​កំពង់ស្ពឺៈ​​ ជាទូទៅ​គេ​តែង​សង្កេត​ឃើញ​មាន​យុ​វជន​ ឬក៏​អ្នកធ្វើ​គ្រឿង​អលង្ការ​មួយ​ចំនួន​បាន​យក​ស្នែង​សត្វ​ ឆ្អឹង​សត្វ ឬ​លោហៈ​ផ្សេងៗ ដូចជា​គ្រាប់​កាំភ្លើង​​ជាដើម​ មក​កែច្នៃ​ជា​គ្រឿង​អលង្ការ ​ដូចជា​អង្កាំ បន្តោង​ខ្សែក​កងដៃ​សម្រាប់​តែង​លម្អ​ខ្លួន​ប្រាណ​ឬក៏​វត្ថុ​មាន​តម្លៃ​មាស​ពេជ្រ ឬ​លោហៈ​ប្រាក់​ជា​ដើម​។

​ក៏​ប៉ុន្តែ​ប្លែក​ពី​គេ​យុវជន​ម្នាក់​ដែល​រស់នៅ​ស្រុក​សំ​រោងទង​ខេត្តកំពង់​ស្ពឺ បាន​យក​ថ្ម​ដែល​កប់​ដី​មក​កែច្នៃ ​ទៅជា​គ្រឿង​អលង្ការ​ដោយ​ទទួល​បាន​ការ​ពេញ​និយម​ពី​អតិថិ​ជន នៅ​តាម​បណ្តា​ខេត្ត​និង​ពី​អតិថិ​ជន​ខ្មែរ​នៅក្រៅ​ប្រទេស​ទៀត​ផង​។


​យុវ​ជន ​សយ​ បញ្ញា​ ឬ​ឈ្មោះ​ ឆាដ រាជ​ អាយុ ​២៧ ​ឆ្នាំ​បាន​រៀប​រាប់ថា​ លោក​មាន​បង​ប្អូន​ប្រុស​ចំនួន​៣​នាក់​ហើយ​លោក​ជា​កូន​ពៅ​ដែល​មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ ​រស់នៅ​ភូមិ​ត្រពាំង​ក្ទម្ព ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំព​ង់ស្ពឺ​។

​កាល​ពី​នៅ​វ័យ​កុមារ​ភាព សយ ​បញ្ញា មិនសូវ​ទទួល​បាន​ការ​រៀន​សូត្រ​ឱ្យ​ជាប់​លាប់​ដូច​ក្មេង​ដទៃ​ទៀត​ឡើយ ​ដោយ​សារតែ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ដើរ​ស្នាក់​អាស្រ័យ​ត្រាច់ចរ​ពី​កន្លែង​ ១​ ទៅ​ កន្លែង​ ១​ ព្រោះ​តែ​គ្មាន​លំនៅ​ពិត​ប្រាកដ​រហូត​មករ​ស់​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ ​ខណ្ឌឫ​ស្សីកែវ ​រាជធានី​ភ្នំពេញ ដោយ​ម្តាយ​មាន​របរ​ត្រឹម​តែ​ជា​អ្នក​លាង​ចាន​ឱ្យគេ​ប៉ុណ្ណោះ​។ ​ណា​មួយ​គាត់​ចិញ្ចឹម​កូន​រហូត​ដល់​ទៅ​៣​នាក់​ផង​នោះ ​ម្តាយ​កុមារា​បញ្ញា​មាន​លទ្ធភាព​ត្រឹមតែ​ផ្ដល់​បបរ​ឱ្យ​កូនៗ​ហូប ​ហើយ​ពេលខ្លះ​ក៏​គ្មាន​ទាំង​បបរ​ឱ្យ​កូន​ហូប​បាន​គ្រប់​គ្រាន់​ទៀត​ផង​។​


