ភ្នំពេញៈ អង្គុយ​ពីមុខ​រូបភាព​ស​ខ្មៅ​ព្រី​ន​លើ​ក្រណាត់​ក្រាស់​បំពាក់​អំពូល LED បំភ្លឺ​ចំ​ពីលើ​ស៊ុម លោក អ៊ួ ដា​រិ​ទ្ធ កំពុងតែ​កាត់​ក្រដាស​ជា​បំណែក​តូចៗ រួច​ស៊ក​ទៅតាម​ទីតាំង​ដែល​លោក​បាន​ច្រោះ​ជាស្រេច និង​សេ​រ៉េ​ក្រដាស​ទាំងនោះ​ឱ្យ​ចោល​ស្រមោល​ស៊ីមេទ្រី​ នឹង​បំណែក​រូបភាព​ព្រី​នស​ខ្មៅ​ដោយ​យក​ចិ​ត្ដ​ទុកដាក់​បំផុត​។


​ចាប់ពី​ពេល​ផ្ដើម​ស៊ក​ក្រដាស​ទី​១ ​រហូតដល់​បញ្ចប់​ការងារ​ទាំងស្រុង នៅលើ​ផ្ទាំង​ក្រដាស​ក្រាស់ គ្មាន​ឃើញ​អ្វី​ក្រៅពី​សន្លឹក​លោហៈ​តូចៗ​ជាច្រើន​បំណែក​ស៊ក​ច្រូងច្រាង​ទេ លុះ​​ត្រាតែ​លោក ដា​រិ​ទ្ធ បើក​អំពូល​ភ្លើង​នៅលើ​ស៊ុម រូបគំនូរ​អង្គរ​វត្ដ​បាន​ផុស​ត្រដែត​ឡើង ហាក់​​ដូចជា វេទមន្ដ​និ​មិ្ម​ត​ឱ្យឃើញ​ភ្លាមៗ​។ នេះ​ជា​ប្រភេទ​គំនូរ​ពន្លឺ និង​ស្រមោល ដែល​លោក ដា​រិ​ទ្ធ បាន​ច្នៃ​បង្កើតឡើង​ដោយ​យក​លំនាំ​តាម​សិល្បៈ​ស្រមោល​ពន្លឺ​ជះ​ចំ​កំណាត់ឈើ​លើ​ជញ្ជាំង​របស់​សិល្បករ​ជប៉ុន និង​រូបភាព​ស្រមោល​កំពូល​ប្រាសាទ​ចេញពី​ចម្រឹង​បង្អួច​នៃ​ប្រាសាទ​អង្គរវត្ដ​។


​លោក ដា​រិ​ទ្ធ ដែល​បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​វិស្វករ​អគ្គិសនី បាន​រំឭកថា​៖ «​ខ្ញុំ​ធ្លាប់​បានឃើញ​ស្នាដៃ​សិល្បករ​ជប៉ុន​ម្នាក់ ដែល​គាត់​បាន​តម្រៀប​កំណាត់ឈើ​នៅលើ​ជញ្ជាំង រួច​បាញ់​ជះ​ពន្លឺភ្លើង​ទៅ បង្កើតបាន​រូបភាព​ម​នុស្ស​។ វា​ពិតជា​បានធ្វើឱ្យ​ខ្ញុំ​កញ្ឆក់​អារម្មណ៍​ខ្លាំង​មែនទែន ហើយ​ចាប់ផ្ដើម​នឹក​គិតថា បើ​ខ្ញុំ​ធំ​ឡើង មានផ្ទះ និង​ទីកន្លែង​ត្រឹមត្រូវ ខ្ញុំ​ត្រូវតែ​បង្កើត​ទម្រង់​សិល្បៈ​បែបនេះ​ដាក់​ក្នុងផ្ទះ​ហើយ​។ អស់​ប៉ុន្មាន​អស់​ទៅ​។ វា​គ្រាន់តែ​ជា​ក្ដី​ស្រមៃ​ពី​ក្មេង​ទេ​»​។


