​កំពង់ចាមៈ ​ទឹកឃ្មុំ ក្រៅពី​មាន​រសជាតិ​ផ្អែម​ដែល​វា​ក្រេប​ពី​លម្អងផ្កា​រុក្ខជាតិ​ច្រើន​ប្រភេទ​ហើយ​នោះ ក៏ត្រូវ​បាន​គេ​យកទៅ​ផ្សំ​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​បានជា​ច្រើន​មុខ​ទៀតផង​។​ ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ឃ្មុំ​ ១ ​កន្លែង ​នៅ​ខេត្តកំពង់ចាម ​បានឱ្យ​ឃ្មុំ​ក្រេប​តែ​លម្អង​រុក្ខជាតិ​ផ្កាគ​តែប៉ុណ្ណោះ​។

​ទឹកឃ្មុំ​ប្រភេទ​នេះ ត្រូវបាន​ម្ចាស់​កសិដ្ឋាន​អះអាងថា កម្ពុជា​ក៏មាន​សមត្ថភាព​ចិញ្ចឹម​ឃ្មុំ​បានដែរ ហើយ​ទឹក​របស់​វា​ក៏មាន​គុណភាព​ល្អ​មិន​ចាញ់​ទឹកឃ្មុំ​នាំចូល​ពី​បរទេស​ឡើយ​។​​ «​សម្រាប់​ទឹកឃ្មុំ​របស់ខ្ញុំ​បាន​ជួយ​ទៅដល់​សង្គម​ច្រើន​វិស័យ​ដែរ ដែល​ទី​១ ខ្ញុំ​បាន​ជួយ​ដល់​ប្រជាកសិករ​ទាល់ក្រ​នៅតាម​បណ្តា​ខេត្ត​តាមរយៈ​ផ្តល់​ការងារ​និង​ជួល​ទីតាំង​របស់​ពួកគាត់​។​ ទី​២ ខ្ញុំ​ចង់​បង្កើត​ប្រ៊ន​ដ៍​ទឹកឃ្មុំ​ខ្មែរ ​១ ​ដែល​ជួយ​លើកកម្ពស់​ផលិតផល​របស់​ខ្មែរ​សម្គាល់ថា​ជា​របស់​ខ្មែរ និង​ទី​៣ ​ខ្ញុំ​បាន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏ដូចជា​បរិច្ចាគ​ទៅដល់​កុមារកំព្រា​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ទិ​ត សុធា​រ៉ា ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ឃ្មុំ​នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម​។​

​អ្នកស្រី​ ទិ​ត សុធា​រ៉ា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា មូលហេតុ​ធ្វើឱ្យ​អ្នកស្រី​បើក​កសិដ្ឋាន​ចិញ្ចឹមសត្វ​ឃ្មុំ​យក​ទឹក​នេះ​ដោយសារតែ​អ្នកស្រី​សម្លឹង​ឃើញ​ធនធានធម្មជាតិ​រុក្ខជាតិ​ដែល​អាចឱ្យ​សត្វ​ឃ្មុំផលិត​ជា​ទឹកឃ្មុំ​បាន ​គឺមាន​នៅក្នុង​ស្រុក​ខ្មែរ​ច្រើន​។ ​ប៉ុន្តែ​ផលិតផល​ទឹកឃ្មុំ​នៅក្នុង​ប្រទេស​បែរជា​នៅ​ខ្សត់ខ្សោយ​ទៅវិញ ពោល គឺ​ទឹកឃ្មុំ​ត្រូវបាន​យក​នៅតាម​ព្រៃ​បែប​សាមញ្ញ​ធម្មតាៗ​តែប៉ុណ្ណោះ​។ ហេតុ​​ដូច្នេះហើយ​ទើប​យើង​នៅមាន​កង្វះខាត​ទឹកឃ្មុំ​ដើម្បី​យកមកប្រើ​ប្រាស់​តាម​តម្រូវការ​បាន​។​


