ភ្នំពេញៈ នា​ល្ងាច​ថ្ងៃ​ទី ២៦ ​ខែវិច្ឆិកា នឹង​មាន​ការប្រគំ​តន្រ្តី​សប្បុរសធម៌​​ ១ ​ដែល​រៀបចំ​ដោយផ្សារ​ Eden Garden និង Musica Felice ​ជា​ក្រុម​តន្រ្តី​ក្លាស៊ិក​ Musica Felice​ ដឹកនាំ​ដោយ​ស្រ្តី​ជា​តន្រ្តីករ​ជាតិ​ជប៉ុន ​ដើម្បី​រក​ប្រាក់​មូលនិធិ​យក​ទៅ​ជួយ​ដល់​សាលា ​១ ​ឈ្មោះ​ Mercy Village School ​នៅ​សហគមន៍​ភូមិ​មេត្តា ​ករុណា ​ស្ថិត​នៅ​លើ​ផ្លូវ​លេខ​ ៩០ ​ក្នុង​សង្កាត់​បឹង​ទំពុន ១ ​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ ​ដោយ​ការលក់​សំបុត្រ​ចូល​ទស្សនា។ ​


កម្ម​វិធី​តន្រ្តី​សប្បុរសធម៌​សម្តែង​ដោយ​ក្រុម​តន្រ្តី​ក្លាស៊ិក​ Musica Felice ​នឹង​សម្តែង​នៅផ្សារ​ Eden Garden ​នៅ​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ ​ចាប់​ផ្តើម​ពី​វេលា​ម៉ោង ​៥ ​និង​ ៣០ នាទី ​រសៀល​រហូត​ដល់​ម៉ោង ​៧ យប់​។​​


លោកស្រី​ មីវ៉ាកូ ​ហ៊្វូជិវ៉ារ៉ា ​(Miwako Fujiwara) ​ជា​តន្រ្តីករ​ព្យ៉ាណូ ​និង​ជា​អ្នក​និពន្ធ​ចម្រៀង​ប្រពៃណី​បែប​សហសម័យ​ បង្ហើប​តាម​ហ្វេសប៊ុក​ខ្លួន​ថា​ ការប្រគំ​តន្រ្តី​ នៅថ្ងៃ​ទី ២៦ ​ខែវិច្ឆិកា ​ឆ្នាំ​ ២០២២​ ខាង​មុខ​នេះ ​គឺ​មាន​ក្រុម​សិល្បករ​ ជាច្រើន​រូប​ចម្រុះ​ជាតិ​សាសន៍​។


លោកស្រី​បញ្ជាក់​ថា​៖ «ចាប់​ពី​ម៉ោង ​៥ ​និង​ ៣០ នាទី ​ដល់​ម៉ោង ​៧ យប់ ​ក្រុម​ក្រុម​តន្រ្តី​ក្លាស៊ិក​ Musica Felice ​នឹង​សម្តែង​នៅ​បរិវេណ​ផ្សារ​ Eden Garden Phnom Penh​។ ក្រៅ​ពី​នេះ ​ក៏មាន​ការលក់​ផ្ទាំង​គំនូរ​ របស់​លោក​ យ៉ែម រិន​ ដែលជា​គ្រូបង្គោល​សាសនា​គ្រិស្ត​នៃ​ព្រះវិហារ​មេត្តា​ករុណា ​និង​គ្រូ​សិល្បៈ​ ដើម្បី​ចូល​រួម​ប្រមូល​ប្រាក់​មូលនិធិ​សប្បុរសធម៌​ ​ជួយ​ដល់​សាលា​ Mercy Village School ​និង​ចូល​រួម​ជា​មួយ​យើង​ដើម្បី​បង្កើត​ស្នាមញញឺម ​និង​ក្តីសង្ឃឹម​ដល់​កុមារ​ក្រីក្រ​កម្ពុជា ​នៅ​ទី​នោះ។ សូម​កុំភ្លេច​ចូល​រូម​ជាវ​សំបុត្រ​ទៅ​ទស្សនា​ទាំងអស់​គ្នា!»។


សំបុត្រ​ចូល​ទស្សនា​មាន​តម្លៃ​ ១២ ដុល្លារ ​សម្រាប់​មនុស្សធំ ​៥ ដុល្លារ ​សម្រាប់​កុមារ ​និង ៣ ​ដុល្លារ​ សម្រាប់​សិស្សានុសិស្ស​ខ្មែរ។ ​លោក​អ្នក​អាច​រក​ទិញ​បាន​នៅ​ផ្សារ ​Eden Garden ​និង​សណ្ឋាគារ ​Palace Gate Hotel & Resort​។

