តាកែវ: ពេល​រៀន​ចប់​ពី​សាកល​វិទ្យា​ល័យ​និង​បំពេញ​ការងារ​ជាមន្ដ្រី​រាជការ​កញ្ញា ​ខៀវ​ ស៊ី​ណា ​ឆ្លៀត​ពេល​ទំនេ​របន្ដិច​បន្ដួច​បង្កើត​មុខ​របរ​តាម​ក្ដី​ស្រឡាញ់​របស់​ខ្លួន​​​ នោះគឺ​ការ​នាំយក​ផលិត​ផល​តម្បាញ​ហូល​បន្ទាយ​ស្រី​មក​ចែក​ចាយ​បន្ដ​ក្នុង​​រាជ​ធានី​ភ្នំពេញ​។


ហូល​បន្ទាយ​ស្រី​ជា​ឈ្មោះ​សម្គាល់​គុណ​ភាព​ហូល​លេខ ១​ ដែល​ត្រូវ​បាន​ប្រៀប​ធៀប​ទៅនឹង​​ភាព​ស្រស់​ស្អាត​បំផុត​នៃ​ក្បាច់​រចនា​នៅ​ប្រាង្គ​ប្រាសាទ​បន្ទាយ​ស្រី​។

កញ្ញា ​ស៊ី​ណា ​អាយុ​ ២៣ ​ឆ្នាំ បាន​បង្កើត​ហាង​អន​ឡាញ​សម្រស់​តម្បាញ ដោយ​ផ្ដោត​លើ​ការ​លក់​ហូល​ប្រណីត​ បំណង​ជួយ​ផ្សព្វ​ផ្សាយ​ផលិត​ផល​​ហូល​ខ្មែរ​ឱ្យ​មាន​តម្លៃ​ជួយ​រក​ទីផ្សារ​និង​ផ្ដល់​ឱកាស​ដល់​អ្នក​តម្បាញ​ចាស់ៗ​​មាន​ការ​ងារ​ធ្វើ​​។


តាម​ការ​ស្រាវ​ជ្រាវ​របស់​កញ្ញា​ផ្ទាល់​បាន​ឱ្យ​ដឹង​ថា​ តម្បាញ​ហូល​ខ្មែរ​មាន​ឈ្មោះ​ល្បី និង​គុណ​ភាព​ខ្ពស់​មាន​នៅ​ខេត្ដ​តាកែវ​នៃ​ស្រុក​ព្រៃ​កប្បាស​​។ ​


អ្នក​មកពី​ស្រុក​បាភ្នំ​ខេត្ដ​ព្រៃវែង​រូប​នេះបាន​និយាយ​ថា​៖ «ខ្ញុំ​សហការ​ជាមួយ​ប្រជា​សហ​គមន៍​ក្នុ​ងស្រុក​ព្រៃ​កប្បាស​ និង​ភូមិ​ឋាន​ក្បែរ​ខាង​ស្រុក​នេះនៃ​ខេត្ដ​តាកែវ​​​ ដោយ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ និង​ពិភាក្សា​ជាមួយ​​ពួក​គាត់​ផ្ទាល់​។ការ​ចាប់​ផ្ដើម​ពី​ស្រុក​ព្រៃ​កប្បាស​នេះ​ដោយ​សារ​ស្រុ​កនេះ​មាន​អ្នក​តម្បាញ​ច្រើន និង​មាន​ស្នាដៃ​ស្អាត​ជាង​គេ​»។


កញ្ញា ស៊ី​ណា ​ដែល​រមែង​ពោល​ពាក្យ​ពីរោះ​ពិសា​ តែង​តែ​បង្ហោះ​រូបភាព​ឈុត​ហូល​ទៅតាម​ម៉ូដ​ប្លែក​ទាំង​គ្រង​នៅលើ​រូប​ម៉ាណឺ​កាំង​ និង​កាយ​របស់​ខ្លួន​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ទីដែល​ផលិត​ផល​ស្នាដៃ​សិប្បកម្ម​ខ្មែរ​របស់​កញ្ញា​ទទួល​បាន​ការ​ចាប់​អា​រម្មណ៍​ជា​ច្រើន​។

