ប៉ៃលិន: ចាប់ពី​ការលក់​ដីស្រែ សង់​ខ្ទម​សម្រាប់​អប់ស្រា​ដោយ​ប្រើ​ធុង​ជ័រ​ចំណុះ​ ២០ ​លីត្រ ​រហូត​ដល់​ការបិទ​ស្លាក​ឡូហ្គោ​ដោយ​ដៃ​ដែល​មិនបាន​គិតដល់​កម្រិតស្ដង់ដា ស្រា​មៀន​ប៉ៃលិន​ទទួល​បាន​ការគាំទ្រ​បន្ដិច​ម្ដងៗ​រហូត​ដល់​ម្ចាស់​ដាក់​គោលដៅ​ផលិត​ត្រឹម ៥ ០០០ ​ដប​ក្នុង ​១ ​ខែ និង​ត្រៀម​បង្កើត​រោងចក្រ​​នាពេល​ខាងមុខ​។

ថ្ងៃទី​ ១៣ វិច្ឆិកា គឺជា​ពេលវេលា​មួយ​ក្នុង​ចំណោម​ថ្ងៃ​ផ្សេងៗ​ទៀត​ដែល លោក វួច ធុច បាន​រៀបចំ​ស្រាមៀន​ប៉ៃលិន​ជាច្រើន​កេស​ជាមួយ​ក្រុម​ការងារ​ដាក់​ក្នុង​រថយន្ដ​ ដើម្បី​ដឹកចេញ​ទៅ​តាម​ការកុម្ម៉ង់​របស់​ភ្ញៀវ​ដែល​ស្រប​ទៅតាម​គោលបំណង​ចង់បាន​របស់​លោក​ក្នុង​ការផលិត​ឱ្យបាន ៥ ០០០​ ដប ក្នុង​ ១ ​ខែ​។

ទន្ទឹម​នឹងនេះ បុរស​រស់នៅ​ក្នុង​ភូមិ​តាង៉ែន​លើ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន​រូបនេះ កំពុងតែ​សម្រេច​គោលដៅ​បន្ទាប់​នៃ​ការផលិត​ស្រាមៀន​ប៉ៃលិន ដោយ​ប្រើ​សាច់មៀន​ប៉ៃលិន​ចាប់ពី ៧៥ ​តោន​ឡើង ​ក្នុង ​១ ​ខែ​។


លោក ធុច បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​យ៉ាង​ទាប​បំផុត​ ៧៥​ តោន​ក្នុង​ ១ ​ខែ ដោយ​គិត​ចំពោះ​សាច់មៀន​ល្អ ដែល​បរិមាណ ​១ ​តោន​ផ្លែ​មៀន ខ្ញុំ​ទទួល​បាន​ស្រា ១​ ពាន់​ដប​ឬ​ ៧៥ ០០០ ដប ក្នុង​ ១ ​ខែ​។ ខ្ញុំ​បាននិង​កំពុង​ផលិត​ស្រា និង​ទិញ​កសិផល​របស់​អ្នកស្រុក​ប៉ៃលិន​ចូល​យ៉ាងតិច​បំផុត​ចំនួន​ប៉ុន​ហ្នឹង​រាល់​ខែ​»​។

នៅ​មិនទាន់​បញ្ចប់​ត្រឹម​នេះ​ទេ លោក ធុច ដែល​បាន​អនុវត្ដ​ផែន​ការប្រមូលទិញ​មៀន​ប៉ៃលិន​រហូត​ជិត ១០០ ​តោន​ក្នុង​ ១​ ខែ ដោយ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​នេះ បាន​បន្ដ​មហិច្ឆតា​បង្កើត​ជា​​រោងចក្រ​ផលិត​ស្រាមៀន​ប៉ៃលិន​ជាមួយ​ដៃគូ​វិនិយោគ ដែល​ចាប់​អារម្មណ៍​ចំពោះ​ការផលិត​ស្រា​ពី​ផ្លែ​មៀន​ខ្មែរ ដោយ​ប្រមូល​ទិញ​កសិផល​ខ្មែរ​។


