នៅ​សល់​ពេល​មិន​ដល់ ​១ សប្តាហ៍​ទៀត​ទេ ​បណ្តុំ​ទស្សនីយភាព​នៃ​ការសម្តែង​សិល្បៈ​របាំ​ សម្តែង​សៀក ​តន្រ្តី​ ​របាំ ​ការដើរ​បង្ហាញ​ម៉ូដ​ ការបង្ហាញ​ស្នាដៃ​សិល្បៈ​ និង​កម្មវិធី​សិល្បៈ​ជាច្រើន​ទៀត​ ជា​លក្ខណៈ​រៀបចំ​ប្រចាំ​ឆ្នាំ​ ដើម្បី​ផ្សព្វផ្សាយ​រក​ទីផ្សារ​ឱ្យ​អ្នក​សិល្បៈ​ចម្រុះ​ជំនាញ​ នឹង​ប្រារព្ធ​ឡើង​វិញ ​នៅ​លើ​កំណាត់​ផ្លូវលេខ​ ២.៥ ​នៃ​ខេត្ត​បាត់ដំបង​ ដែល​មាន​រយៈ​ពេល ​៣ ​ថ្ងៃ​ គឺ​ទី ២៥-២៧ ​ខែវិច្ឆិកា ​នេះ ​ក្រោយ​ពី​បាន​ខកខាន​អស់​ពេល​២ឆ្នាំមក​។ នេះ​បើ​តាម​អ្នករៀបចំ​កម្មវិធី។

លោក​ ប៉ោយ ឈុនលី ​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​មហោ​ស្រព​ជំនោរសិល្បៈ​ឆ្នាំ ២០២២ ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី ២០ ​វិច្ឆិកាថា​ កម្មវិធី​មហោស្រព​ជំនោរ​សិល្បៈ​ឆ្នាំ​ ២០២២ ​នេះ ​នឹង​មាន​ក្រុម​សិល្បករ​-សិល្ប​ការិនី​មក​ពី ​៤​ ខេត្ត-​ក្រុង​ មាន​ប្រមាណ​ជិត​ ២០០ នាក់ ​បាន​ស្ម័គ្រចិត្ត។​ កម្មវិធី​នេះ​ទៀត​សោត​ គឺ​ចង់​ប្រែក្លាយ​ឱ្យ​ទៅ​ជា​យុទ្ធសាស្រ្ត​មួយ​ ដើម្បី​រិះរក​ទីផ្សារ​ជូន​អ្នក​សិល្បៈ​ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​ទាំង​ជាតិ ​និង​អន្តរជាតិ ​នា​រយៈពេល​ ៣ថ្ងៃ​នេះ។​​

លោក​ឈុន​លី​បញ្ជាក់​ថា​៖«ក្រុម​សិល្បករ​-សិល្បការិនី​ និង​ក្រុម​អ្នកស្ម័គ្រចិត្ត​សរុប​ចំនួន​ ១៩០ នាក់ ​ដែល​មកពី​ខេត្ត​សៀមរាប​ រាជធានី​ភ្នំពេញ ​ខេត្តកំពត ​និង​ខេត្តបាត់ដំបង ​នឹង​មក​បង្ហាញ​ស្នាដៃ​សិល្បៈ​ជាជំនាញ​ខ្លួន ​និង​សម្តែង​នូវ​ផ្ទាំង​ទស្សនីយភាព​ចែក​ជូន​មហាជន​ទស្សនា​ មាន​រយៈពេល ​១ ថ្ងៃ ​២ ថ្ងៃ ​ឬ​ ៣ ថ្ងៃ ​គឺ​អាស្រ័យ​ទៅតាម​ពេលវេលា​អាច​ចូល​រួម​របស់​ពួកគាត់​»។


កម្មវិធី​ដែល​នឹង​ត្រូវ​បង្ហាញ​ក្នុង​រយៈពេល​៣​ថ្ងៃ​នោះ ​រួមមាន​ការតាំង​ពិព័រណ៍​គំនូរ​រូបថត ​និង​គំនូរ​សិល្បៈ​ហាន់ណា ​(២ ថ្ងៃ)​ ក្រុម​សៀក​ ក្រុម​រាំ ​និង​ក្រុម​ភ្លេង ​៣ ថ្ងៃ ​ការសម្តែង​ល្ខោន​គំនិត ​៣ ថ្ងៃ ​ការសម្តែង​របស់​ក្រុម​តន្រ្តី​នារី​ឈ្មោះ​មេធា ​៣ ថ្ងៃ ​ការសម្តែង​របាំ​បុរាណ​ ១ ថ្ងៃ ​ការបង្ហាញ​ម៉ូដ​សម្លៀក​បំពាក់ ​១ ថ្ងៃ ​ការប្រគំតន្រ្តី​ចម្រៀង ​(ខាន ​ខាវ ​និង​មាស ​ឌីម៉ូ)​ ចំនួន ​២ ថ្ងៃ​ ការសម្តែង​សិល្បៈ​សហសម័យ​នៅ​លើ​ដង​ផ្លូវ​លេខ ​២.៥​ ចំនួន​ ២ ថ្ងៃ ​ការផាត់ពណ៌​របស់​កុមារ​ចំនួន​ ២ ​ថ្ងៃ​ (កុមារ​តូចៗ)។


