ភ្នំពេញៈ អត្តសញ្ញាណ ​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ជាតិ​សាសន៍​មួយ​ដែល​វា​ជា​ចំណុច​លេចធ្លោ ​និង​ជា​ចំណុច​ ដែល​សម្គាល់​ភាពខុសគ្នា​របស់​ប្រទេស​មួយ​។ អត្តសញ្ញាណ​ អាច​មាន​ច្រើន​រូបភាព​លាយ​បញ្ចូល​គ្នា ​ដែលមាន​ទាំង​ម្ហូបអាហារ​ ប្រពៃណី​ វប្បធម៌ ​ពណ៌​សម្បុរ ​ភាសា​ជាដើម​។

និយាយ​ដោយឡែក​ ម្ហូបអាហារ ​ក៏​ជា​អត្តសញ្ញាណ​មួយ ​និង​អាចជា​ហេតុផល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប្រជាជន​ នៅលើ​ពិភពលោក​ផងដែរ ​ប្រសិនបើ​ម្ហូបអាហារ​នោះ​មាន​រសជាតិ​ឆ្ងាញ់ ​និង​ប្លែក​។ ម្ហូប​ខ្មែរ​សំខាន់ៗ ​ដែល​គេ​ស្គាល់​មាន ​សម្លកកូរ ​សម្លការី ​នំបញ្ចុក ​អាម៉ុក ​ប្រហុក ​ជាដើម​។​ល​។ ​ប៉ុន្តែ​ម្ហូប​ខ្មែរ ​នៅក្នុង​បរិបទ​អន្តរជាតិ ​គឺ​មិនជា​ពេញនិយម​ប៉ុន្មាន​ទេ ​បើ​ធៀប​ទៅនឹង​ម្ហូប​ចិន ​ជប៉ុន ​កូរ៉េ​ តួកគី ​និង​ប៉ែក​អឺរ៉ុប​។


ក្រោម​ហេតុផល​ចង់​លើកស្ទួយ​ម្ហូប​ខ្មែរ ​ស្ត្រី​ ១​ រូប​ បាន​ផ្ដួច​ផ្ដើម​គំនិត​បង្កើតជា​សិប្បកម្ម​១ ​ផលិត​គ្រឿងផ្សំ​ម្ហូប​ខ្មែរ​សំខាន់ៗ​ដាក់​លក់​លើ​ទីផ្សារ​ ព្រោះតែ​ចង់ឃើញ​គ្រឿងផ្សំ​ខ្មែរ​ ចរាចរ​ លើ​ទីផ្សារ​ក្រៅប្រទេស ​ដើម្បី​ផ្សព្វផ្សាយ​បន្ថែម ពី​រសជាតិ​អត្តសញ្ញាណ​របស់​ខ្មែរ​បន្ថែម​ទៀត។​


អ្នកស្រី​សម្បត្តិ​ អមរៈ​ វិប្បស្សិនី ​ស្ថាបនិក​សិប្បកម្ម​ផលិត​គ្រឿងផ្សំ​អាហារ​សាបារា ​ដែលមាន​ផលិតផល​ក្រោម​ម៉ាក​សញ្ញា​ «គ្រឿង​ហ្លួង​សាបា​រា» ​ឱ្យដឹងថា ​ពី​ដើមឡើយ​ខ្លួន​មាន​អូតែល​ ១ ​ឈ្មោះ​ សាបារា ​នៅ​ខេត្តសៀមរាប ​ដែល​ភោជនីយដ្ឋាន​នៅ​ក្នុង​អូតែល ​១ ​នេះ ​ត្រូវបាន​ភ្ញៀវ​សរសើរ ​មិន​ដាច់​ពី​មាត់​អំពី​រសជាតិ​ម្ហូបអាហារ​បែប​ខ្មែរ​។ ប៉ុន្តែ​អំឡុង​ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ​ដោយ​អត្រា​ភ្ញៀវ​បាន​ធ្លាក់ចុះ​ អ្នកស្រី​ក៏​ព្យាយាម​រិះរក​គំនិត​ថ្មីៗ​បន្ថែម​ទៀត​។​

អ្នកស្រី​បន្តថា​ អ្នកស្រី​សម្រេចចិត្ត​ជ្រើស​យក​ការផលិត​គ្រឿងផ្សំ​អាហារ ​ដែល​រួមមាន ​គ្រឿង​អាម៉ុក​ គ្រឿងការី​ក្រហម​ គ្រឿង​ប្រឡាក់​សាំបាល ​និង​គ្រឿង​ប្រឡាក់​ទឹកឃ្មុំ ​យកទៅ​បង្កើតជា​សិប្បកម្ម​តែម្ដង​ ដោយ​ប្រើប្រាស់​ជំនាញ​ធ្វើ​ម្ហូប​ពី​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន​។

