កណ្ដាល: លោក វ៉ាន់ លីបូ អាយុជាង ៧០ ឆ្នាំ គឺជាជាងចម្លាក់ស្ពាន់ និងប្រាក់ដែលត្រូវបានចាត់ទុកជាជាងជំនាន់ទី២ តាមតំណគ្រួសារ ដោយលោកបានបង្កើតសិប្បកម្មមួយឈ្មោះសិប្បកម្មភ្ញីទេស ក្នុងភូមិព្រែកក្តាម ១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ក្រោយរបបខ្មែរក្រហមដួលរលំ ។
បច្ចុប្បន្ននេះ ដោយសារតែលោកមានវ័យកាន់តែចាស់ អ្នកជំនាញទី៣ នៃគ្រួសារកូន ៦ នាក់ក្នុងចំណោមកូនទាំង ៩ នាក់របស់លោកបានបន្ដមរតកស្នាដៃនេះពីលោក ដោយបាននិងកំពុងតែផលិតនូវផលិតផលពីស្ពាន់ទៅតាមលំនាំនៃសិប្បកម្មដោយដៃ។
អ្នកស្រី វ៉ាន់ នីឡា ជាកូនច្បងក្នុងចំណោមបងប្អូន ៩ នាក់ បច្ចុប្បន្នអាយុ ៤៤ ឆ្នាំបានឱ្យដឹងថា៖ «បងប្អូនរបស់ខ្ញុំចំនួន ៦ នាក់បានចាប់អាជីពចម្លាក់ស្ពាន់តពីឪពុកម្ដាយ ដែលពួកគាត់ទទួលចំណេះនេះពីសែស្រឡាយគ្រួសារមកទៀត»។
សិប្បកម្មផលិតចម្លាក់ស្ពាន់ ភ្ញីទេស កំពុងត្រូវបានបន្ដពីអ្នកជំនាន់ទី ៣ រហូតដល់អ្នកជំនាន់ទី ៥ ដែលមានកូនក្មួយ និងចៅថែមទៀតដោយពួកគេមានមុខនាទី ដូចជាការឆ្លាក់ ដំឡើងនិងប៉ូលាជាដើម។
អ្នកស្រី នីឡា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពី ១ ជំនាន់ទៅ ១ ជំនាន់ យើងកាន់តែអភិវឌ្ឍប្រណីតភាពទៅតាមតម្រូវការរបស់ភ្ញៀវ ប៉ុន្ដែអ្វីដែលយើងនៅតែរក្សាគឺប្រពៃណីនៃការផលិតចម្លាក់ស្ពាន់នេះដោយដៃពី ១ ដំណាក់កាលទៅ ១ ដំណាក់កាល»។
ក្នុងចំណោមអ្នកប្រកបរបរចម្លាក់ស្ពាន់ និងប្រាក់ នៅឃុំកោះចិន មានតែក្នុងភូមិកោះចិនមួយប៉ុណ្ណោះ ដែលប្រកបរបរនេះច្រើន និងបន្ដប្រពៃណីតាំងពីដូនតាមក។ លោក ញ៉ែម សឿន មេឃុំកោះចិន បានឱ្យដឹងថា ប្រជាពលរដ្ឋជាង ១០០ គ្រួសារ ក្នុងភូមិកោះចិន មានជាង ៧៥ ភាគរយទៅហើយដែលធ្វើចម្លាក់ស្ពាន់ និងប្រាក់។ ក្រៅពីនោះ មានខ្លះនៅក្នុងភូមិព្រែកក្ដាម ១។