នៅលើ​ផ្ទៃ​ក្រោយ​ស្រដៀង​គ្នា​ ដែល​រំលេច​នូវ​អក្សរ​ឡាតាំង​ និង​ខ្មែរ​នៅ​ខាង​លើផ្នែក​ខាង​ឆ្វេង​​ដោយ​សរសេរ​ថា «​Somros Tombanhសម្រស់​តម្បាញ​និង​ផ្នែក​ខាង​ស្ដាំ​ហូល​បន្ទាយ​ស្រី​ ១០០​ ភាគ​រយ​ ខណៈ​ផ្នែក​ខាង​ក្រោម​សរសេរ​ពាក្យ​ផលិត​ផល​តម្បាញ​ខ្មែរ និង​សញ្ញា​ឆ្នូត​កាត់​ទទឹង​រូប​ជាមួយ​ឈ្មោះ​ហាង​អនឡាញ​ និង​លេខ​ទូរស័ព្ទ​។

កញ្ញា​បាន​ឱ្យ​ដឹង​ថា ​ចំពោះ​ម៉ូដ​ហូល​ ភ្ញៀវ​ជា​អ្នក​កុម្ម៉ង់​ ជាពិសេស​ភ្ញៀវ​ពិសេសៗ​ដែល​ពួកគេ​​ចូលចិត្ដ​កុម្ម៉ង់​គោម​ល្អិត​គោម​បែប​ស្រាល​ៗ​ ហើយ​កញ្ញា​ក៏​បាន​ទិញ​ចូល​ហូល​រចនា​ដោយ​អ្នក​តម្បាញ​ខ្លះ​​ៗដែរ​។ ​

​អតិថិ​ជន​ដែល​គាំទ្រ​ផលិត​ផល​ខ្មែរ​តាម​រយៈ​អ្នកលក់​ប្រកប​ដោយ​សម្ដី​សំដៅ​ទន់ភ្លន់​នេះ​ មាន​ចាប់​ពី​អតិថិ​ជន​ទូទៅ​ហាង​សម្អាង​កាយ​ ដែល​ទិញ​ផលិត​ផល​ហូល​ខ្មែរ​គុណ​ភាព​ខ្ពស់​សម្រាប់​រៀបចំ​ជូន​កូន​ក្រមុំ​កូន​កំលោះ​ រហូត​ដល់​ភ្ញៀវ​ពិសេស (VIP) ដែល​មាន​ឋានៈ​យស​ស័ក្ដិ​ក្នុង​សង្គម​។

កញ្ញា​ ស៊ីណា ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​មូលហេតុ​ដែល​អតិថិជ​ន​កុម្ម៉ង់​ហូល​ពី​ខ្ញុំ​ ខ្ញុំ​គិត​ថាវា​ដោយ​សារ​ទំនាក់​ទំនង​ រូបភាព​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​មាន​របៀប​របប​ស្អាត​ម៉ូដ​ហូល​មិន​ឆើតឆា​យ​ស្គុស​ស្គាយ​ជា​ពិសេស​ហូល​ប្រកប​ដោយ​គុណភាព​ ក៏ដូច​ជា​ការ​យល់​ដឹង​អំពី​តម្រូវ​ការ​របស់​ភ្ញៀវ​» បច្ចុប្បន្ននេះ​កញ្ញា​បាន​សហការ​ជាមួយ​អ្នក​តម្បាញ​នៅ​ក្នុង​​ស្រុក​ព្រៃ​កប្បាស​និង​តំបន់​ក្បែរ​ខាង​។​ ​​ការ​ទទួល​ទិញ​ចូល​ពី​ប្រជា​ពលរដ្ឋ​ក៏មាន​កំណត់​ តែ​ក្នុង​ចំនួន​ច្រើន​ ដោយ​សារ​កញ្ញា​ក៏ជា​ឈ្មួញ​កណ្ដាល​ក្នុង​ការ​ចែក​ចាយ​ទៅ​កាន់​អ្នក​លក់​ដុំ​បន្ដ​ទៀត​។