ស្រាមៀនប៉ៃលិន។ រូបថត សហការី

ខណៈ​ពេល​នេះ រោងចក្រ​ផលិត​ស្រាមៀន​ប៉ៃលិន​កំពុងតែ​លេចចេញ​ជា​រូបរាង​បន្ដិច​ម្ដងៗ​ជាមួយ​ការប្រើប្រាស់​ម៉ាស៊ីន​ស្វ័យ​ប្រវត្ដិ ម្ចាស់​សិប្បកម្ម វួច ធុច និង​ដៃគូ​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ​បាន​ប្រើប្រាស់​ទុនវិនិយោគ​រួមគ្នា​។

លោក ធុច ដែល​ចាប់ផ្ដើម​ផលិត​ស្រាមៀន​ប៉ៃលិន​ពី​ការមើលឃើញ​កសិផល ​៣០ ​ភាគរយ ត្រូវ​បាន​បោះចោល​បាន​ឱ្យដឹងថា មៀន​របស់​ប្រជាកសិករ​នៅ​ប៉ៃលិន​អាច​ផ្គត់ផ្គង់​គ្រប់​ចំពោះ​បរិមាណ ​៧៥ ​តោន​ក្នុង​ ១ ​ខែ​។

យ៉ាងណាមិញ លោក​បាន​បន្ថែម​ថា ដោយ​ការវិនិយោគ​ជាមួយ​ដៃគូ​នៅ​ភ្នំពេញ ពួកគេ​ត្រូវ​ប្រមូល​ទិញ​ផ្លែ​មៀន​នៅតាម​បណ្ដា​ខេត្ដ​ជុំវិញ​ខេត្ដ​ប៉ៃលិន​ទៀត ដោយសារ​ពួកគេ​ត្រូវការ​ផ្លែ​មៀន​ក្នុង​បរិមាណ​ចាប់ពី​ ១ ​ពាន់​តោន​ឡើង ក្នុង​ ១ ​ខែ​។

លោក ធុច អាយុ ៣៩​ ឆ្នាំ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ដ​តាកែវ​បាន​និយាយថា​៖ «​នៅពេល​យើង​មាន​រោងចក្រ ដែល​មាន​ចង្វាក់​ផលិតកម្ម​ច្រើន​ក្នុង​ ១​ ខែ យើង​អាច​ផលិត​ ៥០​ ម៉ឺន​កេស ឬ​ ៦​ លាន​ដប​ក្នុង ​១ ​ខែ​។ ប៉ុន្ដែ​យើង​មាន​ផលិតផល​ប្រភេទ​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​អាល់កុល​ចាប់ពី​ ៣ ​ទៅ​ ៥​ ភាគរយ​រហូតដល់​ពី​ ១២ ​ទៅ​ ១៤ ​វ៉ុល​»​។

នៅក្នុង​អំឡុង​ពេលនេះ លោក​មានលទ្ធភាព​ផលិត​ត្រឹម ៧៥ ០០០ ​ដប ក្នុង​ ១ ​ខែ ហើយ​តាម​ការរំពឹង​ទុក​លោក ធុច អាច​មើលឃើញ​រោងចក្រ​ស្រាមៀន​ប៉ៃលិន​កើតឡើង​នៅ​ចុងឆ្នាំ ​២០២២ ​នេះ ។

ការចាប់ផ្ដើម​ផលិត​ស្រា​ក្នុង​បរិមាណ ៧៥ ០០០ ​ដប​នេះ មិនមែន​មាន​ន័យ​ថា លោក ធុច អាច​បញ្ចេញ​លក់​ក្នុង​ខែ​នេះ ឬ​ខែក្រោយ​បានឡើយ ដោយសារ​តែ​ស្រា​ត្រូវការ​អប់​ឱ្យ​ទុំ​ក្នុង​រយៈពេល​យ៉ាងតិច ៦ ​ខែ​។

លោក​បាន​ថ្លែងថា​៖ «​ស្រា​ដែល​ត្រៀម​ចេញលក់​ ៧៥ ០០០​ ដប ក្នុង​ ១ ​ខែ​នោះ នឹង​​ចាប់ផ្ដើម​បញ្ចេញ​លក់​នៅ​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​ ២០២៣ ខាងមុខ​»​។

