​ភ្នំពេញៈ យុគសម័យ​បាន​ផ្លាស់​​ប្ដូរ​ពី​សម័យកាល ​១ ទៅ​សម័យ​​កាល ​១ ​ទៀត ស្របតាម​ការវិវត្តរ​បស់​បច្ចេកវិទ្យា និង​ការរស់នៅ​របស់​មនុស្ស​។ របត់​សង្គម​បាន​អភិវឌ្ឍ​នូវ​ផ្នត់គំនិត​មនុស្ស​ឱ្យ​ចាប់យក​អ្វីដែល​ថ្មី​សម្រាប់​ខ្លួន​ដើម្បី​បង្កើន​សមត្ថភាព ទាំង​ចំណេះដឹង​និង​ចំណេះធ្វើ​។ ការ​អាន​ជា​កត្តា​សំខាន់​សម្រាប់​សិស្ស និស្សិត និង​មនុស្ស​ផ្សេងទៀត​ដែល​ត្រូវ​ពង្រីក​ចំណេះដឹង​ក្នុង​ជំនាញ និង​មុខរបរ​របស់ខ្លួន​។

​ទោះបីជា​ការអាន​មាន​ភាព​ចាំ​បាច់​សម្រាប់​ជីវភាព​របស់ខ្លួន​ក៏ពិតមែន ប៉ុន្តែ​ការអាន​នៅតែមាន​កម្រិត​សម្រាប់​កម្ពុជា​។ សិ​ស្សា​នុ​សិស្ស និស្សិត​ភាគច្រើន​ដែល​បាន​អាន​សៀវភៅ គឺ​ដោយសារតែ​បំពេញ​កិច្ចការ​ស្រាវជ្រាវ ការសិក្សា​ដែល​លោកគ្រូ​អ្នកគ្រូ ឬ​សាលា​ដាក់ឱ្យ​ធ្វើ​។ ប៉ុន្តែ​ក៏មាន​សិស្ស និស្សិត​មួយចំនួន បាន​ជក់​ចិត្តនឹង​ការអាន​នេះ​ផងដែរ​។ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ភាគច្រើន តែង​និយាយថា រាល់ពេល​អាន តែង​តែ​ធ្វើឱ្យ​ខ្លួន​មាន​អារម្មណ៍​ខ្ជិល និង​ងងុយគេង​ជាដើម​។

​ឆ្លើយតប​នឹង​វិធីសាស្ត្រ​អាន​ឱ្យមាន​ប្រសិទ្ធភាព​នេះ លោក លី តារា ជា​អ្នកនិពន្ធ ដែល​ចាប់ពី​ឆ្នាំ ​២០១៣ ដល់​ឆ្នាំ ​២០១៦ បាន​អាន​សៀវភៅ​ ៧៧៩​ ក្បាល​បាន​ប្រាប់​ពី​គន្លឹះ​អាន​សៀវភៅ​របស់ខ្លួន​ដូច្នេះ​ថា​៖ «​វិធីសាស្ត្រ​ដែល​ខ្ញុំ​មាន ហើយ​បាន​ច្នៃ​សម្រាប់​ខ្លួនឯង​គឺ​ទី ​១ ជ្រើសរើស​ចំណងជើង​សៀវ​ភៅ​ហើយ​ឈ្មោះ​អ្នកនិពន្ធ មើល​ទៅលើ​ចំនួន​ទំព័រ​សៀវភៅ​សរុប បន្ទាប់មក​មើលទៅ​លើ​ចំនួន​ជំពូក​ឬ​មេ​រៀន​ក្នុង​សៀវភៅ​សរុប​។ បន្ត​មកទៀត​មើលទៅ​លើ​ទំព័រ​របស់​ជំពូក​ឬ​មេរៀន​ថា ប្រហែល​មាន​ប៉ុន្មាន​ជា​មធ្យម ហើយ​ក្នុង​ ១​ ទំព័រ​មាន​ប្រហែល​ប៉ុន្មាន​ជួរ និង​១​ជួរ​មាន​ប្រហែល​ប៉ុន្មាន​ពាក្យ​?»​។


​លោក​ថា​៖ «​គោលបំណង​ដែល​ធ្វើបែបនេះ​គឺ​ដើម្បី​គណនា​ធៀប​នឹង​ពេលវេលា​ជាក់ស្ដែង​ដែល​ខ្ញុំ​មាន​ដើម្បី​អាន​សៀវភៅ​ ១ ​ក្បាល​នោះ​ឱ្យ​ចប់ ព្រោះ​សៀវភៅ​ខ្លះ​មាន​ដល់​ ២០០​ ទំព័រ​ដូច្នេះ​ខ្ញុំ​ត្រូវ​គណនា​មើលថា ត្រូវ​ចំណាយ​ពេលវេលា​ប៉ុន្មាន​ម៉ោង​ដើម្បី​អាន​សៀវភៅ​ហ្នឹង​ឱ្យបាន​ចប់​។ អ៊ីចឹងទៅ​ខ្ញុំ​ត្រូវ​អាន​ឱ្យ​ចប់ ព្រោះ​ខ្ញុំ​មិន​ចង់​អាន​ដាច់ៗ​ទេ​បើ​ថា សៀវភៅ​នោះ​អាន​៤​ម៉ោង ចប់ គឺ​ខ្ញុំ​អាន​ឱ្យ​ចប់​តែម្ដង​»​។

