ភ្នំពេញៈ សៀវភៅ​ជាច្រើន​បាន​បោះ​ពុម្ព​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​មិន​តិច​គ្រឹះ​ស្ថាន​ទេ​ដែល​បាន​ឈ​រជើង​ក្នុង​វិស័យ​សៀវ​ភៅ​ខ្មែរ​នេះ​។ សៀវ​ភៅ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​បោះពុម្ព​មាន​ស្តង់​ដា និង​មាន​មួយ​ចំនួន​ទៀត​មិន​បាន​បោះ​ពុម្ព​តាម​លក្ខណៈ​ស្តង់​ដា​នោះទេ​។ អ្នក​អាន​ជាច្រើន​បាន​ចាប់​អារម្មណ៍​លើ​សៀវ​ភៅ​ដែល​ទើប​នឹង​បោះ​ពុម្ព​ផ្សាយ​ថ្មីៗតាម​រយៈ​ស្នាដៃ​និពន្ធ​ថ្មី និង​​ស្នាដៃ​ចាស់​ដែល​គេ​បោះពុ​ម្ព​ឡើង​វិញ​។​

​សៀវ​ភៅ​ដែល​បោះ​ពុម្ព​ដោយ​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ឯកសារ​ខ្មែរមាន​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​ទាំង​អ្នក​និពន្ធ ​និង​អ្នក​អាន​សៀវ​ភៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​។ តើ​សៀ​វភៅ​ដែល​បោះ​ពុម្ព​ដោយ​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ឯកសារ​ខ្មែរ​មាន​លក្ខណ​ពិសេស​យ៉ាង​ណាខ្លះ​ទើប​អាច​ទាក់​ទាញ​ចិត្ត​អ្នក​និពន្ធ​ចង់​សហ​ការ​បោះ​ពុម្ពនិង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​អាន​ខ្លាំង​បែប​នេះ​?

​លោក ឡឹ​ក ជំនោរ​ ស្ថាប​និក​និង​ជា​នាយក​គ្រប់​គ្រង​គ្រឹះស្ថាន​បោះ​ពុម្ព​ឯកសារ​ខ្មែរដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៧​ បាន​ប្រាប់​ពី​មូលហេតុ​សំខាន់ៗ​ដែល​នាំឱ្យ​បង្កើត​គ្រឹះស្ថាន​នេះ​ឡើង​។ លោក​ថា មូល​ហេតុ​សំខាន់ៗ​បាន​បង្កើត​ឱកាស​ដល់​អ្នក​និពន្ធ​ខ្មែរ​អាច​បោះពុម្ព​បាន​ងាយ​ជាង​មុន​, រៀបចំ​សៀវ​ភៅ​ឱ្យ​ទាក់​ទាញនិង​ត្រឹម​ត្រូវ​តាម​ប្រភេទ​,​ រៀបចំ​ឯក​សារ​ បច្ចេក​ទេស​បែប​ខ្មែរ​ឱ្យ​សម្បូ​របែប​, ប្រឹក្សា​ការ​ចងក្រង​ឯកសារ​ដល់​អ្នក​និពន្ធ​ អ្នក​ស្រាវជ្រាវ​ខ្មែរ និង​ផ្ដល់​សេវា​កម្ម​រៀប​រៀង ​ចងក្រង​ឯក​សារ ឬ​ប្រវត្តិ​របស់​បុគ្គល ស្ថាប័ន​។


​ចំណុច​សំខាន់​មួយ​ទៀត​ដែល​គ្រឹះស្ថាន​បោះពុម្ព​មួយ​ចំនួន​មិន​មាន ​ហើយ​គ្រឹះស្ថាន​បោះ​ពុម្ព​ឯកសារ​របស់លោក​មាន ​គឺ​ធន​ធាន​មនុស្សនិង​ក្នុង​រយៈ​ពេល​ខ្លី​មួយ​ដែល​គ្រឹះស្ថាន​បាន​ជួយ​សម្រប​សម្រួល​រៀបចំ​សៀវ​ភៅ​បាន​ជា​ច្រើន​ចំណង​ជើងដែល​សៀវភៅ​​ទាំង​នោះ​សុទ្ធ​សឹងតែមាន​ទាំង​សោភ​ណភា​ព និង​គុណ​ភាព​នៃ​សៀវ​ភៅ​ផង​ដែរ​។

​លោក ឡឹ​ក ជំនោរ​ បាន​អះអាង​ថា៖ «​ដោយ​សហ​ស្ថាបនិក​របស់​យើង​ជា ​បញ្ញ​វន្ត​ចប់​ពី​បរទេស ​និង​ក្នុង​ស្រុក​ដែល​មាន​ជំនាញ​ទាំង​អស់ម​កដល់​ឆ្នាំ​២០២២ ​ បាន​រៀបរៀង​ចងក្រង​ផ្ដល់​សេវា​រៀបចំ​បណ្ណាធិ​ការ និង​រចនា​សៀវ​ភៅ​ដល់​អ្នក​និពន្ធ​បាន​ជាង​១០០​ចំណង​ជើង​»​។