បច្ចុប្បន្ននេះ ស្រាមៀន​ប៉ៃលិន​បាន​ទៅដល់​ខេត្ដ​សៀមរាប ព្រះវិហារ និង​រាជធានី​ភ្នំពេញ​ក្នុង​បរិមាណ​បញ្ចេញ​លក់​ត្រឹមតែ​ ៥​ ពាន់​ដប​ក្នុង​ ១​ ខែ ហើយ​នៅពេល​ផលិតផល​ឈានដល់ ៧៥ ០០០ ​ដប ក៏​ដូច​វគ្គ​បន្ទាប់​ ៦ ​លាន​ដប​ក្នុង ​១​ ខែ ត្រូវ​បាន​បញ្ចេញ​នាពេល​ខាងមុខ លោក​ ធុច បាន​ឱ្យ​ដឹងថា ស្រាមៀន​ប៉ៃលិន នឹង​ធ្វើ​ដំណើរ​ទៅកាន់​គ្រប់​ខេត្ដ​ និង​រាជធានី​ទាំងអស់​។

ជា​ការមើលឃើញ​ពី​ជ្រុង​ម្ខាង ដែល​អ្នកខ្លះ​បាន​រិះគន់​ពី​កំណើន​នៃ​ការផលិត​​គ្រឿង​ស្រវឹង លោក ធុច ក៏បាន​បកស្រាយ​ជា​វិជ្ជមាន​ស្ដីពី​អត្ថប្រយោជន៍​នៃ​ការផលិត​ស្រា និង​ការ​ទទួល​ទាន​ស្រាមៀន​ប៉ៃលិន​។

បុរស​ដែល​ខិតខំ​រិះរក​វិធីសាស្ដ្រ​កែច្នៃ​កសិផល​ដ៏ល្បីល្បាញ​របស់​អ្នក​ខេត្ដ​ប៉ៃលិន​ដែល​មិន​ត្រូវប៉ាន់​ឱ្យ​ទៅជា​ផលិតផល​ថ្មី​រូបនេះ​បាន​លើកឡើង​ថា​៖ «​ចំពោះ​ស្រាមៀន​ប៉ៃលិន បើ​យើង​ប្រើប្រាស់​ទៅតាម​ការណែនាំ​វា​ផ្ដល់​ផលប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​»​។

លោក​ ធុច ដែល​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន​ស្រាមៀន​ប៉ៃលិន​បាន​បន្ដថា បើ​ក្រុមហ៊ុន​ផ្សេងទៀត​មិន​ជួយ​ដល់​ប្រជាកសិករ​ទេនោះ ក្រុមហ៊ុន​របស់លោក​អាចជួយ​ទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​ពី​ ៣ ​ទៅ​ ៤ ​ខេត្ដ ដែល​កំពុង​ដាំ​មៀន​ប៉ៃលិន​ទាំងនេះ​។

បើទោះបីជា​ផលិតផល​របស់​លោក​ជា​គ្រឿង​ស្រវឹង​យ៉ាងណា​ក៏ដោយ ក៏​​លោក ធុច បាន​និយាយថា លោក​បាន​ពុះពារ​ឧបសគ្គ​ជាច្រើន​តាំងពី​ការសិក្សា ស្វែងយល់​ពី​ការផលិត ដើមទុន និង​ការស្វែងរក​ទីផ្សារ​ក្នុង​គោលបំណង​ ដើម្បី​ប្រាក់ចំណេញ​ផង និង​ជួយ​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ដែល​ធ្លាប់​ត្រូវបាន​ប្រជាកសិករ​បោះបង់​ចោល​រហូត​ដល់​មាន​ការជួយ​ទិញ​ពី​សំណាក់​លោកនាយក​រដ្ឋមន្ដ្រី​ថែមទៀត​។

