទីនោះ។
គ្រូរបាំធ្លាប់គ្រងតំណែងតួឯករបាំព្រះរាជទ្រព្យរូបនេះបានប្រាប់ថា៖ «គាត់កើតនៅបារាំងតែម្ដងគាត់អត់សូវចេះនិយាយខ្មែរផងហើយពុំសូវយល់បច្ចេកទេសជាខ្មែរ»។
ការបង្រៀនរបាំនៅប្រទេសបារាំង ក៏តម្រូវឱ្យគ្រូប្រើបច្ចេកទេសគរុកោសល្យផ្សេងទៀតពីប្រទេសកំណើតដែលបែបបទបង្រៀនពីបរមបុរាណតែងមានសម្ដីធ្ងន់គំហក និងការជួយកាច់ពត់រាងកាយពីសំណាក់គ្រូរបាំ។
នាដកា ចំរើនតុលា បានលើកឡើងថា៖ «យើងនិយាយនៅស្រុកខ្មែរច្បាប់យើងក៏គេមិនឱ្យប្រើអំពើហិង្សាដែរ ក៏ប៉ុន្តែធម្មតានៅក្នុងការហាត់របាំបុរាណយើងតែងតែមានការស្រែកខ្លះជួនកាលរាងសង្កត់ខ្លាំងៗអីអ៊ីចឹង ប៉ុន្តែនៅស្រុកបារាំង យើងអត់អាចធ្វើអ៊ីចឹងបានទេ»។
រីឯសិស្សចម្រុះជាតិសាសន៍ទាមទារការបរិយាយពីទ្រឹស្តី ការនិយាយពន្យល់ និងការអនុវត្តក្បាច់ចលនាឱ្យមើលច្រើនដង។
កញ្ញាបន្តថា៖ «ក្មេងនៅស្រុកបារាំងភាគច្រើនយើងបង្ហាត់ដោយនិយាយច្រើនជាជាងយើងសម្លុត។ យើងធ្វើឱ្យមើលហើយយើងនិយាយប្រាប់ពីចន្លោះក្បាច់ហ្នឹងដូចថា វាមានពី ១ ដល់ ១០ យើងនិយាយពី ១ ដល់ ១០ បានគាត់យល់»។
ទោះជាបង្រៀនសិស្សនៅបារាំងមានការលំបាកខ្លះៗក៏ពិតមែនក៏អ្នកគ្រូរបាំ ចំរើនតុលា ចាប់អារម្មណ៍ឃើញថា សិស្សដែលភាគច្រើនជាកូនកាត់អាចស្វែងរកឫសគល់អត្តសញ្ញាណមួយរបស់ខ្លួនតាមរយៈសិល្បៈរបាំបុរាណនេះ។
កញ្ញាលើកឡើងថា៖ «គាត់ជាកូនកាត់វាពិបាកទោះគាត់មានសញ្ជាតិបារាំងតែគេនៅតែថាគាត់មិនមែនបារាំងគាត់អាចស្វែងរកអ្វីដែលជាខ្លួនឯងអ៊ីចឹងគាត់អាចមានអត្តសញ្ញាណខ្លួនឯងច្បាស់លាស់»។
អ្វីដែលធ្វើឱ្យអ្នកគ្រូរបាំរូបនេះមានកម្លាំងចិត្តក្នុងការបង្រៀនសិស្សនៅបរទេសនោះ គឺពួកគេសម្រេចចិត្តមកហាត់របាំដោយក្ដីស្រឡាញ់ហើយការហ្វឹកហាត់ចេញពីចិត្ត។