​អ្នកស្រី​ថ្លែងថា​៖ «​យើង​ក៏​អាច​ចិញ្ចឹមសត្វ​ឃ្មុំ​បាន​តាមរយៈ​ប្រើប្រាស់​ធនធានធម្មជាតិ​ហ្នឹងហើយ​ទាញយក​ផលប្រយោជន៍​ពី​វា​បាន ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​ក្នុងតម្លៃ​មួយ​សមរម្យ​។​ការ​ផលិត​ទឹកឃ្មុំ​ក្នុងស្រុក​យើង​បាន​មានន័យថា យើង​បាន​ជួយ​ប្រទេសជាតិ​យើង​»​។​

​ចំពោះ​ដំណើរការ​កសិដ្ឋាន​វិញ អ្នកស្រី សុធា​រ៉ា ឱ្យដឹងថា បច្ចុប្បន្ន អ្នកស្រី​ចិញ្ចឹមសត្វ​ឃ្មុំ​បាន​ប្រមាណ​ ២០០ ​ហិប ​(​ផ្ទះ​-​ឃ្មុំ​)​ ដែល​កសិដ្ឋាន​របស់​អ្នកស្រី​អាច​ផលិត​ជា​ទឹកឃ្មុំ​បាន ​៣ ​តោន​ក្នុង ​១​ រដូវៗ ​(២ ​ទៅ​ ៤ ​ខែ​)​។​រីឯ​សត្វ​ឃ្មុំ​វិញ​អាច​ផលិត​ទឹកឃ្មុំ​ ៣​ ប្រភេទ គឺ​ប្រភេទ​ទឹកឃ្មុំ​ផ្កាគ ប្រភេទ​ទឹកឃ្មុំ ផ្កា​មៀន និង​ទឹកឃ្មុំ​ផ្កា​កៅស៊ូ​(​យកចេញ​ពី​ដើម​កៅស៊ូ​)​។ ថ្វី​បើជា​ប្រភេទ​ទឹកឃ្មុំ​តែ​ ១ ​ដូចគ្នា​មែន ប៉ុន្តែ​ទឹកឃ្មុំ​ដែល​ក្រេប​យក​ពី​លម្អងផ្កា​ផ្សេងៗ​ពីគ្នា​នេះ​ក៏មាន​រសជាតិ​ខុសៗ​គ្នា​ដែរ​។​


​ស្ត្រីចិញ្ចឹមសត្វ​ឃ្មុំ​រូបនេះ​បន្តថា ការចិញ្ចឹម​សត្វ​ឃ្មុំ​របស់​អ្នកស្រី​គឺ​ផ្លាស់ប្តូរ​ទៅតាម​រដូវ​កាល ព្រោះថា សត្វ​ឃ្មុំ​ដែល​អ្នកស្រី​ចិញ្ចឹម​យក​ទឹក ដោយ​កំណត់​យក​លម្អងផ្កា​តែ​ ៣ ប្រភេទ​ទេ​គឺ​លម្អង​ផ្កាគ លម្អងផ្កា​មៀន និង​លម្អងផ្កា​កៅស៊ូ​។ រីឯ​សត្វ​ឃ្មុំ​ជា​ពូជ​ឬ​ប្រភេទ​តែមួយ​ទេ ប៉ុន្តែ​ទឹកឃ្មុំ​មាន​៣​ប្រភេទ​ខុសៗ​គ្នា​ហើយ​សត្វ​ឃ្មុំ​ក៏ត្រូវ​ផ្លាស់ប្តូរ​ទីតាំង​តាម​រដូវ​កាល​នៃ​ផ្កា​របស់​ដើម​​ឈើ​នីមួយៗ​ដែរ​។​

