ភ្នំពេញ: ដោយ​សារ​តែ​មើល​ឃើញ​ពីការ​លំបាក​នៃ​ការ​ប្រើ​ប្រាស់​ភាសា​បរទេស​លើ​ទូរស័ព្ទ​ដៃ​ទំនើប​ និង​ការ​ប្រើ​ប្រាស់​ពុម្ព​អក្សរ​ប្រភេទ Limon លោក​ ដាញ់ ហុង បាន​នឹក​ឃើញ​បង្កើត​ប្រភេទ​ពុម្ព​អក្សរ​ ដែល​ហៅ​ថា​យូនីកូដ​ក្នុង​ឆ្នាំ ២០០១ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​សរ​សេរ​អក្សរ​ជាតិ​។


ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​មើល​ឃើញ​ថា​ការ​ប្រើ​ប្រាស់​ភាសា​ជាតិ​ប្រឈម​នឹង​បញ្ហា​ខុស​ឆ្គង​លើ​អក្ខរា​វិរុទ្ធ​ អតីត​និស្សិត​ផ្នែក​ច្បាប់​រូប​នេះបាន​បង្កើត​កម្មវិធី​ទូរ​ស័ព្ទ និង​កុំព្យូទ័រ​ថ្មី​មួយ​ដើម្បី​សម្រួល​ដល់​អ្ន​ក​មិន​សូវ​ប៉ិន​ប្រសប់​ចំពោះ​សរ​សេរ​អក្សរ​ខ្មែរ​នោះ ​គឺ «Nextspe​ll App»។

«Nextspell App» ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ក្នុង​ឆ្នាំ​ ២០១៩ ដោយ​លោក ដាញ់ ហុង ដែល​អភិ​វឌ្ឍ​កម្មវិធី OCR ឬ ការ​ស្គេន​រូប​ភាព​ជា​អក្សរ​អត្រា​អក្ខរា​វិរុទ្ធ​ត្រឹម​ត្រូវ​មាន​កម្រិត​ទាប។ ដូច្នេះ វា​ត្រូវការ​ប្រព័ន្ធ​កែ​អក្ខរា​វិរុទ្ធ​ ដែល​ខុស​ពី​អក្សរ​អង់​គ្លេស​។


លោក​ហុង​បាន​ថ្លែង​ថា​៖ ​«ការ​កែ​របស់​ភាសា​អង់​គ្លេស​ដែល​សម្រាប់​ដាក់​ក្នុង​កម្ម​វិធីធំ​ៗ ដូចជា Ms. Words ដំណើរការ​ដោយ​រូបម​ន្ដ​កែ​។ ចំណែក​ «Nextspell App» ប្រើ​ទិន្នន័យ​ដើរ​ដោយ​បច្ចេក​វិទ្យា​វៃ​ឆ្លាត (AI) ​ស្វែង​រក​ឃើញ​ពាក្យ​ខុស​ញឹក​ញាប់​ដើម្បី​រក្សា​ទុក​ក្នុង​ប្រព័ន្ធ​ទិន្ន​ន័យ​ និង​ធ្វើ​ការ​កែ​សម្រួល»​។


លោក​បន្ដ​ថា​៖ «គោល​ដៅ​ចម្បង​នៃការ​បង្កើត​ «Nextspell App» គឺជា​ជំនួយ​ការ​ ដែល​ហាក់​ដូច​ជា​មាន​មនុស្ស​ម្នាក់​ជួយ​កែ​អក្ខរា​វិរុទ្ធ​ ដោយ​អ្នក​វាយ​អក្សរ​មិន​សូវ​ខ្វល់​ខ្វាយ​ពី​ពាក្យ​ត្រូវ​ឬ​ខុស​នោះទេ ពីព្រោះ​ប្រព័ន្ធ AI នឹង​ធ្វើការកែ​ពាក្យ​ជំនួស»​។


យុវជន​ស្វ័យ​សិក្សា​លើ​មុខ​វិជ្ជា​ព័ត៌​មាន​វិទ្យា​រូ​បនេះ បាន​ឱ្យ​ដឹង​ថា ជាក់​ស្ដែង អ្នក​កា​សែត​សរសេរ​បណ្ដើរ​ មើល​មេឃ​មើល​ផ្កាយ​បណ្ដើរ ហើយ​គ្រាន់​តែ​ចុច​ប៊ូ​តុង​មួយ វា​ធ្វើ​ការ​កែ​ពាក្យ​ខុស​ឱ្យ​ទាំង​អស់​។ ចំពោះ​ភាសា​អង់​គ្លេស ពេល​សរសេរ​ពាក្យ​ខុស វា​នឹង​បង្ហាញ​បន្ទាត់​ក្រហម​ពី​ក្រោម​។ ប៉ុន្ដែ​លោក ហុង អះអាង​ថា គោល​ដៅ​របស់​លោក​គឺ​កែ​ពាក្យ​ខុស​ដោយ​ស្វ័យ​ប្រវត្ដិ​។

