
លោក រីម គីន និងអ្នកម្តាយរបស់លោក។ រូបថត សមាគមអ្នកនិពន្ធខ្មែរ
ភ្នំពេញៈ សមាគមអ្នកនិពន្ធខ្មែររៀបចំបោះពុម្ពសៀវភៅ “រីម គីន ប្រវត្តិនិងស្នាដៃ” ដើម្បីរំឭកខួប ១១១ ឆ្នាំ ជូនចំពោះលោក រីម គីន ដែលលោកបានខិតខំបង្កើតស្នាដៃជាច្រើន ក្នុងវិស័យតែងនិពន្ធនៅកម្ពុជា។
ទាក់ទិននឹងការបោះពុម្ពផ្សាយស្នាដៃនេះលោក ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរបានប្រាប់ឱ្យដឹងថា នេះគឺជាការរំឭក និងចងក្រងឯកសារទុកក្នុងនាមសមាគមអ្នកនិពន្ធខ្មែរ។ កិច្ចការនេះទទួលខុសត្រូវដោយកណៈកម្មការស្រាវជ្រាវ ពិនិត្យស្នាដៃ បកប្រែ និងបោះពុម្ពផ្សាយ។
ក្រៅពីបោះពុម្ពផ្សាយសៀវភៅនេះ សមាគអ្នកនិពន្ធខ្មែរ នឹងបន្តបោះពុម្ពសៀវភៅផ្សេងៗទៀតដែលជាស្នាដៃរបស់អតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ។
លោក ឡឹក ជំនោរ មានប្រសាសន៍ថា៖ «គណៈកម្មការស្រាវជ្រាវ កំពុងស្រាវជ្រាវរៀបរៀងបោះពុម្ពប្រវត្តិ និងស្នាដៃរបស់អតីតប្រធានសមាគមឡើងវិញទាំងអស់ដោយផ្ដើមចេញពីលោក រីម គីន ដែលកន្លងមកសមាគមបានទទួលស្នាដៃរបស់លោក រីម គីន ទាំងអស់ ពីកូនស្រីរបស់លោកមកបោះពុម្ពឡើងវិញ»។
លោកបានបន្ថែមថា ក្នុងនាមសមាគមអ្នកនិពន្ធ មានភារកិច្ចបន្តការផ្ដួចផ្ដើមនេះ ដោយបន្តសកម្មភាពពីអតីតគណៈកម្មការបោះពុម្ពផ្សាយរបស់សមាគមអ្នកនិពន្ធបន្តពីអ្នកនិពន្ធចាស់ ដែលនៅរស់រានមានជីវិត ២ រូប គឺលោកគ្រូស៊ូ ចំរើន និងវីរសិល្បករ អ៊ុត រឿន ។
កិច្ចការស្រាវជ្រាវរៀបរៀងបោះពុម្ពប្រវត្តិនិងស្នាដៃរបស់អតីតប្រធានសមាគមឡើងវិញដឹកនាំដោយលោក ឡឹក ជំនោរ ជាប្រធានគណៈកម្មការស្រាវជ្រាវ ពិនិត្យស្នាដៃ បកប្រែនិងបោះពុម្ពផ្សាយ។
យោងតាមទំព័រ (Page) ផ្លូវការរបស់សមាគមអ្នកនិពន្ធខ្មែរបានបង្ហាញថា លោក រីម គីន ជាអ្នកនិពន្ធដ៏ល្បីល្បាញ១រូប ក្នុងសម័យអក្សរសាស្ត្រសម័យទំនើបនៃសតវត្សទី២០។
លោកមានស្រុកកំណើតនៅក្រុងភ្នំពេញ ក្នុងសង្កាត់លេខ ៤។ លោកកើតនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩១១ ឪពុករបស់លោកឈ្មោះ គីម មាតានាម រសា ដែលជាគ្រួសារសាមញ្ញ១ ដោយឪពុកលោកធ្វើជាភ្នាក់ងារត្រួតត្រាការក្នុងក្រុមសាធារណការ ដែលមាននាទីដើរត្រួតត្រាមើលការងារកម្មករធ្វើផ្លូវពីស្រុក ១ ទៅស្រុក ១ ពីកន្លែង ១ ទៅកន្លែង ១។
ដោយសារលោកឪពុកលោកមានភារៈនាំគ្រួសារទៅប្រកបមុខងារ នៅតាមស្រុកភូមិជាច្រើន ដូច្នេះហើយ បានជាពីកុមារអ្នកនិពន្ធ រីម គីន បានជួបប្រសព្វនឹងជីវភាពអ្នកស្រុកស្រែចំការជាច្រើនកនែ្លង។
ក្នុងវ័យកុមារ លោកបានរៀនអក្សរខ្មែរក្នុងសំណាក់ព្រះភិក្ខុ ១ អង្គព្រះនាមអាចារ្យ សាំង ដែលត្រូវជាបងជីដូនមួយញាតិខាងម្តាយ គង់នៅវត្តស្វាយដង្គុំ សង្កាត់លេខ ៣ ក្រុងភ្នំពេញ។
