អ្នកនិពន្ធ​​ល្បី​ឈ្មោះ​ ១ ​រូប​នៅ​ក្នុង​វិស័យ​អក្សរសិល្ប៍​ខ្មែរ​ទំនើប លោកស្រី ម៉ៅ សំណាង ដែល​មាន​នាម​ប៉ាកា​ថា «ទន្សាយ»នឹង​បោះផ្សាយ​សៀវភៅ​ប្រលោម​លោក​ថ្មី ​១ ទៀត​ បន្ទាប់ពី​ខកខាន​បោះពុម្ព​សៀវភៅ​ប្រលោមលោក​​ថ្មី​អស់​រយៈពេល​ជាង​ ៦​ ខែ។

លោកស្រី ម៉ៅ សំណាង បាន​គូស​បញ្ជាក់​តាមទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី​ថា សៀវភៅ​ប្រលោមលោក​ថ្មី​ដែល​នឹង​ចេញផ្សាយ​នៅក្នុង​ពេល​​ឆាប់ៗ​ខាងមុខ​ជា​ភាគ​ទី​ ៣ នៃ​ប្រលោមលោក​រឿង «នភាល័យ» ដែល​លោកស្រី​ខិតខំ​ប្រឹងប្រែង​សម្រិតសម្រាំង និង​សន្សំ​ពាក្យពេចន៍​អស់​រយៈពេល​ជា​ច្រើន​ខែ​។ ប្រលោមលោក​​រឿង «នភាល័យ វគ្គទី​៣» នេះ គឺ​ជា​សៀវភៅ​ទី​៨ ដែល​លោកស្រី ម៉ៅ សំណាង និពន្ធ​ និង​បោះពុម្ព​ផ្សាយ ចាប់តាំងពី​​លោកស្រី​វិល​ចូល​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​វិញ​នៅ​ឆ្នាំ​ ២០១៩​។

សៀវភៅ​របស់​លោកស្រី ដែល​ចេញ​ផ្សាយ​​ក្នុង​អំឡុងពេល​ ៣​ ឆ្នាំ​ចុងក្រោយ​នេះ​រួមមាន​សៀវភៅ​​អត្តជីវប្រវត្តិ​ «ទន្សាយ​ជា​នរណា​?​» និង​រឿង​ប្រលោមលោក​ចំនួន​ ៦​ រឿង​ទៀត​រួមមាន៖ រឿង​ប្រលោម​ចិត្ត វគ្គ​ ១ ប្រលោម​ចិត្ត​ វគ្គ​ ២ សែងសុរិយា ស្លាបមយូរី នភាល័យ ​វគ្គ ​១ និង​នភាល័យ វគ្គ​ ២​ ដែល​សុទ្ធសឹងតែ​ទទួលបាន​ការគាំទ្រ​យ៉ាង​ច្រើន​លើសលប់​ ពី​សំណាក់​មិត្ត​អ្នកអាន​គ្រប់​មជ្ឈដ្ឋាន​។


លោកស្រី ម៉ៅ សំណាង ​ថ្លែង​ថា៖ «តាំងពី​ខ្ញុំ​ចាប់ផ្ដើម​សរសេរ​ប្រលោមលោក​ជាង​ ៣០ ​ឆ្នាំ​មក​នេះ ខ្ញុំ​នៅតែ​បន្ត​សរសេរ​ដោយ​ដៃ ព្រោះ​ខ្ញុំ​មិន​សូវ​ចេះ​បច្ចេកវិទ្យា​ដូច​អ្នកនិពន្ធ​ជំនាន់​ថ្មី​។ ពេល​ខុស​ក៏​ត្រូវ​គូស​ចោល ហើយ​សរសេរ​ម្ដង​ទៀត មិន​អាច​ចុច​លុប ថែមថយ ងាយស្រួល​ដូច​នៅក្នុង​កុំព្យូទ័រ​ទេ​​។ ដូច្នេះ ការនិពន្ធ​សៀវភៅ​របស់​ខ្ញុំ​ត្រូវឱ្យ​ក្រុម​ការងារ​ជួយ​វាយ​អត្ថបទ​ចូល​កុំព្យូទ័រ មុន​នឹង​អាច​ឌីហ្សាញ​ជា​សៀវភៅ​បាន​»​។

