
ការសម្ដែងសិល្បៈពេលរៀបចំកម្មវិធីរដូវវប្បធម៌លើកទី៤ នៅថ្ងៃទី១៩ មករា ។ ហុង រស្មី
ភ្នំពេញ: អង្គការខ្មែរអមតៈ សហការជាមួយវិទ្យាស្ថានភាសាបារាំងបានរៀបចំកម្មវិធីរដូវវប្បធម៌លើកទី៤ ដែលនឹងបង្ហាញនូវទស្សនីយភាពសិល្បៈបុរាណសម័យសហសម័យអក្សរសិល្ប៍ទំនើប និងសិល្បៈឌីជីថល ក្នុងបំណងលើកស្ទួយដល់សិល្បករជំនាន់ថ្មី។
រដូវវប្បធម៌លើកទី៤ ដែលត្រូវបានដាក់ឈ្មោះថា «តែឯងតែយើង» ឬ (Your Kind, Our Kind) នឹងចាប់ផ្ដើមដំណើរការរៀងរាល់ចុងសប្ដាហ៍ចាប់ពីខែកុម្ភៈ រហូតដល់ខែមីនា នៅវិទ្យាស្ថានភាសាបារាំង និងបណ្ដាខេត្ដមួយចំនួន។
លោក សយ ច័ន្ទបូរី តំណាងអ្នកទទួលបានអាហារូបករណ៍ទស្សនកម្មវិធីសិល្បៈនិងជាអ្នករៀបចំកម្មវិធីនេះបានឱ្យដឹងថា៖ «គោលបំណងចម្បងគឺចង់បង្ហាញពីសមត្ថភាព និងទេពកោសល្យវត្ដមានសិល្បករវ័យក្មេងអំពីភាពច្នៃប្រឌិតនៃស្នាដៃសិល្បៈដែលឆ្លុះបញ្ចាំងពីសង្គមកម្ពុជាក្នុងពេលបច្ចុប្បន្នក៏ដូចជាជំរុញឱ្យមានការជជែកពិភាក្សា និងធ្វើការឆ្លុះបញ្ចាំងស៊ីជម្រៅរវាងអ្នកពាក់ព័ន្ធ សិល្បករ អ្នកធ្វើការក្នុងវិស័យសិល្បៈជាដើម»។
លោកបានឱ្យដឹងថា រដូវវប្បធម៌នឹងមានកម្មវិធីជាច្រើន ដូចជា អំណានអក្សរសិល្ប៍ច្នៃប្រឌិតដែលមានចំនួន៤ស្នាដៃ ល្ខោនអាន មានចំនួន៣ស្នាដៃកើតចេញពីវគ្គបណ្ដុះបណ្ដាលសរសេរអត្ថបទរឿងស្នាដៃឌីជីថល និងការសម្ដែងទស្សនីយភាពនៅលើឆាកចំនួន ៥ស្នាដៃ រួមមាន សម័យ បុរាណ តន្ដ្រី និងល្ខោន។
ក្រុមអ្នករៀបចំកម្មវិធីដែលមានអង្គការខ្មែរអមតៈវិទ្យាស្ថានភាសាបារាំងរួមទាំង សិល្បករ សិល្បការិនី និងអ្នកពាក់ព័ន្ធទាំងអស់ បានរៀបចំកម្មវិធីសំពះគ្រូ និងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានភាសាបារាំង។
នៅក្នុងពិធីសំពះគ្រូជាប្រពៃណីដូនតាមួយដែលក្រុមសិល្បៈបុរាណតែងតែប្រារឰឡើងមុនពេលរៀបចំពិធីសម្ដែងជាផ្លូវការណាមួយ ក្រុមសិល្បៈចម្រុះក៏បានសម្ដែងថ្វាយគ្រូទៅតាមទម្រង់សិល្បៈរបស់ពួកគេរៀងៗខ្លួន។
លោក គឹម សុជាតិ ជាអ្នកលេងអកមកពីអង្គការ Epic Art Cambodia ដែលមានមូលដ្ឋាននៅខេត្ដកំពតបានធ្វើការសម្ដែងសិល្បៈសហសម័យថ្វាយគ្រូ១ឈុតខ្លី។