លោក សឿន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ភូមិកោះចិន និងភូមិព្រែកក្ដាម ១ មានពលរដ្ឋយើងធ្វើចម្លាក់នេះតាំងពីយូរយារ ពោលគឺមុនសម័យប៉ុលពតទៅទៀត។ ពួកគាត់បង្កើតអាជីពនេះតកូនតចៅអំឡុងសម័យសង្គមរាស្ដ្រនិយមមកម្ល៉េះ»។
កូនស្រីច្បងដែលដឹងក្ដីមកឃើញឪពុកម្ដាយប្រកបការងារជាជាងចម្លាក់បាននិយាយថា ថ្វីដ្បិតតែការធ្វើចម្លាក់នេះចេះតៗគ្នាក្ដី ក៏ការសិក្សាស៊ីជម្រៅតម្រូវឱ្យមានការស្វែងយល់បន្ថែមពីសៀវភៅប្រវត្ដិ របៀបនៃការឆ្លាក់ដើរជើងមុខ ដើរជើងក្រោយ។
ជាក់ស្ដែងអ្នកស្រីលើកឡើងថា រូបចម្លាក់ជញ្ជូនស្បៀងដែលមានច្រើនដំណាក់ ហើយរូបខ្លះដើរជើងមុខ ឬដើរជើងក្រោយ។ ជាងខ្លះធ្វើដោយគ្មានក្បួនខ្នាត វាមិនសូវស្អាត និងមិនសូវសម។
បច្ចុប្បន្ននេះ សិប្បកម្មភ្ញីទេស ផ្ដោតលើចម្លាក់ផលិតផល ផ្ដិល ថូ ក្អម ពាង ថង់រង ប្រអប់ ដែលដំឡើងដោយដៃសុទ្ធសាធដោយមិនប្រើប្រាស់វិធីចាក់ពុម្ពនោះទេ។ លោក វ៉ាន់ ស៊ីថា អាយុ ៣០ ឆ្នាំ ជាកូនទី៧ បានរៀនជំនាញចម្លាក់ពីឪពុក និងមានសមត្ថភាពលើសអស់បណ្ដាសិស្សដទៃក្នុងការឆ្លាក់ក្បាច់ភ្ញីទេស បានឱ្យដឹងថា មិនសូវមានគ្រួសារជាងចម្លាក់ច្រើននោះទេ ដែលរក្សា និងបន្ដវេនស្នាដៃសិប្បកម្មបែបបុរាណនេះបានច្រើនជំនាន់។
លោក ស៊ីថា បានបន្ដថា ចម្លាក់ស្ពាន់ធ្វើដោយដៃនេះត្រូវការស្ពាន់សុទ្ធ ១០០ ភាគរយ និងឆ្លងកាត់ច្រើនដំណាក់កាល។ ស្ពាន់ ១ បន្ទះ ត្រូវបានលត់ភ្លើង និងផែដំឡើង រួចដុតភ្លើង ២ ទៅ ៣ ដង មុនពេលដំឡើងជារូបរាងវត្ថុអ្វីមួយ។ នៅពេលចេញជារូបរាងហើយ វត្ថុទាំងនោះត្រូវបានចាក់ជ័រសម្រាប់ឆ្លាក់។ដូច្នេះ ការផលិតវត្ថុនីមួយៗត្រូវការកម្លាំងមនុស្សពី ៣ ទៅ ៤ នាក់។
យុវជន ដែលមានសមត្ថភាពខាងឆ្លាក់ចម្លាក់ស្ពាន់មិនចាញ់ទឹកដៃគ្រូរូបនេះបាននិយាយថា៖ «ដំណាក់កាលទី១ គឺជាងដំឡើង ដំណាក់កាលទី២ គឺជាងចម្លាក់ ដំណាក់កាលទី៣ គឺជាងដំឡើងមកបង្ហើយ រៀបចំនិងដំណាក់កាលចុងក្រោយ ជាអ្នកលាងសម្អាត ហើយភ្ញៀវត្រូវការប៉ូលាភ្លឺ សិប្បកម្មក៏បន្ថែមដំណាក់កាលនេះ ១ ទៀតទៅតាមតម្រូវការអតិថិជន»។