ដោយសារ​តែ​ហេតុនេះ​ដែរ ទើប​ក្នុង​ ១ ​ថ្ងៃ អ្នក​និពន្ធ​ទន្សាយ​រូប​នេះ សរសេរ​បាន​តែ​ ១ សន្លឹក ឬ​ ២​ សន្លឹក​ប៉ុណ្ណោះ​ហើយ​ត្រូវប្រើ​​​ពេល​អស់​រាប់​ខែ​ទម្រាំ​បញ្ចប់​ប្រលោមលោក​បាន​ ១ ចំណងជើង​។ លោកស្រី ម៉ៅ សំណាង កើត​នៅ​ឆ្នាំ ១៩៥៩ នៅ​ខេត្ត​ព្រះសីហនុ។ បិតា​នាម ម៉ៅ សោម មាន​របរ​ជា​សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង​មាតា​នាម ប៉ែន ស៊ីយ៉ែន។ លោកស្រី ម៉ៅ សំណាង បាន​ទទួល​ការអប់រំ​ត្រឹម​កម្រិត​ថ្នាក់​ទី ១ ​ទំនើប។


លោកស្រី ​រៀបរាប់​ថា អាជីព​ជា​អ្នកនិពន្ធ​របស់​លោកស្រី​ថ្វីដ្បិត​តែ​ចាប់ផ្ដើម​ឡើង​នៅ​ឆ្នាំ​ ១៩៨១ ​ក៏​ពិតមែន ប៉ុន្តែ​លោកស្រី​ដក់​ចិត្ត​ស្រឡាញ់​អាជីព​នេះ​តាំងពី​អាយុ ៩ ឆ្នាំ​មក​ម្ល៉េះ។​ ក្នុងពេល​មាន​ឱកាស​សិក្សា​លោកស្រី​រំឭក​ថា លោកស្រី​តែងតែ​រៀន​​សង្កេត​ពីការ​តែង​និពន្ធ​របស់​អ្នកនិពន្ធ​រៀមច្បង​ អំពី​សាច់រឿង និង​​របៀប​តាក់តែង​និពន្ធ​។ នៅ​ក្រោយ​របប​ប្រល័យ​ពូជសាសន៍​​ ប៉ុល ​ពត លោកស្រី​ ម៉ៅ សំណាង ត្រូវ​ទទួល​បន្ទុក​រ៉ាប់រង​ជីវភាព​គ្រួសារ​ជំនួស​បិតា ដែល​ត្រូវ​ពួកបន​អាវ​ខ្មៅ​សម្លាប់​ចោល​។

នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨១ លោកស្រី បាន​និពន្ធ​រឿង​​ប្រលោមលោក​ដំបូង​បង្អស់​របស់​ខ្លួន ក្រោម​ចំណងជើង​ថា ទឹកភ្នែក​គ្រីយ៉ាណា។ ក្រោយពី​និពន្ធ​ចប់ លោកស្រី បាន​យក​ប្រលោមលោក​រឿង ទឹកភ្នែក​គ្រីយ៉ាងណា​ ទៅលក់​ឱ្យ​តូប​សៀវភៅ ហើយ​តូប​សៀវភៅ​យក​សំណៅ​នោះ​ទៅ​ថត​ចម្លង​រាប់រយ​ច្បាប់​សម្រាប់​ដាក់​ជួល​នៅ​ទូទាំង​ប្រទេស។

ប្រលោមលោក​រឿង ទឹកភ្នែក​គ្រីយ៉ាណា ដែល​ជា​ស្នាដៃ​ដំបូង​របស់​លោកស្រី ម៉ៅ សំណាង បាន​ទទួល​ការ​ពេញនិយម​យ៉ាង ពេញ​ទំហឹង​ពី​សំណាក់​មិត្ត​អ្នកអាន​។ គេ​បាន​ស្នើឱ្យ​លោកស្រី​និពន្ធ​រឿង​ថែម​ទៀត និង​ដាក់​នាម​ប៉ាកា ១ ​ផង ដើម្បី​ឱ្យគេ​ស្រួល​​សួរ​រក​ស្នាដៃ​អាន​។ ចាប់​តាំងពី​ពេលនោះ​មក លោកស្រី ម៉ៅ សំណាង បាន​បន្ត​តាក់តែង​និពន្ធ​ប្រលោមលោក​សម្រាប់​លក់​ជាប់​មិន​ដាច់ ដោយ​ដាក់​នាម​ប៉ាកា​ឱ្យ​ខ្លួនឯង​ថា ទន្សាយ​។

