ភ្នំពេញៈ នៅតាម​ទីសត្តឃាត​សម្លាប់សត្វ​គោក្របី​មួយចំនួន​គេ​តែងតែ​សង្កេត​ឃើញ​មាន​បន្សល់​ស្នែងគោ​ស្នែងក្របី​ ឬក៏​ឆ្អឹង​គោក្របី ហើយ​បង្ក​ជា​ក្លិនស្អុយ​ទៀតផង ដោយ​អ្នកខ្លះ​បាន​គិតថា គ្មាន​ប្រយោជន៍​មិនដឹង​ជា​យកទៅ​ធ្វើ​អ្វី​បាន​ទៀត​។​

​ប៉ុន្តែ​មាន​សិប្បករ​ខ្មែរ​ម្នាក់​បាន​យក​ស្នែងគោ​ក្របី​មក​កែច្នៃ​ទៅជា​គ្រឿង​ដាក់តាំង​លម្អ​ក្នុង​គេហដ្ឋាន និង​កែច្នៃ​ធ្វើជា​បន្តោង​ខ្សែក បន្តោង​សោ រួម​នឹង​វត្ថុ​អនុស្សាវរីយ៍​យ៉ាង​ល្អ​ប្រណីត​។​គ្រឿង​កែច្នៃ​ពី​ស្នែង​សត្វ​ធម្មជាតិ​ទាំងនេះ​វា​មិន​ត្រឹមតែ​រួមចំណែក​ដល់​វិស័យ​បរិស្ថាន​ប៉ុណ្ណោះ​ទេ តែ​វា​បាន​លើក​ពី​គុណ​តម្លៃ​នៃ​ជីវិត​របស់​អ្នកប្រើប្រាស់​ផលិតផល​កែច្នៃ​ពី​ស្នែង​ទាំងនេះ​យ៉ាង​គាប់ប្រសើរ​ទៀតផង​។​

​ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌​ផ្ទៃមេឃ​កម្ពស់​ប្រហែលជា ​១,៦០ ​ម៉ែត្រ ជាមួយ​ដំណើរ​យ៉ាង​រហ័សរហួន​ហាក់​ប្រណាំង​នឹង​ដំណើរ​ខ្យល់​ត្រជាក់​បក់​ម្តង​ខ្លាំង ម្តង​ខ្សោយ ប៉ះ​ទៅនឹង​សក់​ពណ៌​ខ្មៅ​រលើប​បាន​គ្រប​លើ​ផ្ទៃមុខ​ជាមួយនឹង​ស្នាម​ញញឹម​គួរឱ្យ​គយគន់​។​ស្ត្រី​វ័យ​កណ្តាល​ឈ្មោះ គួ​ន ចិន្តា ដែល​មកពី​ខេត្តព្រៃវែង​រូបនេះ​គឺជា​សិប្បករ​កែច្នៃ​ស្នែងគោ​ស្នែងក្របី​ធ្វើជា​គ្រឿង​សម្ភារ​លម្អ​ផ្សេងៗ​យ៉ាង​ល្អ​ប្រណីត​។​


​ខណៈ​កំពុង​រៀប​ដាក់លក់​វត្ថុ​អនុស្សាវរីយ៍​នៅក្នុង​ហាង​តូច​ល្មម​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក អ្នកស្រី​គួ​ន ចិន្តា បាន​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នកស្រី និង​ស្វាមី​មាន​ដើមកំណើត​នៅ​ឃុំ​ស្រុក​កំពង់លាវ ខេត្តព្រៃវែង ហើយ​នៅ​អំឡុង​ឆ្នាំ​ ១៩៩០ ​ប្លាយ ស្វាមី​របស់​អ្នកស្រី​បាន​ចូលរៀន​ជំនាញ​កែច្នៃ​ធ្វើជា​វត្ថុ​សម្រាប់​ដាក់តាំង​នៅក្នុង​ផ្ទះ​ដូចជា សំណាក​សត្វ​កុក ក្តាម បង្កង ជាមួយ​អង្គការ​ប្រា​សាក់ តែ​មិនមែន​កែច្នៃ​ពី​ស្នែងគោ​ក្របី​ឡើយ ប៉ុន្តែ​កាលនោះ​ក៏មាន​ហាង​លក់​ស៊ុប​មួយ​នៅ​ពីមុខ​ផ្ទះ​របស់​អ្នកស្រី​ដែល​គេ​ចោល​ក្បាល​គោ ក្បាល​ក្របី ភ្ជាប់​ជាមួយ​ស្នែង​របស់​វា​ដែល​ធ្វើឱ្យមាន​ក្លិនស្អុយ​ដល់ផ្ទះ​អ្នករស់នៅ​ជិតខាង​ផង​។​