ក្រៅពី​ស្រុក​ព្រៃ​កប្បាស​ស្រុក​ដែល​មាន​ការ​ផលិត​ហូល​ច្រើន​ក៏មាន​នៅ​ស្រុក​ព្រែក​ចង្ក្រានដោ​យ​ផ្ដោត​លើ​គុណភា​ព​លេខ ២​ និង​លេខ ៣ ​ដែរ ប៉ុន្ដែ​កញ្ញា​អះអាង​ថា កញ្ញា​ទទួល​ទិញ​ពី​សហ​គមន៍​ដែល​ផលិត​ហូល​គុណ​ភាព​លេខ ​១ ​ប៉ុណ្ណោះ​។

កញ្ញា​បាន​លើក​ឡើងពី​ការ​លំបាក​ចំពោះ​ការ​ផលិត​ហូល​របស់​ប្រជា​ពលរដ្ឋ​ថា៖ «​ពេល​យើង​នៅ​មើល​គាត់​ផ្ទាល់អ៊ី​ចឹង​យើង​អាណិត​គាត់​ខ្លាំង​ណាស់។ ការ​ផលិត​រយៈ​ពេល​ពី​កន្លះ​ខែ​ទៅ​ ១​ ខែ​យើង​អាច​ចំណេញ​​បាន​តែ ១៥ ​ដុល្លារ​សម្រាប់ ​១ ឈុត​។ ក្នុង​ការ​ផលិត​ជា​ហូល​មួយ​ត្រូវ​មាន​ការ​ផ្សំផ្គុំ​សមាស​ធាតុ​ជាច្រើន​ ដោយ​មាន​ក្រុម​ជ្រលក់​ពណ៌​និង​អ្នក​ត្បាញ​សូត្រ​ទៅ​តាម​ក្បួន​ខ្នាតរ​ហូត​ដល់​កន្លះ​ខែ​ទើប​ចេញ​ជាផលិត​ផល​ហូល»​។

ជាអ្នក​តម្បាញ​ហូល​តត្រ​កូល​​ ៣ ​ជំនាន់​ ស្ថិត​ភូមិពៃ​ ឃុំ​ត្នោត​ ស្រុក​បាទី​ដែល​នៅ​ក្បែរ​ស្រុក​ព្រៃ​កប្បាស​ អ្នកស្រី​ព្រំ​ចាន់ធូ​អាយុ​ ៣៤ ​ឆ្នាំ ជា​អ្នក​ផ្គត់​ផ្គង់​ហូល​ដល់​កញ្ញា​ ខៀវ​ ស៊ីណា ​ម្នាក់​ផង​ដែរ​បន្ទាប់ពី​​កន្លង​មកអ្ន​កស្រី​ផលិត​ហូល​បោះ​ឱ្យ​ម៉ូយ​យក​បន្ដ​ទៅ​លក់​នៅ​រាជ​ធានី​ភ្នំពេញ​។

ស្ដ្រីដែល​មាន​បង​ប្អូន​ ៥ នា​ក់​ សុទ្ធតែជា​តម្បាញ​ហូលបា​ន​ឱ្យ​ដឹង​ថា គិត​តាំងពី​ការ​ចង​កៀប​ជ្រលក់​ពណ៌​ទាំង​ហាល​ និង​ទង​ បើសិន​ចំណាយ​ពេល​តែ​ម្នាក់​ឯង​អ្នកស្រី​​ត្រូវ​ចំណាយ​ពេល ​១ ខែ​។ បើមាន​គាធ​ស្រាប់​ដាក់​ពណ៌​រួច​ និង​គ្រាន់​តែ​ត្បាញ​ អ្នក​តម្បាញ​ត្រូវ​ការ​ពេល​ ១ សប្ដាហ៍​សម្រាប់​ការងារ​ម្នាក់​ឯង​។

អ្នកស្រី​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «តំណត​ទៅមុខ​ប្រហែលជា​​លែង​មាន​អ្នក​ធ្វើ​ហើយ​ដោយ​សារ​ក្មេងៗ​ទៅ​រៀន​នៅ​សល់តែ​ចាស់ៗ​។ ការងារ​នេះ​ វា​លំបាក ​ហើយ​ ១ ក្បិន​ យើង​​រក​ចំណូល​បានតែ ៥​ ម៉ឺន​ ទៅ ៦ ​ម៉ឺន​រៀល​​ ពីព្រោះ​អ្នក​ធ្វើការ​រោង​ចក្រ​ គេ​បាន​កម្រៃ​ច្រើន​ជាង»​។