លោកស្រី​បាន​រំឭក​ប្រាប់​ថា កាល​ជំនាន់​នោះ​លោកស្រី​តែង​និពន្ធ​ស្នាដៃ​បាន​ចំនួន​ជាង ១០០ ​ចំណងជើង។

ទាក់ទង​នឹង​ការ​សរសេរ​វិញ លោកស្រី​បញ្ជាក់​ថា ដើម្បី​សម្រេច​​បាន​ប្រលោមលោក​ ១ ដំបូង​លោកស្រី​ត្រូវ​រៀបចំ​គ្រោង​រឿង​ដែល​អាច​ស៊ី​ពេល​ពី ១​ យប់​ទៅ​ ២​ យប់។ លុះបាន​គ្រោង​រឿង​រួចរាល់​ហើយ​ ទើប​លោកស្រី​ចាប់ផ្ដើម​ដំឡើង​ឱ្យ​ទៅជា​ប្រលោមលោក។

ការ​តែងនិពន្ធ​ប្រលោមលោក សម្រាប់​ស្មេរ​មួយ​ចំនួន គឺ​ជារឿង​លំបាក​ខ្លាំង​ណាស់ ប៉ុន្តែ​សម្រាប់​លោកស្រី ម៉ៅ សំណាង ​វិញ ពុំដូច្នោះ​ទេ​។ ទេពកោសល្យ​ដែល​មាន​ពី​កំណើត បាន​ជួយ​ឱ្យ​អ្នកនិពន្ធ​ទន្សាយ អាច​បញ្ចប់​ប្រលោមលោក ១ ​រឿង​បាន​នៅ​ក្នុង​រយៈពេល​តែ ១ ​​សប្ដាហ៍​ប៉ុណ្ណោះ​។ នោះ​មាន​ន័យ​ថា នៅ​ក្នុង​ ១ ខែ លោក​ស្រី ម៉ៅ សំណាង អាច​សរសេរ​បាន​ប្រលោមលោក​ចំនួន​ ៤​ រឿង។ ក្នុងនោះ​លោកស្រី​​ត្រូវ​ចាត់ចែង​ម៉ោង​ពេល​តែងនិពន្ធ​ឱ្យ​បាន​ត្រឹមត្រូវ និង​ដូច​ទៅ​នឹង​អ្នកធ្វើការ​តាម​ការិយាល័យ​ដែរ ដោយ​ចាប់ផ្ដើម​សរសេរ​នៅម៉ោង​ ៨ ព្រឹក​សម្រាក​បាយ​ថ្ងៃត្រង់​នៅ​ម៉ោង ​១១ ហើយ​ត្រឡ​ប់​មក​សរសេរ​វិញ​នៅម៉ោង ​១ ​រសៀល រហូតដល់​ម៉ោង ៥​ ល្ងាច​។

បើទោះបី​ជា​លោកស្រី អាច​មាន​អ្នក​អាន​គាំទ្រ​ច្រើន​ហើយ​អាច​សរសេរ​សៀវភៅ​រឿង​ប្រលោមលោក​បាន​លឿន​ប៉ុនណា​ក៏ដោយ​ ក៏​ចំណូល​ពី​ការតែង​និពន្ធ​សម្រាប់​លោកស្រី មាន​ចំនួន​តិចតួច​ណាស់ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ដែល​មាន​ម្ដាយ និង​ប្អូន​ក្នុង​បន្ទុក រហូតដល់​ទៅ​ ៤ នាក់។

លោកស្រី ម៉ៅ សំណាង ឱ្យ​ដឹង​ថា នៅក្នុង​ជំនាន់​នោះ ចំណូល​បាន​មកពី​ការ​លក់​ប្រលោមលោក​សំណេរ​ដៃ ១ ​រឿង អាច​ទ្រទ្រង់​ជីវភាព​បាន​ត្រឹមតែ ១ ​សប្ដាហ៍​ប៉ុណ្ណោះ។

