ភ្នំពេញៈ ​បើ​គ្រាន់តែ​គិត​ចាប់ពី​ត្រឹម​ឆ្នាំ​ ២០១៨ មកទល់នឹង​ចុងឆ្នាំ​ ២០១៩ ក្រុម​ផលិត​យន្តហោះ​តូចៗ​ពី​ស្នោ​របស់​លោក ជឿន ចននី ដែល​គេ​ស្គាល់​តាម​ក្រុម​ឈ្មោះ «​គំនិត​-Khomnit» បាន​ឆ្លងកាត់​ការផលិត​យន្តហោះ​ចំនួន ៥ ​ម៉ូដែល​មាន (​ធុន​) ​ចំនួន​សរុប​ប្រមាណ​ ២០០ ​គ្រឿង តែ​ក៏បាន​លក់ដាច់​អស់ហើយ​ដែរ​។

បច្ចុប្បន្ន ក្រុម​នេះ​កំពុងតែ​សស្រោក​សស្រាំ​ក្នុង​ការផលិត​យន្តហោះ​តូចៗ​ពី​ស្នោ សម្រាប់​គប់​លេង​ឱ្យ​អតិថិជន​មិនទាន់​តាម​ការ​កុម្ម៉ង់​ឡើយ​។ ក្រុម​គំនិត ក៏​សកម្ម​នឹង​ការផលិត​យន្តហោះ​ស្នោ​ខ្នាតតូច ដែល​អាច​បញ្ជា​បាន​តម្លៃ​ ១​ គ្រឿង​ចន្លោះ​ពី​ ៣០ ​ដុល្លារ ឬ​ ៤០ ​ដុល្លារ​ឡើងទៅ​តាម​ការកុម្ម៉ង់ និង​មាន​គម្រោង​ផលិត​យន្តហោះ​ស្នោ​ខ្នាត​ធំ​ទម្ងន់ ៧ ​គីឡូ អាច​បញ្ជា​ហោះហើរ​ដូចជា «​ដ្រូន​»​ ទៀតផង​។ ស្ថាបនិក​ក្រុម «​គំនិត​-Khomnit» វ័យ ៣០ ​ឆ្នាំ លោក ជឿន ចននី ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា​៖ «​បច្ចុប្បន្ន យើង​ផលិត​យន្តហោះ​ពី​ស្នោ ដែល​បាន​ប្រើ​រូបមន្ត​ពិសេស​ក្នុង​ការរក្សា​ភាពស្វិត​បាន​យូរ​នៃ​គុណភាព​ស្នោ​។ យើង​បាន​ផលិត ២​ ប្រភេទ​នៃ​យន្តហោះ​ស្នោ​ទាំងនេះ​។ ទី​ ១ ជា​យន្តហោះ​សម្រាប់​គប់​លេង និង​ទី​ ២ ជា​យន្តហោះ សម្រាប់​បញ្ជា​ហោះហើរ​នៅលើ​អាកាស​បាន​ដូច ដ្រូន​»​។

លោក ចននី បន្តថា​៖ «​សម្រាប់​យន្តហោះ​ប្រភេទ​គប់​លេង​យើង​បាន​ផលិត ៣ ​ម៉ូដែល​គឺ​ប្រភេទ Boeing 747 ម៉ូដែល A350 និង​ម៉ូដែល A320​។ ឯ​ប្រភេទ​ទី​ ២ គឺ​យន្តហោះ​បញ្ជា Airbus A350 remote contor RC ទម្ងន់ ៧ ​គីឡូ វា​មាន​ប្រវែង​ជាង ៣ ​ម៉ែត្រ​ឯណោះ ដោយ​ប្រភេទ​យន្តហោះ​បញ្ជា​នេះ ខ្ញុំ​ក៏​គ្រោង​នឹង​បន្ត​ការពិសោធ​បន្ថែមទៀត ហើយ​លទ្ធផល​នឹង​ដឹង​ច្បាស់លាស់​ក្នុង​ពេល​ឆាប់ៗ​»​។


