កណ្តាល​: មិន ចិន្ដា មាន​ស្រុកកំណើត​នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល និង​បាន​ចូលរៀន​ដូច​កុមារ​ដទៃទៀត​នៅ​សាលាបឋមសិក្សា​មួយ​ក្នុងភូមិ​។

​រហូតដល់​ថ្នាក់​ទី​៤ កុមារី​រូបនេះ​ចាប់ផ្ដើម​មាន​បញ្ហា​ចំពោះ​គំហើញ ដែល​ការមើលឃើញ​អ្វីៗ​នៅ​ជុំវិញខ្លួន​កាន់តែ​ចុះខ្សោយ​រហូតដល់​ពេទ្យ​ភ្នែក​និយាយថា កុមារី​រូបនេះ​មាន​ជំងឺ និង​បង្កបញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​ភ្នែក​។ ឆាកជីវិត ចិន្ដា​ បាន​ប្រែប្រួល​ទាំងស្រុង​នៅពេល​នាង​រៀន​ថ្នាក់​ទី៦ ខណៈ​គំហើញ​កាន់តែ​ខ្សោយ​ខ្លាំង​រហូតដល់​ពិបាក​ចម្លង​អក្សរ​ពី​ក្ដា​ខៀន និង​សូម្បីតែ​សៀវភៅសរសេរ​របស់ខ្លួន​ឯង​។

​អ្នកស្រី ចិន្ដា បច្ចុប្បន្ន​អាយុ ៣៣ ឆ្នាំ និយាយថា​៖ «​ពេល​រៀន​ថ្នាក់​ទី​៦ ការមើល​របស់ខ្ញុំ​កាន់តែ​ខ្សោយ​ខ្លាំង​ដោយ​រៀងរាល់​ពេល​ចម្លង​មេរៀន​ពី​ក្ដា​ខៀន​ម្ដងៗ ខ្ញុំ​ត្រូវរ​ត់ទៅ​ក្បែរ​អក្សរ​លើ​ក្ដារខៀន​រួចមក​ចម្លង​ចូល​សៀវភៅ​បន្ដិច​ម្ដងៗ​»​។


​អ្នកស្រី​បាន​បន្ដ​ទាំង​សំឡេង​អួលដើមក​ថា​៖ «​ពេលវេលា​មិនយូរប៉ុន្មាន​សូម្បីតែ​ការសរសេរ​នៅលើ​សៀវភៅ ក៏​អក្សរ​លែង​រត់​ត្រង់​ជួរ​ដែរ​។ ពេលនោះ​ហើយ ដែល​ខ្ញុំ និង​គ្រួសារ​បានសម្រេច​ចិ​ត្ដ​ជាថ្មី​ថា ខ្ញុំ​ត្រូវ​ងាក​ទៅ​សិក្សា​អក្សរ​ស្ទាប ពី​ថ្នាក់ដំបូង​មកវិញ​»​។

​ថ្វីដ្បិតតែ​ត្រូវការ​ចំណាយ​ច្រើន​បន្ថែមទៀត​លើ​ការសិក្សា​អក្សរ​ស្ទាប​ពីដំបូង​ឡើងវិញ​យ៉ាងណាក៏ដោយ ក៏​ស្ដ្រី​ដែល​ផ្ដល់​តម្លៃ​លើ​ការសិក្សា​រូបនេះ នៅតែ​បន្ដ​ពុះពារ​រៀន​រហូតដល់​ទទួលបាន​អាហារូបករណ៍​ជា​បន្ដបន្ទាប់​។


​បច្ចុប្បន្ន​និស្សិត​រូបនោះ​មានកូន​ស្រី​ម្នាក់ ជា​តំណក់ឈាម​ជាមួយ​ស្វាមី​ពិការភ្នែក​ដូចគ្នា ដែល​បាន​ក្រាប​ផ្ទឹម​រៀបការ​កាលពី​ឆ្នាំ​ ២០១៨ កំពុង​បន្ដ​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ និង​ការអនុវត្ត​នៅ​សាកលវិទ្យាល័យ Flinders University ក្នុង​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី តាមរយៈ​អាហារូបករណ៍ Australia Awards Cambodia​។ អ្នកស្រី​ចិន្ដា បាន​ឆ្លងកាត់​ការប្រឡង​ជាច្រើន​ដំណាក់កាល ដូច​និស្សិត​ដទៃទៀត​ដែរ ដោយ​មិនមាន​ការយល់​យោគ​ចំពោះ​និស្សិត​មាន​ពិការភាព​នោះទេ​។ «​ពី​ ១​ ដំណាក់កាល​ទៅ ​១​ ដំណាក់កាល ពេល​បាន​ជាប់​ម្ដងៗ ខ្ញុំ​ពិតជា​រំភើប​អរ​ម្ដង​អ៊ីចឹង​នៅពេល​ជាប់ ​១ ​តង់​ទៀត​ក៏​អរ​ម្ដងទៀត​អ៊ីចឹងទៅ​»​។