អ្នកគ្រូរបាំរូបនេះលើកឡើងថា៖ «អ្វីដែលជាការតបស្នងល្អមកវិញគឺពួកគាត់ចង់ដោយខ្លួនឯងនៅស្រុកខ្មែរគ្រួសារខ្លះ បង្ខំកូនជួនកាលកូនរបស់ពួកគាត់អត់ទាន់រកឃើញខ្លួនឯងថាស្រឡាញ់របាំខ្មែរប៉ុនណាទេ។ ក៏ប៉ុន្តែក្មេងនៅស្រុកបារាំងពួកគាត់មកគឺដោយសារពួកគាត់ស្រឡាញ់របាំខ្មែរដោយខ្លួនឯង»។
សិស្សរបាំទៅជាអ្នករាំ
នៅប្រទេសបារាំងក្រៅពីកិច្ចការបង្រៀននៅថ្ងៃសៅរ៍-អាទិត្យ កញ្ញា ចំរើនតុលា ក៏ជាអ្នកបម្រើការងារទូទៅ រដ្ឋបាលការរៀបចំបទបង្ហាញនិងការផ្សព្វផ្សាយទីផ្សារលើកកម្ពស់វប្បធម៌ខ្មែរផងដែរ។
កញ្ញាថា៖ «យើងមានកម្មវិធីច្រើនគួរសមដែរអ៊ីចឹងទៅដើម្បីបង្ហាញភាពជាខ្មែរយើងក៏មានការសម្ដែងនៅឯនេះនៅឯនោះដែរ»
គួបផ្សំនឹងរូបរាងពណ៌សម្បុរនិងការឆ្លាតវៃសិស្សដែលមានកម្រិតរាំបានល្អត្រូវបានជ្រើសរើសឱ្យចូលរួមសម្ដែងក្រោយពីឆ្លងកាត់ការហ្វឹកហាត់បំប៉នមួយចំនួនរួចមក។
កញ្ញា ចំរើនតុលា លើកឡើងថា៖ «ការរៀនរាំរបស់ពួកគាត់អាចប្រើការបានព្រោះអីគាត់មានការតាំងចិត្តខ្លាំងប្រសិនបើគាត់ប្រឹងបន្ថែមទៅ គាត់ចាប់ផ្ដើមមានក្បាច់ក្នុងខ្លួនគាត់មានគ្រឹះផងយើងពន្យល់បន្ថែមទៅមនោសញ្ចេតនាអំពីអារម្មណ៍យើងគាត់ឱ្យអាចសម្ដែងបាន»។
អ្នកគ្រូរបាំរូបនេះលើកឡើងថា សិស្សខ្លះទើបចូលហាត់ ៣-៤ ខែ តែគាត់ក៏អាចឡើងរាំក្បាច់មួយចំនួនចុះចំណោមអ្នកជំនាញបានដែរ។
សមាគមគ្រោងនឹងរៀបចំមានកម្មវិធីសម្ដែងធំមួយនៅកណ្ដាលក្រុងប៉ារីសតែម្ដង នៅថ្ងៃទី ១៤ ខែតុលា ដោយមានការចូលរួមសម្ដែងពីសិស្សរបាំផងដែរ។
កញ្ញា ចំរើនតុលា លើកឡើងថា៖ «អ៊ីចឹងពួកគាត់កំពុងតែហ្វឹកហាត់ហើយ។ធម្មតាយើងហាត់តែ ១ វេនៗ ប៉ុន្តែដោយសារតែយើងមានការសម្ដែងអ៊ីចឹងយើងត្រូវហាត់ដល់ល្ងាច»។
ក្រៅពីនៅប្រទេសបារាំង នាដកា និងគ្រូរបាំរូបនេះបានលើកឡើងថា ឱ្យតែមានការគាំទ្រនៅជ្រុងណានៃផែនដី កញ្ញាក៏ដូចជាគ្រូរបាំដទៃទៀត នឹងមានឆន្ទៈទៅបង្ហាត់ ព្រោះការសាបព្រោះចំណេះដឹងនៅក្រៅប្រទេស រួមចំណែកធ្វើឱ្យសិល្បៈវប្បធម៌ខ្មែរលូតលាស់រុងរឿង។