​ជាក់ស្តែង​បច្ចុប្បន្ននេះ​ជា​រដូវ​ដើម​គ​ចេញ​ផ្កា ហេតុ​ដូច្នេះហើយ​អ្នកស្រី​កំពុងតែ​ចិញ្ចឹមសត្វ​ឃ្មុំ​ក្នុង​ចម្ការ​គ​នៅលើ​កោះ​ថ្មី ស្ថិតក្នុង​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម​លើ​ផ្ទៃដី​ប្រហែល ១០ ហិកតា​។​

​ចំពោះ​សត្វ​ឃ្មុំ​គឺ ១ ខែ​ប្រមូល​ទឹកបាន​ម្តង ហើយ​សម្រាប់​រដូវ​ដើម​គ​ផ្កា​គឺមាន​រយៈពេល​ ២​ ខែ ដូច្នេះ បើ​ ២​ ខែ អ្នកស្រី​ប្រមូល​ផល​ទឹកឃ្មុំ​បាន ​២ ​ដង​ដែរ​។ អ្នកស្រី​ថា​៖ «​យើង​សិក្សា​ទៅលើ​ផ្កាគ​ឃើញថា វា​មាន​ក្លិន​ឈ្ងុយ ហើយ​ទឹកដម​របស់​វា​ល្អ​នៅ​រដូវប្រាំង ហើយ​យើង​ដាក់​ឃ្មុំ​ទៅ​ក៏បាន​ទិន្នផល​ខ្ពស់​។​ទឹកឃ្មុំ​បានមកពី​ផ្កាគ គឺ​ធំក្លិន​ផ្កាគ​តែម្តង ហើយ​វា​មាន​ប្រសិទ្ធភាព​ទៅលើ​ជំងឺ​ក្អក ផ្តាសាយ​ដោយ​-​សារ​វា​មាន​ជាតិ​ជូរៗ​នៅ​ចុង​មាត់តិចៗ​។​ទឹកឃ្មុំ​ផ្កាគ​វា​មាន​កំហាប់​ខាប់​ខ្លាំង​ជាង​ផ្កា​ផ្សេងៗ​»​។​

​អ្នកស្រី​បញ្ជាក់ថា​៖ «​នៅ​កសិដ្ឋាន​របស់ខ្ញុំ មុននឹង​ប្រមូល​ផល​ទឹកឃ្មុំ​ខ្ញុំ​ត្រួតពិនិត្យ​នៅ​កសិដ្ឋាន​ចិញ្ចឹម​តែម្តង​ដោយ​ពិនិត្យមើល​ជាតិ​ទឹក​ក្នុង​ទឹកឃ្មុំថា ​តើ​វា​គ្រប់​អាយុ​ប្រមូល​ផល​ឬ​នៅ​?​យើង​មាន​អ្នកជំនាញ​កសិកម្ម​រប​ស់​យើង​ត្រឹមត្រូវ​។​សម្រាប់​អ្នក​ញ៉ាំ​ទឹកឃ្មុំ​ជាប្រចាំ គឺ​វា​បាន​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​បានល្អ មិន​ងាយ​ឈឺ​ទេ​»​។​