បុរសមានពិការភាពជិះលើរទេះរុញរូបនេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ក្រោយបញ្ចប់ការសម្ដែងថា៖«យើងមានសមាជិក៦ នាក់សម្រាប់ត្រៀមសម្ដែងដំឡើងថ្មីឈ្មោះ«ដូចគ្នាដូចគ្នា»មានរយៈពេល ៣០នាទី។ ខ្ញុំមានជំងឺប៉ូលីយ៉ូពិការពីកំណើតសមាជិក២នាក់គថ្លង់ និងពិការរាងកាយCerebral palsy (CP)ដែលមានការលំបាកជាងគេ។ គាត់ឈ្មោះ សឿន ប៊ុនធឿន ជាអ្នករាំ»។
យុវតី២រូប ដែលបង្ហាញការសម្ដែងប្លែក និងគួរឱ្យចាប់អារម្មណ៍តាំងពីពួកគេបោះជំហានដើរទៅកាន់វេទិកាជាមួយការអាន និងការបញ្ចេញសំឡេងគួរឱ្យទាក់ចិត្ដមហាជនរហូតដល់ទទួលបានការទះដៃសាទរទេពកោសល្យរបស់ពួកគេ។
កញ្ញា ឌី អាលីសា (Dy Alisha) ជាអ្នកសម្ដែងល្ខោនអានម្នាក់ បាននិយាយថា៖ «ពួកយើងសម្ដែងអំឡុងពេលថ្វាយគ្រូនេះគឺជាការអានអត្ថបទដកស្រង់ចេញពីរឿង១ក្នុងអក្សរសិល្ប៍បរទេស ហើយដោយសារការសម្ដែងនេះខ្លី គាត់ [Kb Saadiជាអ្នកដឹកនាំ]បានបូកបញ្ចូលការសម្ដែងតិចតួចដើម្បីឱ្យមានទំនាក់ទំនងជាមួយមហាជន»។
យុវតីរូបនេះ មកពីThe Acting Academyបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ចំពោះការសម្ដែងពេញលេញតែម្ដង ពួកយើងគ្រាន់តែអង្គុយអានសន្ទនាទៅវិញទៅមក ប៉ុន្ដែនៅពេលមានការរៀបចំឆាកបែបនេះយើងចង់លាយឡំជាមួយការសម្ដែងខ្លះក៏បានដែរ»។
លោក Kb Saadi បាននិយាយថា ពេលមានការសម្ដែងក្នុងកម្មវិធីរដូវវប្បធម៌ ក្រុមសម្ដែងជាសិស្ស១៦នាក់របស់លោកនឹងអានសន្ទនាផង បន្ថែមការសម្ដែងតិចតួចផងដែរ។
កញ្ញា ទី សុគន្ធារី (Ty Sokun Theary) ជាអ្នកសម្ដែងម្នាក់ទៀត បាននិយាយថា នៅថ្ងៃទី១១ ខែកុម្ភៈ ក្រុមរបស់កញ្ញាមានការសម្ដែងមួយ ដែលរួមទាំងអស់ ៦ឈុត។
អ្នកស្រី ណម ណារីម អ្នកសម្របសម្រួលក្រុមសិល្បករល្ខោនបុរាណ និងអនុប្រធាននាយកដ្ឋានសិល្បៈ និងទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា អ្នកស្រីនឹងដឹកនាំក្រុមល្ខោនបុរាណមួយដែលយកលំនាំតាមឈ្មោះទីតាំងនៃប្រភពល្ខោននេះដោយមានឈ្មោះល្ខោនបុរាណវត្ដកៀនស្វាយក្រៅ។
អ្នកស្រីបានថ្លែងថា៖ «ទម្រង់ល្ខោននេះមានតែមួយ ដែលយើងអាចនិយាយបានថា មានតែមួយនៅក្នុងប្រទេសយើង។ ទម្រង់ល្ខោននេះមានតាំងពីយូរមកហើយ ដែលមិនច្បាស់អំពីអំឡុងពេលណានោះទេ»។
អ្នកស្រី ណារីម បាននិយាយថា រដូវវប្បធម៌នេះផ្ដល់ឱកាសឱ្យសិល្បករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធបញ្ចេញស្នាដៃ។ ជាក់ស្ដែងល្ខោនបុរាណនេះ ពួកគេកំពុងតែពង្រឹងខ្លួនឯងដើម្បីមានជីវិតរស់រានឡើងវិញ។