ការ​រៀបចំ​ប្រកប​ដោយ​របៀប​រៀប​រយ​ចំពោះ​ការ​បង្ហាញ​នីមួយៗ​នៅ​លើ​ហ្វេស​ប៊ុក​ប្រកប​ដោយ​​វិជ្ជា​ជីវៈ​ កញ្ញា​ ស៊ីណា​ បាន​ឱ្យដឹង​ថា ការ​តាំង​លក់​លើ​អនឡាញ​មិន​ត្រឹម​តែ​ចង់​ទាក់​ទាញ​អតិថិ​ជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អតិថិ​ជន​ជុំវិញ​ពិភព​លោក​ទៀត​ផង​។

​កញ្ញា​បាន​និយាយ​ពី​ក្ដី​បំណង​ថា​៖ «​នៅ​ថ្ងៃ​អនាគត​ខ្ញុំ​មាន​គម្រោង​នាំ​ហូល​ខ្មែរ​យើង​ទៅ​ក្រៅ​ប្រទេស​ដែល​ជា​ប្រភេទ​សេដ្ឋ​កិច្ច​ការ​ទូត​ដោយ​មា​ន​ការ​លើក​ស្ទួយ​វប្បធម៌​ខ្មែរយើង​ឱ្យ​ក្មេង​ស្រីៗយល់​ដឹង​ច្បាស់​អំពី​ហូល​ខ្មែរ​។

ជាក់​ស្ដែង​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ស្គាល់​ច្បាស់​អំពី​ផលិត​ផល​ហូល​ខ្មែរ​យ៉ាង​ដូច​ម្ដេច​ដែរមុន​ពេល​ខ្ញុំ​ចាប់​ផ្ដើម​លក់​ផលិត​ផល​នេះ​»។

បុគ្គលិក​មន្ដ្រី​រាជ​ការ​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច​រូប​នេះបាន​ឱ្យ​ដឹង​ថា ​ជាទូទៅ​អ្នក​តម្បាញ​នៅ​ស្រុក​ព្រៃ​កប្បាស​មាន​ទេព​កោសល្យ​និង​ស្នាដៃ​ត្បាញ​របស់​ពួកគេ​ស្រាប់​ តែ​យោង​ទៅ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​កញ្ញា​គ្រាន់​តែ​បន្ថែម​ការ​ណែ​នាំ​បន្ដិច​បន្ដួច​ វា​ជា​ការ​ស្រេច។

កន្លងម​កការ​ស្លៀក​ហូល​ ស្ដ្រី​តែងតែ​បារម្ភ​ពីការ​ប្រឡាក់​ដែល​មិន​អាច​បោក​ទឹក​បាន​។ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​អ្នក​គ្រង​ហូល​មិន​បាច់​បារម្ភ​ពីការ​បោក​គក់​នោះទេ​ ដោយ​សារ​ការ​ជ្រលក់​ពណ៌​បច្ចុប្បន្ន​ត្រូវបាន​ធ្វើ​ឡើង​ជាមួយ​ល័ក្ត​ខ្មែរ​សុទ្ធ​សាធ​​។

កញ្ញា ​ស៊ីណា បាន​បន្ដ​ថាចំ​ណោម​ប្រភេទ​ហូល​ជា​ច្រើនហូល​ផូស​មាន​តម្លៃ​ថ្លៃ​ជាង​គេដែល​រំលេច​នូវ​ក្បាច់​ផូស​ពេល​គ្រង​លើ​ខ្លួន​ ហើយ​ចំពោះ​ហូល​ដែល​មាន​ផ្ទៃ​ធម្មតា​តម្លៃ​របស់​វាគឺ​អាស្រ័យ​ទៅលើ​ហូល​គោម​នីមួយៗ​។

ដោយ​ចាប់​ផ្ដើម​បើក​ហាង​អនឡាញ​លក់​ជិត៤​ខែការ​លក់​ដំបូង​ៗនៅ​មាន​កម្រិត​ទាប​ ដែល​អាច​មក​ពី​មិន​ទាន់​មាន​មហា​ជន​បាន​ឃើញ​ច្រើន​។