​និស្សិត​ស្រី​ដែលមាន​ពិការភាព ហើយ​អាច​បន្ដ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​បរទេស​ដ៏​កម្រ​រូបនេះ បានឱ្យដឹងថា អ្នកស្រី​ចាំបាន​ថា ពេល​ប្រឡង​នោះ មាន​បេក្ខជន​ប្រមាណ ៥០០ ​នាក់ និង​ជាប់​ជម្រុះ​ជា​បន្ដបន្ទាប់ អំឡុង​ឆ្នាំ​សិក្សា​ឆ្នាំ ​២០២០​។ ប៉ុន្ដែ​ដោយសារ​វិបត្ដិ​កូ​វីដ​ ១៩ រាតត្បាត ដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​ត្រូវបាន​ផ្អាក​ដល់​ឆ្នាំ​ ២០២២​។

​ហ្វេ​ស​ប៊ុ​ក Australia Awards Cambodia បាន​បង្ហោះ​វីដេអូ​អ្នកស្រី​ចិន្ដា កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​អូស្ដ្រាលី​ក្នុងឱកាស​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​។ ហ្វេ​ស​ប៊ុ​ក​អង្គភាព​ដែល​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ឆ្នើម​អន្ដរជាតិ​ពី​សំណាក់​រដ្ឋាភិបាល​អូស្ដ្រាលី បាន​ផ្សព្វផ្សាយ​ថា ចូរ​ស្តាប់​អ្នកស្រី​រៀបរាប់​អំពី​ដំណើរ​នៃ​ការសិក្សា​របស់គាត់​ក៏ដូចជា​ការគាំទ្រ​ជា​បន្តបន្ទាប់​ដែល​គាត់​ទទួលបាន​តាមរយៈ​អាហារូបករណ៍​អូស្ត្រាលី​។​

​ប្រភព​ដដែល​បន្ដថា​៖ «​ស្ត្រី​មាន​ពិការភាព និង​អ្នក​ដែល​រស់​នៅក្រៅ​ទីក្រុង​ភ្នំពេញ ពួកគាត់​គឺជា​ក្រុម​ដែល​មិនសូវ​ទទួលបាន​អ្វីដែល​សង្គម​ផ្តល់ឱ្យ​ដូច​អ្នក​ធម្មតា​ទេ ទាំង​ការរស់នៅ​ក្នុងសង្គម និង​ការអប់រំ​ដែលជា​ការកម្រិត​នូវ​លទ្ធភាព​ទទួលបាន​ឱកាស​រួមទាំង​ការទទួលបាន​អាហារូបករណ៍​ផងដែរ​»​។​

​កម្មវិធី​អាហារូបករណ៍​អូស្ត្រាលី Australia Awards Cambodia ប្ដេជ្ញា​ជួយ​លើកកម្ពស់​សមត្ថភាពរ​បស់​ពួកគេ​តាមរយៈ​ការបណ្តុះបណ្តាល​ភាសា​អង់គ្លេស​ក៏ដូចជា​ការគាំទ្រ​ផ្សេងៗ​ទៀត​ក្រោម​កម្មវិធី​មាគ៌ា​សមធម៌ និង​ការគាំទ្រ​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​អូស្ត្រាលី ដល់​អ្នកទទួល​អាហារូបករណ៍​អូស្ត្រាលី ដែល​ទទួលបាន​ជោគជ័យ​។

​បើតាម Australia Awards Cambodia ឱ្យដឹងថា ប្រជាជន​កម្ពុ​ជាជាង ១​ ពាន់​នាក់ ដូចជា​អ្នកស្រី​ចិន្ដា បានទទួល​អត្ថប្រយោជន៍​ពី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ដ្រាលី តាំងពី​ទសវត្សរ៍​ឆ្នាំ ​១៩៧០​។ ដោយសារ​និស្សិត​ពិការភ្នែក​ទាំង​គូ​រូបនេះ​មានគភ៌ និង​ប្រសូត​បានកូន​ស្រី​ម្នាក់ អ្នកស្រី​ចិន្ដា បានសម្រេច​ចិ​ត្ដ​នាំ​កូនតូច​របស់ខ្លួន ទៅតាម​ដោយ​ត្រូវ​ចំណាយពេល​មើលថែ​កូន​ផង និង​ខិតខំ​សិក្សា​ផង ខណៈ​ខ្លួន​មិនអាច​មើលឃើញ​អ្វី​ទាល់តែសោះ​។

