ព្រៃវែងៈ អង្គ​ការ​ថែទាំ ​និង​សង្គ្រោះ​សេះ​នៅ​កម្ពុជា (CPWO) ត្រូវ​បាន​បង្កើត​ឡើង​ បំណង​លើក​ស្ទួយ​សុខុ​មាល​ភាព​សេះ​នៅ​ប្រទេស​កម្ពុជា​ ថ្វីដ្បិតតែ​ចំនួន​សេះ​ជាពិសេស​ការ​ចិញ្ចឹម​សេះ​បែប​គ្រួសារ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​។

អង្គការ ​(CPWO) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​​២០០៧ ​ក្នុង​នាម​ជា​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ ​ដោយ​វេជ្ជ​បណ្ឌិត​ស៊ីរ៉ាយ៉ាជុន​នេកាម​រ៉ៃ ជា​ប្រធាន​មូលនិធិ​សុខុ​មាល​ភាព​សត្វ​សេះ​នៅ​ខេត្ត​ឡាំ​ប៉ាង​ប្រទេស​ថៃ និង​កញ្ញា​ វ៉ាន់ ប៉​ឡេង ម្ចាស់​ក្លិប​កម្សាន្ដ​ជាយ​ក្រុង​កម្ពុជា ដែល​ផ្ដោត​លើ​ពាក្យ​ស្លោក​ចម្បង​របស់​ខ្លួន «​សត្វ​សេះ​ជាច​ម្បង»។

កញ្ញា​ វ៉ាន់​ ប៉ឡេង​ បាន​ឱ្យ​ដឹង​ថា៖ «​ការ​បង្កើត​អង្គការ​ថែទាំ​និង​សង្គ្រោះ​សេះ​នេះ​ពិត​ជា​សំខាន់​ណាស់​ នៅ​ក្នុង​ពិភព​លោក​ ដែល​សុខុមាល​ភាព​របស់​មនុស្សត្រូ​វបាន​មើល​ឃើញ​តាម​រយៈ​ការ​ផ្ដល់​នូវ​សុខុមាល​ភាព​សត្វ​ល្អ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ការ​ផ្ដល់​អំណាច​ដល់​សហ​គមន៍​ក្នុ​ងភាព​ជា​ម្ចាស់​សត្វ​ដ៏​ទទួល​ខុស​ត្រូវផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​អំពី​ស្ថាន​ភាព​សេះ​នៅ​កម្ពុជា​»។


​កញ្ញា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​កាលពី​មុនសេះ​រស់​នៅ​ក្នុង​ស្ថាន​ភាព​លំបាក​ ដែល​ខ្វះ​ការ​យកចិត្ដ​ទុក​ដាក់​ពី​ម្ចាស់​ចំពោះ​សុខុ​មាល​ភាព​របស់​ពួកវា​ ប៉ុន្ដែ​បច្ចុប្បន្ន​នេះពួកវា​មាន​សភាព​ប្រសើរ​ឡើង​ ហើយ​ចំនួន​សេះ​នា​ពេល​នេះ​បាន​ធ្លាក់​ចុះ​ប្រមាណ​៥០​ភាគ​រយ​»។

សេះ​របស់​លោក​ភាព ស្ថិ​ត​នៅ​ឃុំ​ស្វាយ​មាស ខេត្ដ​កណ្ដាល ​បាន​ជួប​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​ត្រូវ​របួស​ចំ​ក ក្បាល ​និង​ជើង​ ដែល​មុត​នឹង​របង​លួស​បន្លា​អំឡុង​ពេល​ធ្វើ​ការ​។


លោក​ភាព​ ដែល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​សត្វ​ចិញ្ចឹម​និង​ជា​កម្លាំង​ជួយ​រក​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​បាន​ទាក់​ទង​បុគ្គលិក​អង្គការ ​(CPWO) ដែល​បាន​ចាត់​វិធាន​ការ​សង្គ្រោះ​សេះ​ភ្លាមៗ​ទាំង​ការ​សម្អាត​មុខ​របួសនិង​ការ​ដេរ​របួស​ដែល​រយះ​វែង​។

