សៀមរាបៈ ​នា​ចុងខែ​មករា កន្លងទៅ​ថ្មីៗ​នេះ បណ្ណាល័យ​សៀមរាប បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​ ១ ​ឆ្នាំ ​នៃ​ការបង្កើត​បណ្ណាល័យ​រប​ស់​ខ្លួន​ដែល​ការ​ប្រារព្ធ​ពិធី​នេះ​ធ្វើឡើង​នៅក្នុង​ទីតាំង​បណ្ណាល័យ​នេះ​តែម្ដង​ ដែលមាន​ទីតាំងនៅ​ជិត​វត្ត​ពោធិ៍​លង្កា ក្រុង​សៀមរាប ខេត្តសៀមរាប​ដោយមាន​ការដាក់​តាំង​សៀវភៅ​សម្រាប់​អាន និង​ដាក់លក់​ជាច្រើន​នា​ពិធី​នោះ​ផងដែរ​។​


​កញ្ញា វ៉ាន់ ចាន់ណា​រ៉ី បណ្ណារក្ស​នៃ​បណ្ណាល័យ​សៀមរាប បាន​ប្រាប់​ឱ្យដឹងថា នា​ពិធី​នេះ​មាន​រៀបចំ​នូវ​ស្ដង់​សៀវភៅ​ចំនួន ២៣ ស្ដង់​ដែល​សរុប​ចំនួន ២០​អ្នកនិពន្ធ និង​គ្រឹះស្ថានបោះពុម្ពផ្សាយ ដែល​បាន​ចូលរួម​ដាក់តាំង​សៀវភៅ​ក្នុង​កម្មវិធី​នេះ ហើយ​ចំពោះ​ចំនួន​អ្នកចូលរួម និង​អាន​សៀវភៅ មាន​ចំនួន​រហូត​ជាង ២ ០០០​នាក់​ផងដែរ​។​

កញ្ញា​បាន​អះអាងថា ៖ «​បណ្ណាល័យ​មិនសូវ​ជា​ប្រឈមមុខ​នឹង​បញ្ហា​ច្រើន​ប៉ុន្មាន​ទេ​ដោយសារ​ជា​កម្មវិធី​ដំបូង​ដែល​ខាង​បណ្ណាល័យ​បានរៀបចំ​ឡើង អ៊ីចឹង​ហើយ​បញ្ហា​មួយចំនួន​ដែល​យើង​ប្រឈមមុខ​គឺ​ខ្វះខាត​ទីធ្លា​នៃ​ការប្រព្រឹត្តទៅនៃកម្មវិធី និង​ការខ្វះខាត​ថវិកា​មួយចំនួន​សម្រាប់​រៀបចំ​កម្មវិធី​ក្នុង​រយៈពេល​វែង​ប៉ុណ្ណោះ​»​។​


នា​ពិធី​នោះដែរ អ្នកនិពន្ធ ទ្រី សម្ផស្ស ដែល​បាន​ចូលរួម​ផងដែរ​នោះ បាន​សម្ដែង​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​កម្មវិធី​នោះ​ដោយបាន​លើកឡើងថា អ្នកចូលរួម​មាន​តិចតួច​ណាស់​ដែល​សម្រាប់​លោក​ឈរ​លក់​សៀវភៅ​កុមារ​នៅពេលនោះ គឺ​យល់ថា​ពិតជា​ពិបាក​ណាស់ និង​ខកចិត្ត ដោយសារ​លោក​មិនសូវ​ឃើញ​មាន​ឪពុកម្តាយ​នាំ​កូនៗ​របស់​ពួកគាត់​មក​ចូលរួម​មិនសូវមាន​សិស្សសាលា​ចាប់អារម្មណ៍​នឹង​ការបង្ហាញ​សៀវភៅ រួម​នឹង​ទីតាំង​តូចចង្អៀត​ផងដែរ​។​


​ក្រៅពី​លោក ទ្រី ស​ម្ជ​ស្ស ក៏​នៅមាន​អ្នក​និ​ព្ធ​ជាច្រើនរូប​ទៀត​បានបង្ហាញ​ចំណាប់អារម្មណ៍​ដូចៗ​គ្នា​ថា ការរៀបចំ​មិនសូវ​បានល្អ ទើប​ធ្វើឱ្យ​អ្នកចូលរួម​មាន​ចំនួន​តិច​។


​ អ្នកនិពន្ធ ធឿន សុធា ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះដែរ​បានបង្ហាញ​ចំណាប់អារម្មណ៍​ដូច្នេះ​ថា ៖ «​កម្មវិធី​មាន​រយៈពេល​ខ្លី ទីធ្លា​តូច ការផ្សព្វផ្សាយ​មិនសូវ​ទូលាយ អ្នកអាន​ទទួលបាន​ព័ត៌មាន​តិច ទើប​ធ្វើឱ្យ​សៀវភៅ​ដែល​ដាក់តាំង​មាន​អ្នកអាន​តិច​»​។

​ដោយ​កម្មវិធី​ធ្វើ​ក្នុង​រយៈពេល​ខ្លី កញ្ញា វ៉ាន់ ចាន់ណា​រ៉ី បណ្ណារក្ស​នៃ​បណ្ណាល័យ​សៀមរាប បានបង្ហាញ​ពី​គោលជំហរ និង​ទិសដៅ​បណ្ណាល័យ​ទៅ​ថ្ងៃ​ខាងមុខ​នឹង​រៀបចំ​ឱ្យបាន​ល្អប្រសើរ​ជាង​នេះ​។

​កញ្ញា​បញ្ជាក់ថា​៖ «​សម្រាប់​យុទ្ធសាស្ដ្រ​ពួកយើង​នឹង​ខិតខំ​ស្វែងរក​ដៃគូ​សហការ​ដើម្បី​រៀបចំ​កម្មវិធី​នេះ​ឱ្យ​កាន់តែ​ធំ​និង​ផ្ដល់ឱកាស​ជាច្រើន​ដល់​យុវជន​ក៏ដូចជា​ក្មេងៗ​ជំនាន់​ក្រោយ​ផងដែរ ហើយ​ពួកយើង​គ្រោង​នឹង​រៀបចំ​កម្មវិធី​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ និង​លើកស្ទួយ​វិស័យ​អំ​ណាន​នៅ​កម្ពុជា​ឱ្យ​កាន់​រីក​សុសសាយ​បន្ថែមទៀត​»​។

​សូមបញ្ជាក់ថា​ ក្រោយពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បាន​ស្ងប់ស្ងាត់​ទៅ អ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ ក៏ដូចជា​ស្ថាប័ន​មួយចំនួនទៀត​បាន​បង្កើត​ឱ្យមាន​កម្មវិធី​ជួបជុំ​អាន ការតាំង​បង្ហាញ​សៀវភៅ និង​ការលក់​សៀវភៅ​ជា​បន្តបន្ទាប់​គ្នា ដែល​កម្មវិធី​បែបនេះ​មាន​ធ្វើ​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