លោក ចននី ដែលជា​កូនកំព្រា​ឪពុកម្តាយ​តាំងពី​វ័យ ៥ ​ឆ្នាំ និង​បានរស់នៅ​មណ្ឌល​កុមារ​កំព្រា​រហូត​បាន​រៀនសូត្រ​ចប់​ជំនាញ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកវិទ្យា​កម្ពុជា (NPIC) និង​មាន​ទេពកោសល្យ​យល់ដឹង​ខ្ពស់​ផ្នែក​យន្តកម្ម​។ ដោយ​គ្រាន់តែ​មើល​សៀវភៅ ក៏​លោក​អាច​សម្រេច​ជោគជ័យ ក្នុង​ការច្នៃ​ផលិត​យន្តហោះ​តូចៗ​ផលិត​ពី​ស្នោ តាំងពី​ឆ្នាំ​ ២០១៨ ​មក ខណៈ​គំនិត​ផ្តួចផ្តើម និង​ស្រាវជ្រាវ​ស្វ័យ​សិក្សា​ខ្លួនឯង​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០០៥ ​។

បុរស​រូបនេះ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម និង​ជា​អ្នកដឹកនាំ​ការផលិត​យន្តហោះ​បញ្ជា​ខ្នាតតូច​ក្រុម «​គំនិត​-Khomnit» បញ្ជាក់​ពី​គោលបំណង ដែល​នាំឱ្យ​លោក​ផលិត​យន្តហោះ​បញ្ជា​ទាំងនេះ​ឡើង គឺ​ដោយសារ​តែ​ជា​ចំណង់​ចំណូលចិត្ត​តាំងពីក្មេង និង​ព្រោះតែ​លោក​មាន​ចំណេះ​​ជំនាញ​ផ្នែក​មួយ​នេះ​ផងដែរ​។


លោក​បញ្ជាក់ថា​៖ «​ម្យ៉ាងវិញទៀត ការបង្កើត​វា​ឡើង​ក្នុង​គោលបំណង​ចង់ឱ្យ​ប្រជាជន​ខ្មែរ​បាន​ប្រើប្រាស់​ប្រភេទ​យន្តហោះ​បញ្ជា​ខ្នាតតូច​ទាំងនោះ និង​ចង់​ពញ្ញាក់​ស្មារតី​យុវជន​ខ្មែរ ក៏​ដូចជា​ប្រជាជន​ខ្មែរ​ឱ្យ​ស្គាល់​ពី​គុណតម្លៃ​នៃ​បច្ចេកវិទ្យា​ក្នុង​វិស័យ​មួយ​នេះ និង​បង្ហាញ​ទៅកាន់​បរទេស​ថា ខ្មែរ​ក៏​អាចធ្វើ​បាន​»​។

ចំពោះ​អានុភាព​នៃ​យន្តហោះ​បញ្ជា​ពិសេស​ខ្នាតតូច លោក ចននី អ្នកដឹកនាំ​ផលិត​ក្រុម «​គំនិត​-Khomnit» ឱ្យ​ដឹងថា វា​មាន​លក្ខណៈ​ខុសពី​ផលិតផល​ផ្សេងៗ​ត្រង់​ថា វា​មាន​រាង​តូច​ល្មម សម្រាប់​ប្រើប្រាស់ ហើយ​រូបរាង​គឺ​ដូច​យន្តហោះ​មែនទែន ថែមទាំង​មាន​លក្ខណៈ​ងាយស្រួល ក្នុង​ការដោះ​ផ្គុំ​។ ខណៈ​គ្រឿង​ផលិត​មាន​លក្ខណៈ​រឹងមាំ និង​ទទួល​បាន​ការតេស្ត​យ៉ាង​ត្រឹមត្រូវ ដើម្បី​រក្សាបាន​នូវ​គុណភាព​។

លោក​លើកឡើង​ថា​៖ «​ពួកយើង​បាន​ផ្តើម​ពី​ចំណុចសូន្យ​មក​ដល់​បង្កើតបាន​ផលិតផល​ស្តង់ដា​មួយ ដែល​មាន​ការវេចខ្ចប់​ត្រឹមត្រូវ និង​ត្រៀម​រុញ​ចូល​ប្រជែង​ទីផ្សារ ក៏​ដោយសារ​តែ​ការគាំទ្រ​របស់​បងប្អូន​។ តួយ៉ាង​ដូចជា​យន្តហោះ​បញ្ជា ANA តម្លៃ ៣០$ ល្អ​លេង​មែនទែន​។ បញ្ជា​បាន​ចម្ងាយ ១០០ ​ម៉ែត្រ មាន​ថ្ម​ ១ វា​ហោះ​បាន ១៥​ នាទី ហើយ​ថ្ម​បញ្ចូលភ្លើង​បាន​ងាយស្រួល​ដោះ​ផ្គុំ ចូល​ទឹក​មិន​ខូច និង​ហោះ​ធ្លាក់​ក៏​មិន​បែកបាក់​»​។

