ភ្នំពេញៈ កីតម្បាញចំនួន ១ រួមទាំងអ័ក្សចំនួន ២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសម្បុកនាង ត្រូវបានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី យកមកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនាក្នុងការស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ នៅក្នុងសង្កាត់ស្លក្រាម ខេត្តសៀមរាប។ យោងតាមអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ២០ ខែកុម្ភៈ បានឱ្យដឹងថា ការដាក់តាំងបង្ហាញ កីតម្បាញ និងឧបករណ៍ផាត់សូត្រនេះ បានដាក់តាំងកាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ។
លោក សែន គឹមស៊ុន នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីឱ្យដឹងថាសមិទ្ធផលដែលដាក់តាំងបង្ហាញនេះ ទទួលបានពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងអង្គការយូណេស្កូប្រចាំកម្ពុជា តាមរយៈមូលនិធិរបស់អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់។ លោកបានលើកឡើងថា ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ មានហូល និងផាមួងនេះ ថ្វីដ្បិតតែធ្វើឡើងថ្មី ក៏ប៉ុន្តែវាត្រឹមត្រូវតាមក្បួនខ្នាតដោយមានឆ្លាក់ក្បាច់លម្អយ៉ាងប្រណីតផង។
លោក សែន គឹមស៊ុន បានថ្លែងថា៖ «វត្តមានកីតម្បាញខ្មែរនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សឧបករណ៍កីតម្បាញបុរាណខ្មែរជាមួយសិប្បកម្មតម្បាញនៅទូទាំងប្រទេសមិនឱ្យបាត់បង់ ព្រោះវិស័យតម្បាញមានភ័ស្តុតាង មនុស្សសម័យបុរេប្រវត្តិដែលរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃ មានចំណេះដឹងក្នុងការត្បាញសម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរួចទៅហើយ»។
នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី រូបនេះ បានបញ្ជាក់ទៀតថា កីតម្បាញតាមបែបបុរាណខ្មែរនេះ អាចផ្តល់ជាប្រយោជន៍ចំពោះសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យការសិក្សាស្វែងយល់ពីកេរដំណែលស្នាដៃបុព្វបុរសខ្មែរ ដែលមានជាយូរលង់មកហើយ។
លោក សែន គឹមស៊ុន ថ្លែងថា ការតាំងបង្ហាញកីតម្បាញនេះមិនមែនត្រឹមតែឱ្យភ្ញៀវចូលទៅទស្សនាឧបករណ៍តែប៉ុណ្ណោះទេ តែអ្នកជំនាញរបស់សារមន្ទីរ នឹងពន្យល់ទៅតាមដំណាក់កាលនីមួយៗ នៃដំណើរការត្បាញហូល ដើម្បីបង្ហាញជូនភ្ញៀវទស្សនាផង និងអាចឱ្យភ្ញៀវសាកល្បងត្បាញផងក៏បាន ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបត្បាញតាមបែបបុរាណខ្មែរ។
បើតាមអាជ្ញាធរជាតិអប្សរា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានលក្ខណៈពិសេសជាងសារមន្ទីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា គឺការដាក់តាំងបង្ហាញកីតម្បាញមកពីប្រទេសជាច្រើន ដូចជាប្រទេសឥណ្ឌា ប្រទេសឡាវ ប្រទេសភូមា ហើយឧបករណ៍ទាំងនោះមានលក្ខណពិសេសរៀងៗខ្លួន ដោយបច្ចេកទេសធ្វើឡើងទៅតាមលក្ខខណ្ឌបរិបទនៃបរិស្ថានផ្សេងៗគ្នា។
ប្រភពដដែលបានបន្តថា ពេលអនាគត សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ)សង្កាត់ស្លក្រាម ក្រុងសៀមរាបក៏មានបំណងនាំយកឧបករណ៍តម្បាញមួយចំនួនមកពីតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាមកតាំងបង្ហាញដល់សាធារណជនដែរ។ សូមរំឭកផងដែរថា ផលិតផលសមុច្ច័យទាំង ១១ មុខដូចជាកន្សែងសូត្រចំនួន ៤ និងសំពត់ហូលចំនួន ៥ និងហូលពិតានចំនួន ២ ដែលត្រូវបានផលិតឡើងតាមក្បួនខ្នាតបុរាណ បានដាក់តាំងនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្នុងក្រុងសៀមរាប ជាអចិន្ដ្រៃយ៍ចាប់ពីខែកុម្ភៈតទៅផងដែរ៕