
ជំងឺដាច់សរសៃឈាមខួរក្បាល ជាប្រភេទជំងឺសរសៃឈាមខួរក្បាល អាចហៅបានថា ជាការហូរឈាមនៅក្នុងខួរក្បាល។ កោសិកាខួរក្បាលអាចស្លាប់យ៉ាងលឿន បើមិនមានអុកស៊ីហ្ស៊ែនដឹកជញ្ជូនដោយឈាមទៅចិញ្ចឹមទេនោះ ហេតុនេះនឹងធ្វើឱ្យខួរក្បាលខូចជារៀងរហូត។
ជំងឺនេះកើតឡើងពេលដែលសរសៃឈាមក្នុងខួរក្បាលកើតឡើងដោយសារដាច់បែក ហើយឈាមកើនឡើងក្នុងជាលិកានៅជុំវិញសរសៃឈាមនោះ ធ្វើឱ្យមានសម្ពាធទៅលើខួរក្បាល បណ្ដាលឱ្យបាត់បង់ឈាមទៅចិញ្ចឹមកន្លែងនៅជុំវិញទីតាំងដែលដាច់សរសៃឈាមនោះ។
ជំងឺដាច់សរសៃឈាមខួរក្បាល មិនសូវកើតមានទេ ហើយមានតែ ១៥% ក្នុងចំណោមអ្នកមានជំងឺសរសៃឈាមខួរក្បាលទាំងអស់ ស្ថិតជាករណីជំងឺនេះ។ ប៉ុន្តែជំងឺនេះ ជាមូលហេតុធ្វើជំងឺសរសៃឈាមខួរក្បាលប្រហែល ៤០% បាត់បង់ជីវិត។
រោគសញ្ញាទូទៅនៃជំងឺដាច់សរសៃឈាមខួរក្បាល មានដូចជា៖ បាត់បង់ស្មារតី ទាំងស្រុង ឬក្នុងកម្រិតមួយ ចង្អោរ ក្អួត ឈឺក្បាលខ្លាំងភ្លាមៗ ខ្សោយ ឬមានអារម្មណ៍ស្ពឹកនៅនឹងមុខ ជើង ឬដៃ នៅចំហៀងណាមួយរបស់រាងកាយ ប្រកាច់ វិលមុខ បាត់បង់លំនឹងរាងកាយ មានបញ្ហាក្នុងការនិយាយ ឬនិយាយត្រឡាន់ វង្វាន់ ឬវង្វេងស្មារតី។
បើអ្នកមានសញ្ញាឬ រោគសញ្ញាបានរៀបរាប់ខាងលើ ឬមានចម្ងល់ពាក់ព័ន្ធរោគសញ្ញា សូមពិគ្រោះជាមួយគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗ មានសកម្មភាពខុសៗគ្នា ដូចនេះ ល្អបំផុតត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្វែងរកដំណោះស្រាយស័ក្តិសមសម្រាប់ខ្លួនយើង។
ចំពោះមូលហេតុបង្កឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល មានមូលហេតុចម្បង ២គឺ ទី១ អាចធ្វើឱ្យដាច់សរសៃឈាមនៅក្នុងខួរក្បាល។ ទី២ មូលហេតុកើតញឹកញាប់ជាងគេ អាចមកពីការប៉ោងសរសៃឈាម។ ការប៉ោងសរសៃឈាមកើតឡើងពេលដែលផ្នែកមួយរបស់សរសៃឈាមឡើងរីកប៉ោងធំពីការឡើងសម្ពាធឈាមរ៉ាំរ៉ៃ ឬគ្រោះថ្នាក់ ឬពេលដែលជញ្ជាំងសរសៃឈាមចុះខ្សោយកើតមានពីកំណើត។ ការរីកប៉ោងនេះ នាំឱ្យជញ្ជាំងសរសៃឈាមស្ដើងឡើងៗ ហើយងាយនឹងដាច់បែក។
ករណីកម្រនៃជំងឺដាច់សរសៃឈាមខួរក្បាល ក៏បណ្ដាលមកពីជំងឺខូចទម្រង់សរសៃឈាមពីកំណើត (Arteriovenous malformation – AVM)។ ជំងឺ AVM នេះកើតមាន ពេលដែលការភ្ជាប់គ្នារវាងសរសៃអាកទែ និងសរសៃវ៉ែនខុសប្រក្រតី ដោយមិនមានសរសៃឈាមតូចៗនៅចន្លោះការភ្ជាប់សរសៃទាំង ២។ ជំងឺ AVM ជាជំងឺកើតមានពីកំណើត មានន័យថា វាកើតមានតាំងពីពេលកើតមកភ្លាម ប៉ុន្តែមិនមែនជាជំងឺដំណពូជទេ ហើយគេនៅមិនទាន់ដឹងមូលហេតុជាក់លាក់នាំឱ្យគ្នាយើងខ្លះមានជំងឺនេះនៅឡើយដែរ។
មានកត្តាបង្កគ្រោះថ្នាក់ជាច្រើន នាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ដូចជា៖ ឡើងសម្ពាធឈាមខ្ពស់ ប្រើថ្នាំប្រឆាំងកំណកឈាមច្រើនជ្រុល ញៀនស្រា ញៀនថ្នាំ។
ការសង្គ្រោះព្យាបាលភ្លាមៗទាន់ពេលវេលា ជារឿងសំខាន់ណាស់ ដើម្បីមានឱកាសអ្នកជំងឺអាចរស់រានមានជីវិត និងជាសះស្បើយពីជំងឺ ខណៈការការពារ ក៏សំខាន់ដូចគ្នា។ បើសិនគ្នាយើងមានជំងឺ អាចគ្រប់គ្រងកត្តាគ្រោះថ្នាក់បាន នឹងបន្ថយឱកាសកើតជំងឺនេះកាន់តែច្រើន៕