ការចិញ្ចឹមគោតាមការចាក់បញ្ចូលមេជីវិត ផ្ដល់អត្ថប្រយោជន៍ច្រើន
ត្បូងឃ្មុំៈ មានកសិដ្ឋានមួយចំនួនបានចិញ្ចឹមគោក្នុងស្រុក (គោស្រែ) ឬក៏យកពូជគោពីបរទេសមកចិញ្ចឹមបំប៉ន ដើម្បីកាប់យកសាច់លក់។ ប៉ុន្តែសម្រាប់បុរសជាកសិករម្នាក់នៅស្រុកតំបែ ខេត្តត្បូងឃ្មុំ បានយកមេជីវិតគោបាពីបរទេសមកបង្កាត់ពូជជាមួយមេគោក្នុងស្រុកតែ ៧ ក្បាលប៉ុណ្ណោះ រហូតកើនឡើងដល់ជាង ៧០០ ក្បាល និងអាចលក់បានថ្លៃខ្ពស់ជាងគោចិញ្ចឹមបែបធម្មជាតិជាងទ្វេដង។
ការបង្កាត់ពូជគោបរទេសតាមរយៈការបញ្ចូលមេជីវិតនេះ ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សាទរ និងបំផុសដល់ប្រជាកសិករក្នុងខេត្តនេះឱ្យចិញ្ចឹមតាមការបង្កាត់ពូជគោបែបនេះកាន់តែច្រើនថែមទៀត ដើម្បីផ្គត់ផ្គង់សាច់គោឱ្យបានទៅតាមតម្រូវការទីផ្សារ។
ពាក់អាវដៃវែងក្រឡាឆ្នូតល្អិតៗពណ៌ពងក្រសា និងស្លៀកខោជើងវែងពណ៌ប្រផេះ កំពុងដើរនៅក្នុងក្រោល និងឮតែសំឡេងសត្វគោស្រែកលាន់ ឮទ្រហឹងដែលយូរៗម្តងស្ទើរតែលុបបាត់សំឡេងនិយាយនោះ គឺលោក ហ៊ួត លាង ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កាត់ពូជគោតាមរយៈការបញ្ចូលមេជីវិតដែលកំពុងរស់នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែ ខេត្តត្បូងឃ្មុំ។
លោក ហ៊ួត លាង បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកគឺជាកសិករធ្វើស្រែចម្ការធម្មតាទេ ហើយនៅឆ្នាំ ២០១៣ លោកបានចិញ្ចឹមគោមេ និងគោឈ្មោលចំនួន ៧ ក្បាល ប៉ុន្តែក្រោយពីលោកទទួលបានការណែនាំ និងទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមគោពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំជាបន្តបន្ទាប់រួចមក លោកក៏បែកគំនិតបង្កាត់ពូជគោបែបនេះឡើង។
បន្ទាប់ពីនោះមកលោកក៏សម្រេចចិត្តរកទិញមេជីវិតគោបាពីសហរដ្ឋអាមេរិក ពីប្រទេសបារាំង និងពីប្រទេសថៃ ដែលមាននាំចូលមកលក់នៅកម្ពុជា។
