ពិតណាស់! នរណា​ក៏​អាច​ចម្អិន​ម្ហូប​បាន ប៉ុន្តែ​ការ​ចម្អិន​ម្ហូប​មួយ​ដែល​មាន​រសជាតិ​ឆ្ញាញ់ ប្លែក ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​មនុស្ស​ភាគច្រើន គឺ​ពិត​ជា​មិន​ងាយស្រួល​នោះ​ទេ។ កាន់តែ​ពិបាក​ទៀត​នោះ គឺការ​ដែល​អាច​បន្ថែម​នូវ​ភាព​ច្នៃប្រឌិត​ទៅ​លើ​មុខ​ម្ហូប​ឱ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ។

មានម្ដាយ​ជា​មេ​ចុងភៅ​ម្ហូប​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​ដែល​ល្បី​ឈ្មោះ​ប្រចាំ​ស្រុក​ទូកមាស (ខេត្តកំពត) ស្រាប់ អ្នកស្រី ប៉ុល គីមសាន ធំធាត់​ឡើង​ដោយ​មាន​ចំណូលចិត្ត ក្នុង​ការ​ចម្អិន​ម្ហូប​តែម្ដង។ មិនត្រឹមតែ​ប៉ុណ្ណោះ អ្នកស្រី​មាន​ម្ដាយ​ជា​ជនគំរូ ជា​អ្នក​តំណាង​ឱ្យ​ភាព​រឹងម៉ាំ ពុះពារ​ចំពោះ​ការ​ស្វែងរក​គោលដៅ ដែល​ជា​បុព្វហេតុ​សំខាន់​ក្នុង​ការ​ទាញ​ចិត្ត​អ្នកស្រី​ផងដែរ។

ដោយចិត្ត​ស្រឡាញ់​វិស័យ​ម្ហូបអាហារ អ្នកស្រី​បាន​បន្ត​ការ​សិក្សា​នៅ​សាលា​សណ្ឋាគារ និង​ទេសចរណ៍ ប៉ូ ឌុយប៊្រូល នៅក្នុង​ខេត្ត​សៀមរាប​កាល​ពី​ឆ្នាំ ២០០២ ដែល​មក​ទល់​ពេលនេះ​គឺ​មាន​រយៈពេល ២០ ឆ្នាំហើយ។


មាន​ទាំង​ការ​បណ្ដុះបណ្ដាល និង​បេះដូង​ស្រឡាញ់​ការងារ​ចម្អិន​ម្ហូប អ្នកស្រី​បាន​ចាប់ផ្ដើម​បំពេញ​ការងារ​ជា​ចុងភៅ​នៅ​តាម​ភោជនីយដ្ឋាន​នានា ដូចជា​នៅ​សណ្ឋាគារ Victoria ក្រោយ​មក​គឺ​ភោជនីយដ្ឋាន Collection និង​បាន​បើក​ជា​ភោជនីយដ្ឋាន​ផ្ទាល់ខ្លួន​មួយ​នៅ​ខេត្ត​សៀមរាប ដោយ​មាន​ឈ្មោះ​ថា Embassy Restaurant។

ជា​ជោគជ័យ​ដ៏​ធំធេង​ដែរ កាល​ពីឆ្នាំ ២០២១​កន្លង​ទៅ អ្នកស្រី​មាន​ឱកាស​ទៅ​ចម្អិន​ម្ហូបខ្មែរ​ដើម្បី​ឱ្យ​ភ្ញៀវជាតិ និង​អន្តរជាតិ​ពិសា នៅ​ឯ​ទីក្រុង Davos ប្រទេស​ស៊្វីស (Switzerland) ផងដែរ។ នៅ​ក្នុង​កម្មវិធី​នោះ​ទៀត​សោត ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន។ ម្ហូបល្បីៗ​របស់​ខ្មែរ​ប្រមាណ​ជា ១០​មុខ បាន​ធ្វើឱ្យ​ភ្ញៀវជាតិ និង​អន្តរជាតិ ស្ញើច​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​សមត្ថភាព​របស់​មេ​ចុងភៅ។


ក្រៅ​ពី​នោះ​អ្នកស្រី​បាន​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ពី​មេ​ចុងភៅ​ល្បីៗ​បរទេស ដែល​មាន​ដូចជា ប្រទេស​បារាំង និង​ស៊្វីស ក៏​ដូចជា បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​នៅ​ប្រទេស ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេសថៃ ជាដើម។

ក្ដោបក្ដាប់​នូវ​បទពិសោធន៍​ក្រាស់ក្រែល ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ អ្នកស្រី​បាន​បើក​នូវ​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន​មួយ​ទៀត កាល​ពី​ដើម​ឆ្នាំ ២០២១​កន្លង​ទៅ ដែល​មាន​ឈ្មោះ​ថា​ «សំបុក» និង​ដែល​ជា​ភោជនីយដ្ឋាន​សាខាថ្មី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ភោជនីយដ្ឋាន​ថ្មី​នេះ​ផ្ដោត​សំខាន់លើ​ភ្ញៀវ​ក្នុង​ស្រុក​ដែល​ជា​ជនជាតិ​ខ្មែរ ខណៈ​ដែល​ភោជនីយដ្ឋាន នៅក្រុង​សៀមរាប ច្រើន​តែ​ផ្ដោត​លើ​ភ្ញៀវ​បរទេស។