អ្នកស្រី នីឡា ជាអ្នកកាន់ខាងផ្នែកទំនាក់ទំនង និងច្នៃពណ៌បុរាណ បានឱ្យដឹងថា អតិថិជនពេញនិយម ថូ និងផ្ដិល ច្រើនជាងគេ ទាំងសម្រាប់ការតុបតែងផ្ទះ និងប្រើក្នុងកម្មវិធីពិសេសផ្សេងៗ។ បន្ទាប់មក ថង់រង ដែលភាគច្រើនឈ្មួញកណ្ដាលទិញបន្ដយកទៅក្រូម៉េប្រាក់បន្ថែម។
អ្នកស្រីបន្ដថា ភ្ញៀវខ្លះដែលមានលទ្ធភាពកុម្ម៉ង់ជាឈុតៗដាក់តាំងក្នុងផ្ទះ ងាយស្រួលសម្រាប់មានកម្មវិធីឡើងផ្ទះ ឬកម្មវិធីផ្សេងៗដោយខ្លួនឯងដែលមិនចាំជួលខាងផ្នួង។ ចាប់តាំងពីដុំស្ពាន់រហូតដល់ចេញជាផលិតផលសម្រេច វត្ថុនីមួយៗអាចត្រូវចំណាយពេល ១ ខែ ប៉ុន្ដែអ្នកស្រីបាននិយាយថា ជាងចម្លាក់ត្រូវធ្វើការងារជាលក្ខណៈប្រដេញវិលជុំ ដោយមិនអាចធ្វើម្ដងតែ ១ ទេ។
អ្នកស្រី នីឡា បានអះអាងថា៖ «ជាក់ស្ដែង ចំពោះផ្ដិល ពេលភ្ញៀវកុម្ម៉ង់ ១ គូ យើងដំឡើងកន្លះ ឬ ១ ឡូត៍តែម្ដង ដោយសារវាខាតថ្លៃដំឡើង។ ពេលយើងដឹងថា វត្ថុណាលក់ដាច់ យើងមិនខ្លាចនឹងដំឡើងបន្ថែមទេ»។
ការប្រើប្រាស់ក្បាច់រចនានៅលើវត្ថុទាំងនោះទៀតសោត ភាគច្រើនជាក្បាច់ភ្ញីទេស ដែលសិប្បកម្មភ្ញីទេសនេះ ផ្ដោតលើទឹកដៃល្អប្រណីត ដែលបង្កប់នូវក្បាច់ក្បូររស់រវើក។ ប្រសិនបើភ្ញៀវចង់បានផលិតផលទឹកដៃល្អ ផលិតផលត្រូវបានគិត ១ គីឡូក្រាម ១០០ទៅ ២០០ ដុល្លារ ទៅតាមក្បាច់ចម្លាក់់។
អ្នកស្រីបានប្រាប់ថា ជាទូទៅ ផ្ដិល ១ ដែលមានមាត់ទំហំ ២៥ សង់ទីម៉ែត្រ ត្រូវចំណាយស្ពាន់រង្វង់ ៤ គីឡូក្រាម។ ចំណែកឯថូ កម្ពស់ ៣២ សង់ទីម៉ែត្រ ១ គូមានទម្ងន់ ២,៧ គីឡូក្រាម។
អ្នកស្រី នីឡា បានបញ្ជាក់ថា៖ «នេះជាផលិតផលខាងខ្ញុំទេ ហើយចំពោះសិប្បកម្មផ្សេងខ្លះ ចិតចម្លាក់រាក់ និងប្រើសាច់ស្ពាន់ស្ដើង តម្រូវតាមអតិថិជនមិនសូវធូរធារ។ នៅពេលផលិតមានសភាពហាប់ក្រាស់ និងក្បាច់ដិតល្អ យើងអាចទុកដល់ ១០០ ឆ្នាំ ក៏វាមិនទៅណាផង»។