លោក ​យ៉ែម រិន​ (Yame Rin) ​ដែល​ជា​គ្រូ​បង្គោល​នៃ​សាសនាគ្រិស្ត ​និង​ជាគ្រូ​បង្រៀន​តន្រ្តី ​និង​របាំ​ នៅ​សាលា ​Mercy Village School​ ក៏​បាន​រំឭក ​ពី​ដើម​ចម​នាំឱ្យ​មាន​សាលា​ និង​ព្រះ​វិហារ​ភូមិ​មេត្តា​ករុណា​នោះ​ផង​ដែរ​ តាមរយៈ​ការចេញ​វីដេអូ​របស់​លោក​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។

លោក ​យ៉ែម រិន​ លើក​ឡើង​ថា​៖ «កាលពី​ឆ្នាំ​ ២០១៧ ​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​អ្នកភូមិ​អស់​ ហើយ​ប្រជាជន​នៅ​ទីនេះ ​មាន​មុខរបរ​ជាអ្នក​រើស​អើតចាយ ​និង​ធ្វើ​ការងារ​សំណង់ ​ខណៈ​ក្មេងៗ​ជា​កូន​ចៅ​របស់​ពួកគាត់​ មិន​មាន​ឱកាស​បាន​ចូលរៀន​ទេ​ ព្រោះ​ឃើញ​ពួកគាត់​អត់​ចេះ​អាន ​និង​សរសេរ​អក្សរ​ ដែលជា​សភាព​មួយ​បាន​ធ្វើ​ឱ្យ​មាន​ការប៉ះ​ពាល់​ផ្លូវ​ចិត្ត​ពួកគេ​ខ្លាំង​មែន​ទែន»។

លោក​បន្ត​ថា​៖ «នៅ​ឆ្នាំ ២០១៨​ ខ្ញុំ​បាន​បោះបង់​ចោល​ការងារ​ខ្លួនឯង​ ដែល​ពីមុន​ធ្លាប់​ធ្វើការ​ជា​ប្រធាន​អង្គការ​ ​១ ​និងជា​គ្រូ​បង្រៀន​ផង​ដែរ​នៅ​អង្គការ​នោះ​ ដើម្បី​មក​រស់នៅ​ជាមួយ​នឹង​អ្នកភូមិ ​«មេត្តា ​ករុណា»​ ដោយសារ​មើល​ឃើញ​នូវ​ភាពគួរ​ឱ្យ​អាណិត​អាសូរ​ចំពោះ​ជីវភាព​រស់​នៅ​របស់​ពួក​គាត់»។ ​

ដោយ​ឆ្លង​កាត់​អតីត​កាល​ ដែលខ្លួន​លោក​ក៏ធ្លាប់​ជាក្មេង​ដើរ​រើស​អើតចាយ ​និង​ត្រូវ​បាន​ជនបរទេស​ម្នាក់​នាំយក​ទៅ​រៀន​សូត្រ​នៅ​ព្រះវិហារ​គ្រិស្ត​ ១ ​ឱ្យ​មាន​ចំណេះដឹង​ ហេតុនេះ​ហើយ​ លោកបាន​សម្រេច​ចិត្ត​មកជួយ​ពួកគាត់​នៅ​ទី​នេះ ​ដោយ​បានបង្កើត​សាលា​ និង​ព្រះវិហារ​មេត្តា​ករុណា។​

លោក​ថា​ កាល​ពី​ដំបូង​​ចាប់​ផ្តើម​ពី​ការចូល​ទៅ​ជួយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ ព្រោះ​ពួកគាត់​រស់​នៅ​ក្នុង​តំបន់​សំណង់​អនាធិបតេយ្យ​ ​ជីវិត ​គឺ​ពោរពេញ​ដោយ​ការប្រើ​អំពើហិង្សា ​ការប្រើ​ពាក្យ​ពេចន៍​ជេរ​ប្រទេច​ផ្តាសា ​ដែល​ជាទង្វើ​ខ្វះខាត​នូវ​ការអប់រំ​។