កញ្ញានិយាយថា៖ «ពួកខ្ញុំធ្វើការនៅក្រសួងវប្បធម៌ យើងអាចថាជាបេសកកម្មស្របច្បាប់យើងទៅបង្ហាត់ ព្រោះអីវាដើម្បីវប្បធម៌ជាតិយើងរុងរឿងទាំងអស់គ្នាដែរ។ បើយើងមិនមានអ្នកចេញទៅបង្ហាត់នៅក្រៅខ្លះយើងនៅតែក្នុងស្រុកទាំងអស់គ្នាក៏វាអត់លូតលាស់ល្អដែរ»។
ជាមួយបទពិសោធសម្ដែងជាច្រើនឆ្នាំនាដកាបានរំឭកប្រាប់ថា អ្វីដែលកញ្ញាចងចាំបំផុត គឺនៅឆ្នាំ ២០១០ ពេលព្រះរៀមបុប្ផាទេវីលោកដំឡើងស្នាដៃមួយ ហើយកញ្ញាជាតួនៅក្នុងរឿងនោះ ក៏ដូចជាមានសម្លៀកបំពាក់ជាលើកទី១ ដែរ។
នាថកា ចំរើនតុលា បានឱ្យដឹងថា៖ «វាជាការចងចាំល្អព្រោះអីតួអង្គដែលខ្ញុំរាំហ្នឹងជាតួអង្គរបៀបស្រីដែលប្រកបដោយការដឹកនាំមិនមែនជាស្ត្រីទន់ជ្រាយ។អាហ្នឹងជាការចងចាំមានន័យថា វាដូចជីវិតពិតរបស់យើងដែរយើងជាស្ត្រីមែនប៉ុន្តែយើងអត់ទន់ជ្រាយ»។
កង្វះឯកសារចងក្រង
បញ្ហាប្រឈមច្រើនប៉ុន្តែអ្វីដែលប្រឈមធំបំផុតគឺការខ្វះសុក្រឹតភាពនៃក្បាច់ បានន័យថា ពីរបាំ ១ ទៅរបាំ ១ មិនទាន់មានឯកសារណាមួយចងក្រងឱ្យច្បាស់លាស់ដោយប្រកាន់នូវទម្លាប់អនុវត្ដតាមគ្រូពីបរមបុរាណមក។
នៅពេលបាត់គ្រូធំ ពួកគេលែងនៅមានជីវិតនោះហើយជាអ្វីដែលម្នាក់ៗដណ្ដើមគ្នាយកត្រូវរៀងខ្លួន។ នេះជាការប្រឈមធំសម្រាប់កញ្ញាផ្ទាល់ដែលជាគ្រូ និងអ្នករបាំម្នាក់ក្នុងវិស័យរបាំបុរាណ។
កញ្ញា ចំរើនតុលា បញ្ជាក់ថា៖ «ចំពោះខ្ញុំតាមពិតវាគ្មានខុស ឬត្រូវ ១០០ ភាគរយទេក៏ប៉ុន្តែយើងត្រូវរួមគ្នា ស្រុះស្រួលគ្នាថាតើយើងយកអ៊ីចឹងជាគោល ជាការបង្ហាត់បង្រៀនដល់ក្មេងជំនាន់ក្រោយឱ្យងាយយល់នៅពេលណាដែលយើងជាគ្រូៗខ្វែងគំនិតគ្នាតាមអ្នកនេះតាមអ្នកនោះអ៊ីចឹងក្មេងជំនាន់ក្រោយក៏ស្រពេចស្រពិលដែរគាត់អត់ដឹងអ្វីច្បាស់លាស់ជាទុនក្នុងខួរក្បាលខ្លួនឯង ដើម្បីបន្តទៅដល់ក្មេងជំនាន់ក្រោយៗទៀត»។
ពីស្ដ្រីចរិតប្រុសទៅជាអ្នករបាំដ៏ទន់ភ្លន់