លោក​ភាព ​ត្រូវបាន​ដក​ស្រង់​សម្ដី​ដោយ​បាន​និយាយ​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់! ខ្ញុំ​ញញឹម​បិទ​មាត់​មិន​ជិត​​ទេ​ ពីព្រោះ​បើ​ក្រុម​ការងារ​អង្គការ​មិន​មកខ្ញុំ​នឹង​លក់​សេះ​នេះ​ទៅ​ឱ្យ​កន្លែង​សត្ដឃាត​ក្នុង​តម្លៃ​ថោក​មិនខាន​។ខ្ញុំ​នឹង​បាត់​បង់​សេះ​របស់​ខ្ញុំ​ ព្រម​ទាំង​លុយ​កាក់​របស់​ខ្ញុំ​ និង​កាត់​បន្ថយ​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ​ជាពិសេសខ្ញុំ​អាណិត​សត្វ​ណាស់​ ប៉ុន្ដែ​អ្វីៗ​កាន់តែ​ប្រសើរ​ឡើង​ សេះ​របស់​ខ្ញុំ​បាន​ទទួល​ជំនួយ​ពី​អង្គការ​ថែទាំ​ និង​សង្គ្រោះ​សេះ​នៅ​កម្ពុជា»។

អង្គការ​បាន​បង្ហាញ​ថា រហូត​មក​ដល់​ពេល​នេះនៅ​កម្ពុជា​មាន​ចំនួន​សេះ​ប្រមាណ​៦​ពាន់​ក្បាល​។នេះ​បើ​យោង​តាម​ទិន្ន​ន័យ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​និង​ផលិត​កម្ម​សត្វ(GDAHP)ហើយ​សេះ​ចំនួន​២ពាន់​ក្បាល​ត្រូវបាន​ជួយ​ដោយ​អង្គការ​(CPWO)​។

​នាយក​​អង្គការ ​ជា​ម្ចាស់​​ក្លិបកម្សាន្ដ​ជាយ​ក្រុង​កម្ពុជា​បាន​និយាយ​ថា​ គោល​បំណង​ចម្បង​នៃ​គម្រោង​របស់​អង្គការ គឺ​ផ្ដោត​លើ​ការ​ផ្ដល់​ការ​ថែទាំ​សុខុ​មាល​ភាព​ និង​សេវា​កម្ម​បសុសត្វ​សម្រាប់​សត្វ​សេះ​កំពុង​បម្រើ​ក្នុង​ការ​វិស័យ​ការងារ​នៅ​កម្ពុជា​។

កញ្ញា ​ប៉ឡេង​ បាន​លើក​ឡើង​ថា​ អង្គការ​បាន​បណ្ដុះ​បណ្ដាល​បសុ​ពេទ្យ​កម្ពុជា​នូវ​ជំនាញ​និង​ចំណេះ​ដឹង​ក្នុងការ​ថែទាំ​និង​ព្យា​បាល​សត្វ​សេះ​ប្រកប​ដោយ​វិជ្ជាជីវៈ​។បន្ថែម​ពីនេះអង្គការ​ក៏​បាន​ផ្ដល់​ការ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ដល់​ម្ចាស់​សេះឱ្យ​ចេះ​ថែទាំ​សេះ​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៀត​ផង។

ដោយ​សារ​ការ​ចិញ្ចឹម​បំណង​ប្រើ​ប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន​ធ្លាក់​ចុះ​ សេះ​ដែល​ត្រូវបាន​ចិញ្ចឹម​បែប​សហ​គមន៍​ និង​គ្រួសារ​ មាន​សម្រាប់​តែ​ការ​បង្កើន​ចំណូល​ប្រចាំ​ថ្ងៃ​ ផ្ដល់​សេវា​ជិះ​កម្សាន្ដ​បែប​កីឡា ​និង​បង្កាត់​ពូជ​លក់​។

លោក​ សាត ​សាវី អាយុ ៤​១ ​ឆ្នាំ នៅ​ភូមិ​បទ​សន្ទ្រា ឃុំ​កំពង់​ពពិ​ល ស្រុក​ពារាំង ​ខេត្ដ​ព្រៃវែងបា​ន​ចីញ្ចឹម​សត្វ​សេះ​ជា​លក្ខណៈ​គ្រួសារ ​និង​បន្ដ​ប្រពៃណី​ចិញ្ចឹម​សត្វ​សេះ​តាំងពី​ឪពុក​របស់​លោក​។

