ជាចុងភៅឆ្នើម​ ជនជាតិ​ខ្មែរ​ ដ៏ល្បីល្បាញ​មួយរូប​ដែលបានពុះពារ​ឧបសគ្គ​មកជាង ​៣០ឆ្នាំ​ ក្នុងវិស័យ​ម្ហូបអាហារ​ទាំងក្នុងស្រុក និងក្រៅស្រុក​ លោក លូ ម៉េង ​មានទីកំណើត​នៅរាជធានី ភ្នំពេញ។ ក្រោយបញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ ​លោកបាន​បន្តការសិក្សា​ជំនាញ Tourism Hospitality management ​នៅទីក្រុង​បាងកក​ព្រះរាជា ណាចក្រ​ថៃ រួច​បន្តការសិក្សា​នៅប្រទេស​ម៉ាឡេស៊ី ដោយលោក​ចាប់ជំនាញ​ជាចុងភៅ​។ លោក មាន​បងប្អូន​ចំនួន ៣នាក់ លោកជាកូនច្បង​ក្នុងគ្រួសារ។

ក្រោយបញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ១៩៩២ លោកបាន​វិលត្រឡប់ មក​ប្រទេស​កម្ពុជា វិញ ​និងបាន​ផ្ដើមការងារ​ដំបូង​របស់លោក​ជាចុងភៅ​។ លោកបាន​ឱ្យដឹង​ថា៖ «ខ្ញុំ​ចាប់ផ្ដើម​ការងារ​ជាចុងភៅ​ពីថ្នាក់​ក្រោមបំផុត​រហូត​ដល់​ថ្នាក់លើ​»។

លោកបាន​ធ្វើដំណើរ​តាមបណ្ដា​តំបន់​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ដើម្បី​រិះរក​រូបមន្ត​ធ្វើម្ហូប​របស់​ប្រជាជនខ្មែរ​យក​មក​ចងក្រង​ជាសៀវភៅ​ក្នុងបំណង​ថែរក្សា​ រសជាតិ ​និងកេរដំណែល​ម្ហូបអាហារខ្មែរ​ដ៏សម្បូរបែប​។ លោកក៏​បានលើក​កម្ពស់​វិស័យ ម្រេច​កំពត​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យកាន់តែ​មាន​ការទទួល​ស្គាល់ និង​ការប្រើប្រាស់​ជុំវិញ​ពិភពលោក​ដែលបាន​ជួយ​ទៅដល់​កសិករ​កម្ពុជា​ជាច្រើន​ស្រទាប់​។


មកទល់​ពេលនេះ ​លោកបាន​ក្លាយជា​ម្ចាស់ក្រុមហ៊ុន​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ដ៏ធំមួយ​នៅប្រទេស​កម្ពុជា ហើយ​លោក​ដើរតួ​យ៉ាងសំខាន់​ក្នុងវិស័យ​ម្ហូបអាហារ​នេះ។ ហើយ​សម្រាប់​ឆ្នាំ ២០២២ ​នេះ លោកក៏​ត្រូវបាន​ជ្រើសរើស​ជា​ «បុគ្គលល្អឯក» ​ដែលរៀបចំ​ដោយក្រុមហ៊ុន​ស្រាបៀរ​ ABC ផងដែរ។

ទាក់ទិន​នឹងជំនាញ​ជាចុងភៅ​នេះ លោក ​លូម៉េង មាន​ប្រសាសន៍​ឱ្យដឹង​បន្ត​ថា៖ ​«កាលនោះ​ខ្ញុំរៀន​ខាងគ្រប់គ្រង​សណ្ឋាគារ និង​បដិសណ្ឋារ​កិច្ច​ពិតមែន ប៉ុន្តែ​វិស័យនេះ​មានច្រើន​ផ្នែក ហើយ​ខ្ញុំចាប់​យកជំនាញ​ជាចុងភៅ ព្រោះ​ខ្ញុំ​ចូលចិត្ត​ជំនាញ​នេះ​»។


សូម​បញ្ជាក់​ថា បច្ចុប្បន្ន​លោក លូ ម៉េង ​ជា CEO​ ក្នុង​ក្រុមហ៊ុន​មួយ​ AlMOND HOTEL​ ជាអ្នក​ដឹកនាំ​មួយរូប​ក្នុង​ក្រុមហ៊ុន ​THALIAS ហើយ​ក៏ជា​ចុងភៅ​ជំនាញ​នៅក្នុង​ Restaurants Almond Hotel ​នោះ​ផងដែរ​។ ក្រៅពីនេះ​ លោកបាន​ចូលរួម​ចងក្រង​សៀវភៅ​ម្ហូបអាហារ​បាន​២ ចំណងជើង​រួច​មកហើយ​ ហើយ​ឆ្នាំ២០២៣ នេះ​ លោក​នឹង​ចងក្រង​សៀវភៅ​ម្ហូបអាហារ​ភាគ ៣ ​បន្ថែមទៀត​។

លោកបាន​ផ្ដល់​អនុសាសន៍​ដូច្នេះថា​៖ «យុវជន​នៅក្មេង​ដែលស្រឡាញ់​អាជីព​ដូចខ្ញុំ​ដែរ ​សូម​យកចិត្ត​ទុកដាក់​ ស្រឡាញ់​វប្បធម៌​ដែលយើង​មាន​។ ដូចខ្ញុំ​នេះ ខ្ញុំ​នៅតែបន្ត​ទៅមុខ​តៗទៀត​ ព្រោះ​ការងារនេះ​វាសំខាន់​ខ្លាំងណាស់​ ព្រោះមួយ​ថ្ងៃយើង​ហូប​បី​ពេល​ ទាំងភ្ញៀវ​ ទាំងមិត្ត​ភក្ដិ​ ទាំងអ្នក​តូច​ ទាំងអ្នក​ធំ ទាំងមនុស្ស​ទូទៅ​ក៏ដោយ​ សុទ្ធតែ​ត្រូវការ​ហូប​បី​ពេល។

ម្ហូបអាហារ​ជាកត្តា​ចម្បង​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ បើយើង​ស្រឡាញ់​អាជីព​ហ្នឹង ​យើង​កាន់វា​ឱ្យមាំ​ ហើយ​ធ្វើ​ឱ្យ​ឆ្ងាញ់ នោះ​អ្នក​ដែល​ពិបាក​ចិត្ត​ក៏ត្រូវការ​យើង​ អ្នក​សប្បាយចិត្ត​ក៏ត្រូវការ​យើង ហើយ​ម្ហូបអាហារ​ធ្វើឱ្យ​មនុស្ស​សប្បាយ​រីករាយ​ទាំងអស់​គ្នា»​។

លោកបាន​សង្កត់​បន្ថែមថា៖«អាជីពនេះ​ពិតជា​សំខាន់​ មិនថា​ស្ថិត​ក្នុង​ពេលណា​ទេ​ មាន​កូវីដ ​មិន​មាន​កូវីដ​ក៏ដោយ​ ក៏មាន​អ្នក​ត្រូវការ​អ្នកជំនាញ​ខាងនេះ​ដែរ​»៕