​អ្នកស្រី​ចិន្ដា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ឆ្លៀតឱកាស​មក​សិក្សា​នៅ​បរទេស​នេះ ខ្ញុំ​ក៏​ចង់ឱ្យ​កូន​បាន​ស្គាល់ និង​យល់ដឹង​អំពី​ការរស់នៅ​ក្នុងប្រទេស​អូស្ដ្រាលី ជាមួយ​ការមើលឃើញ​ពិភពថ្មី ហើយ​ណាមួយ ខ្ញុំ​នឹករឭក​កូនតូច​ផង​ដើម្បីឱ្យ​គាត់​ទទួល​ភាពកក់ក្ដៅ​ពី​ម្ដាយ​។ ដូច្នេះ​ខ្ញុំ​សុខ​ចិ​ត្ដ​លំបាក​នាំ​គាត់​មក​តាម​ជាមួយ​ដោយមាន​អ្នក​ជួយ​មើលថែ​ពេល​ខ្ញុំ​ទៅ​រៀន​»​។

​ចំពោះ​ការបន្ដ​សិក្សា​ពី​បឋមសិក្សា វិទ្យាល័យ សាកលវិទ្យាល័យ​ក្នុងស្រុក​រហូតដល់​បរ​ទេស​អ្នកស្រី​ចិន្ដា​ជា​ប្រភេទ​មនុស្ស​ចង់​ចេះ​ចង់ដឹង និង​ផ្ដល់​តម្លៃ​ខ្ពស់​ទៅលើ​ការអប់រំ ដែល​អាច​យឹតយោង​អនាគត​ខ្លួន​ជា​ជន​មាន​ពិការភាព​ឱ្យចូល​ចុះ​ក្នុងសង្គម​បាន​។ និស្សិត​ផ្នែក​គោលនយោបាយ និង​ការអនុវត្ត​រូបនេះ បានឱ្យដឹងថា មនុស្ស​មានការ​អប់រំ​ខ្ពស់ ជីវភាព​រស់នៅ​របស់​ពួកគេ​មាន​ភាពល្អប្រសើរ​។ អ្នកស្រី​ជាម​នុស្ស​ចូល​ចិ​ត្ដរៀន និង​ចង់​ចូលរួម​សកម្មភាព​ក្នុងសង្គម​។ ដូច្នេះ​អ្នកស្រី​មិន​ចង់ឱ្យ​ពិការភាព​មក​បង្អាក់​ស​កម្ម​ភាព​ខ្លួន​ឡើយ​ដោយសារ​អ្នកស្រី​នៅមាន​បញ្ញា​ស្មារតី​ល្អ​ប្រក្រតី​ដែរ​។

​នៅ​ប្រទេស​អូស្ដ្រាលី និស្សិត​នាំ​កូនស្រី​អាយុ​ ១៣ ​ខែ​តាម​ខ្លួន​រូបនេះ បន្ដថា ប្រជាជន​អូស្ដ្រាលី​ផ្ដោតលើ​សិទ្ធិ​ស្មើភាព​គ្នា​មិន​ថា ជន​មាន​ឬ​គ្មាន​ពិការភាព​នោះទេ​។ ប្រជាជន​នៅ​ទីនោះ លើក​ទឹក​ចិ​ត្ដ និង​ផ្ដល់​ភាពងាយស្រួល​ដល់​ជន​មាន​ពិការភាព​ទទួល​បានកា​រ​អប់រំ​ដូច​អ្នក​មិនមាន​ពិការភាព​ដែរ​។ ចំពោះ​ការសិក្សា​ខាង​សាលា​មាន​ឯកសារ​សោតទស្សន៍​ជាច្រើន​សម្រាប់​ស្ដាប់ រួមទាំង​ការ​បំប្លែង​ឯកសារ​ពី PDF ទៅជា Words ដើម្បី​អាច​បង្កើតជា​សំឡេង​អាន នូវ​ឯកសារ​ទាំងនោះ​។

​ដំបូង​ឡើយ អ្នកស្រីត្រូវបាន​ដឹកនាំ​ក្នុងការ​ធ្វើដំណើរ​ទៅ​ស្គាល់​រវាងផ្លូវ​ពី​ផ្ទះ និង​សាលារៀន ដែល​អ្នកស្រី​បានឱ្យដឹងថា វា​មាន​ចម្ងាយ​ប្រមាណ​ជិត​ ២ ​គីឡូម៉ែត្រ ទៅតាម​សណ្ឋាន​ដី​ខ្ពង់​រាបទាប​ខ្ពស់​។