លោក​បាន​ឱ្យ​ដឹងថា៖ ​​«នៅ​ភូមិរបស់​ខ្ញុំ​នេះ​នៅ​មាន​អ្នក​ចិញ្ចឹម​សត្វ​សេះ​ក្នុង​ចំនួន​តិច​មែន​ទែន​។កសិករ​យើង​អត់​មាន​អ្វី​ត្រូវ​ធ្វើ​មុខ​របរ​ជា​មួយ​សេះ​ ដោយ​សារ​យើង​មាន​គ្រឿង​ចក្រ​ច្រើន»​។

​រាល់​ថ្ងៃនេះលោក ​សាវី បន្ដ​មុខ​របរ​ជាប់​លាប់​ជា​ជាង​ធ្វើ​ក្រចក​សេះ និង​បាន​សហការ​ជាមួយ​អង្គការ CPWO តាំងពី​ឆ្នាំ​ ២០១១។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «ខ្ញុំ​ជាជាង​ធ្វើ​ក្រចក​សេះ​នៅតាម​ក្លិប​កីឡា​ផ្សេងៗ​ដើរ​តាម​អង្គការ​ និង​ឆ្លៀត​ពេល​ធ្វើ​ស្រែ​ចម្ការ​បន្ទាប់​បន្សំ​ពីពេល​ទំនេ​នៅ​ផ្ទះ​»។

លោក​បាន​អះអាង​ថា​ យោង​តាម​ទីផ្សារ​សត្វសេះ​សព្វ​ថ្ងៃ​មាន​តម្លៃ​ជាង​សត្វ​គោក្របី​ដោយ​ឆាប់​ធំធាត់​ជាង​គោ​ ក្របី​ផង​ដែរ។សេះ​មេ​អាច​បង្កើត​កូន ​១​ ក្បាល ​ក្នុង​ ១ ​ឆ្នាំ​ ហើយ​ងាយ​ស្រួល​លក់​ជាង​គោក្របី​ដោយ​មាន​គេ​ទិញ​យក​ទៅ​ចិញ្ចឹម​ និង​នាំ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​។

ជាង​ផលិត​ក្រចក​សេះរូ​ប​នេះបាន​ឱ្យ​ដឹង​ថា​៖ «សេះ​ឡើង​​ថ្លៃ​​សព្វ​ថ្ងៃនេះ ដោយ​សារ​មាន​ឈ្មួញ​ពី​ប្រទេស​ជិត​ខាង​មក​ទិញ​។នៅ​តាម​គ្រួសារ​ក្នុង​ភូមិ​លែង​មាន​សម្បូរ​សេះ​ដូច​កាល​ពី​ ២០-៣០ ឆ្នាំ​មុន​ទៀត​ហើយតែ​វា​សម្បូរ​នៅ​តាម​កសិដ្ឋាន ​និង​ក្លិប​នានា​»។

បុគ្គលិកអង្គការ CPWO ពេលកំពុងត្រួតពិនិត្យសុខភាពសេះនៅក្នុងសហគមន៍មួយ។ រូបថត CPWO

ចំពោះ​ការ​ជួញដូរ​សេះ​នេះ​លោក​បាន​ឱ្យ​ដឹង​ថា ​អតិថិជន​ពី​តាម​កសិដ្ឋាន​ចូល​ចិត្ដ​ទិញ​សេះ​ពេញ​វ័យ​ ហើយ​បើ​អ្នក​ស្រុក​ភូមិ​ចង់​ទិញ​យក​ទៅ​ចិញ្ចឹម​កូន​សេះ​តូច​ៗ​ជា​ជម្រើស​របស់​ពួកគេ​ដោយ​សារ​វា​រាង​ធូរ​ថ្លៃ​ជាង​សេះ​ធំ​។

លោក​បាន​បញ្ជាក់​ថា ​ក្នុង​១ឆ្នាំ លោក​អាច​លក់​សេះ​ចេញ​បាន​ចន្លោះ​ពី​ ៤ ទៅ ៥ ​ក្បាល​ដែល​ជា​ការ​ទិញ​-លក់​បង្វិល​។

លោក​សាវី​ បាន​បន្ដ​ថា​៖«ខាង​អង្គការ​ជំនាញ​ខាង​ព្យា​បាល​សេះ​ ហើយ​ខ្ញុំ​ជំនាញ​ខាង​ផ្នែក​ក្រច​កជា​សុខភាព​ជើង​។ពេល​ពួក​គាត់​ចុះ​ទៅ​តាម​ខេត្ដត្រូវ​ការ​ខ្ញុំ​ទៅ​ជាមួយ​ ដោយសា​រ​សេះ​នៅតាម​សហ​គមន៍​ជនបទ​មាន​ការ​ខ្វះ​ខាត​ជាង​ធ្វើ​ក្រចក»​​។