លោក​ ធុច បាន​អះអាង​ថា​៖ «​បើ​ក្រុមហ៊ុន​គេ​ផ្សេង​ចង់​ទិញ​វត្ថុធាតុដើម ដូចជា ស្រូវ​សាឡី ខ្មែរ​យើង​អត់​មាន​ទេ មាន​តែ​នាំ​ចូលមក​។ ​ប៉ុន្ដែ​ក្រុមហ៊ុន​ខ្ញុំ​វិញ​ទិញ​កសិផល​របស់​ប្រជាកសិករ​ខ្មែរ​មក​ផលិត ហើយ​ការផលិត​ជា​គ្រឿង​ស្រវឹង​ដូច​ផលិតផល​របស់ខ្ញុំ​មិនសូវ​ប៉ះពាល់​ទុន​ទេ ពីព្រោះ​វា​គ្មាន​ការ​ផុតកំណត់​ឡើយ​»​។

លោក​ សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​ប៉ៃលិន​បានឱ្យ​ដឹងថា ចាប់តាំងពី​ដើមឆ្នាំ​រហូត​ដល់​ថ្ងៃទី ​១០ ខែវិច្ឆិកា ខេត្ដ​ប៉ៃលិន​បាន​ប្រមូល​ផល​មៀន​ជិត​ ៧ ​ពាន់​តោន​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​គិត​​ត្រឹម​ថ្ងៃទី ​១០ [​ខែវិច្ឆិកា​] កន្លងទៅនេះ ប្រជាកសិករ​បាន​ប្រមូល​ផល​ផ្លែ​មៀន​ប៉ៃលិន​សរុប​ទាំង ៦ ៩០០​ តោន ដោយ​ក្នុងចំណោម​នោះ បរិមាណ​ផ្លែ​មៀន​ប្រមាណ ​៥០០ ​តោន ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ចិន​»​។

ស្ដង់តាំងលក់ស្រាមៀនប៉ៃលិន នាពេលកន្លងទោ។ រូបថត សហការី

ឆ្លើយតប​នឹង​តម្រូវការ​ផ្លែ​មៀន​ប៉ៃលិន​ដ៏ច្រើន​របស់​ក្រុមហ៊ុន​លោក​ ធុច ដែល​ត្រៀម​ដំណើរការ​នាពេល​ខាងមុខ លោក​ សុផាត បាន​និយាយថា វា​ជា​សក្ដានុពល​មួយ​សម្រាប់​កែច្នៃ ហើយ​ចំពោះ​ផែនការ​ដែល​ម្ចាស់​សិប្បកម្ម​គ្រោង​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ ១​ ពាន់​តោន​ក្នុង ​១ ​ខែ វា​ជាការ​ចូលរួម​ជំរុញ​ឱ្យ​មាន​ការផលិត​ផ្លែ​មៀន​ឱ្យ​កាន់តែ​បាន​ច្រើន​។

លោក​ សុផាត បាន​បញ្ជាក់ថា​៖ «​ផែនការ​របស់​គាត់​នោះ មិនមែន​ជា​ឧបសគ្គ​នោះទេ ប្រសិនបើ​គាត់​ផលិត​បាន​ទៅដល់​ចំនួន​ដែល​គាត់​គ្រោង​នោះ ផ្លែ​មៀននៅ​ទូទាំង​ប្រទេស​អាច​គ្រប់ តែ​ក្នុង​តម្លៃ​ណាមួយ យើង​មិនទាន់​ដឹង​ទេ​។ នេះ​ជួយ​ជំរុញ​ការដាំ​មៀន​ឱ្យ​កាន់តែ​កើនឡើង​ខ្លាំង និង​ជំរុញ​លទ្ធភាព​នៃ​ការដាក់​យក​ផ្លែ​ឱ្យ​កាន់តែ​សម្ទុះ​។ យើង​រំពឹង​ថា ការផលិត​មៀន​នឹង​មាន​ការកើនឡើង ទាំង​ការនាំចេញ និង​ការកែច្នៃ​ក្នុងស្រុក​»​។

កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ លោក ធុច បាន​ទទួល​ភ្ញៀវ​ពិសេស​ម្នាក់ គឺ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក W. Patrick Murphy ដែល​បាន​ទៅដល់​សិប្បកម្ម​ស្រា​មៀន​ប៉ៃលិន​ផ្ទាល់​កាលពី​ថ្ងៃទី​ ១៥ ខែកក្កដា​។