​លោក លី តារា បន្តថា ប៉ុន្តែ​បើ​សៀវភៅ​នោះ ត្រូវ​ចំណាយពេល​វេលា​អាន​ដល់ ​៦ ​ម៉ោង ឬ​ក្រោម​ ១០ ​ម៉ោង គឺ​លោក​ព្យាយាម​អាន​ឱ្យ​ចប់​តែម្ដង ហើយ​បើ​សៀវភៅ​នោះ​ត្រូវ​ចំណាយពេល​លើសពី​ ១០​ ម៉ោង​លោក​នឹង​អាន​ ២​ ទៅ​ ៣ ​ដង​ឬ​អាច​ថា ដល់​ ៥ ​ដង​ក៏មាន​។


​ជាធម្មតា​ភ្នែក​ពេល​សម្លឹង​អាន​សៀវភៅ​គឺ​ក្រសែភ្នែក​រត់​ទៅតាម​ជួរ ឬ​បន្ទាត់​សៀវភៅ​នីមួយៗ អ្នក​ខ្លះ​អាច​សម្លឹងមើល​បាន​ច្រើន​ពាក្យ អ្នកខ្លះ​ក៏​សម្លឹងមើល​បាន​តិច​ពាក្យ​។

ចំណុច​នេះ លោក​ថា​៖ «​អ្នកខ្លះ​អាច​មើល​ពី​ដើម​បន្ទាត់​រហូតដល់​ចុង​បន្ទាត់ គឺអាច​ចន្លោះ​ពី​ ១៦​ ទៅ ២០​ ពាក្យ​។ ខ្ញុំ​និយាយ​នេះ ចំពោះ​ពាក្យ​ជា​ភាសា​អង់គ្លេស ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​អាច​សម្លឹង​អាន បាន​ចន្លោះ​ពី​ ១០ ទៅ ១៤​ ពាក្យ ព្រោះ​ក្នុង​ចន្លោះ​ហ្នឹង ខ្ញុំ​អាចយ​ល់ពី​អត្ថន័យ​របស់​សៀវភៅ​បាន គឺ​ខ្ញុំ​សង្កេតឃើញ​ខ្លួនឯង​ថា ខ្ញុំ​ឆាប់​ចាប់បាន​និង​យល់បាន​ល្អ​ជាង​ពី​ការ​​សម្លឹងមើល​ពី​ ១៥​ ទៅ​ ២០​ ពាក្យ​»​។

​ការជ្រើសរើស​ប្រភេទ​សៀវភៅ​មក​អាន​ជា​រឿង​ចាំបាច់ សម្រាប់​មនុស្ស​ម្នាក់​ដែល​ចង់​មាន​ទម្លាប់​អាន​សៀវភៅ​ឱ្យបាន​ល្អ និង​មិន​មាន​អារម្មណ៍​ធុញទ្រាន់ ពេល​ចាប់​អាន​សៀវភៅ ឬ​ឯកសារ​ចំណេះ​ដឹង​នានា​។

លោក លី តារា បានបញ្ជាក់​បន្ថែមទៀត​ថា​៖ «​សៀវ​​ភៅ​ដែល​ខ្ញុំ​អាន​ភាគច្រើន ទាក់ទង​ទៅនឹង​វិស័យ​ការងារ ការធ្វើ​អាជីវ​​កម្ម ការត្រៀមខ្លួន​សម្រាប់​អាជីព​ការងារ​ទាក់ទង​នឹង​ផ្នែក​ការធ្វើ​ទីផ្សារ ការលក់​យីហោ ​(Bran-ding) និង​មួយចំនួនទៀត​ទាក់ទង​ទៅនឹង​សហរដ្ឋអាមេរិក​។ មូលហេតុ​ដែល​ខ្ញុំ​អាន​ច្រើន​ពី​អាមេរិក ព្រោះ​មាន​ឯកសារ​ជាច្រើន​ដែល​ខ្ញុំ​អាន​មាន​ក្នុង​បណ្ណាល័យ​អេឡិចត្រូនិក​ដែល​អាចឱ្យ​យើង​បើក​អាន​សេរី​ទូទាំង​ពិភពលោក​បាន​»​។

​សូមបញ្ជាក់​បន្ថែមថា លោក លី តារា ជា​អ្នកនិពន្ធ​ខ្មែរ​វ័យក្មេង​ ១ ​រូប ដែលមាន​សមត្ថភាព​និពន្ធ​សៀវភៅ​ជា​ភាសាបរទេស​ក្នុង​ ១ ​ឆ្នាំ​ចន្លោះ​ពី​ ២ ​ទៅ ៤​ ចំណងជើង ហើយ​ជា​អ្នក​ស្រឡាញ់ និង​ចូល​ចិត្ត​អាន​។

លោក​អាន​សៀវភៅ​ដែល​បាន​កត់​ចំណាំទុក​ក្នុង​ឆ្នាំ​ ២០១៣ ដល់ ២០១៦ បាន​ចំនួន ៧៧៩ ​ក្បាល​។ ពី​ឆ្នាំ​ ២០១៧ ដល់​ឆ្នាំ​ ២០១៩ លោក​មិនបាន​រាប់​ចំនួន​ទេ ហើយ​ចាប់ពី​ថ្ងៃទី​ ១ ខែតុលា ឆ្នាំ​ ២០២០ មកដល់ពេលនេះ លោក​អាន​សៀវភៅ​បាន​ចំនួន​ ២២៥​ ក្បាល​។ ចំពោះ​សៀវភៅ​ដែល​លោក លី តារា ជ្រើសរើស​យកមក​អាន​ភាគច្រើន​មាន​កម្រាស់​ចន្លោះ​ចាប់ពី​ ១០០​ ទំព័រ​ទៅ​ ៣០០​ ទំព័រ​៕​