ភ្នំពេញៈ ក្រោយ​​​ពី​ប្រកួត​ប្រជែង​​អស់​រយៈពេល​​​​ ២-៣​ខែ​មក​ នៅ​ពេល​នេះកម្ម​វិធី​​ «​ល្ខោន​ខ្មែរ​» ​​រដូវ​កាល​ទី​១ បាន​​​​​រក​ឃើញ​​ក្រុម​​​របាំ​​ចំនួន ​៥​ក្រុម​ចុង​ក្រោយ​​ សម្រាប់​ត្រៀម​ប្រកួត​​វគ្គ​​​ផ្តាច់​ព្រ័ត្រ ​ដើម្បី​ដណ្តើមយកពាន​​លេខ១ លេខ​​២ និង​​លេខ៣ នៅសប្តាហ៍ក្រោយ។​​ នេះ​​បើ​តាម​ការ​បញ្ជាក់​ពី​ផេកផ្លូវ​ការ​​សហភាព​សហព័ន្ធ​យុវ​​ជន​ខេត្ត​ស្វាយរៀង ដែលជា​អ្នក​រៀបចំ​កម្ម​​​​វិធី​។​

សារ​ពី​ផេកផ្លូវ​ការ​​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​ស្វាយរៀង បញ្ជាក់​​​​ថា៖ «​សូម​អប​អរសាទរ​ដល់កូន​ក្រុមទាំ​ង ​៥ រួម​​​​មាន​ក្រុម​យុវជន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រ​​​សិល្បៈ​​​រាជ​ធានី​​​​ភ្នំពេញ ក្រុម​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​សៀមរាប ​ក្រុមក្លិប​​បណ្តុះ​​​​​បណ្តាល​សិល្បៈ​​វប្ប​ធម៌ខ្មែរ​អង្គរ​​​​ខេត្ត​សៀមរាប ​ក្រុមក្រឹណ្ណរៈ ​និង​ក្រុម​ខ្ញុំ​​​ស្រឡាញ់វប្បធម៌​នៃ​ ស.​ស.យ.ក.ខេត្ត​កំពង់​ស្ពឺ ដែល​​​​ឡើង​​ទៅ​វគ្គ «​វេទិកា​របស់​​ខ្ញុំ​» នៃកម្មវិធី​ល្ខោន​​ខ្មែរ​ រដូវ​កាល​ទី១ សម្រាប់​​​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​»។​

លោក ឈី កុលបុត្រា ប្រធាន​ក្រុម​​ដឹកនាំ​រៀបចំ​កម្ម​វិធី​ល្ខោន​ខ្មែរ ​រដូវ​កាល​ទី​១​ ឆ្នាំ​ ២០២២ ​បាន​​ឱ្យ​ដឹង​​​​​ថា​ ក្រុម​​​​​ទាំង ៥ នឹង​ទទួល​បាន​ឱ​កាស​សន្សំពិន្ទុពី​ ៤០ ភាគរយទៅ​​ ៦០ ភាគរយ​ ​បន្ថែម​ទៀ​ត​ពី​ការ​វាយ​​​តម្លៃ​របស់​គណៈ​​​កម្មការទាំង ៤រូប​ នៅ​ក្នុង​វគ្គ «​​វេទិកា​របស់​​ខ្ញុំ»​។


លោក​​​​​បញ្ជាក់​ថា៖ «មានតែ៣ក្រុម​ ដែល​​មាន​ពិន្ទុ​​សរុប​ខ្ពស់ជាងគេ (Top3) ​​ប៉ុណ្ណោះ​ អាច​មាន​សិទ្ធិ​​ឡើង​​ទៅ​​កាន់​​​វ​គ្គ​​ផ្តាច់​ព្រ័ត្រ ​​​​​នាពេល​ខាង​មុខ​នេះ ក្នុង​ការ​ដណ្តើម​យក​ជយលាភីលេខ១ លេខ២ និងលេខ៣»។

ប្រធាន​​ក្រុម​​ដឹកនាំ​រៀបចំ​កម្ម​វិធី​ល្ខោន​ខ្មែរ ​រដូវ​កាល​ទី​១​ រូប​នេះ ក៏​សំណូមពរ​ឱ្យ​អ្នកទស្សនា​ចូល​រួម​បោះ​ឆ្នោត​​​លើ​វីដេអូ​សម្តែង​របស់​​ក្រុមរបាំ​​ទាំង ៥ក្រុម ផង​ដែរ​ តាម​ផេក​ផ្លូវ​ការ​របស់​សហភាព​សហ​ព័ន្ធ​​យុវជន​ខេត្ត​​ស្វាយរៀង​។


