​ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​ ២៤​ កុម្ភៈ​នេះ បានប្រកាស​ពី​ការរៀបចំ​ព្រឹត្តិការណ៍ ដើម្បី​អបអរសាទរ ខួប​ ៣ ​ឆ្នាំ នៃ​ការចេញ​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន ដោយមាន​ការតាំងពិព័រណ៍​ស្លាក​លេខ​​រថយន្ដ ការលក់ និង​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​ជាតិ​។

​កម្មវិធី​នេះ​ក៏មាន​ការប្រគំ​តន្ដ្រី ដែល​ផ្សារភ្ជាប់​ទៅនឹង​ការផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍ ដោយមាន​ការចូលរួម​សម្តែង​ពី​តារាចម្រៀង រួមមាន​៖ អ្នកនាង ឱក សុគន្ធ​កញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង ចាន់​កែវ និមល កញ្ញា សូ​ហ្វៀ កញ្ញា អេ​ណាវី​តា និង រ៉ូ​លីន លោក វណ្ណដា លោក វណ្ណ​ថា​ន លោក ខាយ លោក ខាត់ សម្បត្តិ​កិ​ត្យា ក្រុម Polarix និង​ក្រុម La Cima Cartel​។

​ព្រឹត្តិការណ៍ ដែល​រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ​នេះ ក្រៅពី​មានការ​ប្រគំ​តន្ត្រី ក៏មាន​ស្តង់​តាំងពិព័រណ៍ និង​លេងល្បែង​កម្សាន្ត​ផ្សេងៗ ដើម្បី​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍ ដោយ​សេរី និង​ឥតគិតថ្លៃ​។


​ព្រិ​ត្តិ​ការណ៍​នេះ នឹងធ្វើ​ឡើង​នៅ​សួនច្បារ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៧-៨ មីនា ២០២៣ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៩​យប់ ៕