​អំឡុងពេល​សិក្សា​នៅ​សាកល​​វិទ្យាល័យ យុវជន ដា​រិ​ទ្ធ អាយុ ២៨ ​ឆ្នាំ បាន​បម្រើការ​ក្នុង​វិស័យ​ភាពយន្ដ និង​បាន​ចាប់យក​អាជីព​ជា​នាយក​គ្រប់គ្រង​ផ្នែក​សិល្បៈ ដែល​ផ្ដោតលើ​ការ​​ច្នៃ​សម្ភារ និង​សិល្បៈ​ផ្សេងៗ​នៅក្នុង​ភាពយន្ដ ក្រោយ​បញ្ចប់​ការសិក្សា​។ នា​គ្រាមួយ លោក​បានឃើញ​រូបភាព​ ១ ដែល​ត្រូវបាន​ចែករំលែក​ច្រើន​លើ​បណ្ដាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក គឺជា​រូបថត​ស្រមោល​ពន្លឺ​ជះ​ចូល​ចម្រឹង​បង្អួច​អង្គរវត្ដ ចេញ​រាង​កំពូល ៣ និង​កំពូល​ ៥ ១ ​ជួរ វា​បានធ្វើឱ្យ​នឹកឃើញ​ឡើងវិញ​នូវ​រូបភាព​របស់​សិល្បៈ​ជនជាតិ​​ជប៉ុន​បង្កើតឡើង​។


​លោកថ្លែងថា​៖ «​កន្លែង​នេះ មើលទៅ​ពិតជា​អស្ចារ្យ​មែន​ទែន​។ គំនិត​តម្រៀប​ដុំ​ឈើ​លើ​ជញ្ជាំង និង​ពន្លឺ​ចាំង​ស្រមោល​ចម្រឹង​បង្អួច ​២ ​នេះ បូក​ចូលគ្នា ខ្ញុំ​គិតថា មានតែ​របស់​ដែល​ធ្វើ​ពី​ពន្លឺ និង​ស្រមោល​ទេ ដែល​ខ្ញុំ​អាចបង្កើត​អ្វី​ថ្មី ជា​របស់ខ្លួន​​ឯង​។ ខ្ញុំ​ក៏​ចាប់ផ្ដើម​ស្រាវជ្រាវ និង​ធ្វើការ​កែច្នៃ​វត្ថុ​សិល្បៈ​»​។


​គំនិត​របស់លោក ដា​រិ​ទ្ធ មិនទាន់​កើតចេញ​ជាការ​ពិត​ឡើយ រហូតដល់​វិបត្ដិ​ជំងឺ​រាតត្បាត​សកល​កូ​វីដ ​១៩ ចូលមក ដែលនាំឱ្យ​មានការ​បិទ​ខ្ទប់ និង​បិទ​ប្រទេស យុវជន​រូបនេះ​ត្រូវ​ផ្អាក​ពី​ការងារ​ក្នុង​វិស័យ​ភាពយន្ដ តែ​នៅ​បន្ដ​ភាព​ច្នៃប្រឌិត​របស់ខ្លួន តាមរយៈ​ការស្វែងរក​អ្វី​ថ្មី និង​ចាប់ផ្ដើម​ដើរ​តាម​ក្ដី​ស្រមៃ​របស់ខ្លួន​តាំងពី​កុមារភាព​។

​លោក​បានសម្រេច​ចិ​ត្ដ​បង្កើត​វត្ថុ​សិល្បៈ​ពី​ពន្លឺ និង​ស្រមោល​នៅក្នុង​ស៊ុម ដែល​អាចដាក់​តាំង​បាន​។ ដោយ​យក​គំរូ​តាម​ការត្រៀម​កំណាត់ឈើ ឬ​ការ​​បាំងដៃ​មុខ​ពន្លឺ​រំលេច​នូវ​រូបភាព​ផ្សេងៗ​នៅលើ​ជញ្ជាំង លោក ដា​រិ​ទ្ធ នឹកឃើញ​ដល់​ក្រដាស ដែល​អាច​ផ្លាស់ប្ដូរ​រាង​ស្រមោល​ស្រួល​ពេល​ចាំង​ជាមួយ​ពន្លឺ​។