យុវតី​រូបនេះ​បាន​ឱ្យ​ដឹង​ថា​៖ «១ខែ​ដំបូង​នៃការ​បើក​អាជីវ​កម្ម​ ខ្ញុំ​អាច​លក់​ហូល​ត្រឹម​​ចន្លោះ​ពី៥០ទៅ៦០ឈុត​ ហើយ​ដល់​បច្ចុប្បន្ន​នេះ​ខ្ញុំ​អាច​លក់​បាន​ដល់​ប្រហែល​១០០​ហូល​ក្នុង​១ខែ​»។

មន្ដ្រី​រាជការ​រូប​នេះក៏បាន​សុំ​ការ​យោគ​យល់​ និង​អធ្យា​ស្រ័យ​ពី​សំណាក់​អតិថិ​ជន​ ដែល​មាន​ការ​រង់ចាំ​ការ​ឆ្លើយ​តប​យូរ​ដោយ​សារ​កញ្ញា​បាន​និយាយ​ថា​ កញ្ញា​ឆ្លៀត​ពី​ការងារ​មក​បង្កើត​មុខ​របរ​តូច​មួយ​បន្ទាប់​បន្សំ​និង​ការ​ស្រឡាញ់​។

​​ជា​ទូទៅ ​កញ្ញា​អាច​ធ្វើ​អាជី​វកម្ម​លក់ដូរ​តែ​ថ្ងៃ​ចុង​សប្ដាហ៍​​ដែល​បាន​ផ្ដល់​សេវា​កម្ម​ដោយ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​ចំពោះ​ភ្ញៀវ​ ខណៈ​ថ្ងៃ​ធ្វើ​ការ​ ​កញ្ញា​​មិន​មាន​ពេល​វេលា​ឆ្លើយ​តប​សារ​ជា​អតិថិ​ជន​​ដិត​ដល់​ទេ​។

ចេញ​ពី​បំពេញ​ការងារ​ម្ចាស់​ហាង​ផលិត​ផល​ហូល​ខ្មែរ​រូបនេះ ​ក៏ឆ្លៀត​ធ្វើដំណើរ​ទៅ​មើល​កី​តម្បាញ​ដល់​ស្រុក​ព្រៃ​កប្បាស​ ដើម្បី​ពិនិត្យ​ផលិត​ផល​ ដែល​ធ្វើ​ឱ្យ​កញ្ញា​​មាន​ភាព​មមា​ញឹក​លើស​ពីការ​រំពឹង​ទុក។

នៅ​ពេល​ដែល​ការ​លក់​ដំណើរ​ការ​ល្អ​យុវតី​រូប​នេះ​បាន​អះអាង​ថា កញ្ញា​នឹង​បន្ដ​ទៅ​គាំទ្រ​ផលិត​ផល​ហូល​នៅ​តាម​បណ្ដា​សហ​គមន៍​ផ្សេងៗ​ទៀត​ និង​ចង់​នាំ​យក​ផលិត​ផល​ខ្មែរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ឱ្យ​បរទេស​បាន​ស្គាល់​ពី​ខ្មែរ​កាន់​តែ​ច្រើន​។

ថ្វីដ្បិ​តតែ​ការ​លក់​ផលិត​ផល​ហូល​ខ្មែរ​នេះ​កើត​ចេញ​ពី​ស្រឡាញ់​ក៏ពិត​មែន​កញ្ញា ​ស៊ីណា ​បាន​សារ​ភាព​ថា​ពីដំបូង​ឡើយ​ កញ្ញា​អត់​ស្គាល់​ពី​ហូល​អ្វី​ទាំង​អស់ជា​ពិសេស ​មិន​ដឹង​មួយ​ណា​ជា​​ប្រភេទ​ហូល​តង្ករ ​៤ ​តង្ករ​ ១២​ ហូល​ផូស​ផ្ទៃ​ស្រកា​លីង។

យុវតី​ ដែល​រមែង​គ្រង ​ឈុត​ហូល​ប្លែកៗលើ​បណ្ដាញ​សង្គម​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ចាប់​ផ្ដើម​ស្គាល់​កាន់តែ​ច្បាស់​នៅ​ពេល​​ខ្ញុំ​ចាប់​ផ្ដើម​លក់​ផលិត​ផល​ហូល​ខ្មែរ​ទាំង​នេះ​។ពេល​លក់​ដំបូងខ្ញុំ​ពិត​ជា​ស្មុគ​ស្មាញ​ណាស់​រួមទាំង​ការ​អត់​ចេះ​បត់​ហូល​ អត់​ចេះ​ធ្វើ​អ្វី​ទាំង​អស់​ទាក់​ទង​នឹង​ហូល»​។