បុរសមានវ័យចំណាស់ដែលនៅលើផ្ទៃមុខមានស្បែកជ្រីវជ្រួញរូបនេះបន្តថា គិតពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ គឺលោកបង្កាត់ពូជគោបរទេសតាមបែបបញ្ចូលមេជីវិតនេះបានកូនគោទាំងញីទាំងឈ្មោលចំនួន ៣៨ ក្បាល។ ក្រោយពីលោកទទួលបានកូនគោនេះមក គឺលោកបានលក់មេគោស្រែទាំងអស់ចោលហើយរក្សាទុកគោញីដែលបានពីការបង្កាត់នោះទុកធ្វើមេម្តង។ នៅពេលនោះដែរលោកក៏ចាប់ផ្តើមបង្កាត់ពូជគោពីបរទេសសុទ្ធដោយមានមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ជួយណែនាំលោកជាប្រចាំ។
លោក ហ៊ួត លាង បាននិយាយថា៖ «កាលពីខ្ញុំនៅចិញ្ចឹមគោ ៧ ក្បាល ខ្ញុំចេះតែមានមហិច្ឆតាចង់ពង្រីកបន្ថែមឱ្យច្រើនជាងនេះទៀត តែខ្ញុំនៅខ្វះបច្ចេកទេស។ ជាការយកចិត្តទុកដាក់ពីខាងមន្ទីរកសិកម្មផង ខ្ញុំក៏ត្រូវបានទទួលការបណ្តុះបណ្តាលពីបច្ចេកទេសបង្កាត់ពូជគោនេះ រហូតទទួលបានជោគជ័យ។ ខ្ញុំចិញ្ចឹមគោនេះសម្រាប់តែគេយកទៅកាប់លក់ប៉ុណ្ណោះ»។
បើតាមសម្តីរបស់លោក លាង ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកទល់ដើមឆ្នាំ ២០២៣ នេះ គឺលោកមានគោជាង ៧០០ ក្បាលហើយ ហើយក្នុងចំណោមគោទាំងនោះមានមេគោចំនួន ៣០០ ក្បាល។
បើទោះជាលោកមានគោបាជាពូជបរទេសក្តី ក៏ប៉ុន្តែលោកមិនបង្កាត់ពូជគ្នាវាតាមធម្មជាតិទេ ពោលគឺលោកនៅតែរក្សាការបង្កាត់ពូជតាមបែបបញ្ចូលមេជីវិតនេះដដែល។ ចំពោះការចេះតែកើនឡើងនៃចំនួនសត្វគោនេះក៏ដោយសារមានខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តត្បូងឃ្មុំ ចាំជួយជ្រោមជ្រែងជាប្រចាំផងដែរ។
ពាក់ព័ន្ធនឹងចំណីសម្រាប់ឱ្យសត្វគោស៊ីវិញ លោក ហ៊ួត លាង បានបញ្ជាក់ថា ដោយសារតែចំនួនសត្វគោច្រើន ហេតុដូច្នេះលោកក៏បានដាំស្មៅសម្រាប់ទុកឱ្យគោស៊ីដោយលាយនឹងចំណីសត្វដែលមានលក់នៅតាមទីផ្សារផងដែរ។ ចំពោះបច្ចេកទេសលាយផ្សំចំណីនេះក៏លោកទទួលបានការណែនាំពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តត្បូងឃ្មុំដែរ។ រីឯផ្ទៃដីសម្រាប់លោកចិញ្ចឹមគោវិញ មានទំហំជាង ១ ហិកតា។ បើទោះជាលោកដាំស្មៅសម្រាប់ទុកឱ្យគោស៊ីក្តី ក៏លោកត្រូវចំណាយក្នុង ១ ថ្ងៃៗអស់ប្រមាណជា ៥ លានរៀលដែរ សម្រាប់ទិញចំណីបន្ថែមពីលើស្មៅដែលលោកមាន។