​បើតាម​អ្នកស្រី សុធា​រ៉ា អាយុកាល​នៃ​ទឹកឃ្មុំ​ដែល​អាចយ​កបាន​គឺ ១ ខែ ក៏ប៉ុន្តែ​ជាធម្មតា​គេ​មើល​តាម​សភាព​ជាក់ស្តែង​ដែរ​ថា​តើ​ផ្លិត​របស់​ឃ្មុំ​បិទ​ជិត​ដែរ​ឬ​អត់ ដែល​គេ​មាន​សន្ទះ​មើល​ទៅលើ​សម្បុក​ឃ្មុំ​។​ដោយសារតែ​ត្រូវ​កំណត់ឱ្យ​គ្រប់​អាយុ​នេះហើយ​បានជា​ទឹកឃ្មុំ​ក្នុង​កសិដ្ឋាន​អ្នកស្រី​មានគុណ​ភាពល្អ​ជាង​ទឹកឃ្មុំ​ក្នុងព្រៃ ព្រោះ​យើង​ទុក​ដល់​គ្រប់​អាយុ​ល្អ​បាន​យើង​យក បានន័យថា​ទឹកឃ្មុំ​នោះ​វា​មាន​សមត្ថ​ភាពជា​ឱសថ​តែម្តង បាន​យើង​យក​ដោយ​យើង​មិន​ប្រមូល​ទឹកឃ្មុំ​ខ្ចី​ទេ​។ ចំពោះ​ការប្រមូល​ផល​ទឹកឃ្មុំ​វិញ​ក្នុង​ ១ ​រដូវៗ​អ្នកស្រី​អាច​ប្រមូលបាន​ ៣​ តោន​ទៅតាម​ប្រភេទ​ផ្កា​ខុសៗ​គ្នា​។​

​ពាក់ព័ន្ធ​នឹង​ផ្ទះ​សម្រាប់​ចិញ្ចឹមសត្វ​ឃ្មុំ​យក​ទឹក​វិញ អ្នកស្រី សុធា​រ៉ា បញ្ជាក់ថា សម្រាប់​កសិដ្ឋាន​អ្នកស្រី មាន​សត្វ​ឃ្មុំ​ចំនួន ២០០ ហិប ហើយ​ក្នុង ១ ហិបៗ​ឬ ១ ធុងៗ​មាន​សត្វ​ឃ្មុំ​ចន្លោះ​ពី ២ ទៅ ៣ ម៉ឺន​ក្បាល ខណៈ​សត្វ​ឃ្មុំ​ក៏​ជា​ពូជ​ក្នុងស្រុក​ដែរ​។​

​ទន្ទឹមនេះ អ្នកស្រី​ក៏មាន​ការគាំទ្រ​ទៅដល់​កសិកម្ម​ផ្សេងៗ​ទៀត​ដែរ ប្រសិនបើ​គាត់​មានចំណេះ​ជំនាញ​ក្នុងការ​ចិញ្ចឹម​ឃ្មុំ គឺ​គាត់​អាច​សហការ​ជាមួយ​កសិដ្ឋាន​របស់​អ្នកស្រី​បាន​។​ ជា​ការពិតទៅ គោលបំណង​នៃ​ការបង្កើត​ប្រ៊​ន​ដ៍​ទឹកឃ្មុំ​របស់​អ្នកស្រី​គឺ​ជួយ​ដល់​ប្រជាកសិករ​ដែរ បានន័យថា នៅពេល​អ្នកស្រី​លាតសន្ធឹង​ទីផ្សារ​លើសពី​ការផ្គត់ផ្គង់​ គឺ​អ្នកស្រី​ជួយ​ចូលរួម​ជាមួយ​កសិករ​ដោយ​ពួកគាត់​ត្រូវ​សិក្សា​ពី​ជំនាញ​នេះ​ដោយ​ភាព​ស្មោះ​​ត្រង់​។ ​ជា​គោលបំណង​អ្នកស្រី ​គឺ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាកសិករ​តាមរយៈ​ការជួយ​បណ្តុះបណ្តាល​ជំនាញ​ចិញ្ចឹមសត្វ​ឃ្មុំ និង​ជួយផ្តល់​ការងារ​ក្នុង​កសិដ្ឋាន​ដល់​ពួកគាត់​។​