អ្នកស្រី​ថា​៖ «​ទោះបីជា​ស្ថានភាព​ផ្លូវ​កន្លែង​ខ្លះ​ជម្រាល​ខ្ពស់​ទាប និង​មាន​ជណ្ដើរ​ឡើង​ចុះ ការរៀបចំ​ស្ដង់ដា​ផ្លូវ​ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​ជន​មាន​ពិការភាព ខ្ញុំ​មិន​បារម្ភ​ពី​សុវត្ថិភាព​ចំពោះ​បញ្ហា​ចរាចរណ៍​ឡើយ​ដោយពេល​ខ្ញុំ​ឆ្លង​គំនូស​ថ្មើរជើង យានយន្ដ​ទាំងអស់​ត្រូវតែ​ឈប់​»​។

​នៅ​សាលា ក៏​ដូចគ្នា​ដែរ ខាង​សាលា​រៀបចំ​សញ្ញា​ស្ទាប ដែល​អាច​ប្រើ​ឈើច្រត់​ដើរចេញ​ចូល​បាន​ដោយ​ងាយស្រួល​។ ពេល​អ្នកស្រី​នៅ​ទ្រឹង​មួយកន្លែង មាន​អ្នក​មក​សួរថា ត្រូវការ​ជំនួយ​អ្វី​ទេ ដោយ​ពួកគេ​ម្នាក់ៗ​ហាក់​ត្រៀមខ្លួន​ចាំ​ជួយ​អ្នកមាន​ពិការភាព​ជានិច្ច​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សាកលវិទ្យាល័យ​ដែល​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​បរទេស ៤៥ ​ប្រទេស «Australia Awards at Flinders University» បាន​សរសេរ​មតិ​នៅ​ទំព័រ Australian Embassy, Cambodia ដែល​បាន​បង្ហោះ​វីដេអូ​របស់​អ្នកស្រី ចិន្ដា​ថា​៖ «​វា​ពិតជា​វីដេអូ​ដ៏​អស្ចារ្យ​ស្ដីពី​ជីវិត​ប្រចាំថ្ងៃ និង​ការសិក្សា​របស់ ចិន្ដា​។ យើង​ពេញចិត្ដ​ចំពោះ​វត្ដ​មាន​របស់គាត់​នៅ​សាកលវិទ្យាល័យ Flinders និង​ទន្ទឹងរង់ចាំ​ថា តើ​គាត់​នឹង​បាន​ជោគជ័យ​ចំពោះ​ការសិក្សា​នៅ​ឆមាស​បន្ទាប់ៗ​ទៀត​។ អរគុណ Australia Awards Cambodia ដែល​បាន​ផលិត​វីដេអូ​នេះ​»​។

​ទាក់ទង​នឹង​ជនពិការ​ដែល​ច្រៀង​យកលុយ​ចិញ្ចឹមជីវិត​នៅតាម​ផ្លូវ អ្នកស្រី​ចិន្តា​ស្នើ​សុំឱ្យ​មន្ទីរ ក្រសួង និង​ក្រុមហ៊ុន​ឯកជន​ទទួលស្គាល់​អ្នកសិល្បៈ​មាន​ពិការភាព ដើម្បីឱ្យ​ពួកគេ​មានមុខ​របរ ពឹង​អាស្រ័យ​ជីវភាព​ខ្លួនឯងបាន​។

​ជា​អតីត​និស្សិត​ផ្នែក​ចិ​ត្ដ​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​សុំ​ព្រះសង្ឃ​ស្នាក់អាស្រ័យ​នៅ​វត្ត​ពេល​កំពុង​សិក្សា​រូបនេះ​គឺជា​បុគ្គលិករាជការ​បម្រើការ​ងារ​ក្នុង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ អ្នកស្រី​និយាយថា ពេល​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​អូស្ដ្រាលី​នៅ​ពាក់កណ្ដាល​ខែមេសា ឆ្នាំ​ ២០២៤ ខាងមុខ អ្នកស្រី​នឹង​ត្រឡប់មក​បម្រើ​ការងារ​នៅ​ក្រសួង​នេះ​វិញ​ធម្មតា​។ «​ខ្ញុំ​នឹង​យកចំណេះ​វិជ្ជា​ដែល​ខ្ញុំ​បាន​រៀន​ពី​ស្រុក​គេ​មកជួយ​អភិវឌ្ឍ​សង្គម​ទៅតាម​លទ្ធភាព​ដែល​ខ្ញុំ​អាចធ្វើ​បាន ហើយ​ខ្ញុំ​ក៏​នឹង​ឆ្លៀតពេល​ចូលរួម​កម្មវិធី​លើកកម្ពស់​ជន​មាន​ពិការភាព​ផ្សេងៗ​ទៀត​៕