មួយ​វិញ​ទៀត ​កញ្ញា​​អត់​ទាន់​ចេះ​រៀប​ពាក្យ​ពេចន៍​និយាយ​ជា​មួយ​ភ្ញៀវ​ដោយ​ភ្ញៀវ​ខ្លះ​ខឹងនិ​ង​អន់​ចិត្ដ​ ដែល​អាច​ឱ្យ​​ភ្ញៀវ​មាន​ការ​ក្នក់​ចិត្ដ​។ពេល​នេះភ្ញៀវ​ចង់​មក​ជួប​ និង​ពិនិត្យ​មើល​ហូល​ភ្លាមៗចំ​ពេល​មន្ដ្រីរាជការនេះ​​កំពុង​ធ្វើ​ការ​។នេះ​ជា​មូលហេតុ​ដែល​ភ្ញៀវ​មិន​ចង់​រង់​ចាំ​ និង​មាន​ការ​អាក់​អន់​ចិត្ដ​ជាដើម​។

កញ្ញា​បាន​រំឭក​ថា ដំបូង​ឡើយ​កញ្ញា​ចាប់ផ្ដើម​ពីការ​លក់​ស៊ឹង​ខ្មែររួច​ក៏​ប្ដូរ​មក​ចាប់​របរ​ហូល​ខ្មែរ​វិញ​ ដោយ​សារ​កញ្ញា​មិន​ស្គាល់​ច្បាស់​អំពី​ទីតាំង​ផលិត​ប្រកប​ដោយ​គុណ​ភាព​។

កញ្ញា​បាន​ឱ្យ​ដឹងថា​​៖ «​ចំណោម​ស៊ឹង​ហូល​និង​ផា​មួង​ហូល​មាន​តម្លៃ​ខ្ពស់​ជាង។កាលពី​ដើមក្នុង​ភូមិ​មួយ​ បើ​មាន​នារី​ណា​ស្លៀក​ហូល​គាត់​ច្បាស់​ជា​អ្នក​មាន​ទ្រព្យ​ធន​ធាន​ហើយ​។ប៉ុន្ដែ​ឥឡូវ​មាន​ប្រជា​ពលរដ្ឋ​ស្លៀក​ហូល​ច្រើន​ រួម​ទាំង​ហូល​ដែល​ហូរ​ចូល​ពី​ក្រៅ​ប្រទេស​ច្រើន​»។

យ៉ាង​ណាមិ​ញ​ កញ្ញាបា​ន​លើក​ឡើង​​ថា​ បច្ចុប្បន្ន​នេះមាន​ផលិត​ផល​ហូល​នាំ​ចូល​ច្រើន​ពី​បរទេស​ដែល​ពលរដ្ឋ​ជា​ច្រើន​​មិន​ចេះ​បែង​ចែក​រវាង​ផលិត​ផល​ខ្មែរនិង​ផលិត​ផល​បរទេស​ ឬ​ចង់​ប្រើ​ផលិត​ផល​បរទេស​ដោយ​សារ​មាន​តម្លៃ​ថោក​ជាង​។

កញ្ញា​បាន​បញ្ជាក់​ថា ​ពេល​ខ្លះប្រ​ជាជន​​ចាប់​ច្រឡំ​គ្នា​តែ​ម្ដង​សម្រាប់​ហូល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​និង​ហូល​ផលិត​ក្នុង​ស្រុក​ ហើយ​ពេល​ក្រឡេក​មើល​មួយ​ភ្លែត​ហូល​បរទេស​មាន​លក្ខណៈ​ស្រស់​ស្អាត​ជាង​ដោយ​សារ​ភាព​រលោង​របស់​វា​។ប៉ុន្ដែ​សម្រាប់​ហូល​ខ្មែរ​​ អ្នក​តម្បាញ​ត្បាញ​ដោយ​ដៃ​ ខុសពី​ហូល​បរទេស​ត្បាញ​ដោយ​ម៉ាស៊ីន​។ដូច្នេះ​ផលិត​ផល​ត្បាញ​ដោយ​ដៃ​មាន​តម្លៃ​ជាង​។