បុរស​អ្នក​ស្រុក​តាម​ដង​ទន្លេ​តូច​រូបនេះ ​បាន​បន្ថែម​ថា​៖ «​តាម​ខេត្ដ​ដាច់​ស្រយា​ល​ខ្លះសេះ​ខូច​ក្រចក​ច្រើន​ ដែល​ទាម​ទារ​ការព្យាបាលនិង​បំពាក់​ក្រចក​ឱ្យ​សេះ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​ម្ចាស់​សេះ​»។

ក្រៅពី​ការ​ព្យាបាល​ និង​បំពាក់​ក្រចក​សេះ​នៅតាម​សហ​គមន៍​ក៏​ទទួល​បាន​នូវ​សេវា​ចាក់​វ៉ាក់សាំង​។​​សេវាកម្ម​ ដែល​ពេទ្យ​មនុស្ស​មួយ​ចំនួន​មិន​អាច​ធ្វើ​បាន​នោះគឺ​នៅពេល​សេះ​មាន​ជំងឺ​ឈឺ​ថ្កាត់​ពេលយប់​ព្រលប់ម្ចាស់​សេះ​អាច​ទាក់​ទង​ទៅ​អង្គការ​ដើម្បី​ផ្ដល់​អ្នក​ជំ​នាញ​មក​ត្រួត​ពិនិត្យ​សុខ​ភាព​បាន​ភ្លាមៗ​។

យ៉ាង​ណាមិញលោក​ទទួល​ស្គាល់​ថាការ​ចិញ្ចឹម​សេះ​លក់​បាន​ថ្លៃតែ​ពួកវា​ប្រឈម​មុខ​នឹង​បញ្ហា​ច្រើន​ផង​ដែរ​ ដែល​ទាមទារ​ការ​ថែទាំ​ដិត​ដល់​។នៅ​តាម​សហគមន៍អង្គការ​នៅ​មើល​ឃើញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​សេះ​អូស​ទាញ​រទេះ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

អង្គការ​CPWO ដែល​ស្ថិត​នៅ​ក្រោម​ឆត្រមូល​និធិ​សុខុមាល​ភាព​សត្វ​សេះ​នៅ​ខេត្ត​ឡាំប៉ាង​ប្រទេស​ថៃដោយ​មាន​ជំនួយ​ពី​ World Society for Protection of Animals តែ​ងតែ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​សហ​គមន៍ដែ​ល​ជា​សមា​ជិក​អង្គការ​ក្នុងការ​ថែទាំ​និង​ចិញ្ចឹម​សេះ​ឱ្យ​កាន់​តែ​ប្រសើរ​។

កញ្ញា​ ប៉ឡេង​ បាន​ឱ្យ​ដឹងថា​ បច្ចុប្បន្ន​នេះអង្គ​ការ​ត្រូវ​ការ​ជំនួយ​បន្ថែម​ដើម្បី​ជួយ​ដល់​សុខុមាល​ភាព​សេះ​នៅ​ទូទាំង​ប្រទេស​។កាល​ពីថ្ងៃ​​ទី១៣​ ខែធ្នូ​ ឆ្នាំ​២០២២​ ​អង្គការ​បានរៀ​បចំកម្មវិ​ធីចុះហត្ថ​លេខាលើអ​នុស្សរ​ណៈ​យោគ​យល់​រវាង​​អង្គការ​ថែ​រក្សានិ​ងសង្រ្គោះ​សេះ​នៅ​កម្ពុជា​និង​មហា​វិទ្យា​ល័យវេជ្ជ​សាស្រ្តស​ត្វនៃសាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​។

យោង​តាម​អង្គការ​​ CPWO បាន​ដក​ស្រង់​សម្ដី​វេជ្ជ​បណ្ឌិតស៊ីរ៉ា​យ៉ាជុននេកាម​រ៉ៃដោយ​បាន​និយាយ​ថាមិន​ខុស​ពី​កម្ពុជា​​ទេ​ប្រពៃណី​ចិញ្ចឹម​សេះ​ជា​លក្ខណៈ​គ្រួសារ​សម្រាប់​អូសទា​ញ​រទេះ​ក៏​ត្រូវបាន​អនុវត្ដ​នៅ​ប្រទេស​ថៃ​ដែរ។