​បើតាម​អ្នកស្រី សុធា​រ៉ា បច្ចុប្បន្ន​ទឹកឃ្មុំ​របស់​អ្នកស្រី​មាន​លក់​តែ​ក្នុងប្រទេស​ទេ តែ​ភ្ញៀវ​បរទេស​ក៏បាន​ទាក់ទង​មក​អ្នកស្រី​ដែរ តែ​មិនទាន់​ត្រូវរ៉ូវ​តម្លៃ​គ្នា ព្រោះ​អតិថិជន​ពី​ប្រទេស​វៀតណាម​គេ​ឱ្យ​តម្លៃ​ទាប​ពេក​។ ទោះជា​យ៉ាងណា អ្នកស្រី​ក៏មាន​គម្រោង​នាំ​ទឹកឃ្មុំ​ចេញទៅ​ក្រៅប្រទេស​ដែរ ដូចជា ទីផ្សារ​នៅ​អាមេរិក និង​ចិន ព្រោះ​ប្រទេស​ទាំងនេះ​មាន​តម្រូវការ​ទឹកឃ្មុំ​ច្រើន​ដើម្បី​ផ្គត់ផ្គង់​តាម​រោងចក្រ​សម្រាប់​ធ្វើជា​ភេសជ្ជៈ​ឬ​ឱសថ​ជាដើម​។​ ចំពោះ​ដំណើរការ​នៃ​អាជីវកម្ម​ទឹកឃ្មុំ​របស់​អ្នកស្រី​គឺ​ភាគច្រើន​លក់​ជា​តំណាង​ចែកចាយ​ក្នុងស្រុក លក់ ហ្វ្រេ​ន​ឆាយ ហើយ​និង​ផ្គត់ផ្គង់​នៅតាម​ភោជនីយ​​ដ្ឋា​ន ហាង​កាហ្វេបាន​ប្រមាណ​ជា ៨០ ភាគរយ​ដែរ​។​

​អ្នកស្រី សុធា​រ៉ា បាន​លើកឡើងថា សម្រាប់​ទឹកឃ្មុំ​របស់​អ្នកស្រី គឺ​បាន​ជួយ​ទៅដល់​សង្គមជាតិ​ច្រើន​ដែលជា​គោលបំណង​ធំ​របស់​អ្នកស្រី​ដែល​ទី១ បាន​ជួយ​ដល់​ប្រជាកសិករ​ក្រីក្រ​ខ្លះ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​តាមរយៈ​ការផ្តល់​ជាការ​ងារ និង​ជួល​ទីតាំង​របស់​ពួកគាត់​។ ទី​២ គឺ​អ្នកស្រី​ចង់​បង្កើត​ប្រ៊េ​ន​ដ៍​ទឹកឃ្មុំ​ជា​របស់​ខ្មែរ​មួយ​ដែល​អាចជួយ​លើកកម្ពស់​ផលិតផល​របស់​ខ្មែរ​ថា​[​យើង​ក៏មាន​ទឹកឃ្មុំ​របស់​ប្រទេស​យើង​ដែលមាន​គុណភាព​ល្អ​ដូចជា​បរទេស​ដែរ​]​និង​ទី​៣​ គឺ​អ្នកស្រី​បាន​ចូលរួមចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏ដូចជា​បាន​បរិច្ចាគ​ប្រាក់​មួយចំនួនទៀត​ទៅដល់​កុមារកំព្រា​។

​បើតាម​អ្នកស្រី សុធា​រ៉ា​ សម្រាប់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​របស់​អ្នកស្រី គិត​រហូតមកទល់​ប​ច្ចុ​ប្បន្ន​នេះ​បាន​ដំណើរការ​អស់​រយៈពេល ៣ ឆ្នាំ​មកហើយ តែ ២ ឆ្នាំ​ដំបូង​ជា​លក្ខណៈ​លក់​ធម្មតាៗ​ទេ តែដោយសារ​តែមាន​អតិថិជន​គាំទ្រ​ច្រើន​ក្នុង​រយៈពេល ១ ឆ្នាំ​ចុង​ក្រោយនេះ ទើប​អ្នក​ស្រី​បានដាក់​ពាក្យស្នើសុំ​ជា​លក្ខណៈ​ក្រុមហ៊ុន​ស្តង់ដា​តាមរយៈ​ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម ជាដើម​៕