លោក​បាន​ឱ្យ​ដឹង​ថា លក្ខ​ខណ្ឌ​​នៃការបោះ​ឆ្នោត​លើវីដេអូក្រុម​​ប្រកួត​ទាំង ៥ តាម​រយៈ​​ហ្វេស​​​​​បុកផេក​ នៅ​​វគ្គ​ «វេទិកា​របស់ខ្ញុំ» ​នឹងមានរយៈពេលតែ ១សប្តាហ៍ប៉ុណ្ណោះ សម្រាប់​ក្រុម​ទាំង​​៥ ពោល​​​គឺ​​​ចាប់​ពី​​ម៉ោង​១២​យប់​ឈាន​​ចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ រហូត​ដល់​ម៉ោង ១២យប់ ឈាន​​​ចូល​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ២០២២ ។

លោក​ឈី កុលបុត្រា បញ្ជាក់​ថា៖«ពិន្ទុ​ចេញ​ពីការបោះឆ្នោតនេះ នឹង​ត្រូវបាន​រាប់ចំនួន​ ​តាមរយៈការ​ជ្រើស​រើស​សញ្ញា ​Like សញ្ញា​ Love សញ្ញា Care សញ្ញា Haha សញ្ញា Wow ហើយ​ការ​រាប់​នេះ​ផង​ដែរគឺ​យក​ចេញតែ​វីដេអូ​ នៅ​លើ​ទំព័រ​ហ្វេស​​បុក​ផ្លូវ​ការ​​​​របស់​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយ​រៀង​ប៉ុណ្ណោះ​»។

ក្រុម​របាំ​ ៥ក្រុម​ចុង​ក្រោយ​ ដែល​ឡើង​ទៅ​វគ្គ «វេទិការបស់ខ្ញុំ» នោះ ត្រូវ​បាន​ប្រកាស​​ចេញលទ្ធផល​​ពី​ការ​ប្រកួត​​​វគ្គ​ពាក់​​កណ្តាល​ សរុប​មានចំនួន​​ ១២ក្រុម​ កាលពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២២ ដែលជា​កូន​ក្រុម​របស់​គណៈ​​កម្មការទាំង​៤​រូប ដោយ​គ្រូបង្វឹក​១​រូបៗ​មាន​​ ​៣​ក្រុម​​។

ក្នុងនោះ​កូន​ក្រុម​លោកស្រី​សាស្ត្រាចារ្យ សុទ្ធ សុម៉ាលី មានក្រុម​ពន្លកថ្មី​នៃ​វប្បធម៌ ក្រុម​ល្ខោន​បុរាណ​ស្រី​​វត្ត​កៀន​ស្វាយ​ក្រៅ និង​ក្រុម​យុវជន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានីភ្នំពេញ។ ​រីឯ​កូន​ក្រុម​របស់​លោក​ស្រី​សាស្ត្រា​ចារ្យ សំ សត្យា មាន​ក្រុម​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​បន្ទាយ​មាន​ជ័យ ក្រុម​រស្មីនៃ​វប្បធម៌ និង​ក្រុម​​ក្រឹស្ណរៈ។

ចំពោះ​​កូនក្រុម​លោក​សាស្ត្រា​ចារ្យ ព្រឿង ឈៀង មាន​ក្រុម​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ខេត្តសៀមរាប ក្រុម​​​សិល្បៈបុរាណ​យុវជន​ល្ខោនខោល​ និង​របាំ​បុរាណ​ជំនាន់ថ្មី និង​ក្រុម​ស្រឡាញ់​វប្បធម៌​នៃ​ ស.ស.យ.ក ខេត្ត​​​​កំពង់​ស្ពឺ។ រីឯ​ចុង​ក្រោយ​កូនក្រុម​លោកស្រីព្រឹ​ទ្ធា​ចារ្យ ប៉ែន សុខ​ហួន មាន​ក្រុម​នារីអង្គរ ក្រុម​វិទ្យាស្ថាន​គរុ​កោសល្យ​​រាជធានីភ្នំពេញ និង​ក្រុម​ក្លិប​បណ្តុះ​បណ្តាល​សិល្បៈ​វប្បធម៌​ខ្មែរ​អង្គរ​ខេត្ត​សៀម​រាប។