ក្រោយពេលលោកប្រឡងសញ្ញាប័ត្រមធ្យមសិក្សាហើយ លោកបានចូលបំពេញវិជ្ជាគរុកោសល្យទៀត ហើយបានចេញទៅធ្វើជាគ្រូបង្រៀនដែលកាលនោះ រាជការចាត់តាំងលោកទៅបង្រៀននៅឯខេត្តបាត់ដំបង។
នៅពេលនោះហើយដែលអ្នកនិពន្ធ រីម គីន បានឈានចូលស៊ប់ក្នុងការតែងនិពន្ធ។ មួយឆ្នាំតមក នៅក្នុង គ.ស. ១៩៣៥ លោកបានផ្លាស់ត្រឡប់មកនៅក្រុងភ្នំពេញវិញ ដោយទទួលមុខងារជាអនុរក្សនៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ។
នៅគ្រានោះលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញា ស្រ៊ិន ស៊ិន ហៅ ស្រ៊ិន ស៊ីមន ដែលជាកូនស្រីរបស់លោកចៅក្រម យិត ស្រ៊ិន។
ដល់ គ.ស. ១៩៣៩ លោកបានទៅបង្រៀននៅសាលាបឋមសិក្សាចាក់អង្រែ (ក្រោយមកប្ដូរជាសាលាចៅពញាហុក)។
ក្រោយមកទៀត លោកបង្រៀននៅសាលាឧបសម្ព័ន្ធគរុវិជ្ជា (Annexe Normale) ដែលក្រោយមកលោកបានប្រឡងជាប់ជាគូ្របង្រៀន (Instituteur) ពេញយស ដោយរាជការបានតម្រូវឱ្យលោកបង្រៀននៅសាលាមធ្យមសិក្សា គឺនៅ «សាលាគរុវិជ្ជា / École Normale» តាំងពី គ.ស. ១៩៤៧ មក ក្នុងឋានៈជាសាស្ដ្រាចារ្យខាងភាសាជាតិរហូតដល់ពេលសាលានេះ បានប្រែក្លាយជាវិទ្យាស្ថានជាតិគរុកោសល្យ (INP)។
ក្រៅពីការបង្រៀនសាលារាជការ លោក រីម គីន ឆ្លៀតពេលទៅបង្រៀននៅសាលាឯកជនខ្លះទៀត ដើម្បីជួយបំប៉នវិជ្ជាភាសាជាតិឱ្យជ្រួតជ្រាបដល់យុវសិស្សខ្មែរទូទៅ។ ពេលទំនេរបន្តិចបន្តួចក្រៅពីពេលកែវិញ្ញាសារបស់សិស្ស លោកឆ្លៀតសរសេររឿងជាពាក្យរាយ សរសេរកាព្យ សរសេរសៀវភៅសម្រាប់សិស្សរៀន និងប្រែរឿងខ្លះដែលល្អៗពីភាសាបរទេស។
នៅ គ.ស. ១៩៥៥ គ្រាដែលអ្នកនិពន្ធខ្មែរបានរួបរួមគ្នាបង្កើតសមាគមអ្នកនិពន្ធខ្មែរ (Association des Écrivains Khmers, AEK) ឡើង លោក រីម គីន បានទទួលការទុកចិត្តពីអ្នកនិពន្ធទាំងអស់តែងតាំង លោកធ្វើជាប្រធាននសមាគមនេះអស់រយៈពេល ២ ឆ្នាំ។
លុះមកដល់ខែតុលា គ.ស. ១៩៥៨ លោកមានរោគឈឺក្នុងក្បាល អស់ពេលជាង៣ខែជំងឺនេះពុំព្រមស្រាកស្រាន្តសោះ ទោះបីគ្រួសារលោកខិតខំថែទាំនិងព្យាបាលដោយប្រើឱសថយ៉ាងណាក៏ដោយ។
ដល់មកថ្ងៃទី ២៧ ខែមករា គ.ស. ១៩៥៩ មច្ចុរាជក៏បានផ្តាច់យកជីវិតរបស់លោក ធ្វើឱ្យមានការសោកស្តាយពីក្រុមគ្រួសារ និងសហសេវិកជាអ្នកនិពន្ធទាំងអស់ រួមទាំងបណ្ដាជនទូទៅដែលជាអ្នកស្នេហាអក្សរសាស្ត្រខ្មែរផង។
ពិធីបុណ្យឈាបនកិច្ចនសពនេះ បានរៀបចំឡើងយ៉ាងឧឡារិកនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៥៩ នៅឈាបនដ្ឋាន វត្តឧណ្ណាលោម ក្រោមកិច្ចឧបត្ថម្ភពីក្រសួងសិក្សាធិការជាតិ(Ministère de l''éducation nationale)និងសមាគមអ្នកនិពន្ធខ្មែរ (Association des Écrivains Khmers, AEK) ដែលកាលនោះ មានលោករដ្ឋលេខាធិការក្រសួងសិក្សាធិការជាតិ (Secrétaire d''Etat, Ministère de l''Education Nationale) តំណាងនៃសម្ដេចព្រះឧបយុវរាជ បានអញ្ជើញទៅបំពាក់គ្រឿងឥស្សរិយយសដល់សពអ្នកនិពន្ធរូបនេះ ជាប៉ាឆាមរណនាម។