លើសពី​នេះ ​ក៏​មាន​ការចូលរួម​បង្ហាញ​ពី​ដៃគូ​អន្តរជាតិ​ Asian Foundation ​ដែល​នឹង​ចាក់​បញ្ចាំង​ភាពយន្ត ​និង​ការបង្ហាញ​សម្លៀកបំពាក់​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ជប៉ុន ​និង​ការដាក់​តាំង​បង្ហាញ​ស្នាដៃ​គំនូរ​ និង​ប្រកាស​ជយលាភី​ប្រឡង​ស្នាដៃ​វិចិត្រកម្ម​នៃ​កម្មវិធី​ White Canvas Cambodia ​ឆ្នាំ​ ២០២២​ នៅ​លើ​ដង​ផ្លូវ​ លេខ​ ២.៥​។​ ឯ​កម្មវិធី​ពិសេស ១ ​ទៀត​ គឺ​កម្មវិធី​ទេសចរណ៍​សិល្បៈ​ ២ ថ្ងៃ។ រៀបចំ​ដំណើរ​ទេសចរណ៍​ដល់​ភ្ញៀវ​ទេសចរ ​ដែល​ចាប់​អារម្មណ៍​ ចង់​ដឹង​ ចង់​ស្គាល់​ និង​ចង់​ជួប​សិល្បករ​ផ្ទាល់​ចំនួន ​៩​កន្លែង​ជុំវិញ​ក្រុង​បាត់ដំបង​ ដើម្បី​ទទួល​បាន​ការចែក​រំលែក​បទពិសោធន៍​ផ្ទាល់។​

លោក​ ប៉ោយ ​ឈុនលី ​រៀបរាប់​ថា​៖ «ក្រុម​សិល្បករ​មក​ពី​ភ្នំពេញ​ សៀមរាប ​កំពត ​និង​បាត់ដំបង ​នឹង​ធ្វើ​ការបង្ហាញ​ការងារ​ និង​ការច្នៃប្រឌិត​របស់​ខ្លួន​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ចូល​ទស្សនា ​ និង​លក់​ផលិតផល​សិល្បៈ​របស់​ខ្លួន​ រួម​មាន​ការគូរ​គំនូរ​ផ្ទាល់ ​និង​ការគូរ​ហាន់ណា​លើ​ដៃ»។

លោក​បន្ថែមថា​៖ «ក្រៅ​ពី​នោះ​ក៏​មាន​សកម្មភាព​គូរ​គំនូរ​តាម​ផ្លូវ ​របស់​សិល្បករ ​និង​សិស្ស​គំនូរ​ របស់​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ និង​សាលា​កូឡាប​លឿង ​នឹង​ចុះ​គូរ​សំណង់​បុរាណ​នៅ​ក្នុង​ក្រុង​តាម​ច្រក​ផ្លូវ​នានា ​ហើយ​សិស្ស​មក​ពី​សាលា​ទស្សនីយភាព​នៃ​សមាគម​ហ្វារពន្លឺ​សិល្បៈ​ នឹង​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​ទស្សនិកជន ​តាម​រយៈ​ការសម្តែង​នៅ​លើ​ដង​ផ្លូវ​លេខ​២.៥ ​មាន​ដូចជា​ក្រុម​សិល្បៈ​សៀក ​ក្រុមភ្លេង​ និង​ក្រុមរាំ​ Hip-Hop»។ ​

ការសម្តែង​របស់​ក្រុមសិល្បៈ​ល្ខោន​គំនិត​ ដែល​បង្ហាញ​ពី​បញ្ហា​នានា​របស់​ស្រ្តី ​នៃ​ក្រុម​ល្ខោន​ប្រចាំ​ខេត្តបាត់ដំបង។​ ការសម្តែង​របស់​ក្រុមតន្រ្តី​បុរាណ ​ដែល​មាន​គ្នា​សុទ្ធតែ​នារី​ទាំងអស់​ដ៏​មាន​ប្រជាប្រិយ​ប្រចាំ​ខេត្តសៀមរាប ​នឹង​សម្តែង​លើ​ឆាក​តូច​ចំនួន ​៣​ ថ្ងៃ​តែ​ម្តង។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ ប៉ោយ ​ឈុនលី។

នា​ថ្ងៃទី ២៦​ ខែវិច្ចិកា​ ឆ្នាំ​ ២០២២ ​មាន​ការសម្តែង​របស់​ក្រុម​របាំ​បុរាណ​ ដែល​ដឹកនាំ​ ដោយ​កញ្ញា ​ម៉ៅ ​រស្មី​ នៅ​លើ​ឆាក​តូច​ និង​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ប្លែកៗ​មិន​ធ្លាប់​ឃើញ​ពីមុន​មក​ ដែល​ភាគ​ច្រើន​ជា​ម៉ូដ​ច្នៃ​ពី​ប្លាស្ទិក​ ដឹកនាំ​ ដោយ​លោក ​ហិន​ គឹមយាន។