កម្ម​​វិធី​​ប្រកួត​​ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ​ «​ល្ខោន​ខ្មែរ​» ​​រដូវ​កាល​ទី​១ ក្នុង​ឆ្នាំ​២០២២ ក្រោម​វិញ្ញា​សា​ «ទម្រង់​របាំ​ក្បាច់​​​​​​បុរាណខ្មែរ» ​រៀបចំ​ដោយ​​​ស​ហ​​​​​​ភាព​សហព័ន្ធ​​យុវ​ជន​កម្ពុជា​​ខេត្ត​ស្វាយ​រៀង​ គាំទ្រ​​​ពី​ក្រសួង​​​​វប្បធម៌ និង​វិចិត្រ​​​​​​​សិល្បៈ និ​ង​​សហ​​ការ​​ផ្សព្វ​​ផ្សាយ​ដោយ​ទូរ​ទស្សន៍ ​(BTV)​ចាក់​បញ្ចាំង​​រៀង​រាល់​ថ្ងៃ​សៅរ៍ ចាប់ពី​​​ម៉ោង ៦​ល្ងាច​​​​​​ទៅ និង​​ផ្សាយ​លើ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជាខេត្ត​ស្វាយ​រៀង​​។​​

​ការ​បង្កើត​កម្ម​វិធី​ល្ខោន​ខ្មែរ​នេះឡើង​ ​​​​នៅ​ក្នុង​គោល​បំណង​សំខាន់​ ចង់​បណ្ដុះ​​​មនសិការ​​​​យុវជនឱ្យ​​មាន​ស្មារតី​ស្រឡាញ់​ និង​​គាំទ្រនូវ​​​វប្បធម៌សិល្បៈ​ខ្មែរ​​​​​បុរាណ​ ចង់​​ថែ​រក្សា​ អភិរក្ស​មរតក​វប្បធម៌​​ និងផ្សព្វ​​ផ្សាយ​​អំ​​ពីទី​ផ្សារ​​នៃ​​​​ទម្រង់​​សិល្បៈ​​​​​​​បុរាណ ​​​​​និងចង់​ផ្សារ​​ភ្ជាប់​នូវ​ទំនាក់​ទំនង ​រវាង​សិល្បករ-សិល្ប​ការិនី ជំនាន់​ចាស់ និង​​​ជំនាន់​ថ្មី​ ឱ្យ​មាន​ភាព​ស្និទ្ធស្នាល​ក្នុង​ជំនាញ​​​ខ្លួន។

លោក កុលបុត្រា ក៏​​លើកពី​​អត្ថ​ប្រយោជន៍​​​​របស់​បេក្ខជន​ ក្រោយ​ពី​​​​ប្រកួតដែរ​ថា៖ «​​យ៉ាង​ហោច​ណាស់ ​ក៏​ក្រុម​​​សិល្ប​ករ-សិល្បការិនី ត្រូវ​បានស្រទាប់​​មហាជន​ ស្គាល់​​​ក្រុម​ខ្លួន នា​​​ពេល​​​​ប្រកួត​។ ជា​ឧទាហរណ៍ ដូច​ជា​​​​ក្រុម​វង់​ភ្លេង​តន្រ្តី អ៊ីចឹង ពួកគាត់​ត្រូវ​បាន​បង​ប្អូន​​​ខ្មែរ ​នៅ​​តាម​មូល​​​​​​ដ្ឋាន​សហគមន៍​ខ្លួនផ្ទាល់​​ ​បាន​​​ទាក់​ទង​​ ឬ​​ជួល​​ទៅ​សម្តែង​​ពេល​​មាន​​​រៀបចំ​កម្ម​វិធី​​នានា​ ដោយ​​​​ចំណុច​​​នេះហើយ​​យើង​ចាត់​ទុក​ថា គឺ​ជា​ការ​ជួយ​ផ្សព្វ​ផ្សាយ និងរក​​​ទី​ផ្សារ​សិល្បៈ​ ដល់​សិល្ប​ករ​-សិល្ប​ការិនីខ្មែ​រ​យើង​​​​»។​

ចំពោះ​​ជយ​​លាភី​ចំនួន​ ៣ ក្រុម​ ចុ​ង​ក្រោយ នឹងទទួល​បាន​​ប្រាក់​រង្វាន់​សរុប​ ២៤ លាន រៀល ដោយ​​ជយ​លាភី​លេខ ១ ទទួល​បាន​​​​ទឹក​ប្រាក់​ចំនួន ១២ លាន​រៀល ជយ​លាភីលេខ ២ ទទួល​បាន​ទឹកប្រាក់​ចំនួន ៨ លាន​រៀល និង​ជយ​លាភីលេខ​៣ ទទួល​បាន​ទឹក​ប្រាក់​ចំនួន ៤​ លាន​រៀល៕​