​ក្រៅពី​សៀវ​ភៅ​ទូទៅ កន្លង​មក ​គ្រឹះ​ស្ថាន​បោះពុម្ព​ឯក​សារ​ខ្មែរ​បាន​រៀបចំ​សម្រប​សម្រួល​រចនា​សៀវភៅ​ថ្នាក់​ដឹក​នាំ​បាន៧​ចំណង​ជើងសរសេរជាភាសា​ខ្មែរ ​ភាសា​អង់​គ្លេស ​ភាសា​ចិន​ សៀវភៅ​រដ្ឋ​ធម្ម​នុ​ញ្ញ និង​សៀវភៅ​របស់​ស្ថាប័ន​មួយ​ចំនួន​ទៀត​។​

​លោក​បាន​បញ្ជាក់​ដែរ​ថា អត្ថ​ន័យ ​អត្ថរូប និង​អត្ថរស​នៃ​សៀវភៅ​ពិតជា​សំខាន់ ​ហើយ​រឹតតែ​សំខាន់​ទៀត​នោះ​គឺ​ពុម្ព​អក្សរ សន្លឹក​ក្រដាស​ដែល​មាន​នៅក្នុង​សៀវភៅ​។ មួយវិ​ញទៀ​ត អក្ខ​រាវិរុទ្ធ​ពិត​ជា​សំខាន់​សម្រាប់​សៀវភៅ ប្រសិន​បើ​សរសេរ​ខុស​ច្រើន នោះ​ពាក្យ​ពេចន៍​ទាំង​នោះ​ជាប់​រាប់​ឆ្នាំ​ទៅ​មុខ ដែល​បង្ក​ជា​កំហុស​ត​ជំនាន់​។

​ចំណែក​ពុម្ពអក្សរ ​និង​សន្លឹក​ក្រដាស​សៀវភៅ​ទៀតសោត ប្រសិនបើ​មិន​ច្បាស់ ​មិនល្អ​ គ្មាន​គុណភាព អាចធ្វើឱ្យ​អ្នកអាន​មាន​អារម្មណ៍មិនល្អ ប៉ះពាល់​ដល់​កែវភ្នែក​របស់​អ្នកអាន​ថែម​ទៀតផង​។ លក្ខណៈ​ដូច​រៀបរាប់​ខាងលើ គ្រឹះស្ថាន​បោះពុម្ព​ឯកសារ​ខ្មែរ​ពិតជា​បានគិត​គូរ និង​ធ្វើបាន​យ៉ាង​ប្រសើរ​។ នេះ​បើតាម​លោក ឡឹ​ក ជំនោរ​។​

​លោក ឡឹ​ក ជំនោរ បាន​បញ្ជាក់​ទៀតថា​​៖ «​គន្លឹះ​ដែល​ទាក់​ទាញនោះ​ គឺ​ធនធាន​មនុស្ស​ដែល​ធ្វើការ​ដោយ​ទឹកចិត្ត​និង​ជំនាញ​តាំង​ពី​នាយក​គ្រឹះ​ស្ថាន​រហូតដល់​អ្នក​ពិសោធ​អក្ខរៈគឺ​ជា​បុគ្គល​ដែល​មាន​ធនធាន​និង​ជំនាញ​ពាក់​ព័ន្ធ​។​លក្ខណ​ពិសេស គឺ​ប្រើ​ពុម្ព​អក្សរ សម​ស្រប​នឹង​ភ្នែក​ក្រដាស​ថ្នម​ភ្នែក​»​។

​សូម​ជម្រាប​ដែរ​ថា ​គ្រឹះ​ស្ថាន​បោះពុម្ព​ឯកសារ​ខ្មែរបង្កើត​ឡើង​នៅ​ឆ្នាំ​២០១៧ ជា​គ្រឹះស្ថាន​សម្រប​សម្រួល​បោះពុម្ព​សៀវភៅមាន​ជំនាញ​ផលិត​ពុម្ព​អក្សរ​ប្រើ​សម្រាប់​សៀវភៅ​រៀប​រៀង​ ចង​ក្រង ផ្ដល់​សេវា​រៀបចំ​បណ្ណាធិ​ការ និង​រចនា​សៀវភៅ​ដល់​អ្នក​និពន្ធ​។ គ្រឹះ​ស្ថាន​មាន​អ្នក​ជំនាញ​ច្បាស់​លាស់​លើ​កិច្ចការ​ឯកសារ​សៀវភៅដែល​បុគ្គលិក​គ្រប់រូប​សុទ្ធតែ​បាន​បញ្ចប់​ជំនាញ​ពាក់​ព័ន្ធ​កម្រិត​ពី​បរិ​ញ្ញាបត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត ​មកពី​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​៕