ទោះជា​យ៉ាងណា មុន​នឹង​ឈាន​មក​បង្កើត​យន្ត​បញ្ជា​ប្រភេទ Airbus A350 remote contor RC ដោយមាន​ទម្ងន់​ដល់​ទៅ ៧ ​គីឡូក្រាម​នោះ លោក ជឿន ចននី និង​ក្រុមការងារ «​គំនិត​-Khomnit» ដែលមាន​សមាជិក​ចំនួន ៧ ​នាក់​ក៏​ធ្លាប់បាន​សាកល្បង​ជោគជ័យ​ប្រភេទ​តូច​មួយ​រួចមកហើយ កាលពី​ពេល​កន្លងទៅ ដែល​សមត្ថភាព​អាច​ហោះ​បាន​ក្នុង​កម្ពស់​ពី ៤០ ​ម៉ែត្រ ទៅដល់ ៨០ ​ម៉ែត្រ ទើប​ជាហេតុ​នាំ​ឱ្យ​លោក​មាន​គំនិត​ឈាន​ទៅរក​ការបង្កើត​ធុន​ធំ​ជាង​មុន​។

លោក ជឿន ចននី រំឭកថា​៖ «​កាល​ដំបូង​ធ្វើតេស្ត​យន្តហោះ​បញ្ជា​ឈ្មោះ Dive Shark មាន​ប្រវែង​ ១ ​ម៉ែត្រ និង​ទម្ងន់​ ៩០០ ​ក្រាម ដោយ​វា​អាច​មាន​សមត្ថភាព​ហោះហើរ​លើ​អាកាស​បាន អាស្រ័យ​តាម​លក្ខខណ្ឌ​នៃ​អាកាសធាតុ​ដែរ​។ នាពេល​បង្ហោះ​គ្មាន​ខ្យល់​នោះ វា​អាច​ហោះ​បាន​ត្រឹមតែ​ប្រមាណ ៤០ ​ម៉ែត្រ​ប៉ុណ្ណោះ តែ​ពេល​មាន​ខ្យល់​អាច​ហោះ​កម្ពស់​ចន្លោះ​ពី ​៦០-៨០ ​ម៉ែត្រ​បាន​»​។

ចំពោះ​យន្តហោះ​ស្នោ​គប់​លេង​ដែល​ក្រុម «​គំនិត​-Khomnit» ផលិត​លក់​នោះ មាន​ចំនួន ៣ ​ខ្នាត​គឺ​តូច មធ្យម និង​ធំ ហើយ​តម្លៃ​ចន្លោះ​ពី ៣ ​ដុល្លារ ៥​ ដុល្លារ រហូតដល់ ១០​ ដុល្លារ​។ ក្រុម​នេះ កំពុង​តែ​មាន​ភាព​មមា​ញឹក​ផលិត​យន្តហោះ​ប្រភេទ​ទី​១ គឺ​មិនមាន​យន្តហោះ សម្រាប់​លក់​តម្រូវ​តាម​ការកុម្ម៉ង់​ពី​អតិថិជន​ឡើយ បើទោះបី​ក្រុម​លោក​ជា​មធ្យម​ក្នុង​រយៈពេល​ ១​ ខែ អាច​ផលិត​បាន​ចំនួន​ប្រមាណ​ ៥០ ​គ្រឿង​ក៏ដោយ​។

លោក ជឿន ចននី ដែលជា​កូនកំព្រា​តាំងពី​តូច​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម និង​ធំ​ដឹងក្តី​នៅ​ភ្នំពេញ​បាន​ប្រាប់ថា​៖ «​ក្រោយពី​មាន​ការគាំទ្រ និង​ដឹង​ពី​គុណភាព​នៃ​ការផលិត​យន្តហោះ​ស្នោ ដែល​មិន​ងាយ​ខូច​របស់​យើង​មក​នោះ​។ សព្វថ្ងៃ​នេះ​ទាំង​បងប្អូន​ខ្មែរ និង​បរទេស​មាន​ដូចជា ចិន​ហុងកុង ឥណ្ឌា ជាដើម បាន​ជាវ​របស់​យើង​មិន​សល់​នោះឡើយ ហើយ​យើង​ផលិត​មិនទាន់​ការ​កុម្ម៉ង់​ទិញ​ទៀតផង​»​។