នៅក្រោយពេលដែលអ្នកនិពន្ធ រីន គីន បានទទួលមរណភាពទៅ គេរើរកឃើញស្នាដៃ របស់លោកដែលបានសរសេររួចរាល់ មានខ្លះក៏បោះពុម្ពចេញផ្សាយ ហើយនិងខ្លះទៀត ពុំទាន់បានបោះពុម្ពនៅឡើយទាំងអស់ជិត ២០ រឿង។
សព្វថ្ងៃនេះ កូនស្រីលោក រីម គីន ឈ្មោះ គីន សុម៉ាលី រស់នៅប្រទេសបារាំង។ លោក រីម គីន ជាបងថ្លៃរបស់លោកស្រី ពេជ្រ សល់ (ស្រ៊ិន សារិះយ៉ាន់) ដែលជាអ្នកនិពន្ធនិងជានាយិកានៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ (Directeur du bureau des douanes) នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (Institute bouddhiste) ព្រោះអ្នកស្រីជាប្អូនរបស់អ្នកស្រី ស្រ៊ិន ស៊ិន ហៅ ស៊ីមន ដែលជាភរិយាលោក រីម គីន។
សព្វថ្ងៃនេះ រាល់ស្នាដៃជាភាសាខ្មែរ របស់លោកទាំងអស់ ត្រូវបានក្រុមគ្រួសារប្រគល់មកឱ្យគណៈកម្មការស្រាវជ្រាវ ពិនិត្យស្នាដៃ បកប្រែ និងបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធខ្មែររក្សានិងស្រាវជ្រាវបន្ត។
លោក រីម គិន មានស្នាដៃច្រើនប្រភេទមានទាំងប្រលោមលោកពាក្យកាព្យ អត្ថបទល្ខោននិយាយ ប្រលោមលោក រឿងខ្លី និងសិក្សាកថា។
ស្នាដៃទាំងនោះ ខ្លះក៏បានបោះពុម្ពរួចហើយនិងខ្លះទៀតមិនទាន់បានបោះពុម្ពនៅឡើយ ក្នុងនោះមានស្នាដៃបោះពុម្ពហើយ ជាប្រលោមលោកមាន៖
- សូផាត ប្រលោមលោក ភ្នំពេញ ឆ្នាំ ១៩៤១ (ស្នាដៃនេះ លោកបានតាត់តែងឡើងនៅឆ្នាំ ១៩៣៨ តែរហូតមកដល់ឆ្នាំ ១៩៤១ ទើបបានបោះពុម្ពផ្សាយ)។
- ក្លាហាន ប្រលោមលោក ភ្នំពេញ ឆ្នាំ ១៩៤៩
- មើលព្រះចន្រ្ទា ប្រលោមលោក ភ្នំពេញ ឆ្នាំ ១៩៥២
- សុមាភាវី ប្រលោមលោក ភ្នំពេញ ឆ្នាំ ១៩៥២
- ទឹងមមឹង ប្រលោមលោក ភ្នំពេញ ឆ្នាំ ១៩៥៣
- នាងរតននារី ប្រលោមលោកពាក្យកាព្យ ភ្នំពេញ ឆ្នាំ ១៩៥៤
- ឈាមរត់រកឈាម ប្រលោមលោក ភ្នំពេញ ឆ្នាំ ១៩៥៥ និងសេនាកំសត់ ប្រលោមលោក ភ្នំពេញ ឆ្នាំ ១៩៥៥ ជាដើម។ល។
សូមបញ្ជាក់ថា ចំពោះឈ្មោះលោក រីម គីន នេះ គេសង្កេតឃើញថា មានសំណេរពីរខុសគ្នា ដោយឯកសារខ្លះសរសេរថា «រីម គិន» ហើយឯកសារខ្លះទៀត សរសេរថា «រីម គីន»។ ទស្សនាវដ្ដីមិត្តសាលាបាលី ឆ្នាំទី២ ខែមករា លេខ ១ ព.ស. ២៤៩៣ គ.ស. ១៩៥១ ទំព័រទី៤០ សរសេរថា«រឹម គិន» តែសម្រាប់«ជីវប្រវត្តិលោក រីម គីន»របស់លោក លី ធាមតេង ដែលចុះក្នុងរឿងសូផាត ទំព័រទី១ សរសេរថា «រីម គីន»។ មកដល់សម័យបច្ចុប្បន្ន ភាគច្រើននៃអ្នកស្រាវជ្រាវបានយកសំណេរ «រីម គីន» មកប្រើ មិនឃើញមានអ្នកនិពន្ធណាប្រើ «រីម គិន»ទេ៕