ទោះបីយ៉ាងណា ផលិតផលចម្លាក់ស្ពាន់ ក៏ប្រឈមនឹងបញ្ហា នៅពេលអតិថិជនខ្លះចោទជាសំណួរថា តើហេតុអ្វីស្ពាន់មានការប្រែប្រួលពណ៌? ស្ដ្រីដែលកំពុងបណ្ដុះបណ្ដាលកូនក្មួយជាជាងកូនបង្កើតដោយសារតែបញ្ហាចំណូលចិត្ដរូបនេះបានបន្ដថា៖ «យើងពិបាកពន្យល់ភ្ញៀវត្រង់ចំណុចនេះ ដែលពួកគាត់ខ្លះមិនសូវយល់។ ប៉ុន្ដែចម្លាក់ស្ពាន់ទាំងនេះអាចកែកុនឱ្យស្អាតដូចដើម ដែលងាយស្រួលជាងអីវ៉ាន់បរទេស។ ជាក់ស្ដែង កែវ ពរ្សឺឡែន បែកបាក់ យើងមិនអាចកែវិញបានឯណា តែស្ពាន់ខ្មែរ យើងអាចកែ ឬជួសជុលទៅជាថ្មីដូចដើមបាន»។
ទន្ទឹមនឹងនេះ ជាងថ្មីដៃចំណានប្រចាំសិប្បកម្មភ្ញីទេស លោក ស៊ីថា បានឱ្យដឹងថា ភាពវិសេសរបស់ចម្លាក់ស្ពាន់នេះ គឺភាពលម្អិតនៃការចិតឆ្លាក់នៃចម្លាក់ក្បាច់ដែលការចាក់ពុម្ពមិនអាចប្រកួតប្រជែងបាន។ លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ប្រសិនបើប្រទេសគេធ្វើបានដូចយើង គេធ្វើដូចយើងហើយ អត់ចាំបាច់ទិញពីយើងយកទៅលក់ទេ។ តាំងពីដើមមក ពេលខ្ញុំដឹងក្ដីមក ម៉ាក់ខ្ញុំជញ្ជូនអីវ៉ាន់ទៅលក់នៅអូរជ្រៅឬប៉ោយប៉ែត ហើយឈ្មួញថៃជួលយើងឱ្យឆ្លាក់ ឱ្យដាប់»។
យុវជនរូបនេះបានបន្ដថា៖ «ខ្ញុំចង់ផ្ដាំផ្ញើថា ពលរដ្ឋខ្មែរយើងយល់ដឹង និងជួយផ្សព្វផ្សាយទៅកុំឱ្យរបស់ខ្មែរយើងបាត់បង់ ហើយកុំឱ្យប្រទេសគេចូលមកទិញរាប់ឆ្នាំ។ ធម្មតា អ្នកលក់ គ្នារកមុខរបរ គ្នាត្រូវការលុយ។ បើយើងអត់គាំទ្រ តែគេគាំទ្រ។ គេប្រមូលទិញយូរៗទៅ គេថា វាជារបស់គេហើយ»។
លោកបានបញ្ជាក់អំពីអត្ដសញ្ញាណខ្មែរនៅលើចម្លាក់ស្ពាន់ទាំងនោះថា រូបព្រះបាទជ័យវរ្ម័នទី៧ រូបទ័ពដឹកជញ្ជូនស្បៀង ដែលដឹកនាំដោយព្រះបាទជ័យវរ័ន្មទី៧ មានសេះ មានដំរី និងទ័ពដឹកជញ្ជូនទ្រព្យសុទ្ធតែជារបស់ខ្មែរ។
ដោយមានកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ ភូមិចម្លាក់កោះចិនត្រូវបានលើកស្ទួយតាមរយៈការផ្សព្វផ្សាយ និងរមែងទទួលភ្ញៀវទេសចរឥតស្រាកស្រាន្ដ។
លោកមេឃុំ សឿន បានបន្ដថា កាលមុនកូវីដ ១៩ ភូមិសហគមន៍កោះចិនទទួលភ្ញៀវទេសចរជាច្រើន ប៉ុន្ដែបច្ចុប្បន្ននេះ ចំនួនភ្ញៀវមកទស្សនាសិប្បកម្មចម្លាក់នៅមានចំនួនតិចតួចនៅឡើយ៕