​លោក​ថ្លែងថា​៖ «​កាល​ផលិត​រូប​ដំបូង វា​ពិតជា​លំបាក​ខ្លាំង ដោយ​ខ្ញុំ​អត់​ដឹងថា​ចាប់ផ្ដើម​ពី​ណា គ្រាន់តែ​ដឹងថា វាចា​ប់​​ផ្ដើម​ពី​ក្រដាស​។ កាត់​ចុះ​កាត់​​ឡើង ក៏​ចេញ​ជា​រាង​ត្រីកោណសាមញ្ញ​មួយ ខ្ញុំ​សប្បាយ​ចិ​ត្ដ​ខ្លាំង​មែនទែន​»​។

​រូបភាព​ផ្លូវការ​បន្ទាប់ គឺជា​គំនូរ​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ដោយ​ចាប់ផ្ដើម​ពី​ការ​ព្រី​ន​ព្រះ​ឆាយាល័ក្ខណ៍ រួច​បំប្លែង​ទៅជា​រូ​បស​ខ្មៅ បន្ទាប់មក​ធ្វើ​ស្រមោល​ទៅតាម​រូបនេះ​។

​លោកថ្លែងថា​៖ «​ដោយសារតែ​កម្លាំង​ចិ​ត្ដ​ពេញ​ប៊ឹ​ប ខ្ញុំ​ចំណាយ​ពេលធ្វើ​រហូតដល់​ម៉ោង​ ២ ទៀបភ្លឺ ហើយ​ពេលខ្លះ​ស្ដ្រេ​ស​ដែរ តែ​អ្វីដែល​យើង​ចូល​ចិ​ត្ដ ស្រឡាញ់ វា​មិន​មានការ​នឿយ​​ហត់​យូរ​នោះទេ​»​។

​លោក​បាន​និយាយ​ពី​ការ​​លំបាក រវាង​ការ​គូរ​នៅលើ​ក្រដាស និង​ការ​កាត់​រូប​ស្រមោល​ថា ពេល​ប្រើ​ខ្មៅ​ដៃ ឬ​ជក់ ដែល​ងាយស្រួល​បត់បែន អ្នក​គូរ​អាច​លុប​វា​ចោល​ពេល​ខុស​ត្រង់ចំណុច​ណា តែ​ចំពោះ​គំនូរ​ស្រមោល និង​ពន្លឺ​នេះ​ហាក់ដូចជា​ឡាន​សណ្ដោង ដែល​ពិបាក​អា​រី​យែ​ថយក្រោយ​អ៊ីចឹង​។ លោកបាន​ផលិត​គំនូរ​ពន្លឺ និង​ស្រមោល ​១ ​ឆ្នាំ ​១ ​ផ្ទាំង​ជា​និមិត្តរូប ដូចជា រូប​ព្រះពុទ្ធ និង​រូប​អង្គរវត្ដ​តាំង​ពី​ឆ្នាំ​ ២០១៩ រហូតដល់​ឆ្នាំ​ ២០២២ ដូច្នេះ ជំនាញ​នេះ​ទាមទារ​ឱ្យមាន​ទេពកោសល្យ និង​ភាព​អត់ធ្មត់​ខ្ពស់​ ដើម្បី​សម្រេចបាន​គំនូរ​ ១​ ផ្ទាំងៗ​។

​លោកថ្លែងថា​៖ «​ពេល​បង្កើតបាន​ស្នាដៃ​ដំបូង ក្នុង​ចិ​ត្ដ​រំភើប​សប្បាយ​អរ ក៏​ដើរ​អួត​ប្រាប់​គេឯង​អ៊ីចឹងទៅ​។ គេ​ចាប់អារម្មណ៍ ក៏បាន​កុម្ម៉ង់​ផលិត​រូប​ឱ្យគេ​ជា​បន្ដ​បន្ទាប់មក​។ ខ្ញុំ​ចាប់ផ្ដើម​ទទួល​អតិថិជន​តាំង​ពេល​នោះមក ដែល​រហូតដល់​ពេលនេះ ខ្ញុំ​ធ្វើ​ជូន​ភ្ញៀវ​ជាង ៣០ ​ផ្ទាំង​»​។