លោក ​យ៉ែម រិន​ និយាយថា​៖«កាលនោះ ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​អាណោច​អាធ័ម​ដល់​ពួកគាត់​ខ្លាំង​ណាស់​។ នាពេល​ដំបូង ​យើង​បានជួយ​អប់រំ​ពួកគាត់ ​ឱ្យ​ឈប់​ប្រើ​អំពើហិង្សា ​ប្រើ​ពាក្យ​ជេរ​ប្រទេច​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បន្ទូល​ព្រះអង្គ ព្រោះ​ថា ​ទង្វើ​ទាំងនេះ ​ក៏​បានជះ​ឥទ្ធិពល​ដល់​កូនៗ​ខ្លាំង​ដែរ​ ដោយ​កង្វះ​[ការយក​ចិត្ត​ទុកដាក់]​ពី​ឪពុក​ម្តាយ»។

នាពេល​បច្ចុប្បន្ន ​នៅ​សាលា ​Mercy Village School​ មាន​ការបង្រៀន​តន្រ្តី​ ដូចជា​ ហ្គីតា ​ព្យ៉ាណូ​ វីយូឡុង ​និង​បើក​ថ្នាក់​បង្រៀន​សិស្ស​ ពី​ថ្នាក់​មត្តេយ្យ ​ដល់​ថ្នាក់​ទី៦​-៧ ​ដើម្បីជួយ​ឱ្យ​កុមារ​នៅ​ទីនេះ​ អាច​សរសេរ ​និង​ចេះ​អាន​អក្សរ​បាន​ និង​ចង់​ឃើញ​ក្មេងៗ​មាន​ពន្លឺ​វិជ្ជា ​និង​ការងារ​ល្អ​ទៅ​ថ្ងៃ​មុខ។​

លោក​ យ៉ែម រិន ​ប្រាប់ថា​៖«ក្តីស្រមៃ​របស់​ខ្ញុំ​ដែល​ខំ​មក​ជួយ​ពួកគាត់​នៅ​ទីនេះ​ ជាពិសេស​នោះ ​គឺ​ចង់ឱ្យ​ក្មេងៗ​មាន​ចំណេះវិជ្ជា​ មាន​ការងារ​ធ្វើ​ល្អៗ​នៅ​ពេល​អនាគត ​ហើយ​ពិតជា​មាន​ភាព​សប្បាយ​ចិត្ត ​និង​ចង់​ឃើញ​បងប្អូន​ខ្មែរ​មាន​ការអាណិត​ដល់​បង​ប្អូន​នៅ​សហគមន៍​នៃ​ភូមិ​មេត្តា​ករុណា»។ ​

ដោយសារ​ក្តី​អាណិត​អាសូរ ​និង​មាន​ចំណូល​ចិត្ត​លើ​វិស័យ​សិល្បៈ​ក្លាស៊ិក​ ទើប​ជំរុញ​ចិត្ត​ឱ្យ​ស្រ្តី​ជប៉ុន​ លោកស្រី​ មីវ៉ាកូ​ ហ៊្វូជិវ៉ារ៉ា ​តែងតែ​ស្វែងរក​វិធី​ ដើម្បី​សម្រួល​ការជួប​វិបត្តិ​ក្នុង​ការទ្រទ្រង់​ជីវភាព​អង្គភាព​ខ្លះ​ តាមរយៈ​ការលក់​សំបុត្រ​ប្រគំ​តន្រ្តី​សប្បុរសធម៌ ​ជួយ​ដល់​សហគមន៍​សិល្បៈ​ខ្មែរ​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ក្នុង​ប្រទេស​កម្ពុជា​ជា​រឿយៗ។

ការប្រគំ​តន្ត្រី​មនុស្សធម៌​នេះ ​មាន​ចំនួន​ ១១ លើក​មកហើយ ​គិត​ត្រឹម​កម្មវិធី​ ពី​ថ្ងៃទី ៩​ ខែតុលា ​ឆ្នាំ​ ២០២២​ នៅ​សាល​សិល្បៈ​នៃ​សណ្ឋាគារ​ភ្នំពេញ​សូហ្វីតែល​ ភូគីត្រា ​ដើម្បី​រក​ប្រាក់​មូលនិធិ​យក​ទៅ​ជួយ​ដល់​សាលា​សិល្បៈ​ខ្មែរ​ចំនួន​២ ​គឺ​សាលា​របាំ​សម្ដេច​នរោត្តម​ បុប្ផា​ទេវី​ និង​សាលា​វិចិត្រ​សិល្បៈ​យ៉ាម៉ាដា៕​​