​យុវជន ​បញ្ញា ​បន្តថា លុះ​ក្រោយម​ក​ម្តាយ​របស់គេ​បាន​ធ្លាក់​ខ្លួន​ឈឺ​ឆ្អឹង​ចង្កេះ​ហើយ​ត្រូវ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ក្នុងអំឡុង​ឆ្នាំ​ ២០១០ ​ខណៈ​យុវជន​បញ្ញា​កំពង់​រៀន​នៅ​ថ្នាក់​ទី​១០​ នៃ​វិទ្យាល័​យ​មួយ​ក្នុង​ខណ្ឌ​ឫស្សីកែវ​។​ពេល​នោះ​បញ្ញា​ រៀន​បណ្តើរ​រត់​ម៉ូតូឌុប​បណ្តើរ​ ដើម្បី​យក​លុយ​រៀន​ផង​និង​សន្សំ​លុយ​បង់ថ្លៃ​ចាយ​វាយ​ទិញ​ម្ហូបអា​ហារ​ប្រចាំថ្ងៃ​ឱ្យ​ម្តាយ​នៅ​មន្ទី​រពេទ្យ​ផង ប៉ុន្តែ​ដោយ​សារ​ម្តាយ​បញ្ញា​មាន​បណ្ណ​ក្រីក្រ ដូ​ច្នេះ​បាន​ជួយ​សម្រួល​ដល់​ថ្លៃ​ព្យា​បាល​បាន​ច្រើន​។​លុះ​ចូល​ដល់​ឆ្នាំ​ ២០១៦ ​យុវជន​បញ្ញា​បាន​ចូលរៀ​ន​វគ្គ​គ្រប់​គ្រង​ផលិត​កម្ម​រ​យៈពេល​ ៦ ​ខែ​ហើយ​បាន​ចូលធ្វើការ​ផ្នែក​វិស័យ​វាយ​ន​ភ័ណ្ឌ​នៅ​ក្រុមហ៊ុន​ឯក​ជន​មួយ​អស់​រយៈ​ពេល​ ៤ ​ឆ្នាំ​ ទើប​វិល​ទៅ​ស្រុក​កំណើត​វិញ​នៅក្នុង ​ឆ្នាំ​ ២០១៩​។

យុវជន​ បញ្ញា បាន​ថ្លែង​ថា​៖ «​ម្តាយ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ខ្ញុំ​គ្មាន​លុយ​រៀន​ទេ ដូច្នេះ​មាន​ពេល​ខ្លះ​ក៏​ចូល​រៀន​ពេលខ្លះ​ក៏​ឈប់រៀន​ហើយ​ពេល​គ្រូ​តម្រូវឱ្យ​ទិញ​ក្រដាស​ជា​កម្មវិធី​សិក្សា​គឺ​មិត្តភក្តិ​ចេញ​លុយ​ឱ្យ​ខ្ញុំ​។ ពេល​នោះ​ដែរ បងប្រុស​ខ្ញុំ​មាន​ម៉ូតូ​កញ្ចាស់ ​១ ​គ្រឿង​ដើម្បីឱ្យ​​ខ្ញុំ​រត់​ម៉ូតូឌុប​»​។​

​បញ្ញា បាន​បន្ត​ទៀតថា ដំបូង​ឡើយ​គេ​គិតថា​នឹង​ចាប់​យក​អាជីព​ជាជាង​ចម្លាក់ ​តែដោយសា​រ​ប្រភេទ​ចម្លាក់​ពី​ឈើ ប្រភេទ​ចម្លាក់​ពី​ស្នែង ​ភ្លុក មាន​គេ​ធ្វើ​រួច​ហើយ ​ដូច្នេះ​លោក​ក៏​ចាប់យក​អាជីព​ចម្លាក់​ថ្ម​វិញ​។ ក្រោយពី​សម្រេច​ចិត្ត​លាឈប់​ពី​ការងារ យុវជន​បញ្ញា បាន​ចាប់​អា​ជីព​ជា​អ្នក​ច្នៃ​ថ្ម​ធ្វើជា​គ្រឿង​អលង្ការ​លក់​ម្តង​។​

​នៅក្នុង​ដំណើរ​ការ​អាជីព​នេះ​ពីដំបូង​បញ្ញា​បាន​ប្រើ​ពេល​អស់​ ១ ​ឆ្នាំ​ ដើម្បី​សិក្សា​ពី​ប្រភេទ​ថ្ម​ណា​ដែល​ត្រូវ​ជ្រើស​រើស​យកមក​កែច្នៃ និង​ប្រភេទ​ថ្ម​ណា​ដែល​មិន​អាច​កែច្នៃ​បាន​។​លុះ​ចូល​ដល់​ឆ្នាំ​បន្ទាប់​ទើប​បញ្ញា​ចេះ​ច្នៃ​ចេញ​ជា​រូបរាង​អង្កាំ​រួច​ក៏​បង្ហោះ​រូប​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហើយក៏​មាន​អ្នក​ចាប់​អារម្ម​ណ៍ និង​កុម្ម៉ង់​ទិញ តែម្តង​។