​ស្ត្រី​វ័យ​ ៤១ ​ឆ្នាំ​រូបនេះ បាន​រៀបរាប់​បន្តថា បើទោះបីជា​អ្នកស្រី​ត្រូវ​រំខាន​ដោយ​ក្លិនស្អុយ​បែបណា​ក្តី​ក៏​អ្នកស្រី​មិនដែល​មាត់ធំមាត់តូច​ជាមួយ​ម្ចាស់​ហាង​លក់​ស៊ុប​នោះឡើយ តែ​ផ្ទុយទៅវិញ​អ្នកស្រី និង​ស្វាមី​តែង​រើស​ស្នែងគោ​ក្របី​ទាំង​នោះមក​លាង​ហើយ​ហាលថ្ងៃ​យ៉ាង​ស្ងួត​រៀបចំ​ទុកដាក់​វា​ត្រឹមត្រូវ តែ​អ្នកស្រី​មិនទាន់​នឹកឃើញ​យក​វា​មក​កែច្នៃ​បង្កើតជា​មុខរបរ​នៅឡើយ​ទេ​។​


​ប៉ុន្តែ​ដោយសារ​របរ​របស់​អ្នកស្រី​មិនសូវ​ជា​កាក់កប​រកលុយ​ផ្គត់ផ្គង់​គ្រួសារ​មិន​គ្រប់គ្រាន់​ផង​នោះ ស្វាមី​របស់​អ្នកស្រី​ក៏​នឹកឃើញ​យក​ជំនាញ​ដែល​គាត់​ធ្លាប់បាន​រៀន​នៅ​អង្គការ​ប្រា​សាក់​មក​ធ្វើការ​កែច្នៃ​ស្នែង​សត្វ​គោក្របី​ជាវ​ត្ថុ​ផ្សេងៗ​ដើម្បី​លក់ តែ​មុខរបរ​ថ្មី​នេះ​ក៏​ហាក់ដូចជា​មិនសូវ​កាក់កប​ដែរ​។​

​អ្នកស្រី​ថ្លែងថា​៖ «​រាល់​អស់អ្នក​ផ្សេង គេ​រៀន​តែ ​៣​ ៗ​ខែ​ទេ ចំណែក​ប្តី​ខ្ញុំ​រៀន​ជំនាញ​កែច្នៃ​ធ្វើ​រូប​ដូច​គេ​ដែរ​តែ​គាត់​រៀន​ដល់​ទៅ​៣​ឆ្នាំ​ឯណោះ​។ គាត់​រៀន​ចាប់​ផ្តើម​ពី​សិស្ស​រហូត​ក្លាយជា​គ្រូ​នៅ​អង្គការ​ប្រា​សាក់ បង្រៀន​គេ​វិញ​»​។​

​បើតាម​អ្នកស្រី ចិន្តា ដោយសារតែ​នៅ​ស្រុកកំណើត​មិនមាន​អ្នកគាំទ្រ​ផលិតផល​កែច្នៃ​ពី​ស្នែងគោ​ក្របី​ទើប​នៅ​ឆ្នាំ ២០០១ អ្នកស្រី និង​ស្វាមី​ផ្លាស់​មក​រស់នៅ​ផ្ដុំ​ប៊ុល​ឌី​ង​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ប្រកប​របរ​លក់​ផលិតផល​ស្នែង​នេះ​ដដែល ហើយ​ផលិតផល​របស់​អ្នកស្រី ក៏​ចេះតែមាន​អតិថិជន​ទាំង​ខ្មែរ ទាំង​ជនបរទេស​ស្គាល់​ជា​បណ្តើរៗ​។​