​លោក ដា​រិ​ទ្ធ ថ្លែងថា រូប​ប្រាសាទ​អង្គរ​មាន​ភាព​ស្មុគ​​ស្មាញ​ច្រើន ដោយសារ​ថែវ​​នីមួយៗ​របស់​ប្រាសាទ​មាន​លក្ខណៈ​ខុសគ្នា និង​តូចៗ​លម្អិត​ដែល​ទាមទារ​ភាព​អត់​​ធ្មត់​មែនទែន​។ តាំងពី​ចាប់​ផ្ដើមធ្វើ​រូប​ប្រាសាទ​អង្គរវត្ដ​នេះ​រហូតដល់​ចប់សព្វគ្រប់ ដោយ​ចំណាយពេល​ជាង ​២ ​ខែ ហើយ​រូបគំនូរ​គំរូ​ប្រចាំឆ្នាំ​របស់លោក​ដែល​អាច​លក់​ឱ្យ​ជូន​អតិថិ​​ជន​បាន មានតែ​រូប​ព្រះពុទ្ធ​ក្នុង​ស្លឹកពោធិ៍ និង​អង្គរវត្ដ​នេះ​ទេ តម្លៃ​ពី ​២៩៩-៣៩៩​ ដុល្លារ ​១ ​ផ្ទាំង​។ ចំពោះ​រូបភាព​កុម្ម៉ង់ ដែល​ភាគច្រើន​ជា​រូបភាព​ចម្លង​ពី​រូប​កាត់​ត្រឹម​ស្មា​ឡើង ដោយមាន​ទំហំ​ស្ដង់ដា ៦០ ​គុណ​ ៩០ និង​ជួនកាល​ក៏​តូចធំ​ជាង​នេះ​តិចតួច មានតម្លៃ​ ៤៩៩​ ដុល្លារ​ឡើងទៅ ហើយ​អាច​នឹង​ឡើង​ជាង​នេះ​នាពេលខាងមុខ​។

ផ្ទាំងគំនូរ​ច្នៃប្រឌិត​ពន្លឺ​ស្រមោល​។ រូបថត សហការី​

​ជា​អ្នក​ស្រឡាញ់​គំនូរ​ម្នាក់ និង​បានឃើញ​គំនូរ​ស្អាតៗ​ជា​​ច្រើន​ប្រភេទ លោក ទី សុខា មានការ​ភ្ញាក់ផ្អើល​ពេល​បានឃើញ​គំនូរ​ប្រើ​ពន្លឺ និង​ស្រមោល​របស់លោក ដា​រិ​ទ្ធ​។ លោក សុខា បាន​ទិញ​គំនូរ ៣ ​ផ្ទាំង ដោយ​ ១ ​ផ្ទាំង​ជា​ព្រះពុទ្ធ​រូប​គង់​ក្នុង​ស្លឹកពោធិ៍ សម្រាប់​ដាក់តាំង​ក្នុង​គេហដ្ឋាន​ផ្ទាល់ខ្លួន និង ​២ ​ផ្ទាំង​ទៀត ​ជា​គំនូរ​របស់​ព្រះសង្ឃ ដែល​លោក​យកទៅ​ប្រគេន​ថ្វាយ​ព្រះ​តេជគុណ​។

​លោក សុខា ថ្លែងថា​៖ «​ព្រះ​តេជគុណ​ក៏មាន​ការភ្ញាក់ផ្អើល​ដែរ ដោយសារតែ​ដំបូង​ឡើយ​លោក​មើល​ឃើញតែ​ក្រណាត់​ស៊ុម​ឈើ និង​ដោត​លោហៈ​តូចៗ​ប៉ុណ្ណោះ​។ នៅពេល​យើង​បើកភ្លើង​អំពូល​ឡើង លោក​មានការ​ស្រឡាំងកាំង​ពេល​បានឃើញ​រូប​របស់លោក ដែល​លោកតា​មាន​សង្ឃដីកា​ពិតជា​ដូច​មែនទែន​»​។