​បើតាម​យុវជន ​បញ្ញា ថ្ម​ដែល​ត្រូវ​ជ្រើសរើស​យកមក​ធ្វើជា​អង្កាំ​គឺជា​ប្រភេទ​ថ្ម ក្រមួន ​ថ្ម​ហ្គិ​ច ត្បូងថ្ម​និល ​ដែល​ថ្ម​ទាំងនេះ​ស្ថិតនៅក្នុង​ស្រទាប់​ក្រោម​ដី​ដែលមាន​ជម្រៅ​ពី​ ៣​ ម៉ែត្រ​រហូតដល់​ ៥​ ម៉ែត្រ​ទៅ​ក្រោម​។ ថ្ម​ទាំងនេះ​មាន​ពណ៌​ផ្សេងៗ​គ្នា​ដូច ជា​ពណ៌​លឿង ពណ៌​កាហ្វេ ពណ៌​ក្រមៅ ពណ៌​ក្រហម ពណ៌​ស្វាយ​ដែលមាន​ទំហំ​ប៉ុនៗ​មេដៃ​ប៉ុន​មេជើង ​ឬ​អាច​មាន​ធំ​ជាង​នេះ​ក៏មាន​ដែល​ប្រភព​នៃ​វត្ថុធាតុដើម​នេះ​គឺ​លោក​មាន​ម៉ូយ​យកមក​លក់​ដល់ផ្ទះ​តែម្តង​។

លោក​បានឱ្យដឹងថា ក្នុង​អង្កាំ​១​គ្រាប់ លោក​ត្រូវ​ចំណាយពេល​ដុសខាត់​ថ្ម​រយៈពេល ​១​ ម៉ោង និង ​២៨ ​នាទី ហើយ​ក្នុង ​១​ ខ្សែ​មាន ​២០​ គ្រាប់ តែបើ​ថ្ម​ត្បូង​វិញ​ងាយ​ធ្វើ​ជាង​ប្រភេទ​ថ្ម​ក្រមួន និង​ថ្ម​ហ្គិ​ច​។​

​លោក​ប្រាប់​ទៀត​ថា ថ្ម​ដែល​លោក​យកមក​កែច្នៃ​ជា​គ្រឿង​អលង្ការ​នេះ​គឺ​នាំ​មកពី​ខេត្ត​តាកែវ ​កំពង់ធំ ​ត្បូងឃ្មុំ រតនគិរី​ មណ្ឌល​គិរី និង​ខេត្ត​ព្រះ​វិហារ​ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​ថ្ម​ធម្ម​ជាតិ​ហើយ​ក៏​មិន​មែនជា​ថ្មភ្នំ​ដែរ​។​

​ចំពោះ​អតិថិ​ជន​វិញ​គឺមាន​ទាំង​បងប្អូន​ខ្មែរ​ក្នុង​ស្រុក​និង​បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​អូ​ស្ត្រាលី ស​ហរ​ដ្ឋអាមេរិក ​កាណាដា​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​បងប្អូន​ខ្មែរ​រស់នៅ​។​រីឯ​តម្លៃ​វិញ​សម្រាប់​អង្កាំ​ ១​ ខ្សែ​មានតម្លៃ​ចាប់ពី​ ១២​ ដុល្លារ ​រហូត​ដល់​ក្រោម​ ៧០ ​ដុល្លារ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ចំណេះ​ជំនាញ​នេះ​ខ្ញុំ​មិន​លាក់​ទេ ហើយ​ខ្ញុំ​នឹង​បង្ហាត់បង្រៀន​ទៅដល់​ក្មេងៗ និង​យុវជន​ដើម្បីឱ្យ​ពួកគាត់​បាន​ចេះ​បន្ត​ពី​ខ្ញុំ​។​ ការចាប់យក​ជំនាញ​អ្វីមួយ​ពិតប្រាកដ​វា​ប្រសើរ​ជាង​ចាប់យក​គ្រឿងញៀន​ដែល​សង្គម​ស្អប់ខ្ពើម​ហើយ​វា​បំផ្លាញ​អនាគត​យើង​ទៀត​»៕