ភ្នំពេញៈ អ្នកនិពន្ធ​ម្ចាស់​ជយលាភី​មហោស្រព​អក្សរសិល្ប៍​ឆ្នាំនេះ ​ជំរុញឱ្យ​អ្នកនិពន្ធ​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​ចៀសវាង​ចម្លង​គេ ​ដែល​ នេះ​ជាការ​លើកឡើង​របស់​អ្នកនិពន្ធ ​វណ្ណ ​សារ៉េត ​ដែល​មាន​នាម​ប៉ាកកា​ក្នុង​វិស័យ​តែង​និពន្ធ​ថា ​“ចៅ​ស្មេរ​ប្រលោម”។​

ក្នុង​រយៈពេល ​៤ ​ឆ្នាំ​ចុង​ក្រោយនេះ ​កវីនិពន្ធ​ដែលមាន​ដើមកំណើត​លើទឹក​ដៃ​ខេត្ត​ព្រៃវែង ​លោក ​វណ្ណ សារ៉េត ​បានទទួល​ពានរង្វាន់​ជា​បន្តបន្ទាប់ ​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ​និង​ចុងក្រោយ​បានទទួល​រង្វាន់​ពី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ​តាមរយៈ​ទេពកោសល្យ​តាក់តែង​និពន្ធ ​កាលពី​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ។​

កវី​ វណ្ណ ​សារ៉េត ​ថ្លែងថា​៖ «អ្នកនិពន្ធ​ជំនាន់​ក្រោយ​ គួរ​មាន​ការសិក្សា​ស្រាវជ្រាវ​ឱ្យបាន​ច្រើន ​អំពី​ចំណេះដឹង​ផ្នែក​តែង​និពន្ធ​និង​ខិតខំ​អនុវត្ត​ការនិពន្ធ​ឱ្យ​ក្លាយជា​ទម្លាប់ ​ព្រមទាំង​ពង្រឹង​សមត្ថភាព​គ្រប់​ពេលវេលា ​ដោយ​ត្រូវ​ក្រើនរំឭក​ខ្លួនឯង​ថា​ ខ្លួន​ត្រូវបង្កើត​ស្នាដៃ​ថ្មីៗ ​ប្លែកៗ ​ដែលជា​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​របស់​យើង ​ចៀសវាង​ការចម្លង​ស្នាដៃ ​ឬ​ដើរ​តាម​អត្តសញ្ញាណ​របស់​អ្នក​ដទៃ»។​


លោក ​វណ្ណ ​សារ៉េត​ មាន​បទពិសោធ​ច្រើន​ក្នុង​វិស័យ​អប់រំ ​ដោយ​លោក​បំពេញ​ការងារ​ជា​គ្រូបង្រៀន​។ លោក​បញ្ជាក់ថា​៖ «ខ្ញុំ​គ្រូបង្រៀន​កម្រិត​ឧត្តម ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ​តែ​សព្វថ្ងៃ​បង្រៀន​នៅ​អនុវិទ្យាល័យ​ទេ​។ ដោយ​ឡែក ​សៅរ៍ ​អាទិត្យ ​បង្រៀន​និស្សិត​កម្រិត​បរិញ្ញា​បត្រ​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​មួយចំនួន​ក្នុង​ខេត្ត​ព្រៃវែង»។

លោក​បានបង្ហាញ​បន្ថែម​អំពី​ស្នាដៃ​ ដែល​លោក​បានរួម​ចំណែក​ក្នុងសង្គម​អក្សរសាស្ត្រ​ជាតិ​ថា ​ក្រៅពី​កំណាព្យ ​លោក​បាន​សរសេរ​រឿង​ខ្លី ​ប្រលោម​លោក​ខ្នាត​ខ្លី​ជា​ពាក្យ​រាយ ​ទំនុកច្រៀង ​និង​ស្នាដៃ​ផ្នែក​សិក្សា​រៀបរៀង​មួយចំនួន​ផងដែរ​។ ស្នាដៃ​ទាំងនោះ ​មាន​ដូចជា​៖ស្នាដៃ​ផ្នែក​រឿង​ខ្លី ​មាន​៖ រឿង “​ក្មេង​គង្វាល​” រឿង “​ចម្រៀង​ថ្នម​ស្នេហ៍​” រឿង “​បែក​ស្នេហ៍​ឯ​សៀមរាប​” រឿង “​រួច​ពី​ចំណង​” រឿង “​ចាំ​កូន​មាន​សិន”​។


ស្នាដៃ​ផ្នែក​សិក្សា​រៀបរៀង ​មាន “​សិក្សា​វិធីសាស្ត្រ​នៃ​ការសិក្សា​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ​” ​“​ប្រជុំ​តែង​សេចក្ដី​ពន្យល់​សុភាសិត​” និង​ “​សិក្សា​ប្រៀប​ធៀប​ស្នាដៃ​សាស្ត្រា​ល្បែង ​និង​ប្រលោម​លោក​ទំនើប”។​

ថ្វី​ដ្បិត​ស្នាដៃ​ដែល​និពន្ធ​កន្លងមក ​លោក​មិនទាន់​ដែល​បាន​បោះពុម្ព​ក្ដី លោក​ក៏មាន​គម្រោង​បោះពុម្ព​ស្នាដៃ ​ដើម្បី​ចូលរួម​លើកស្ទួយ​ចំណេះដឹង​ក្នុងសង្គម ​និង​ចូលរួម​លើកកម្ពស់​ការអាន​និង​សរសេរ​។