​លោក ដា​រិ​ទ្ធ បាន​រៀបរាប់​ពី​ការផលិត​រូបគំនូរ​ដោយ​ប្រើ​ពន្លឺ និង​ស្រមោល​ថា ដំបូង​លោក​ព្រី​ន​រូបភាព​នៅលើ​ក្រណាត់​ក្រាស់ ឬ​ Canvas ដែល​រៀបចំ​ស៊ុម​ស្អាតបាត​ជាស្រេច ហើយ​លោក​ចាប់ផ្ដើម​កាត់​ក្រដាស​រឹង​ស៊ក​ម្ដងមួយ​ៗ ​ឱ្យ​ស៊ីមេទ្រី​ទៅនឹង​បំណែក​រូបភាព​តូចៗ ដែល​ត្រូវបាន​ពន្លឺ​ចាំង​ឆ្លុះ រហូតដល់​គ្រប់​បំណែក​រូបភាព​ទាំងអស់​។

​នៅពេល​សាកល្បង​បិទ​​បើក​ពន្លឺភ្លើង ដើម្បីឱ្យ​ប្រាកដថា ក្រដាស​រឹង​ទាំង​ជះ​ស្រមោល​ឆ្លុះ​ស៊ី​នឹង​បំណែក​រូបភាព​ស​ខ្មៅ​នោះ​ហើយ លោក​ចាប់ផ្ដើម​កាត់​បន្ទះ​លោហៈ​ដោយ​ឆ្លងតាម​បំណែក​ក្រដាស​រឹង បំណង​ប្រើប្រាស់​លោហៈ​ជំនួស​ក្រដាស​វិញ​។ យុវជន​ដែល​ស្រឡាញ់​ការងារ​សិល្បៈ​រូបនេះ បាន​លើកឡើងថា​៖ «​ដោយសារ​ក្រដាស​មិន​ត្រូវបាន​រក្សាទុក​យូរអង្វែង ខ្ញុំ​ប្រើ​បន្ទះ​លោហៈ​ជំនួស​វិញ ដែលមាន​សុពល​​ភាព​នៃ​ការ​រក្សាទុក​បានយូរ ហើយ​អ្វីដែល​ងាយ​ខូច​ជាងគេ គឺ​អំពូល LED​។ សម្រាប់​អំពូល រយៈពេល​ ១០ ​ឆ្នាំ បើ​មាន​បញ្ហាយើង​ប្ដូរ​ជូន​ភ្ញៀវ​។ អំពូល​នេះ យើង​ត្រូវ​ចាប់​វា​ឱ្យនៅ​នឹង​មួយកន្លែង ដោយ​មិនឱ្យ​វា​ងាករេ​ចុះឡើងៗ​ទេ ពីព្រោះ​នឹងធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​រូប​»​។

​ចំពោះ​ការផលិត​គំនូរ​ក្រោយៗ​ទៀត​ ដើម្បី​ជា​និ​មិ​ត្ដ​រូប​សម្រាប់​ខ្លួនឯង យុវជន ដា​រិ​ទ្ធ ដែល​កំពុង​បណ្ដុះបណ្ដាល​ប្អូនៗ និង​ឆ្លៀត​ពេលវេលា​រៀន​បន្ថែម​ខ្លួនឯង បាន​ផ្ដោត​សំខាន់​ទៅលើ​គុណ​តម្លៃ​នៃ​រូបភាព​ជាជាង​ភាពស្មុគស្មាញ​របស់​វា​។