ស្រុកកំណើតនៅភ្នំពេញកញ្ញាតុលាមានបងប្អូន ៧ នាក់ បងស្រីធំទី១ បងស្រីបន្ទាប់និងរូបកញ្ញាផ្ទាល់ជារបាំបុរាណ។បងស្រីម្នាក់រស់នៅប្រទេសបារាំងជាអតីតតួអប្សរាដែលមាននៅក្នុងវីដេអូឯកសារចុងក្រោយរបស់ព្រះរៀម។
កញ្ញា ចាប់ផ្ដើមចូលហាត់របាំនៅអាយុ៧ឆ្នាំដែលមិនមានចំណូលចិត្ដចំពោះរបាំ តែតាមចិត្ដឪពុកម្ដាយដែលចង់លត់ដុំកូនស្រីចរិតប្រុសម្នាក់នេះឱ្យមានភាពទន់ភ្លន់ជានារីខ្មែរ។
នៅក្នុងសាលារបាំក្រៅពីការរាំកញ្ញាតុលាក៏ត្រូវបានបង្រៀនពីសុជីវធម៌ជាស្ដ្រីដែលខុសពីធម្មជាតិរបស់នារីចរិតប្រុសនេះ។ ១ ឬ ២ ឆ្នាំដំបូងការហាត់របាំដែលទាមទារភាពទន់ភ្លន់ បានធ្វើឱ្យកញ្ញាតុលាជួបការលំបាកចំពោះការហាត់ពត់លត់ដំអត្ដចរិត។
កញ្ញាបានសារភាពថា៖ «ពីដំបូងពិតជាអត់សប្បាយចិត្តដែរមែនទែនទៅ ពីក្មេងយើងអត់ចង់ហាត់របាំទេយើងឃើញរឿងហុងកុងយើងឃើញមេធាវីល្អៗអីអ៊ីចឹង ចង់ហ្មង ចង់រៀនច្បាប់ធ្វើមេធាវីអីក៏ប៉ុន្តែមកចូលហាត់របាំធ្វើណយៗអ៊ីចឹង គឺថាអត់សប្បាយទេ»។
ដោយសារតែរបាំផ្ដល់ទាំងចំណេះដឹង និងប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ កញ្ញាតុលាចាប់ផ្ដើមស្រឡាញ់ និងសម្រេចចាប់អាជីពរបាំតែម្ដង ក្រោយរៀនចប់ថ្នាក់បាក់ឌុប។
នាថកា ចំរើនតុលា បានឱ្យដឹងពីមោទនភាពថា៖ «ពេលយើងចេញទៅបរទេសកុំថាបរទេសសូម្បីតែនៅស្រុកខ្មែរ គេស្គាល់យើងថាអ្នករបាំវាជាមោទនភាពមួយដែលគេចងចាំយើងថា ជាអ្នកណាដោយសារអាជីពហ្នឹងធ្វើឱ្យគេស្គាល់យើងស្គាល់ខ្មែរអ៊ីចឹងពី ១ ថ្ងៃ ទៅ ១ ថ្ងៃយើងថែយើងអត់ចង់ឱ្យបាត់បង់ហើយបើសួរថាឱ្យតែនរណាស្រឡាញ់សិល្បៈយើងជំរុញទោះបីការងារហ្នឹងមិនមែនយើងធ្វើក៏យើងសប្បាយចិត្តដែរ»។
កញ្ញាបានបន្ដថា នៅក្នុងប្រទេសអឺរ៉ុប បារាំង អាល្លឺម៉ង់ បែលហ្ស៊ិក អេស្ប៉ាញ និយាយរួមនៅក្នុងអឺរ៉ុប សឹងតែគ្រប់ប្រទេសអ្វីដែលចងចាំជាងគេគឺការដង្ហែព្រះរាជដំណើរព្រះករុណា សីហមុនីទៅសម្ដែងនៅប្រទេសឆែក ជាមោទនភាពធំមួយ ដែលបានទៅតាមព្រះមហាក្សត្រទៅសម្ដែងនៅក្រៅប្រទេស។