លោក ហ៊ួត លាង បានសង្កត់ធ្ងន់ថា កូនគោដែលអាចលក់បាន គឺចាប់អាយុពី ១ ឆ្នាំកន្លះ ទៅអាយុ ២ ឆ្នាំ ហើយក៏មានលក់គោឈ្មោលធំៗដែរ ដែលជាគោពូជបរទេសទាំងអស់។ បច្ចុប្បន្នក្នុង ១ ថ្ងៃ លោកចាប់គោទាំងធំទាំងតូចលក់បានចន្លោះពី ៣ ក្បាលដល់១០ ក្បាល។ រីឯតម្លៃវិញបើកូនគោអាយុជាង ១ ឆ្នាំ ដល់ ២ ឆ្នាំ គឺលោកលក់ក្នុងតម្លៃ ១ ក្បាល ចាប់ពី ៣,៥០ លានរៀលឡើងទៅ ពោលគឺអាស្រ័យលើគោតូច គោធំ។ ដូច្នេះបើផាត់ទាំងការចំណាយលើកម្លាំងពលកម្ម លើការទិញចំណី មកលាយជាមួយស្មៅ និងកម្មករដែលមាន ៧ នាក់ និងទៅលើការចំណាយផ្សេងៗទៀតនោះ គឺលោកនៅសល់ ៧០ ដុល្លារ ក្នុង ១ ថ្ងៃ ដែលជាសាច់ប្រាក់ចំណេញសុទ្ធ។
លោកបានបន្ថែមថា បច្ចុប្បន្នលោកមានផ្ទៃដីទំហំជាង ១ ហិកតា សម្រាប់ធ្វើក្រោលចិញ្ចឹមគោ ៧០០ ក្បាលនេះ ហើយក៏មានដាំស្មៅសម្រាប់ឱ្យគោស៊ីផង។ ចំពោះចំណីឱ្យគោស៊ីវិញ គឺលោកទិញចំណីសត្វពីទីផ្សារភាគតិចបំផុតយកមកលាយកិនជាមួយស្មៅឱ្យគោស៊ី។ ដូច្នេះហើយ បើទោះជាគោរបស់លោកចិញ្ចឹមឱ្យចំណីស៊ីក៏ពិតមែន តែឈ្មួញបានសរសើរថា សាច់គោរបស់លោកឆ្ងាញ់ដូចគោស៊ីស្មៅធម្មជាតិដែរ។
ជុំវិញការងារចិញ្ចឹមគោបែបនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជារឿយៗខាងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ តែងតែអញ្ជើញម្ចាស់កសិដ្ឋានចិញ្ចឹមគោម្នាក់នោះមកបណ្តុះបណ្តាលបន្ថែមពីវិធីបង្កាត់ពូជគោបែបបញ្ចូលមេជីវិតនេះ។ ជាទ្រឹស្តី ការបង្កាត់ពូជបែបនេះដើម្បីបានសាច់ច្រើន ហើយចិញ្ចឹមក៏ឆាប់ធំ និងធន់នឹងជំងឺទៀតផង។
លោកបន្តថា ក្នុងគោ ១ ក្បាលដូចគ្នា តែបើគោក្នុងស្រុកចិញ្ចឹមដោយឱ្យដើរស៊ីស្មៅតាមទម្លាប់ និងគោចិញ្ចឹមបង្កាត់ពូជបែបនេះ គឺគោបង្កាត់មានសាច់ច្រើនជាង។ តាមម្ចាស់កសិដ្ឋានខាងលើបានប្រាប់លោកថា បើគាត់ចិញ្ចឹមគោក្នុងស្រុក ១ ក្បាល បានសាច់១០០ គីឡូក្រាម តែបើគាត់ចិញ្ចឹមបង្កាត់ពូជគោបរទេសបែបនេះដោយប្រើពេល ១ ឆ្នាំដូចគ្នាគឺគោបង្កាត់បានសាច់ពី ២០០ គីឡូក្រាម ទៅ ៣០០ គីឡូក្រាមឯណោះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំចេះតែតាមស្រាវជ្រាវបន្តទៀត ហើយបើជាការពិតមែន គឺប្រជាកសិករ គួរងាកមកចិញ្ចឹមបង្កាត់ពូជគោបែបបរទេសនេះគឺល្អ។ ឥឡូវក៏មានកសិករជិត ១០០ គ្រួសារ ចិញ្ចឹមគោបង្កាត់ពូជបែបនេះផងដែរ តែក្នុង ១ គ្រួសារៗ មិនមានច្រើនរាប់រយក្បាលដូចគាត់ទេ»៕