​លោកថ្លែងថា​៖ «​គុណ​តម្លៃ​របស់​វា​គឺថា សារ​នៅក្នុង​រូប​នីមួយៗ​មាន​អត្ថន័យ​យ៉ាងដូច​​ម្ដេច និង​មាន​ភាព​ស៊ីជម្រៅ​ប៉ុនណា​សម្រាប់​ភ្ញៀវ ដែល​ជាវ​យកទៅ​នោះ​»​។

​លោក​ ដា​រិ​ទ្ធ បានឱ្យដឹងថា​លោក​មិនទាន់​បានបង្ហាញ​សិល្បៈ​របស់លោក​នៅក្នុង​ពិព័រណ៍​សិល្បៈ​ណាមួយ​នៅឡើយ​ទេ​។ ប៉ុន្ដែ​លោក​មាន​គម្រោង​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ផង​ដែរ​។ «​ជាក់ស្ដែង នៅក្នុង​កម្ម​វិធី​អង្គរ​សង្ក្រាន្ត​ខាងមុខ ខ្ញុំ​នឹង​បង្ហាញ​ស្នាដៃ​របស់ខ្ញុំ​ចូលរួម​នៅក្នុង​ភូមិ​វិចិត្រករ​ឯក ដែល​ខ្ញុំ​នឹង​បន្ថែម​ស្នាដៃ​មួយ​ផ្សេងទៀត​។ ប៉ុន្ដែ​ពេលនេះ ខ្ញុំ​នៅ​មិនទាន់​ដឹងថា ខ្ញុំ​ត្រូវបង្កើត​ស្នាដៃ​អ្វី​នៅឡើយ​ទេ​»​។

​លោកថ្លែងថា ការផលិត​គំនូរ​ពន្លឺ និង​ស្រមោល​ត្រូវការ​ពេលវេលា និង​ទេពកោសល្យ បានឱ្យដឹងថា លោក​អាច​ផលិត​គំនូរ​លើ​ជញ្ជាំង​ក៏បាន​ដែរ តែ​លោក​ផ្ដោត​សំខាន់​ទៅលើ​កាលៈទេសៈ ដែល​គួរ​ធ្វើ​លើ​ស៊ុម ឬ​គួរ​ធ្វើ​លើ​ជញ្ជាំង​។

​ថ្វីដ្បិតតែ​លោក​មិន​ចាប់​អាជីព​វិស្វករ​អគ្គិសនី​យ៉ាង​ណាក៏ដោយ ក៏​លោក​យកចំណេះ​ដឹង​ ១ ​នេះ​ទៅ​អនុវត្ដ​គួប​​ផ្សំ​នឹង​បទពិសោធ​ការងារ​បែប​សិល្បៈ​នៅក្នុង​វិស័យ​ភាពយន្ដ​ដែល​យល់ដឹង​អំពី​គំនិត​ច្នៃ​ប្រឌិត ដើម្បី​ច្របាច់​បញ្ចូល​គ្នា​ជា​ទម្រង់​សិល្បៈ​អគ្គិសនី និង​ភាព​ច្នៃប្រឌិត​នៃ​គំនូរ​។

​លោកបាន​ថ្លែង​ដោយ​ឱ្យ​តម្លៃ​ថា​៖ «​អ្វីដែល​ខ្ញុំ​មើលឃើញ​ជារួម សិល្បករ​មាន​ស្នាដៃ​ល្អ តែ​អ្វីដែល​ធ្វើឱ្យមាន​ការរីកចម្រើន​ជាងនេះទៀត គឺ​លើសពី​ស្នាដៃដោយ​ត្រូវ​មានចំណេះ និង​ជំនាញ​ផ្សេងៗ​​ទៀត​។ យើង​ត្រូវធ្វើ​អ្វី​ដើម្បី​ទាក់​​ទាញ​ចំណាប់អារម្មណ៍ ហើយ​យើង​អាច​ពង្រីក​ទីផ្សារ​យើង​ដល់​ណា​។ ជំនាញ​នេះហើយ​ដែល​អាច​កំណត់​កម្រិត​យើង​ដល់​ត្រឹមណា ដូចជា មធ្យម បង្គួរ ឬ​កម្រិត​ខ្ពស់​»៕