ចាប់តាំងពី​ឆ្នាំ​ ១៩៨១ រហូតដល់​ឆ្នាំ​ ១៩៨៧ លោកស្រី ម៉ៅ សំណាង និពន្ធ​ប្រលោមលោក​បាន​ជាង​ ១០០ ចំណងជើង ក្នុង​នោះ​​មាន រឿង​ជំនោរនិរតី, ទឹកភ្នែក​នាងណាគ្រី, កុលាបខ្មៅ, ពន្លឺចន្ទ, មេចោរ​សមុទ្រ, ចន្ទរះ​ឆ្លងដែន,កោះ​ផ្ដាច់​និស្ស័យ, បុប្ផា​ព្រៃភ្នំ, ផ្កា​ត្របែកព្រៃ, បំណុល​ជីវិត, រាជិនី​ដែនដី​ពិឃាត, សន្យា​ពេល​អរុណរះ, ខ្លុយ​ប្រាក់​ជំពាក់​ស្នេហ៍, រស្មី​ឥន្ទធនូ, គជ់ខ្យង​ចងចិត្ត, បេសកកម្ម​ចុងក្រោយ, ផ្កា​បញ្ញើ​ក្អែក, ផ្កាយ​វង្វេង​ភព, ភួង​មាលា​សមុទ្រ​ឈាម, កណ្ដឹងមរណៈ, ផ្កាព្រិល​រដូវក្ដៅ, មេចោរ​រ៉ុងរិទ្ធិ, ជួប​គ្នា​ក្រោម​តំណក់​ភ្លៀង, រាត្រី​ពណ៌ស្វាយ, សុបិន​គ្មាន​ថ្ងៃ​បញ្ចប់, បន្តោង​ខ្សែក​គជ់, ស្នេហ៍​ក្នុង​អណ្ដាត​ភ្លើង, មន្តស្នេហ៍​ព្រៃស្ងាត់, ខ្យល់​កម្ម​ផ្ដាំ​ស្នេហ៍, សង្ឃឹម​ថ្ងៃ​ស្អែក, វាល​អាល័យ​ស្នេហ៍, ស្រមោល​អន្ទោល​ចិត្ត, ស្រមោល​ពិត​ក្នុង​សុបិន​ស្នេហ៍, ចម្រៀង​ស្នេហ៍​​អតីតកាល, ត្រចៀកកាំ​វង្វេង​មេឃ, ផ្កា​សណ្ដំ​ចិត្ត, រាត្រី​អាថ៌កំបាំង, វិនាសកម្ម​លើ​វាលខ្សាច់, ភព​ស្នេហ៍​ចម្លែក, សំណក​បេះដូង, មេឃ​ក្រៅ​មេឃ, គំនុំ​រលត់​ស្នេហ៍​រលាយ, ទេវរូប​ខ្មៅ, រឿង​កងចក្រ​ជីវិត, និង​រឿង​រលក​បោក​ខ្សាច់​ជាដើម​។ នៅក្នុង​អំឡុង​ឆ្នាំ ២០០៣ និង​ ២០០៤ អ្នក​និពន្ធ​ទន្សាយ បាន​ប្រមែ​ប្រមូល​ស្នាដៃ​សំណេរ​ដៃ​ទាំងអស់​នេះ មក​ឱ្យ​បណ្ណាគារ​ចាត់ចែង​បោះផ្សាយ​ឡើង​វិញ ដោយ​ក្នុង​ ១ ​ចំណងជើង បណ្ណាគារ​បាន​ផ្ដល់​មក​វិញ​នូវ​ចំណូល​ស្មើនឹង​សៀវភៅ​ចំនួន​ ១០០ ​ក្បាល​។

ស្នាដៃ​ប្រលោមលោក​របស់​លោកស្រី ម៉ៅ សំណាង មិនត្រឹមតែ​បាន​ទទួល​ការ​ពេញ​និយម​ចូលចិត្ត នៅក្នុង​ចំណោម​អ្នកអាន ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ការ​ទទួលស្គាល់​ផងដែរ​ពីសំណាក់​អ្នក​ធ្វើការ​ក្នុង​វិស័យ​អក្សរសិល្ប៍ និង​អង្គ​ព្រះមហាក្សត្រ ព្រមទាំង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។

