ភ្នំពេញ: ​ព្រឹត្ដិការណ៍​ពិព័រណ៍​សៀវភៅ Cambodia Book Fair ​បា​នវិល​មក​ជាថ្មី ​ក្នុង​ឱកាស​អបអរទិវា​ជាតិ​អំណាន​លើក​ទី៨ ក្រោម​ការ​រៀបចំ​ដោយគណៈកម្មាធិការ Cambodia Book Fair សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​ព័ត៌មាន​​។

ពិព័រណ៍​សៀវភៅ​នេះ​ ត្រូវបាន​ប្រារឰ​ឡើង​រយៈ​ពេល​ ៣ ថ្ងៃ​ចាប់​ពីថ្ងៃទី១០ ដល់​ទី១២ ខែ​មីនា ឆ្នាំ​២០២៣ នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (សាលាតិចណូ) ចាប់​ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ៨ យប់​ ដែល​ផ្ដោត​លើ​សៀវភៅ​ស្នាដៃ​អ្នក​និពន្ធ​ខ្មែរ​។

កញ្ញា ងិន មីសែ្ហល (Ngin Mischel) អ្នកសម្របសម្រួលក្រុមការងារស្ម័គ្រចិត្ដ Cambodia Book Fair បាន​ឱ្យ​ដឹងថា ការ​តាំង​ពិព័រណ៍ និង​លក់​សៀវភៅ​នេះ នឹង​មាន​ការ​រៀបចំ​ស្ដង់​សៀវភៅ​ចំនួន ១១០ ស្ដង់​។


កញ្ញា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​មាន​សៀវភៅ​ចម្រុះ​ជា​ច្រើន​ចាប់​ពី​សៀវភៅ​កុមារ​រហូ​តដល់​សៀវភៅ​អាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ជាពិសេស ផ្ដោត​លើ​សៀវភៅ​ស្នាដៃ​និពន្ធ​របស់​កវី​ក្នុង​ស្រុក​ ដែល​អាច​មាន​ចំនួន​ ៧០ ភាគរយ​នៃ​សៀវភៅ​ទាំងអស់​»។

​ក្នុង​ឱកាស​​អបអរ​ទិវាជាតិ​អំណាន​លើក​ទី ៨ ដែល​ប្រារឰឡើង​នៅ​ថ្ងៃទី ១១ ខែ​មីនា​ ខាងមុខ​ គណៈកម្មាធិការ​ ​Cambodia Book Fair ​បាន​រៀបចំ​ពិព័រណ៍​​ជា​លើក​ទី ១០របស់​ខ្លួន និង​ជា​ឆ្នាំ​​ទី​១​​ក្រោយ​ខក​ខាន​ដោយសារ​វិបត្ដិ​ជំងឺ​រាត​ត្បាត​សកលក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ ២០២១​។


អ្នក​សម្របសម្រួលក្រុមការងារស្ម័គ្រចិត្ដរូប​នេះ បាន​និយាយ​ថា ការរៀបចំ​ពិព័រណ៍​រយៈ​ពេល​ ៣ ថ្ងៃ​ ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស អាច​ចូលរួម​នៅ​ថ្ងៃ​សុក្រ និង​សៅរ៍ ខណៈ​ថ្ងៃ​អាទិត្យ​ ជា​ពេលវេលា​សម្រាប់​មហាជន​ទូទៅ​។

កញ្ញា​ មីស្ហែល បាន​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​បង្កើត​ពិព័រណ៍​សៀវភៅ​កម្ពុជា​គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ការ​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​ទាំង​ចាស់ និងថ្មីដើម្បី​លើក​កម្ពស់​ការ​អាននិង​ការ​សរសេរ​បណ្តុះ​ទម្លាប់​នៃ​ការ​អាន​របស់​ប្រជាជន​កម្ពុជា ​និងណែនាំ​ពួកគេ​ឱ្យ​យល់​ពី​តម្លៃ​នៃ​ការ​អាន​សៀវភៅ​ ដែល​សម្បូរ​ទៅ​ដោយ​ចំណេះ​ដឹង​។