​បើតាម​អ្នកស្រី​ ​វិប្បស្សិនី ​គ្រឿងផ្សំ​អាហារ​សំខាន់ៗ​ទាំង​ ៤​ មុខ ​សុទ្ធសឹងតែ​ចម្រាញ់​ចេញពី​គ្រឿងទេស ​បុក​ស្រស់ៗ​ ដែល​អ្នកស្រី​ព្យាយាម​ធ្វើយ៉ាង​ណា​ឱ្យ​អតិថិជន​ទទួលបាន​រសជាតិ​ខ្មែរ​ពិតៗ។

អ្នកស្រី ​វិប្បស្សិនី ​រៀបរាប់ថា​៖ «នៅលើ​ទីផ្សារ ​គឺមាន​តែ​ផលិតផល​របស់​ប្រទេស​ជិតខាង ​តែ​ចំពោះ​គ្រឿង​ការី ​ហើយ​គ្រឿង​អាម៉ុក​ គឺ​អត់​ដែលមាន​ទេ​។ ដូច្នេះ​ហើយ​ ខ្ញុំ​ចង់​ធ្វើជា​គ្រឿង​បុក​ស្រាប់​ហ្នឹង​ដោយសារតែ​វា​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាជន​យើង ​ហើយក៏​ចង់​ពង្រីក​ទីផ្សារ​ថែមទៀត​ដែរ​ ដើម្បី​នាំ​រសជាតិ​យើង​ទៅ​ក្រៅ​ប្រទេស»។​

​អ្នកស្រី​ទើបតែ​បាន​បើក​លក់​ជា​ផ្លូវការ​ប្រមាណ​ជាជាង​៦​ខែ​មកនេះ​ទេ​។ សិប្បកម្ម​អ្នកស្រី ​កំពុងតែ​ដាក់លក់​គ្រឿងផ្សំ​ម្ហូបអាហារ​ទាំង ​៤ មុខ​នេះ​ទៅក្នុង​ទីផ្សារ ​ទាំង​ផ្សារ​រដ្ឋ ​និង​ផ្សារ​ទំនើប​ ផ្សារ​សរីរាង្គ ​ដោយ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ជា​បន្តបន្ទាប់​។ គ្រឿងផ្សំ​ម្ហូបអាហារ​របស់​អ្នកស្រី​លក់រាយ​ ក្នុង​តម្លៃ ១ កញ្ចប់ ​៦ ០០០​ រៀល​ ដែលជា​តម្លៃ​ ១ ​សមស្រប​សម្រាប់​ប្រជាជន​យើង​។ គ្រឿងផ្សំ​ទាំងអស់​ត្រូវ​អនុវត្ត​ស្តង់ដា​អនាម័យ ​ដែលជា​ស្តង់ដា​ជាតិ ​និង​អន្តរជាតិ ​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​ក្រសួង​ឧស្សាហកម្ម​។​

សម្រាប់​អ្នកស្រី ​ដោយសារ​ផលិតផល​គ្រឿងផ្សំ​នេះ​មាន​ភាពថ្មីថ្មោង​ក្នុង​ទីផ្សារ​នៅឡើយ ​ដូច្នេះ​អ្នកស្រី ​និង​ក្រុមការងារ​ត្រូវ​បំពាក់​បំប៉ន​លើ​ការធ្វើ​ទីផ្សារ ​ដើម្បីឱ្យ​ប្រជាជន​គោលដៅ​បាន​ស្គាល់​។ បច្ចុប្បន្ន ​គ្រឿងផ្សំ​ប្រភេទ​នេះ​មាន​លក់​នៅ​ទីក្រុង​ភ្នំពេញ ​និង​ខេត្តសៀមរាប ​ប៉ុន្តែ​ទៅ​អនាគត ​អ្នកស្រី​មានបំណង​ចង់​ដាក់​ផលិតផល​ទាំងនេះ​នៅ​គ្រប់​ខេត្ត​-ក្រុង​តែម្ដង​។ ជាគោល​ការណ៍​បន្ទាប់​ អ្នកស្រី​នឹង​បង្កើន​ការនាំ​ចេញទៅ​ក្រៅប្រទេស ​ជាពិសេស​ទៅ​ប្រទេស ​ដែល​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​៕