សៀមរាបៈ គ្រឿងអលង្ការ ឬសម្ភារសម្រាប់លម្អខ្លួនប្រាណ ជាទូទៅគេកែច្នៃពីស្នែងសត្វ ពីឆ្អឹងសត្វ ឱ្យទៅជាអង្កាំ ជាបន្តោងខ្សែក ឬកែច្នៃពីលោហៈប្រាក់ ពិសេស វត្ថុមានតម្លៃ ដូចជា មាសពេជ្រជាដើម។ ប៉ុន្តែមានបុរសម្នាក់នៅខេត្តសៀមរាប បានយកសម្បកគ្រាប់កាំភ្លើងមកកែច្នៃ ទៅជាគ្រឿងអលង្ការ ដោយទទួលបានការពេញនិយមពីអតិថិជន នៅតាមបណ្តាខេត្តមួយចំនួននិងត្រូវបាននាំយកទៅលក់នៅប្រទេសអាមេរិក និងអង់គ្លេសទៀតផង។
«ថ្ងៃក្រោយ ខ្ញុំនឹងបរិច្ចាគចំណេះជំនាញរបស់ខ្ញុំចែកទៅអង្គការកុមារកំព្រាណាមួយ ដើម្បីបន្តវេនពីខ្ញុំ ព្រោះខ្ញុំស្លាប់ទៅមិនអាចយកជំនាញនេះទៅជាមួយបានទេ។ អតីតកាលរបស់ខ្ញុំធ្លាប់កម្សត់កម្រ តាំងពីក្មេង គឺក្នុង ១ ថ្ងៃ ហូបមី ១ កញ្ចប់ក៏មានដែរ។ បើខ្ញុំមិនបានបញ្ចេញចំណេះខ្ញុំដល់ពួកគេទេ ខ្ញុំនឹងសោកស្តាយហើយខ្ញុំស្លាប់ទៅក៏បិទភ្នែកមិនជិតដែរ»។ នេះជាសម្តីរបស់លោក ឡុង ឡេង ជាអ្នកកែច្នៃគ្រាប់កាំភ្លើងធ្វើជាគ្រឿងអលង្ការរស់នៅភូមិគ្រួស សង្កាត់គ្រួស ក្រុង-ខេត្តសៀមរាប។
លោក ឡុង ឡេង បានរៀបរាប់ពីអតីតកាលឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា លោកមានបងប្អូន ៨ នាក់ ហើយលោកជាកូនទី៤ (ស្រី ៧ នាក់) និងមានស្រុកកំណើតនៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ដោយសារតែ ឪពុកម្តាយក្រីក្រ សូម្បីតែដីស្រែក៏មិនមានធ្វើ និងគ្មានលទ្ធភាពរកលុយឱ្យកូនៗរៀនផងនោះ កុមារា ឡុង ឡេង ត្រូវរៀនបណ្តើរទូលនំលក់បណ្តើរ ឬជួនកាលស៊ីឈ្នួលឡើងបេះដូងឱ្យគេក្នុង ១ ថ្ងៃ ពី ២០ ដើម ទៅ ៣០ ដើមក៏មានដែរ ដើម្បីយកលុយរៀន។
បើតាមលោក ឡុង ឡេង លោកបានតស៊ូពុះពាររៀនសូត្របានចប់ថ្នាក់ទី១២ ប៉ុន្តែដោយសារឪពុកម្តាយគ្មានលទ្ធភាពឱ្យរៀនបន្តថ្នាក់មហាវិទ្យាល័យ លោកក៏សម្រេចចិត្តសុំម្តាយឪពុកធ្វើដំណើរផ្សងព្រេងមករកការងារធ្វើនៅរាជធានីភ្នំពេញតែម្នាក់ឯង។ ពេលមកដល់រាជធានីភ្នំពេញដំបូង លោកបានសុំស្រ្តីជនជាតិអង់គ្លេសម្នាក់ ឈ្មោះម៉ារី ដែលគាត់ជាប្រធានសមាគមមួយឈ្មោះ[សមាគមរចនា]។ នៅក្នុងសមាគមនោះ មានចិញ្ចឹមក្មេងៗកំព្រាឪពុកម្តាយ និងយុវជនដែលគ្មានការងារធ្វើជាច្រើននាក់ ដោយមានបង្ហាត់បង្រៀនជំនាញកែច្នៃវត្ថុផ្សេងៗពីកាកសំណល់គ្មានតម្លៃឱ្យកើតទៅជាវត្ថុមានតម្លៃ ហើយសុទ្ធតែជាទម្រង់បែបសិល្បៈកែច្នៃដោយដៃសុទ្ធសាធ។
