ភ្នំពេញៈ កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី៥ ​នឹង​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​នៃ​វិទ្យាល័យ​ពោធិ៍សាត់ ​និង​ទីតាំង​ជាច្រើន​ទៀត​ នៅ​ក្រុង​ពោធិ៍សាត់ ​ខេត្ត​ពោធិ៍សាត់ ​ចាប់ពី​ថ្ងៃទី ២១ ​ដល់​ថ្ងៃទី ២៣ ​ខែតុលា ​ឆ្នាំ ២០២២ ​ក្រោម​ប្រធានបទ ​«មរតក​រស់​នៃ​អក្សរ​សិល្ប៍»។​

មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ឆ្នាំ ២០២២ ​ដែល​មាន​រយៈពេល​៣ថ្ងៃនេះ ​មាន​កម្មវិធី​ពិសេសៗ​ជាច្រើន ​ដូចជា​ទស្សនកិច្ច​វប្បធម៌ ​រាត្រី​ អំណាន ​អំណាន​ពី​ខេត្ត​ពោធិ៍សាត់ ​សិក្ខាសាលា​និពន្ធ​ វេទិកា​ពិភាក្សា ​ពិព័រណ៍​មរតក​អក្សរសិល្ប៍ ​សួន​កំណាព្យ​សិល្បៈ ​កម្មវិធី​ប្រកាស​ជយលាភី​អក្សរសិល្ប៍ ​និង​ការសម្ដែង​ទស្សនីយភាព​នានា ​មាន​របាំ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ​ល្ខោនអាន​ និង​ល្ខោន​និយាយ​ ចម្រៀង​ និង​ចាប៉ី​ដងវែង​ជាដើម​។

ប្រធាន​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ​លោក ​ឥន្ទ​ សម៉ាណាក់​ បានបញ្ជាក់ថា​៖«មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី៥ ​ឆ្នាំនេះ​ នឹង​ប្លែក​ភ្នែក ​ព្រោះ​ការរៀបចំ​នៅ​ខេត្ត​ពោធិ៍សាត់​ ដែល​មិនសូវ​ជា​មាន​ការរៀបចំ​កម្មវិធី​បែប​សិល្បៈ​វប្បធម៌​នោះ​ទេ​។ ជាពិសេស​ មហោ​ស្រព​នឹង​រៀបចំ​នៅ​វិទ្យាល័យ​ពោធិ៍​សាត់ ​ដែល​មាន​ប្អូនៗ​សិស្សា​នុសិស្ស ​និង​លោកគ្រូ ​អ្នកគ្រូ ​កំពុង​សាទរ​រង់ចាំ​ចូល​រួម»។


លោកប​ន្ថែមថា​៖ «ខ្ញុំ​សូម​អញ្ជើញ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ ​និង​បណ្តា​ខេត្ត​ផ្សេងៗ ​ទៅ​ចូលរួម​មហោ​ស្រព ​ដើម្បី​ឈ្វេង​យល់​ពី​គុណ​តម្លៃ​ និង​មរតក​រស់​នៃ​អក្សរសិល្ប៍​ខ្មែរ ​ព្រមទាំង​បាន​ស្គាល់​ពី​សិល្បៈ​វប្បធម៌​ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ផង​ដែរ»។​​

មហោ​ស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី៥ ​បាន​ទទួល​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ក្រសួង​ព័ត៌មាន ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ​សហគមន៍​អក្សរសិល្ប៍​នានា ​និង​សប្បុរស​ជន ​និង​សាធារណជន​ជាច្រើន​រូប ​តាម​រយៈ​ការចែក​រំលែក​ថវិកា​ ដើម្បី​គាំទ្រ​ការប្រព្រឹត្ត​ទៅ​នៃ​មហោ​ស្រព ​ដែល​ជាកាយ​វិការ​គួរឱ្យ​គោរព ​និង​កក់ក្តៅ​បំផុត។ ​


អ្នក​និពន្ធ ​លោកស្រី​ សូ ភីណា ​ជា​ស្ថាបនិក​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ ឱ្យ​ដឹង​ថា​៖ «ការប្រារព្ធ​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​ នៅ​ខេត្ត​ពោធិ៍សាត់ ​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។ ​ជាពលរដ្ឋ​ និង​អ្នកនិពន្ធ ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់​ ជាខេត្ត​មួយ​មាន​សក្តានុពល​សិល្បៈ ​វប្បធម៌ ​ពិសេស​មួយ»។

លោកស្រី​បន្តថា​៖«មហោ​ស្រព​នេះ​ធ្វើឱ្យ​ខ្ញុំ​រំភើប​ចិត្ត​ជាខ្លាំង។​ ការប្តេជ្ញា​ចិត្ត​រៀបចំ​មហោ​ស្រព​នេះ​ មិន​អាច​កើត​ឡើង​បានទេ ​ប្រសិន​បើ​គ្មាន​អ្នក​ស្ម័គ្រចិត្ត​ជាច្រើន​រូប ​ពុះពារ​មិន​ខ្លាច​នឿយ​ហត់»។​

ស្ថាបនិក​កម្មវិធី​ លោកស្រី​ ភីណា ​ឱ្យ​ដឹង​ពី​គោល​បំណង​សំខាន់​នៃ​ការរៀបចំ​មហោស្រព​នេះ​ដែរ​ថា ​ទី​១​ ការកសាង​សហគមន៍​អក្សរសិល្ប៍​សម្រាប់​ទស្សនិកជន​កម្ពុជា។ ទី​២ ​បង្កើន​នូវ​គុណ​តម្លៃ​របស់​អ្នកនិពន្ធ ​ជាពិសេស​ផ្តោត​លើ​គុណ​តម្លៃ​ នៃ​ការអភិវឌ្ឍ​សង្គម ​និង​ទី៣ ​ពង្រីក​នូវ​ឱកាស​ដៃគូ​ និង​ទីផ្សារ ​សម្រាប់​អ្នកនិពន្ធ ​និង​អ្នក​បោះពុម្ព​នៅ​កម្ពុជា។​

ដើម្បី​ឈ្វេង​យល់​ឱ្យកាន់តែ​ច្បាស់​ ពី​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ​លើក​ទី៥​នេះ ​ លោក​អ្នក​ ក៏អាច​តាមដាន​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ​Khmer Literature Festival ​ឬ​អាច​ទាក់ទង​លោក​ឥន្ទ សម៉ាណាក់ ​តាមរយៈ​លេខ​ទូរស័ព្ទ​ ០១០ ៩៤១ ២២៤៕​