ចំពោះ​យន្តហោះ​ស្នោ​ប្រភេទ​ទី​១ សម្រាប់​គប់​លេង​នេះ បើតាម​លោក ចននី កន្លងមក​ទំហំ​ខ្នាតតូច​មាន​ទម្ងន់ ៥០ ​ក្រាម លក់ ១ ​គ្រឿង តម្លៃ ៣​ ដុល្លារ ខ្នាត​មធ្យម​ទម្ងន់ ១២០​ ក្រាម លក់ ១​ គ្រឿង តម្លៃ ៥ ​ដុល្លារ និង​ខ្នាត​ធំ​ទម្ងន់ ២០០ ​ក្រាម លក់ ១ ​គ្រឿង តម្លៃ ១០ ​ដុល្លារ​។ សម្រាប់​យន្តហោះ​ប្រភេទ​ទី​២ ខ្នាតតូចៗ ដែល​អាច​បញ្ជា​ហោះហើរ​នៅលើ​អាកាស​ដូចជា ដ្រូន វិញ​នោះ ១ ​គ្រឿង មាន​តម្លៃ​ចាប់ពី ៣០ ​ដុល្លារ ឬ​ ៤០ ​ដុល្លារ ឡើងទៅ​គឺ​អាស្រ័យ​តាម​ការ​កុម្ម៉ង់​ពី​អតិថិជន​។

នា​អំឡុង​ខែកញ្ញា និង​តុលា ឆ្នាំ​ ២០២២ គេ​ឃើញ​ប្រភេទ​យន្តហោះ​ស្នោ ដែល​អាច​បញ្ជា​បាន​ខ្នាតតូច​នោះ​ត្រូវ​លោក ជឿន ចននី បញ្ជាក់​ពី​តម្លៃ ១​ គ្រឿងៗ ឱ្យដឹង​តាម​ផេច​ផ្លូវការ​ឈ្មោះ «​គំនិត​-Khomnit» នូវ​ប្រភេទ​យន្តហោះ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​ទៅ​តាម​ជើងហោះហើរ​នៃ​ប្រទេស​នីមួយៗ​ផងដែរ​។

ចំពោះ​ប្រភេទ​យន្តហោះ​អាច​បញ្ជា​បាន​ខ្នាតតូច​ទាំងនោះ លោក ចននី រៀបរាប់​ឱ្យដឹងថា​៖ «​ប្រហែល​ជា​បងប្អូន​អាច​នឹង​ចូលចិត្ត​សត្វ​កង់​គូរូ ដូច Admin ផងដែរ​។ វា​ជា​និមិត្តរូប​តំណាង​ឱ្យ​ប្រទេស​អូស្ត្រាលី ដែល​គេ​បាន​យកមក​ដាក់​លើ​យន្តហោះ​ជាមួយ​ពាក្យ​ថា «spirit of Australia» មានន័យថា ដួងព្រលឹង​របស់​ប្រជាជាតិ​អូស្ត្រាលី​។ យន្តហោះ​ប្រភេទ​បញ្ជា​តម្លៃ ៣០$ ល្អ​លេង​សម្រាប់​លក្ខណៈ​គ្រួសារ​»​។

លោក ចននី បន្តថា​៖ «​ការរចនា​តាម​ការកុម្ម៉ង់ (Custom Design) ​តម្លៃ​ត្រឹមតែ ៤០$ ​យើង​អាច​រចនា​តាម​ការចង់​បាន​របស់​អតិថិជន ដោយ​គ្រាន់តែ​ផ្ញើ logo មកកាន់​យើង​ជាការ​ស្រេច​។ គំនិត សូម​អរគុណ​អតិថិជន ជា​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​បាន​គាំទ្រ និង​មាន​ទំនុកចិត្ត​ចំពោះ​ផលិតផល​របស់​គំនិត​៕