លោកបន្តថា សមាគមរចនា មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខានៅខេត្តព្រះសីហនុ ១ កន្លែង និងនៅខេត្តសៀមរាប មាន ២ សាខាទៀត។ ប៉ុន្តែក្រោយមក អ្នកស្រីម៉ារី បានលាឈប់ពីប្រធានសមាគម និងបានបើកហាងកែច្នៃគ្រឿងអលង្ការ១កន្លែងនៅខេត្តសៀមរាប ហើយគាត់ក៏នាំលោកទៅធ្វើជាមេជាងនៅហាងនោះដែរ។ ក្រោយពីលោកបានបម្រើការងារនៅហាងរបស់អ្នកស្រីម៉ារី បានជាង ១ ឆ្នាំ គឺនៅដើមឆ្នាំ ២០១៦ លោកក៏ចេញមកធ្វើអាជីវកម្មខ្លួនឯងម្តងវិញ ដែលសិប្បកម្មមានយីហោឈ្មោះ[ជីវិតថ្មី] ដោយមានស្រ្តីម្នាក់ជាជនជាតិខ្មែរជាអ្នកជួយជ្រោមជ្រែងពីក្រោយ។
លោកនិយាយថា៖ «សិប្បកម្មរបស់ខ្ញុំ ឈ្មោះថា ជីវិតថ្មី។ សិប្បកម្មយើង គឺធ្វើរបស់អ្វីមួយឱ្យប្លែក ហើយវត្ថុអ្វីមួយមានទម្រង់ជាខ្មែរទាំងអស់។ ដូចជាខ្ញុំឌីហ្សាញបែបប្រាសាទអង្គរវត្ត រចនាបែបផ្ការំដួល ប៉ុន្តែបែបអឺរ៉ុប ក៏ខ្ញុំចេះដូចគ្នាដែរ ពោលគឺខ្ញុំចេះទាំងអស់ឱ្យតែភ្ញៀវចង់បានម៉ូដអីក៏បានដែរ»។
បើតាមលោក ឡុង ឡេង សិប្បកម្មរបស់លោកបានដំណើរការ រហូតចាប់តាំងពីឆ្នាំ ២០១៦ មក ហើយផលិតផលជាសម្ភារគ្រឿងអលង្ការ ដែលលោកផលិត មានដូចជា ចិញ្ចៀន កងដៃ ក្រវិល បន្តោងខ្សែក កងក និងផលិតផលជាគ្រឿងអលង្ការផ្សេងៗទៀត។ ចំពោះតម្លៃវិញ គឺមានចាប់ពី ១០ ដុល្លារ រហូតដល់៣៥ដុល្លារ។ ផលិតផលជាគ្រឿងអលង្ការកែច្នៃចេញពីគ្រាប់កាំភ្លើងនេះ ក៏ទទួលបានការពេញនិយមពីសំណាក់អតិថិជនក្នុងស្រុកបានច្រើនគួរសមដែរ ពោល គឺស្ទើរតែគ្រប់ ២៥ ខេត្ត-រាជធានី ទូទាំងប្រទេសទៅហើយ។
ដោយឡែក សម្រាប់នៅខេត្តសៀមរាបផ្ទាល់ គឺមានដាក់លក់នៅផាប់ស្ទ្រីតតាមផ្សារទំនើប តាមហាង និងនៅតាមផ្សារនានាក្នុងខេត្ត។ ប៉ុន្តែទីផ្សារដែលពេញនិយមជាងគេនោះ គឺតាមប្រព័ន្ធអនឡាញមាននៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត សៀមរាប មណ្ឌលគិរី បាត់ដំបង និង ខេត្តពោធិ៍សាត់ ដែលខេត្តនីមួយៗមានតំណាងចែកចាយផងដែរ។ ក្រៅពីទីផ្សារក្នុងស្រុក ក៏មានទីផ្សារនៅប្រទេសអាមេរិក និងប្រទេសអង់គ្លេសផងដែរ។ ចំពោះអ្នកដែលនាំទំនិញជាគ្រឿងអលង្ការនេះយកទៅលក់ មានទាំងជនបរទេស និងជនជាតិខ្មែរ។