ទោះជា​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា ​ប្រព័ន្ធ​កែ​ស្វ័យ​ប្រវត្ដិ និង​កា​របង្ហាញ​ពាក្យ​ខុស​ជា​បន្ទាត់​ក្រហម​​គឺ​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខុស​ៗ​គ្នា​។

លោក​បាន​ប្រាប់​ថា​៖ «​កា​របង្ហាញ​ពាក្យ​ខុស​ជា​បន្ទាត់​ក្រហម អ្នក​វាយ​អក្សរ​អាច​ជ្រើស​រើស​ពាក្យ​ស្រដៀង​គ្នា​ផ្សេងៗ​ទៀត តែ​​ប្រព័ន្ធ​កែ​ស្វ័យ​ប្រវត្ដិ វា​អាច​កែ​តែ​ពាក្យ​ត្រូវ​បាន​កត់​ត្រា​ក្នុង​ទិន្នន័យ​ប៉ុណ្ណោះដោយ​​ចេញជា​អក្សរ​ពណ៌​ខៀវ​​ បើ​ពាក្យ​ពេចន៍​ទាំង​នោះ​មិន​មាន​ទេ វា​ក៏​ជួយ​អត់​បាន​ដែរ​ ដោយ​គ្រាន់តែ​ចេញ​​ពណ៌​ក្រហម​។ ដូច្នេះ វា​អាស្រ័យ​លើ​ការ​បញ្ចូល​ទិន្នន័យ​ទាំង​ស្រុង​។

លោក ហុង ​បាន​លើក​ឡើង​ជាឧទាហរណ៍​ជាក់​ស្ដែង​ថា មិន​ខុស​ពី​ Google Translate ទេ កាល​ពីពេល​មុន ភាព​សុក្រឹត​របស់​វាតិច​តួច​ណាស់​ តែ​យូរៗ​​ទិន្នន័យ​ដែល​គេ​ប្រមូល​បាន​កាន់តែច្រើន អត្រា​ត្រឹម​ត្រូវ​ក៏​មាន​ខ្ពស់​ដែរ។ លោកថាដរាប​ណា​នៅ​មាន​ទិន្នន័យ​បញ្ចូល​ជា​ប្រចាំកម្មវិធី «Nextspell App» នឹង​កាន់តែ​មានសុក្រឹត​ភាព​រហូត​ដល់រាប់​​រយ​ឆ្នាំ​ឯណោះ​។

ថ្វីដ្បិតតែ​វា​អាច​ត្រូវបាន​ដាក់​ឱ្យ​ដំណើរ​ការ​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យ​ប្រវត្ដិក្ដី ប៉ុន្ដែលោក ហុង បាន​ជ្រើស​រើស​ការ​ប្រើ​ប្រាស់​មនុស្ស​ជួយ​បន្ថែម​ក្នុងការ​ពន្លឿន​ការ​បញ្ចូល​ទិន្នន័យ​។

លោក​បាន​ពន្យល់​ថា ​​ព្យាង្គ​ខ្មែរមាន​ភាព​ស្មុគ​ស្មាញ​ច្រើន​ ដែល​ទាមទារ​ការបញ្ចូល​ដោយ​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រចាំ​។ ចំពោះ​ការ​សរសេរ​ភាសា​ខ្មែរ​ទៅ​តាម​ឈ្មោះ​បរទេស​ ដោយ​ប្រើ​ព្យាង្គ​ចម្លែកៗ វា​ពិត​ជា​មាន​ការលំបាក​ខ្លាំង។