លោក​ហូយ ​សុផា​រិទ្ធ ជានាយក​គ្រប់​គ្រង​កសិដ្ឋាន​សេះ​នៅ​ក្លិប​កម្សាន្ដ​ជាយ​ក្រុង​កម្ពុជា​ ស្ថិត​នៅ​លើ​ផ្លូវ២០០៤​ដែលមាន​សេះ​ជាង២០​ក្បាល​ បាន​និយាយ​ថា​ សម្រាប់​ការ​ជិះ​បែប​កម្សាន្ដ ​ឬ​បែប​កីឡា​ ក្លិប​ផ្ដល់​ជូន​សេះ​ទៅ​តាម​ជម្រើស​ដែល​មាន​ពូជ​តូច​ និង​ធំ​ក្នុង​តម្លៃ៣៨​ដុល្លារ​/១​ម៉ោង​។

លោក​បាន​ឱ្យ​ដឹងថា​៖ «ក្លិប​បាន​សហការ​ជាមួយ​អង្គការ CPWO តាំងពី​ឆ្នាំ​២០០៦ គឺ​មុន​អង្គការ​ចុះ​បញ្ជី​នៅ​ក្រសួង​១ឆ្នាំ​។យើង​ធ្វើ​ការ​ជាមួយ​អង្គការ​ទៅលើ​សុខុមាល​ភាព​សេះ​។ឧទាហរណ៍​ថា បើ​សេះ​មាន​របួស​ស្នាម​ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​។ខាង​អង្គ​ការ​មក​ដល់ទី​កន្លែង​ប្រាប់​អំពី​វិធី​ថែទាំ​ និង​បង្រៀន​ពី​ការ​ការពារ​»។

លោក​បាន​និយាយ​អំពី​អត្ថ​ប្រយោ​ជន៍​ចំពោះ​កិច្ច​សហ​ការ​ជាមួយ​អង្គការ​ថា​ អ្នក​ជំនាញ​ដឹង​អំពី​ការ​វិវឌ្ឍ​របស់​ជំងឺ​ដែល​ខុស​ពី​​ម្ចាស់​សេះ​​ដឹង​ទៅតាម​ទម្លាប់​។ ​អ្នក​ចិញ្ចឹម​សេះ​​ត្រូវ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ខាង​អង្គការ​ដោយ​មិន​អាច​សម្រេច​ចិត្ដ​ប្រើ​ប្រាស់​ថ្នាំ​ដដែល​ៗ​បាន​ទេ​។

លោក​បាន​លើក​ឡើង​ថា​ កន្ល​ងមកនៅពេ​ល​សេះ​ជួប​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ​ ក្លិប​ត្រូវ​អញ្ជើញ​ពេទ្យ​ជំនាញ​ពីប្រទេស​ថៃ​។ប៉ុន្ដែ​ក្រោយ​ពេល​សហការ​ជា​មួយ​អង្គការ​ជួយ​សង្គ្រោះ​និង​ថែទាំ​សេះ​មាន​ភាព​ឆាប់​រហ័សនិង​ប្រកប​ដោយ​ប្រសិទ្ធឭភា​ព​។

រយៈ​ពេល​១៥ឆ្នាំ​មក​នេះ​ អង្គការ​បាន​ធ្វើ​ការ​ជាមួយ​ម្ចាស់​សេះ ​១ ៣៣៧​នាក់​,ជួយ​សេះបាន ១ ​៨១៤​ក្បាលស​ហការ​ជាមួយ​សហ​គមន៍​ចំនួន​៧២កន្លែង​ ,ប្រឹក្សា​យោបល់​ និង​ព្យា​បាល​បាន​ ២ ៤៣៤​ករណី,​ បើក​សិក្ខា​សាលា​ផ្លាស់​ប្ដូរ​ឥរិយាប​ថ​ម្ចាស់​សេះ​១២៤​ករណី ,ធ្វើ​ការ​ជាមួយ​ជាង​ក្រចក​សេះ១​៨​នាក់​ និង​ការ​ពិនិត្យ​ និងធ្វើ​រោគ​វិនិច្ឆ័យ​ក្នុង​មន្ទីរ​ពិសោ​ធន៍បាន​ ១ ២៥០​ករណី​៕