លោក​បានបង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការសរសេរ​នេះ​ថា​៖ «ខ្ញុំ​ចូលចិត្ត​ទាំង​បែប​ឧបទេស ​និង​បែប​ទំនើប ​ដែល​បង្កប់​ដោយ​ទស្សនវិជ្ជា​ទុកឱ្យ​អ្នកអាន​មាន​វិសាលភាព​ពិចារណា ​និង​ប្រលោម​កំណាព្យ​ផងដែរ»។​

ចំណែក​ការសរសេរ​ដើម្បី​ប្រឡង​ប្រជែង​ដណ្ដើម​ជយលាភី ​កវី​រូបនេះ​បញ្ជាក់ថា​៖ «​ចំពោះ​ការប្រឡង​ពានរង្វាន់​នេះ​ខ្ញុំ​ពុំ​លោភលន់​ពេក​ទេ ​គឺ​ ១ ​ឆ្នាំ​ ខ្ញុំ​ដាក់​ស្នាដៃ​តែ ​១​ ស្ថាប័ន​ពាន​ង្វាន់​ប៉ុណ្ណោះ ​គឺ​ដាក់​ដោយ​សម្រិត​សម្រាំង ​ហើយ​ចេះតែ​មានភ័ព្វ​មាន​ជាប់​ជយលាភី​ដែល​ខ្ញុំ​មិន​នឹកស្មាន​ដល់»។​

កវី “​ចៅ​ស្មេរ​ប្រលោម​” បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ឯកទេស​អក្សរសាស្ត្រ​ខ្មែរ ​ដោយបាន​បញ្ចេញ​ស្នាដៃ ​តាមរយៈ​អត្ថបទ​សំណេរ ​បរិយាយ​រឿងរ៉ាវ​នានា ​លាតត្រដាង​ ពី​តថភាព​សង្គម​ ជា​កំណាព្យ ​ក្នុងនាម​ជា​អ្នកនិពន្ធ ​និង​ជា​អ្នក​បណ្ដុះ​ចំណេះដឹង ​សម្រាប់​សិស្សានុសិស្ស ​ដែលជា​ទំពាំង​ស្នង​ឫស្សី​។

លោក​ក៏​ធ្លាប់បាន​ចូលរួម​រៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​របស់​ស​មា​គម​អ្នកនិពន្ធ​ខ្មែរ​ផង ជា​សិក្ខាកាម​ជំនាន់ ​២៦ ​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ ​និង​បច្ចុប្បន្ន​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ផង​។

បច្ចុប្បន្ន “​ចៅ​ស្មេរ​ប្រលោម​” មាន​វ័យ​ ៣៩ ​ឆ្នាំ ​លោក​ជា​អ្នកនិពន្ធ ​និង​ជា​គ្រូបង្រៀន​កម្រិត​ឧត្តម​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ​ត្រូវគេ​ទទួល​ស្គាល់​ថា ​ជា​អ្នកនិពន្ធ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ក្នុង​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​។ លោក​ទទួលបាន​ជយលាភី​ជាច្រើន ​មានដូចជា ​ជាប់​ជយលាភី​ថ្នាក់​កិត្តិយស ​ផ្នែក​តែង​និពន្ធ​បទ​ភ្លេង ​និង​ទំនុកច្រៀង ​ក្នុង​ទិវា​វប្បធម៌​ជាតិ ​៣ មីនា​ លើក​ទី​២១ ​ឆ្នាំ ​២០១៩​ នៃ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស ​ដែល​រៀបចំ ​ដោយ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​។

កំណាព្យ​«​គ្រូ​គ្រឹះ​អប់រំ ​សង្គម​ឌីជីថល» ​ ជយលាភី​ចំណាត់​ថ្នាក់​លេខ​ ១ ​ពានរង្វាន់​សម្ដេច​ព្រះសង្ឃរាជ ​ជួន ណាត​ ផ្នែក​តែង​និពន្ធ​កំណាព្យ ​អបអរ​ទិវា​គ្រូបង្រៀន ​៥ តុលា ​ឆ្នាំ​ ២០១៩ ​ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​។ កំណាព្យ​ «​ប៉ា​គេ ឪ​ខ្ញុំ» ​ជយលាភី​ចំណាត់​ថ្នាក់​លេខ​ ២ ​ពាន​អក្សរសិល្ប៍ ​នៃ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​៣​ ឆ្នាំ​ ២០១៩​។ កំណាព្យ​ «សុរា» ​ជយលាភី​ចំណាត់ថ្នាក់​លេខ ​១ ​ពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធ​សាសន​បណ្ឌិត្យ ​លើក​ទី​៣​ ឆ្នាំ​ ២០២០​។ កំណាព្យ​រឿង​«​និស្ស័យ​ស្នេហ៍​កុលាប​ស» ​ជយលាភី​ចំណាត់ថ្នាក់​លេខ​ ១ ​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ​ឆ្នាំ ២០២១ ​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​។ កំណាព្យ​«សំឡេង​ទ្រ ​កំដរ​ប្រាសាទ​» ​ជយលាភី​ចំណាត់ថ្នាក់​លេខ​ ១ ​ពានរង្វាន់​អក្សរសិល្ប៍​នៃ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី៥ ​ ឆ្នាំ​ ២០២២ ​ដែល​រៀបចំ​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរលើ​ទឹកដី​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី ២២ ​ដល់ ​២៣ ​ខែតុលា ​ឆ្នាំ ២០២២​ កន្លងទៅ​៕