អ្នក​រៀបចំ​កម្មវិធី​រូបនេះ​បន្ថែម​ថា ​ការបង្ហាញ​ជាប់​គ្នា​ចំនួន​ ២ ថ្ងៃ ​មាន​ការប្រគំ​តន្រ្តី​ចម្រៀង​សម័យ​របស់​តារា​ចម្រៀង​សម័យ​ ២ រូប ​គឺ​លោក​ខាន ខាវ ​និង​លោក​មាស ឌីម៉ូ ​នៅ​លើឆាក​តូច ​ដើម្បី​បំពេអារម្មណ៍​ទស្សនិកជន​ និង​ការសម្តែង​សិល្បៈ​សហ​សម័យ​ដោយ​លោក​ជា សេរីរដ្ឋ​ លោក​រឿន ​សុខុម ​លោក​ឡុង កុសល ​កញ្ញា​រី ​មុន្នី​សុវណ្ណយ៉ា។ កម្មវិធី​សម្តែង ​មាន​ឈ្មោះ ​«កិច្ចសហការ» ​និង​ការបង្ហាញ​សិល្បៈ​គំនូរ​សហសម័យ​របស់​អ្នកស្រី​ចាន់ ពិសី ​លើ​ដង​ផ្លូវ​លេខ ​២.៥។

ក្រៅពី​នេះ​ ក៏​មាន​ការផាត់ពណ៌​របស់​កុមារ​តូចៗ​ ដែល​ពួកគេ​នឹង​ផាត់ពណ៌​លើ​រូប​គំនូរ ​និង​លើ​វត្ថុ​ផ្សេងៗ​ ដូចជា​ផ្ទះ​តូចៗ​ សត្វ​ផ្សេងៗ ​និង​ការសម្តែង​គូរ​គំនូរ​ផ្ទាល់ ​(Live painting) ​របស់​កុមារី ​ឈួត ​ស៊ីដូនី ​និង​ លុច​ អេឡិច ​ដឹកនាំ​ដោយ​អ្នកគ្រូ​នៃ​សាលា​កូឡាប​លឿង»។

ឯ​ទី​កន្លែង​សម្រាប់​ដំណើរ​ទេសចរណ៍​សិល្បៈ​ទាំង​ ៩ ​ទីតាំង​នោះ ​លោក​ ប៉ោយ​ ឈុនលី ​ ឱ្យ​ដឹង​ថា​៖ «ទីកន្លែង​ទាំង​នោះ ​រួម​មាន​ ដូចជា​ វិចិត្រសាល​លោកគ្រូ ​ស្រី ​បណ្តូល ​ វិចិត្រ​សាល​ហ្វារ​ពន្លឺ​សិល្បៈ វិចិត្រ​សាល​អ្នក​ស្រី​ ខ្ចៅ ​ទូច ស្ទូឌីយោ​របស់​អ្នក​ស្រី​គឿម ​កូឡាប ​ស្ទូឌីយោ​របស់​លោក​វ៉ាន់ ​ឆវ័ន្ត ​ស្ទូឌីយោ​របស់​កញ្ញា​សៅ ​ស្រីម៉ៅ ​ស្ទូឌីយោរបស់​លោក​ជា សេរីរដ្ឋ ​ស្ទូឌីយូ​របស់​លោក​បូ ហាក់ ​និង​សាល​តាំង​រូប​សំណាក​អាយ៉ង»។

លោក ​ប៉ោយ​ ឈុនលី​ ក៏​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ពី​គម្រោងថ្មី​ពិសេស​មួយ​ សម្រាប់​បង​ប្អូន​ខ្មែរ​ទាំង​ឡាយ ​ដែល​មាន​បំណង​ចង់​ចូល​រួម​ក្នុង​កម្មវិធី​មហោស្រព​ជំនោរ​សិល្បៈ​ឆ្នាំ ២០២២​ នៅ​ក្រុងបាត់ដំបង​ នៅ​ថ្ងៃ​ទី ២៥-២៧ ​ខែវិច្ឆិកា​ ឆ្នាំ​ ២០២២ ​នោះ​ផង​ដែរ។

លោក​ ឈុនលី ​ប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ​ខែវិច្ឆិកា ​ឆ្នាំ​ ២០២២ ​ថា​៖ «យើង​មាន​កម្មវិធី​ពិសេស​មួយ​ គឺ​បង​ប្អូន​គ្រាន់តែ​ចូល​ទៅ​វាយ​អក្សរ​ថា ​ប្រូម៉ូកូដ​៖ ​CHUMNORART ​នឹង​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ ៣០ ភាគ​រយ​ (ស្មើ​ ៣ ដុល្លារ) ​ក្នុង ​១ លើក​ សម្រាប់​​ការធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ-​បាត់ដំបង ​ឬ​បាត់ដំបង​-ភ្នំពេញ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​[ទី ២០​ វិច្ឆិកា]​ រហូត​ដល់​ថ្ងៃ​ទី ២៨ ​ខែវិច្ឆិកា ​ឆ្នាំ ២០២២»៕