លោកហុង បាន​​បន្ថែម​​ថា៖ «​យើង​ផ្អែក​លើ​វចនានុក្រម​សម្ដេច​សង្ឃ​ ជូន ណាត​។ ប៉ុន្ដែ​ចំពោះ​ពាក្យ​ពេចន៍​ថ្មីៗ​ចុង​ក្រោយ យើង​អត់​មាន​នៅ​ក្នុង​វចនា​នុក្រម យើង​ឆែក​មើល​អត្រា​អ្នក​ប្រើ​ប្រាស់​ខ្ពស់​ភាគច្រើន ឬ​តាម​វេបសាយ​ធំៗ​ ដែល​មា​នអ្នក​ត្រួត​ពិនិត្យ​ហ្មត់​ចត់​លើ​អក្ខរាវិរុទ្ធ​ជា​គោល​»។

ដោយ​មិន​បាន​ដឹង​ច្បាស់​អំពី​ចំនួន​អ្នក​ប្រើ​ប្រាស់​ពិត​ប្រាកដ​ ​បុរស​ខ្មែរ​កម្ពុជាក្រោម​ដែល​មក​តាំង​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០០០ រូ​បនេះ​ បាន​ថ្លែងថា អ្នក​ដោនឡូត​កម្មវិធី​នេះ​មក​ប្រើ​ប្រាស់​នៅតែ​បន្ដ​ប្រើ​ជាប់​​ទៀង​ទាត់​ និង​កើន​ឡើង​ជាប្រចាំ​។

ថ្វីដ្បិតតែ​កម្មវិធី «Nextspell App» ដាក់​ឱ្យ​ប្រើ​ប្រាស់​ឥតគិត​ថ្លៃ​ដោយ​មាន​កំណត់​ចំពោះ​ការ​ឆែក​ពាក្យ​ម្ដង​ត្រឹម ២០០​ពាក្យ​ចុះ​ក្រោម និង​រហូត​ដល់ ៣ ០០០ពាក្យ​ម្ដង​សម្រាប់​អ្នក​បង់​ប្រាក់​ ១២ដុល្លារ​ក្នុង​១​ឆ្នាំ បច្ចុប្បន្ន​នេះ លោក ហុង បាន​ឱ្យ​ដឹង​ថា លោក​កំពុង​ផ្ដោត​លើ​ការ​បញ្ចូល​ទិន្នន័យ​ជា​ច្រើន​។

លោក​បាន​បញ្ជាក់ថា​៖ «តាម​ពិត​ទៅ យើង​មាន​ឱ្យ​គេ​ប្រើ​ឥត​គិត​ថ្លៃច្រើន ដោយសារ​អ្នក​ស្គាល់​ និង​កន្លងមក​ មធ្យោបាយ​ទូទាត់​ប្រាក់​នៅ​មាន​បញ្ហា​ស្មុគស្មាញ​»។

ក្រៅពី​កម្មវិធី​លើ​ប្រតិបត្ដិការ Android និងiOSរបស់​ Apple កម្មវិធី Nextspell ក៏​អាច​ប្រើ​នៅលើ​កុំព្យូទ័រ​បាន​ផង​ដែរដោយ​គ្រាន់តែ​វាយ​ពាក្យhttps://nextspell.com (សម្រាប់​ការ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ) នៅលើ​ Browser។

មុន​ដំបូងត្រូវ​ចុះ​ឈ្មោះ​ ដោយ​ការ​បញ្ចូល​លេខ​ទូរស័ព្ទលេខ​សម្ងាត់ ៦ខ្ទង់​ និង​បន្ថែម​អាសយដ្ឋាន​។ អ្នកប្រើ​ប្រាស់​អាច​កូពី​អក្សរ ឬ​អត្ថបទ​ពី​កម្មវិធី Ms. Words រួច​ចម្លង​ទៅ​លើ​ Browser វេបសាយ​ខាងលើរួច​ចុច​ «​ពិនិត្យ​អក្ខរាវិរុទ្ធ» និង «​ពិនិត្យ​ និងកែ​អក្ខរាវិរុទ្ធ (អាច​ចុច​ច្រើន​ដង) ក៏ដូចជា «​សម្រេច​»។

កំណត់​សម្គាល់៖ អក្សរ​ពណ៌​ខៀវ​ មាន​ន័យ​ថាអ្នក​ត្រូវ​ចុច​ពិនិត្យនិង​កែ​អក្ខរា​វិរុទ្ធ​ម្ដង​ទៀត។ អក្សរ​ពណ៌​ក្រហមមាន​ន័យ​ថាមិន​អាច​កែឬ​មិន​មាន​លទ្ធភាព​កែ​នៅ​ពេល​នេះ។