កញ្ញា​ ស៊ីណា ​បាន​និយាយ​ថា ហូ​ល​នាំ​​ចូល​​ពី​បរទេស​មាន​តម្លៃ​ចន្លោះ​ពី២០ទៅ១០០​ដុល្លារ​ ខណៈ​ផលិត​ផល​ហូល​ខ្មែរដែល​ត្បាញ​ដោយ​ដៃ​មាន​តម្លៃ​ចាប់​ពី១០០​ដុល្លារ​ទៅដល់​៣០០​ដុល្លារ​ក្នុង​១​ឈុត​គឺ​អាវ​១ សំពត់​១​។

ដោយ​មើល​ឃើញ​គម្លាត​តម្លៃ​នេះបាន​ធ្វើ​ឱ្យ​សិប្បកម្ម​តម្បាញ​ខ្មែរ​មាន​ការ​ធ្លាក់​ចុះ​ជាលំដាប់​រហូត​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​តម្បាញ​ស្រុក​ព្រៃ​កប្បាសនិង​ស្រុក​ក្បែរ​ខាង​ចាប់​យក​របរ​កាត់​ដេរ​តាម​រោង​ចក្រ​វិញ​។

អ្នកស្រី ចាន់ធូ បាន​ឱ្យដឹងថាអ្ន​កតម្បាញ​នៅ​តំបន់​អ្នកស្រី​រស់​នៅ​មាន​ចំនួន​កាន់​តែ​ខើច​តិចទៅ​ ហើយ​ណាមួយហូល​នាំ​ចូល​ពី​បរទេស​មាន​ចំនួន​ច្រើន​និងមានតម្លៃ​ថោក​ដែល​ជា​ពាណិជ្ជកម្ម​បំបាក់​ទឹក​ចិត្ដ​ផលិតផល​តម្បាញ​ដោយ​ដៃរបស់​ខ្មែរ​។

អ្នកស្រី​ សំណូ​មពរ​ដល់​សមត្ថ​កិច្ច​និង​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ជួយ​ធ្វើ​យ៉ាង​ណា​លើក​ស្ទួយ​ផលិត​ផល​ក្នុង​ស្រុក​ ដោយ​កាត់​បន្ថយ​ការ​នាំ​ចូល​ហូល​ពី​បរទេស​។

លោក​អ៊ំ​ សារឿន​ ប្រធាន​ផ្នែក​វប្បធម៌​នៃ​រដ្ឋបាល​ស្រុក​ព្រៃ​កប្បាស​បានឯក​ភាព​ថា​វាអា​ស្រ័យ​ទៅលើ​តម្លៃ​ទីផ្សារ​ ប្រសិន​បើហូល​បាន​តម្លៃថ្លៃ ​​មាន​អ្នក​ផលិត​ច្រើន​ តែ​បើ​មាន​តម្លៃ​ធ្លាក់​ចុះអ្នក​ផលិត​ក៏​ថយ​ចុះ​ដែរ។

លោក ​សារឿន​ បាន​ប្រាប់ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ ​«​នេះ​ជា​ហេតុ​ដែល​នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ចេញ​ទៅ​ធ្វើការ​នៅ​រោង​ចក្រ​កាត់ដេរ​ ហើយ​ណា​មួយ​វត្ថុ​ធាតុ​ដើម​ក៏​អត់​សុទ្ធ​និង​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​ទៀត​។ ​ភាគ​ច្រើន​ រាល់​ថ្ងៃនេះ​នៅសល់​តែ​ចាស់​ៗ​នោះទេ​ដែល​នៅ​បន្ដ​អាជីព​តម្បាញ​ហូល​នេះ​។ពួកគា​ត់​នៅ​ផ្ទះ​មើល​ចៅ​អីខ្លះនិ​ង​ផលិត​ហូល​អី​ខ្លះ​ទៅ»​។