​ព្រឹត្ដិការណ៍​ពិព័រណ៍​នេះ​ ក៏​នឹង​មាន​ការ​បង្ហាញ​ស្នាដៃ​អក្សរ​សិល្ប៍​ ដែល​លើក​តម្កើង​តម្លៃ​វប្បធម៌​ជាតិ ការ​ប្រជុំ​ និង​ការ​បង្ហាញ​ខ្លួន​របស់​អ្នក​និពន្ធជា​ច្រើន ​​ដែល​នឹង​ចុះ​ហត្ថលេខា​លើ​សៀវភៅ ការ​ចាប់​រង្វាន់ ក៏ដូចជា​ការ​គូរ​គំនូរ​ត្លុក​និង​ការ​ប្រគំតន្ត្រី​ផង​ដែរ។

កញ្ញា​បាន​បញ្ជាក់ថា​៖ «​យើង​រំពឹង​ថា ​នឹង​មាន​មហាជន​ចូលរួម​ច្រើន ដោយសារ​ខាង​សាលា​នានា ដូចជា សុវណ្ណភូមិ បានទាក់ទង​ក្នុង​ការ​ដឹក​នាំ​សិស្សានុសិស្ស​មក​ចូលរួម​»។

​ស្រប​ពេល​ដែល​ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​ដ៏​ធំ​បំផុត​ពី​សំណាក់ Big Bad Wolf Books ដែល​បើក​​ដំណើរ​ការ​តាំង​​ពីថ្ងៃ ​២២ ​ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃទី​​១២ ខែ​​​មីនា ជាមួយ​គ្នា កញ្ញា មីស្ហែល បាន​ឱ្យ​ដឹងថា កញ្ញា​មិន​បារម្ភ​ចំពោះ​ការ​ទាញ​អតិថិជន​អ្នក​អាន​សៀវភៅ​ពី​គ្នា​នោះទេ​។

កញ្ញា បាន​លើក​ឡើង​ថា​៖ «​ពួកគាត់​បាន​ចាប់ផ្ដើម​តាំង​ពិព័រណ៍​មុន​យូរ​ហើយ ហើយ​​ម្យ៉ាង​វិញ​ទៀត ពិព័រណ៍ Cambodia Book Fair ផ្ដោត​លើ​ការ​លើក​ស្ទួយ​អ្នកនិពន្ធ​ខ្មែរ​ ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​ស្ថាប័ន​នានា​»។

កញ្ញា ម៉ិសស៊ែល បាន​បន្ថែម​ថា នៅថ្ងៃទី ៦ ខែ​មីនា គណកម្មការ Cambodia Book Fair នឹងរៀបចំ​កម្ម​វិធី​សន្និសីទ​សារព័ត៌មាន​មួយ​ ​ក្រោម​អធិបតីភាព​​​រដ្ឋ​មន្ដ្រី​អប់រំ យុវជន និង​កីឡា លោក ហង់ ឈួន​ណារ៉ុន​ ដែល​លោក​នឹង​ថ្លែង​អំពី​ទិវា​ជាតិ​អំណាន និង​ការ​តាំង​ពិព័រណ៍​សៀវភៅ Cambodia Book Fair ​ទិវា​អប់រំលើកទី ៨ នេះ​ផង​ដែរ។

ពិព័រណ៍​អបអរ​ទិវា​ជាតិ​អំណាន​នេះ មាន​ស្ដង់​ចូល​រួម​តិច​ជាង​ព្រឹត្ដិការណ៍​ពិព័រណ៍​ប្រចាំ​ឆ្នាំ​របស់ Cambodia Book Fair ដែល​​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ ឆ្នាំ​២០២២ ដោយមាន​ចំនួន​ ១៩៧ ស្ដង់​ និង​ជាង ១៤០ ស្ដង់​នៅ​ឆ្នាំ​២០១៩​ មុន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ១៩​។

គួរ​បញ្ជាក់ថា ពិព័រណ៍​សៀវភៅ​កម្ពុជាប្រចាំ​ឆ្នាំ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ចំនួន ៩ លើក​ដោយ​ជោគ​ជ័យ​នា​ពេល​កន្លង​មក​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​យុវជននិង​សាធារណជន។​​

សម្រាប់​ព័ត៌មាន​លម្អិត​ សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេសប៊ុក @cambodiabookfair៕