​ដោយសារ​ការលក់ដូរ​ផលិតផល​កែច្នៃ​ពី​ស្នែងគោ​ស្នែងក្របី​ជាច្រើន​ឆ្នាំ​មក អ្នកស្រី​បាន​មើលឃើញថា ភ្ញៀវ​បរទេស​ភាគច្រើន​ចូលចិត្ត​គ្រឿងអលង្ការ ហេតុដូច្នេះ​ទើប​អ្នកស្រី​កែច្នៃ​ធ្វើជា​គ្រឿងអលង្ការ​វិញ​។ គ្រាន់តែ​ថា​ស្នែង​ទាំងអស់​មិនអាច​កែច្នៃ​បាន​ទាំង​​អស់​ទេ បើ​ស្នែង​ណា​មិនល្អ ក៏​កែច្នៃ​មិនកើត​ដែរ​។​

​អ្នកស្រី​ថា​៖ «​ស្នែង​ខ្លះ​ពណ៌​វា​មកពី​ធម្មជាតិ​របស់​វា​តែម្តង ដូច​ថា ស្នែង​វា​ដុះ​មក​មាន​ម្រ័ក្សណ៍ មាន​ពណ៌​មានអី​ជា​រូប​នៅក្នុង​នោះ​តែម្តង​។ ដូច​កាលពី​វា​រស់នៅ​មានជីវិត​វា​ទៅ​ជល់​គ្នា ហើយ​បង្កើតឱ្យមាន​ជា​រូ​បវ​ល្លិ៍​នៅក្នុង​ស្នែង​របស់​វា​តែម្តង អ៊ីចឹង​វ​ល្លិ៍​ហ្នឹង​វា​ស្អាត​ផុត​គេ​ហើយ​គ្មាន​ ២​ ទេ​»​។​

​អ្នកស្រី​បញ្ជាក់ថា កាលពីមុន នៅពេលដែល​ស្វាមី​របស់​អ្នកស្រី​ផលិត​បាន​ហើយ ក៏​យក​ផលិតផល​នោះ​ទៅ​ផ្ញើ​នៅតាម​ហាង​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​។ តែ​នៅ​ប៉ុន្មាន​ឆ្នាំមុន​សម័យ​កើតមាន​ជំងឺ​កូ​វីដ គឺ​អ្នកស្រី​មាន​ហាង​ផ្ទាល់ខ្លួន​មួយ​នៅក្បែរ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក ហើយ​ចេះតែមាន​ភ្ញៀវ​បរទេស​ចូល​ទិញ​ផលិតផល​របស់​អ្នកស្រី​ជា​ហូរហែ​មក​ដែរ​។​

​ទោះយ៉ាងណា អ្នកស្រី​ត្អូញត្អែរថា ផលិតផល​កែច្នៃ​ពី​ស្នែង​ដោយ​ដៃ​ពិតៗ​នេះ​ហាក់​មិនសូវមាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​គាំទ្រ​ប៉ុន្មាន​ទេ​។ «​ហេតុដូច្នេះ​ហើយ​ខ្ញុំ​តែងតែ​រិះរក​រក​វិធី​ផ្សព្វផ្សាយ​តាមរយៈ​ការចូលរួម​តាំងពិព័រណ៍​នៅតាម​ទីកន្លែង​ផ្សេងៗ និង​តាមរយៈ​ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍​ឬ​តាមរយៈ​ភូមិ​ ១​ ផលិតផល​ ១ អ៊ីចឹងទៅ ព្រោះ​យើង​មិនសូវមាន​ធនធាន​សម្រាប់​ផ្សព្វផ្សាយ​ដែរ​»​។​