លោក ឡុង ឡេង ប្រាប់ថា៖ «ចំពោះអ្នកនិយមផលិតផលគ្រឿងអលង្ការ របស់ខ្ញុំ ចម្រុះគ្រប់វ័យ សូម្បីតែមនុស្សចាស់ ក៏គាត់ចាប់អារម្មណ៍ ព្រោះយើងមានប្រភេទដូចជាកន្លាស់អាវ ហើយយើងមានប្រភេទកងជាផ្ការំដួលអីផ្សេងៗទៀត និយាយរួមទៅគាត់ចូលចិត្តច្រើន។ ខ្មែរយើងគាំទ្រ ៨០ ភាគរយហើយ ព្រោះយើងឌីហ្សាញមកទាក់ទងនឹងទម្រង់បែបខ្មែរ ដែលមើលទៅវាសាមញ្ញ តែវាហាយសូ»។
លោក ឡេង បន្ថែមថា ផលិតផលគ្រឿងអលង្ការ របស់លោក ទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។ ជារឿយៗ គឺនៅពេលមានពិធីតាំងពិព័រណ៍នៅខេត្តណា គឺគាត់តែងតែអញ្ជើញឱ្យទៅចូលរួមតាំងពិព័រណ៍ជាបន្តបន្ទាប់។
លោកតែងតែចូលរួមតាំងពិព័រណ៍ជារឿយៗជាមួយក្រសួងពាណិជ្ជកម្មផងដែរ។ ចំពោះគ្រាប់កាំភ្លើង គឺលោកបានប្រមូលទិញនៅតាមបន្ទាយយោធា និងនៅតាមកន្លែងបាញ់ស៊ីបនៅក្រុងសៀមរាប និងតាមទីកន្លែងលក់អេតចាយដែលគាត់មិនដឹងយកទៅណា ហើយអ្នកលក់អេតចាយបានលក់ឱ្យលោក។ ក្នុង ១ ខែៗ លោកត្រូវការគ្រាប់កាំភ្លើងដែលដុតរំលាយរួច ចន្លោះពី ៣០ គីឡូក្រាម រហូតដល់ ១០០ គីឡូក្រាម ដើម្បីយកមកកែច្នៃគ្រឿងអលង្ការ។
លោកបញ្ជាក់ថា៖ «ខ្ញុំទៅកន្លែងបន្ទាយទាហានដំបូង ខ្ញុំសុំទិញគាត់ ហើយគាត់សួរថា អូនឯងទិញយកទៅធ្វើអី? ហើយខ្ញុំប្រាប់គាត់ថា ខ្ញុំសុំទិញតែសម្បកគ្រាប់ ខ្ញុំមិនទិញគ្រាប់កាំភ្លើងទេ ខ្ញុំពន្យល់ពីគោលបំណងទើបគាត់លក់ឱ្យខ្ញុំ»។
បើតាមលោក ឡុង ឡេង សម្បកគ្រាប់កាំភ្លើង ពេលលោកយកមកនោះ ត្រូវកាត់គូទវាចេញ ព្រោះគូទគ្រាប់កាំភ្លើងមានផ្ទុកជាតិដែក កាលណាយើងរំលាយកិនធ្វើជាអ្វីមួយ គឺវាស្រួយប្រេះមិនអាចធ្វើជាគ្រឿងអលង្ការបានទេ។ ក្រោយពីកាត់យកគូទចេញ លោកស្លរំលាយវា ហើយយកមកកែច្នៃទៅតាមទំហំ នៃគ្រឿងអលង្ការមួយៗ ឬធ្វើទៅតាមការកុម្ម៉ង់ទិញ របស់អតិថិជន។
ដោយសារតែចង់បន្តចំណេះជំនាញនេះដល់យុវជនជំនាន់ក្រោយឱ្យចេះជំនាញដូចរូបលោក គឺទៅថ្ងៃអនាគតលោកគិតថា នឹងរកដៃគូសហការជាមួយអង្គការចិញ្ចឹមក្មេងកំព្រាណាមួយ ដើម្បីបង្ហាត់បង្រៀនដល់ក្មេងៗ ដើម្បីឱ្យពួកគេបានចេះពីជំនាញនេះ ដោយខាងអង្គការផ្តល់ជាឧបរណ៍កែច្នៃ ហើយលោកជាអ្នកបង្រៀនកែច្នៃអ្វីមួយដែលប្លែក និងទាក់ទងនឹងសង្គមខ្មែរយើងនេះជាគោលបំណងធំរបស់លោក៕