ក្រៅពីការសម្ដែងនៅវិទ្យាស្ថានភាសាបារាំង រដូវវប្បធម៌ក៏នឹងធ្វើដំណើរទេសចរណ៍ទៅបណ្ដាខេត្ដ៤ទៀតដើម្បីនាំយកទម្រង់សិល្បៈទាំងនោះទៅដល់មូលដ្ឋានសហគមន៍។
អ្នកស្រី ថន សីម៉ា អ្នកដឹកនាំរៀបចំដំណើរទស្សនាចររដូវវប្បធម៌បាននិយាយថា ក្រុមអ្នករៀបចំចង់បង្កលទ្ធភាពឱ្យប្រជាជននៅតាមសហគមន៍បានឃើញនូវស្នាដៃសិល្បៈថ្មីៗ ក៏ដូចជាចំណេះដឹងនៅក្នុងស្នាដៃនីមួយៗដែលបង្កប់នូវអត្ថន័យអំពីតថភាពសង្គមបច្ចុប្បន្ន។
អ្នកស្រីបន្ដថា កម្មវិធីរដូវវប្បធម៌ ឆ្នាំ២០២២ មានអ្នកចូលរួមប្រមាណ៨ពាន់នាក់ ដោយមិនត្រឹមតែមានការសម្ដែងនោះទេ តែក៏មានការចែករំលែកចំណេះដឹងផងដែរ។កាលពីឆ្នាំមុនកម្មវិធីត្រូវបានរៀបចំនៅខេត្ដបាត់ដំបងបន្ទាយមានជ័យកំពង់ធំ និងសៀមរាប។
អ្នកស្រី សីម៉ា បានឱ្យដឹងថា៖ «សម្រាប់ឆ្នាំនេះយើងទៅ៤ខេត្ដដូចគ្នាដែលមាន១២ទីតាំងនៅក្នុងខេត្ដកំពង់ធំ ព្រះវិហារកំពង់ឆ្នាំង និងប៉ៃលិន»។
ដោយសារតែកម្មវិធីរដូវវប្បធម៌ ត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់សិល្បករជាយុវជន តារាសម្ដែងដ៏មានប្រជាប្រិយភាពកញ្ញា អឿន រ៉ូហ្សា តំណាងក្រុមយុវជនរីកសាយ និងជាទូតកម្មវិធីរដូវវប្បធម៌ ក៏បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្ដឱ្យមានការចូលរួមពីមហាជនជាយុវជនកាន់តែច្រើនផងដែរ។
កញ្ញា រ៉ូហ្សា បានថ្លែងថា៖«មូលហេតុក្រុមរីកសាយវិលត្រឡប់ចូលវិស័យសិល្បៈនេះវិញដោយសារតែទស្សនវិស័យរបស់យើងគឺជួយផ្សព្វផ្សាយលើកទឹកចិត្ដសិល្បករមានគំនិតច្នៃប្រឌិតក៏ដូចជាបានបង្ហាញស្នាដៃទៅកាន់ទស្សនិកជន»។
កញ្ញា បាននិយាយលើកទឹកចិត្ដថា៖ «យុវជនគួរតែចូលរួមក្នុងសិល្បៈបុរាណយើងឱ្យបានច្រើនពីព្រោះសិល្បករ និងសិល្បការិនីខិតខំប្រឹងប្រែងហាត់រៀនមែនទែន បានថែរក្សានូវក្បាច់បុរាណដែលក្បាច់ខ្លះស្ទើរតែបាត់បង់ផងដែរ។ ប៉ុន្ដែយុវជនមានការចូលរួមតិចតួច»។
ចំពោះស្នាដៃដែលត្រូវលើកយកមកសម្តែងដំបូងគេបង្អស់ក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំនេះ គឺល្ខោនបុរាណ កៀនស្វាយក្រៅសម្តែងនៅថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានភាសាបារាំង។ សំបុត្រមានដាក់លក់នៅលើទំព័រហ្វេសប៊ុក រីកសាយ Reek SaiDay៕