សំបុក គឺជា​ភោជនីយដ្នាន​មួយ​ដែល​មិនត្រឹម​តែ​ផ្ដល់​ជូន​នូវ​មុខម្ហូប​ពិសេសៗ​បែប​ខ្មែរ ដែល​មាន​រសជាតិ​ឆ្ញាញ់ ប៉ុន្តែ​ថែម​ទាំង​ជា​កន្លែង​ផ្ដល់ការងារ​ជូន​ស្ត្រី​ផងដែរ។ រាប់តាំង​ពី​ចុងភៅ រហូត​ដល់​អ្នក​រត់តុ គឺ​សុទ្ធតែ​ជា​ស្ត្រី​ទាំងអស់ ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​លើក កម្ពស់​ជីវភាព និង​ប្រាក់​ចំណូល​របស់​ស្ត្រី។

អ្នកស្រី ប៉ុក គីមសាន បាន​មាន​ប្រសាសន៍​ថា៖ «ការ​ពិត​ស្ត្រី​គាត់​ជា​មេផ្ទះ​ដ៏​ចំណាន​រួច​ទៅ​ហើយ ដោយ​គាត់​អាច​ចម្អិន​ម្ហូប​ដោយ​យក​ចិត្ត​ទុក​ដាក់ ដូច្នេះ​វាជារឿង​ល្អ​ដែល​យើង​ចូលរួម​លើក​កម្ពស់ ស្ត្រី​តាម​រយៈការ​ផ្ដល់​ការងារ​នេះ​ជូន​ពួកគាត់»។

អ្នកស្រី​បន្ត​ទៀត​ថា៖ «បទពិសោធន៍​ពី​ការ​សង្កេត​ឃើញ​នៅ​ក្រៅ​ប្រទេស គឺ​ឃើញ​ថា គេមាន​ការ​លើក​កម្ពស់​ស្ត្រី​ណាស់ ដូច្នេះ សម្រាប់ខ្ញុំ នេះ​ជា​រឿងល្អ​ដោយ​ជំនាញ​ចម្អិន​ម្ហូប​អាហារ​ជា​ជំនាញ​ដែល​ស្ត្រី​ភាគច្រើន​មាន​រួច​ទៅ​ហើយ»។

ប៉ុន្តែ​យ៉ាងណា អ្នកស្រី​ក៏​បាន​រំលេច​ពី​ទុក​លំបាក​ក្នុង​ការ​ចាប់​អាជីព​ជា​មេចុងភៅ​នេះ ដោយ​ត្រូវ​លើក​របស់​ធ្ងន់ៗ និង​ត្រូវឈរ ឬ​រត់ក្នុង​ទីធ្លាផ្ទះ​បាយ​មួយ​ថ្ងៃពេញ។ ដូច្នេះ​ហើយ​បាន​ជា​អាជីព​នេះ ច្រើន​តែ​មនុស្ស​ប្រុស​ជា​អ្នក​ធ្វើ​ទៅវិញ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកស្រី​នៅតែ​មាន​មហិច្ឆតា​ខ្ពស់ ដោយ​អ្នកស្រី​ចង់​បាន Michelin Star ដែល​ជា​ពាន​រង្វាន់​ដ្ឋាន​ស្តង់ដា និង​ជា​ការ​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​ពិភពលោក។

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​យក​ស្តង់ដា​នេះ អ្នកស្រី​និង​ក្រុម​ការងារ​បាន​ស្វះស្វែង​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល ទាំងក្នុង និង​ក្រៅ​ប្រទេស ដើម្បី​ដកស្រង់​យក​បទ​ពិសោធន៍​ថ្មីៗ សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​មុខម្ហូប របស់​ខ្លួន​បន្ថែម។

គួររំឭកថា អ្នកស្រី​ត្រូវ​បាន​ក្រុមហ៊ុន​ស្រាបៀរ ABC ជ្រើសរើស​ទៅ​ជា​បុគ្គល​ឆ្នើម ក្នុង​ចំណោម​បុគ្គល ១០រូប ដែល​មក​ពី​វិស័យ​ខុសៗ​គ្នា។ អ្នកស្រី​មាន​ជំនឿ​ថា ក្រុមហ៊ុន​មាន​គោលដៅ​ចង់​លើក​កម្ពស់ បុគ្គល​ដែល​មាន​ស្នាដៃ​លេចធ្លោ​ក្នុង​សង្គម ដើម្បី​បន្សល់​ទុក​ជា​កេរដំណែល និងជា​គំរូ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជាមួយ​ជីវិត​រៀងៗ​ខ្លួន៕