​អ្នកស្រី​បន្ថែមថា ចំពោះ​វត្ថុធាតុដើម​ជា​ស្នែងគោ​ស្នែងក្របី​នេះ​ពីមុនៗ​មក​អ្នកស្រី​ដើរ​ប្រមូល​ពី​តាម​ទីសត្តឃាត​តែ​ឥឡូវនេះ​គឺ​អ្នកស្រី​មាន​ម៉ូយ​យកមក​លក់​ឱ្យដល់ៗ​កន្លែង​តែម្តង​។ ក្នុងនោះ​ឆ្អឹង​គោ​ឆ្អឹង​ក្របី ក៏​អ្នកស្រី​យក​ដែរ តែ​យក​ចំនួន​តិច​បំផុត​ប៉ុណ្ណោះ ប៉ុន្តែ​ឆ្អឹង​វា​មាន​ក្លិនស្អុយ​ជាង​ស្នែង ព្រោះ​នៅក្នុង​ឆ្អឹង​មាន​ខួរ​។ រីឯ​ស្នែង​ដែល​នៅមាន​ជាប់សាច់​ហើយ​វា​មាន​ក្លិនស្អុយ​ដែរ ដូច្នេះហើយ​ទើប​អ្នកស្រី​ត្រូវ​លាង​សម្អាត និង​ហាលថ្ងៃ​ឱ្យ​ស្ងួត​ល្អ​អស់​ក្លិនស្អុយ​ទើប​យកមក​កែច្នៃ​បាន​។​

​អ្នកស្រី​បញ្ជាក់ថា​៖ «​នៅ​ស្រុក​ខ្មែរ​យើង​គិតៗ​ទៅ​ដូចជា​មិនទាន់មាន​អ្នកវិនិយោគ​លើ​ការផលិត​កែច្នៃ​ស្នែងគោ​ក្របី​នេះ​នៅឡើយ​ទេ​។ តាមពិតទៅ​ស្អុយ​បំផុត​ក៏​កែច្នៃ​ធ្វើជា​ជីធម្មជាតិ​បាន​ទៀត ខណៈដែល​រាល់ថ្ងៃ​យើង​នាំ​ជីគីមី​ចូលមក​ច្រើន​មែនទែន​។​យើង​គិតថា​សាច់គោ​ក្របី​យើង​ញ៉ាំ​ចុះ​របស់​នៅសល់​យើង​យកទៅ​ណា​?​និយាយ​ទៅ​សំណល់​ដែល​យើង​បោះចោល​សុទ្ធតែ​ច្នៃ​បាន​លុយ​ទាំងអស់​»​។​

​បើតាម​អ្នកស្រី ចិន្តា អាជីព​ជំនាញ​មួយ​នេះ អ្នកស្រី​នឹង​បន្ត​ដល់​កូនចៅ​ត​ជំនាន់​ទៅ​ថ្ងៃ​អនាគត​ទៀត ហើយ​អាចរ​ស់បាន​១​ជីវិត​មិន​ពិបាក​ទេ​។ ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ការព្យាយាម​យកចិត្ត​ដាក់​របស់​បុគ្គល​ខ្លួន​យើង​ម្នាក់ៗ​ដែរ បើ​យើង​មិន​តស៊ូ​ព្យាយាម​ក៏​មិនអាច​ធ្វើ​ការងារ​សម្រេច​ដូច​បំណង​បានដែរ​។​ចំពោះ​វត្ថុ​អនុស្សាវរីយ៍​កែច្នៃ​ពី​ស្នែងគោ​ស្នែង​ក្របី​មានតម្លៃ​ចាប់ពី ​៣ ​ដុល្លារ រហូតដល់ ៥០០​ ដុល្លារ​។​

​ទន្ទឹមនឹងនេះ អ្នកស្រី​ក៏​សំណូមពរ​ផងដែរ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​គាំទ្រ​ផលិតផល​របស់​ខ្មែរ​មិន​ថា ជា​សិប្បកម្ម​របស់​អ្នកស្រី​ទេ អ្វី​ក៏ដោយ​ឱ្យតែ​ជា​ផលិតផល​កែច្នៃ​ពី​ស្នាដៃ​កូន​ខ្មែរ​គួរ​ជួយ​គាំទ្រ​ផង​៕