នៅឆ្នាំ​ ២០០៨ លោកស្រី បាន​ទទួល​គ្រឿង​ឥស្សរិយយស​មុនី​សារាភ័ណ្ឌ​ថ្នាក់​សេនា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​នាម​ជា​អ្នកនិពន្ធ​មាន​ស្នាដៃ​ល្អ​ក្នុងការ​ចូលរួម​ចំណែក​លើក​ស្ទួយ​នូវ​អក្សរសិល្ប៍​ អក្សរសាស្ត្រ និង​វប្បធម៌​ជាតិ​ខ្មែរ ហើយ​នៅ​ឆ្នាំ ២០១៤ ព្រះករុណា​ព្រះបាទ​សម្តេច​​ព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​ព្រះរាជទាន​ដល់​លោក​ស្រី ម៉ៅ សំណាង​ នូវ​គ្រឿង​ឥស្សរិយយ​សមុនីសារាភ័ណ្ឌ ថ្នាក់​មហា​សេនា។​ ឆ្នាំ ២០១០ ​លោកស្រី​បាន​ទទួល​​ជយលាភី​លេខ ១ ​ពានរង្វាន់​ទន្លេ​មេគង្គ​ កម្ពុជា វៀតណាម ​ឡាវ តាមរយៈ​រឿង «​ចិត្ត​មួយ​ថ្លើម​មួយ»​។

លោកស្រី ម៉ៅ សំណាង បាន​ទទួល​ពានរង្វាន់​ព្រះសីហនុរាជ​ចំនួន ២ ​ដង៖ ម្ដង​នៅក្នុង​ឆ្នាំ ១៩៩៨​ ​ជាប់​ពានរង្វាន់​លេខ ២ ​តាមរយៈ​រឿង​ពន្លឺ​ចន្ទ ​និង​នៅ​ឆ្នាំ​ ១៩៩៥ ជាប់​ពាន​រង្វាន់​លេខ​ ១ តាមរយៈ​រឿង​រលក​បោក​ខ្សាច់។

លោក ឃីង ហុកឌី ដែល​ជា​អ្នកស្រាវជ្រាវ​អក្សរសិល្ប៍​ខ្មែរ​បាន​លើកឡើង​ថា ​ប្រលោមលោក​រឿង​រលក​បោកខ្សាច់ ​របស់​​លោកស្រី ម៉ៅ សំណាង​ ត្រូវបាន​តាក់តែង​ឡើង​ក្នុង​រចនាប័ទ្ម​ល្អ ងាយ​យល់ អ្នក​អាន​អាច​ចាប់​សេចក្ដី​រឿង​បាន​ងាយស្រួល ​ឃ្លាត​ចេញពី​បន្ទាត់​នយោបាយ​សង្គមនិយម ម៉ាក្ស ឡេនីន។

រឿង​ប្រលោមលោក​ទាំងអស់​របស់​លោកស្រី ម៉ៅ ​សំណាង ​រហូតមក​ទល់​ពេលនេះ នៅតែ​ទទួលបាន​ការ​គាំទ្រ និង​កោតសរសើរ​​យ៉ាងច្រើន​លើសលប់​ ទាំងពី​សំណាក់​អ្នកអាន និង​ជាពិសេស​គឺ​អ្នកនិពន្ធ​វ័យក្មេង​ជំនាន់​ក្រោយ។​ សម្រាប់​អ្នក​និពន្ធ​វ័យ​ក្មេង​ជំនាន់​ក្រោយ​លោកស្រី​ ម៉ៅ​ សំណាង ​មិនត្រឹមតែ​​ជា​អ្នកនិពន្ធ​រៀមច្បង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​អ្នកគ្រូ​តែង​និពន្ធ​ផងដែរ​។

អ្នកគ្រូ​ដែល​ដំបូង​បាន​បណ្ដុះបណ្ដាល​ពួកគេ​ឱ្យ​ចូលចិត្ត​អាន ហើយ​ក្រោយមក​ជំរុញ​ឱ្យ​ពួកគេ​ចង់​ក្លាយទៅជា​អ្នកនិពន្ធ​។ ​មាន​អ្នក​និពន្ធ​វ័យក្មេង​ច្រើន​ណាស់ ដែល​គោរព​ផ្ដល់​តម្លៃ​ដល់​អ្នកនិពន្ធ​ទន្សាយ​ ដោយ​ហៅ​លោកស្រី​ថា ​«អ្នកគ្រូ»​ ទាំង​ជួន​កាល​មិនធ្លាប់​​ជួប​អ្នកនិពន្ធ​រូប​នេះ​ដោយ​ផ្ទាល់​ផង៕