លោក ហុង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «ការ​ដំណើរការ​ដោយ​ការ​បញ្ចូន​ទិន្នន័យ​នូវ​ព្យាង្គ ឬ​ពាក្យ​ថ្មីៗ​ជា​ប្រចាំ កម្រិត​នៃ​ភាព​ត្រឹម​ត្រូវ​របស់វា​កាន់តែមាន​ខ្ពស់​។ជាក់​ស្ដែង កម្មវិធី​វៃ​ឆ្លាត​របស់​វា​បាន​ស្គាល់​អក្សរ​សរសេរ​ខុស​ញឹក​ញាប់​ច្រើន​ជាង​មុន។ ​​យើង​ពិបាក​វាស់​ស្ទង់​ពីកម្រិត​ភាគ​រយ​ត្រឹម​ត្រូវ​ណាស់ តែ​ក្នុង​ ១ ​ថ្ងៃ វារក​ឃើញ​កំហុស​នៃពាក្យ​សរសេរ​ខុស​បាន​ច្រើន​ជាង​មុន»។

គួរ​រំឭក​ថា លោក ដាញ់ ហុង បាន​ចាប់​ផ្ដើម​បង្កើត​ពុម្ព​អក្សរ​យូនីកូដ (KhmerOS) ​ក្នុង​ឆ្នាំ​ ២០០១ និង​អាច​ដាក់​ឱ្យ​ដំណើរ​ការ​នៅលើ​កម្មវិធី Ms. Words ជាមួយ​ប្រព័ន្ធ​ប្រតិបត្ដិការ Window XP ក្នុង​ឆ្នាំ​ ២០០៣​។

រហូត​ដល់​អំឡុង​ឆ្នាំ​ ២០១០ ដល់ ២០១២ ពុម្ព​អក្សរ​យូនីកូដ ត្រូវបាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​តាំងពី​ក្រុមហ៊ុន​ឯកជន​រហូត​ដល់​ស្ថាប័ន​រដ្ឋ​ ដោយ​មាន​ក្រុម​ព័ត៌មាន​នានា​បង្កើត​ពុម្ព​អក្សរ​ជា​ហូរហែ​។ ប៉ុន្ដែ​លោក​អះអាង​ថា លោក​មិន​បាន​ចំណេញ​អ្វី​ពី​ការ​បង្កើត​ថ្មី​ៗ​នេះទេ​ ក្រៅពី​ទទួល​បាន​ប្រាក់​ខ្លះ​ពី​ក្រុមហ៊ុន Google និង​ប្រតិបត្ដិការ Android។

លោក ហុង បាន​ឱ្យ​ដឹង​ថា លោក​បាន​បង្រៀន​បុគ្គលិក​មន្ដ្រី​រាជការ និង​ឯកជន ចំពោះ​មេរៀន​នៃការ​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​​ រហូត​ដល់ជួយ​រដ្ឋាភិបាល​​​ឡាវនូវ​ការ​បង្កើត​ពុម្ព​អក្សរ​ឡាវ​។

លោក​បន្ថែម​​ថា​៖ «​អក្សរ​ខ្មែរ ដែល​មាន​ស្រះ និង​ព្យាង្គ​តម្រួត​ស្មុគ​ស្មាញ​ច្រើន​ជាង​ភា​សា​អង់គ្លេស ត្រូវ​ការ​សរសេរ​កូដ​បែប​វៃឆ្លាត​ ពេល​យើង​វាយ​អក្សរ ​ស្រះ និង​ជើង​តម្រួត​ ដោយ​វា​លោត​សម្រួល​ឱ្យ​សម​សួន​ស្វ័យ​ប្រវត្ដិ​។ កន្លងមក​ ពុម្ព​អក្សរ​ Limon វា​មិន​វៃឆ្លាត​ ពេល​វាយ​វា​នៅ​ត្រង់ណា វា​នៅ​ត្រង់​នោះ​រហូត​ហើយ ដោយ​មិន​ចេះកាស​ទៅតាម​ពាក្យ​នីមួយៗ​​​​»។

ការងារ​ចម្បង​របស់​លោក ហុង ជា​ខ្មែរ​កម្ពុជា​ក្រោម ផ្ដោត​លើ​ការ​សរសេរ​ប្រូក្រាម​នៅ​ www.khmerwriters.com (Khmer Spellchecker online) និង​ចំណាយ​ពេល​វេលា​លើ​ការ​អភិវឌ្ឍ​ពុម្ព​អក្សរ​ និង​ពុម្ព​អក្សរ​សម្រាប់​កុមារ៕