លោក​ ធុច បាន​ប្រាប់ថា លោក Murphy កោតសរសើរ​ការកែច្នៃ​ផលិតផល​មៀន​ប៉ៃលិន ដែល​ប៉ុន្មាន​ឆ្នាំនេះ កម្ពុជា​មាន​វិបត្ដិ​ការលក់​កសិផល​នៅលើ​ទីផ្សារ និង​ត្រូវបាន​កែច្នៃ​ជា​ផលិតផល​ស្រា​ថ្មី​។

លោក W. Patrick Murphy បាន​សរសេរ​នៅលើ​គណនី Twitter របស់​​លោក​ថា​៖ «​ខ្ញុំ​បាន​ភ្លក្ស​រសជាតិ​ស្រា​មៀន​ប៉ៃលិន​លើកដំបូង​នៅថ្ងៃនេះ នៅឯ​សិប្បកម្ម​បែប​គ្រួសារ PailinLongan Wine Handicraft ។ ​សូម​អបអរ​ចំពោះ​សហគ្រិន​វ័យក្មេង វួច ធុច សម្រាប់​អាជីវកម្ម​ធុន​តូច និង​បន្ដ​ដំណើរការ​»​។

ម្ចាស់​សហគ្រិន​ដែល​ពុះពារ​មិន​ខ្លាច​នរណា​សើចយំ​រូបនេះ​នឹង​បន្ដ​ទិញ​ផ្លែមៀន​ប៉ៃលិន​ទាំង​ប្រភេទ​ខុស​ខ្នាត និង​ពេញ​ខ្នាត​ទាំងអស់​ដោយ​មិន​ត្រឹមតែ​ក្នុង​ខេត្ដ​ប៉ៃលិន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​នៅតាម​បណ្ដា​ខេត្ដ​ដាំមៀន​ប៉ៃលិន​នេះ​ថែមទៀត​។

ជាមួយ​នឹង​ការកសាង​រោងចក្រ និង​នាំយក​ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើប សម្រាប់​សម្រេច​បំណង​នៃ​ការផលិត​ឱ្យបាន ៦ ​លាន​ដប​ក្នុង​ ១ ​ខែ ក្រុមហ៊ុន​ស្រាមៀន​ប៉ៃលិន​នេះ​នៅតែ​ត្រូវការ​បុគ្គលិក​ជាច្រើន​នាក់​។

លោក​ ធុច ដែល​បច្ចុប្បន្ន​បញ្ចេញ​ផលិតផល​ស្រាមៀន​ប៉ៃលិន​មិន​គ្រប់​តាម​ការកុម្ម៉ង់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ថ្វីដ្បិតតែ​សិប្បកម្ម​ស្រាមៀន​ប៉ៃលិន​វិវឌ្ឍ​ទៅប្រើប្រាស់​ម៉ាស៊ីន​ផលិត​ស្វ័យប្រវត្ដិ​យ៉ាងណា​ក៏ដោយ ក៏​ម្ចាស់​សិប្បកម្ម​ដែល​ផ្ដើម​ពី​ការលក់​ដីស្រែ និង​ឆ្លងកាត់​ការ​សើចចំអក​របស់​អ្នកភូមិ​រូបនេះ​នៅ​ត្រូវការ​កម្លាំង​កម្មករ​ចន្លោះ​ពី​ ១៥ ទៅ​ ៥០ ​នាក់​»​។

លោក ធុច បាន​បន្ដថា ដៃគូ​សហការ​របស់​លោក​ក៏​ចង់​មើលឃើញ​ពី​ប្រជាជន​ដាំមៀន​ប៉ៃលិន មាន​ស្នាមញញឹម មាន​ក្ដីសង្ឃឹម មាន​កម្លាំង​ចិត្ដ និង​មាន​ជីវភាព​ធូរធារ​គ្រប់​ក្រុមគ្រួសារ​។ នេះ​ជា​ហេតុផល ដែល​ពួកគេ​ទាំង​ ២ ​ចាប់ដៃគ្នា​បង្កើត​រោងចក្រ​ផលិត​ស្រាមៀន​ប៉ៃលិន​នាពេល​ដ៏ខ្លី​ខាងមុខ​៕