ក្រៅពីនេះកញ្ញាបានចេញទៅសម្ដែងក្នុងតំបន់អាស៊ី ហើយបណ្ដាប្រទេសនៅអាស៊ានកញ្ញាមិនទាន់បានទៅតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ។ កញ្ញាបានទៅខាងឥណ្ឌាអាមេរិកម៉ិកស៊ិក ទៅបានច្រើនប្រទេសធំៗកូរ៉េជប៉ុន និងស្រីលង្កាច្រើនដងច្រើនសា។
ជាមួយនឹងមោទនភាព និងទទួលបានការកោតសរសើរចំពោះទេពកោសល្យសម្ដែងរបាំគ្រូរបាំរូបនេះចង់ឱ្យពលរដ្ឋខ្មែរគាំទ្រវិស័យសិល្បៈបុរាណដោយផុសចេញពីទឹកចិត្ដដ៏ពិតប្រាកដ។
កញ្ញានិយាយថា៖ «ពេលខ្លះយើងកុំប្រើតែពាក្យថានាំគ្នាថែរក្សារបស់ដូនតាយើងទន្ទឹមនឹងហ្នឹងកុំមើលរំលងអ្នកដែលបម្រើសិល្បៈដូនតាដូចជា អ្នករបាំ តន្ត្រីករវត្ថុខ្លះជាវត្ថុយូរអង្វែងតែប៉ុន្មានរយឆ្នាំមកនេះវាអត់អាចយូរអង្វែងបានទេពួកគាត់ជាអ្នកបម្រើវប្បធម៌សិល្បៈជួយគាំទ្រលើកទឹកចិត្តពួកគាត់ ឧបត្ថម្ភនូវអ្វីដែលអាចធ្វើទៅបានបានអាចថែរក្សាពួកគាត់បានវប្បធម៌រស់រានតទៅមុនទៀត» ។
អ្នកគ្រូរបាំបុរាណខ្មែររូបនេះបានបន្ដថា៖ «បើយើងគិតវប្បធម៌ថាដូនតាយើងអង្គរវត្តយើងមានតែបើអត់មានអ្នកថែអង្គរវត្តក៏ទ្រុឌទ្រោមដូចគ្នាអ៊ីចឹងកុំមើលរំលងអ្នកបម្រើសិល្បៈហើយក៏យើងស្រុះស្រួលគ្នាដើម្បីធ្វើម៉េចឱ្យវប្បធម៌យើងរឹងមាំ»។
កញ្ញា ចំរើនតុលា បានបញ្ជាក់ថា៖ «ពេលខ្លះ ខ្ញុំសង្កេតឃើញថាយុវជនយុវនារីទាំងអស់ ពេលពួកគាត់ស្រឡាញ់វប្បធម៌គាត់ស្រឡាញ់បែបជាភ្លើងចំបើង ឬមួយខ្យល់ដែលពេលខ្លះវាមិនត្រឹមតែធ្វើឱ្យវប្បធម៌ប្រពៃណីល្អទេវាបែរជារឿងបណ្ដាលឱ្យមានជម្លោះអ៊ីចឹងចង់ឱ្យទាំងអស់គ្នាស្រុះស្រួលគ្នាកុំហៃអើកន្លែងណាយើងច្បាស់ចាំយើងប្រកែកការពារអ៊ីចឹងបើយើងមិនមានការរួបរួមគ្នាទេ របងសិល្បៈមួយហ្នឹងធូររលុងហើយ គ្រាន់តែថារួមគ្នាសាមគ្គីគ្នាធ្វើយ៉ាងម៉េចកុំឱ្យរបស់យើងហូរចេញទៅពេកកុំឱ្យរបស់គេហូរចូលមកពេក»៕