លោក​បាន​ឱ្យ​ដឹង​ថា​ កាល​ពី​សម័យ​មិន​ទាន់​សម្បូរ​រោង​ចក្រកី​តម្បាញ​នៅ​ស្រុក​ព្រៃ​កប្បាស​នេះ​មាន​ចំនួន​ប្រហែល​ជាង​ ៥ ០០០​កី​ ហើយ​ដល់​ពេល​អ្នក​ភូមិ​ខ្លះ​ក៏​បោះបង់​ដោយ​សារ​ជួប​ការលំបាក​ច្រើន។បច្ចុប្បន្ន​ ចំនួន​កី​តម្បាញ​ទូទាំង​ស្រុក​នៅ​សល់​តែ​ក្រោម​ ៣ ០០០​ ប៉ុណ្ណោះ​។

លោក​បាន​ទទួលស្គា​ល់ថា​ ដោយ​សារតែ​ការ​នាំ​ចូល​ផលិត​ផល​ហូល​ពី​បរទេស​ច្រើនតម្លៃ​ថោក​ជាង​ ទើប​ធ្វើ​ឱ្យ​ផលិត​ផល​តម្បាញ​ដោយ​ដៃ​របស់​ខ្មែរ​លែង​សូវ​មាន​ការ​ចាប់​អារម្មណ៍​។

លោក​សារឿន​បាន​បន្ថែមថា​៖ «​កន្លង​មក​ខាង​ថៃ​បាន​នាំយក​គ្រូ​ខាង​ខ្មែរ​យើង​ដែល​ចេះ​ស្ទាត់​ៗឱ្យ​ទៅ​បណ្ដុះ​បណ្ដាល​ពលរដ្ឋ​នៅ​ស្រុក​គេហើយ​គេ​យក​គោម​ ក្បូរ​ក្បាច់​ពី​គ្រូ​យើង​ទៅ​ចម្លង​វ៉ៃ​ពុម្ព​បោះ​ចេញ​ជា​ម៉ាស៊ីន​តែម្ដង»។

ចំពោះ​ចំណាត់​ការ​ថែរក្សា​ទំនៀម​ទម្លាប់​ប្រពៃណី​នេះ​ប្រធាន​វប្បធម៌​នៃរដ្ឋ​បាលស្រុ​ក​ព្រៃ​កប្បាសបាន​បន្ដ​ថា​៖ «ខាង​ក្រសួង​និង​មន្ទីរ[វប្បធម៌​និង​វិចិ​ត្រសិល្បៈ​] ក៏​ចុះ​មក​ណែនាំនិ​ង​ត្រួត​ពិនិត្យ​ ក៏ដូចជា​បណ្ដុះ​បណ្ដាល​បន្ថែម​ផង​ដែរប៉ុ​ន្ដែ​កន្លង​មកដោយ​សារ​ទីផ្សារ​មិន​សូវ​ផុល​ផុស​ កី​តម្បាញ​ជាច្រើន​ត្រូវ​បាន​ទុក​ចោល»​។

ទោះ​ជា​យ៉ាង​ណា​កញ្ញា ​ខៀវ​ ស៊ីណា​ លើក​ទឹក​ចិត្ដ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​គាំទ្រផ​លិត​តម្បាញ​ដោយ​ដៃដ៏​ប្រសប់​របស់​ខ្មែរ​ដែល​ពួកគេ​ពិត​ជា​ខិតខំ​យ៉ាង​ខ្លាំង​ទម្រាំ​ចេញ​ជា​លទ្ធ​ផល​សម្រេច​នីមួយៗ​។

កញ្ញា​បាន​ប្រាប់​ថា​៖ «​អតិថិជ​ន​នឹង​ហ៊ាន​ផ្ដល់​តម្លៃ​ជូន​អ្នក​តម្បាញ​ដោយ​ដៃ​នៅពេល​ពួកគេ​បាន​ទៅ​មើល​ផ្ទាល់​ពីការ​ផលិត​របស់​អ្នក​តម្បាញ​យើង​។

អ្នក​តម្បាញ​ពិតជា​ខិតខំ​ប្រឹង​ប្រែង​ផលិត​ហូល​ដោយការ​ចង់​ថែរក្សា​ទំនៀម​ទម្លាប់​ប្រពៃណី​ផង​និង​មាន​ឱកាស​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ជុំ​គ្រួសារ​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ចំណាក​ស្រុក​៕