
ផ្ទាំងរូបភាពបង្ហាញពីប្រព័ន្ធអេកូធម្មជាតិសំឡេង។ រូបថត សហការី
ភ្នំពេញ: វិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) បានបង្ហាញរដូវកាលវប្បធម៌ថ្មីឆ្នាំ ២០២៣ ជាមួយប្រធានបទ «ប្រព័ន្ធអេកូ (ធម្មជាតិ/សំឡេង)» ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ៥ ខែមេសា ដែលនាំអារម្មណ៍មហាជនទៅលម្ហែក្នុងពិភពធម្មជាតិ។
យោងតាមក្រុមអ្នករៀបចំរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា បានឱ្យដឹងថា រដូវកាលវប្បធម៌ឆ្នាំនេះ គឺជាឱកាសនៃផែនការពង្រីកសួនច្បារ និងការដំឡើងឆាកអចិន្ដ្រៃយ៍ថ្មីសម្រាប់ការសម្ដែងទស្សនីយភាព និងតន្ដ្រី ដែលអនុញ្ញាតឱ្យសាធារណជនទូទៅចូលរួមដោយសេរី។
សួនច្បារបៃតងស្រស់ហ៊ុមព័ទ្ធឆាកសម្ដែងនេះដែលជាវេទិកាសម្រាប់ដកស្រង់បទពិសោធន៍ និងបង្កើនការយល់ដឹងដល់យុវជនកម្ពុជានឹងកើតចេញពីស្នាដៃស្ថាបត្យករវ័យក្មេងកម្ពុជា ក្រោមគម្រោងគំនិតច្នៃប្រឌិតដើម្បីដណ្ដើមពានរង្វាន់ស្ថាបត្យកម្ម។
ក្រុមអ្នករៀបចំ បានឱ្យដឹងថា៖ «សម្រាប់ឆ្នាំទី២នេះវិទ្យាស្ថានរៀបចំកម្មវិធីពានរង្វាន់ស្ថាបត្យកម្មក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យនានាប្រចាំនៅកម្ពុជាដើម្បីបង្ហាញពីគំនិតច្នៃប្រឌិត ជាស្ថាបត្យករនិងជាអ្នករចនាទេសភាពជំនាន់ថ្មី»។
សម្រាប់ឆ្នាំនេះនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (URBA) សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (URA) ជួបគ្នាប្រកួតប្រជែងស្វែងរកការផ្លាស់ប្តូរនិងធ្វើឱ្យសួនរបស់វិទ្យាស្ថានមានពណ៌បៃតងជាពិសេសជុំវិញឆាកសម្តែងអចិន្ត្រៃយ៍។
ការតាំងពិព័រណ៍នៅក្នុងវិចិត្រសាលនឹងបង្ហាញគម្រោងរបស់ពួកគាត់ និងសម្ពោធនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ល្ងាច។ នាព្រឹត្ដិការណ៍នេះក៏នឹងមានកម្មវិធីផ្តល់រង្វាន់ជូនដល់ម្ចាស់ជយលាភីដែលកំណត់ដោយគណៈកម្មការវិនិច្ឆ័យក្រោមវត្តមានរបស់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាលោក Jacques Pellet។
ពួកគេបានបន្ថែមថា ក្រោមការត្រួតពិនិត្យដោយគណៈវិនិច្ឆ័យនៃអ្នកជំនាញដែលប្រមូលផ្តុំស្ថាបត្យករ អ្នកជំនាញកសិកម្មនិងអ្នករៀបចំផែនការទីក្រុងពានរង្វាន់ស្ថាបត្យកម្មលើកទី២ នៃវិទ្យាស្ថានបារាំងនៅកម្ពុជាទទួលបានគាំទ្រពីក្រុមហ៊ុន Archetype Group។
សួនច្បារថ្មីនេះនឹងត្រូវបានធ្វើសមាហ័រណកម្មនៃភាពរស់រវើកដល់ទីក្រុងដើម្បីក្លាយជាគំរូនៃភាពបៃតងក្នុងទីក្រុងព្រមទាំងគោរពតាមស្លាកសញ្ញាបៃតងចេញដោយក្រសួងបរិស្ថាន តាមរយៈការអនុវត្តប្រកបដោយតម្លាភាព និងនិរន្តរភាព។
ក្រុមអ្នករៀបចំរដូវកាលវប្បធម៌ បាននិយាយថា៖ «ការបង្កើតទេសភាពនៅក្នុងទីក្រុង ប្រៀបបីដូចជាការប្រែក្លាយទៅជាមន្ទីរពិសោធន៍នៃធម្មជាតិថ្មីៗដល់ទីក្រុង។ នៅពេលយើងនិយាយអំពីទេសភាព យើងនឹងនិយាយអំពីផ្នែក១នៃផ្ទៃដីដែលវិវឌ្ឍទៅតាមពេលវេលា។ សកម្មភាពរបស់មនុស្សក៏ដូចជាកម្លាំងធម្មជាតិផ្លាស់ប្តូរវា»។
ពួកគេបានឱ្យដឹងថា៖ «ប្រជាជនគ្រប់រូបមានតួនាទីយ៉ាងសកម្មក្នុងការការពារការអភិរក្សនិងការអភិវឌ្ឍតំបន់ទាំងនោះផងដែរ។ ភូមិភាគមួយចំនួននៃតំបន់ត្រូពិកដែលរួមទាំងប្រទេសកម្ពុជាកំពុងត្រូវបានរងផលប៉ះពាល់ជាពិសេសដោយសារតម្រូវការដីក្នុងការសង់លំនៅឋានរស់នៅក្នុងទីក្រុង»។
វត្តមានរបស់រុក្ខជាតិរួមចំណែកដល់ការថយការកើនឡើងខ្លាំងនៃសីតុណ្ហភាពនៅក្នុងតំបន់ទីក្រុងជួយបង្កើននូវផាសុកភាព និងរួមចំណែកដល់ការកែលម្អគុណភាពខ្យល់ (បន្សុទ្ធខ្យល់)។
ក្រុមអ្នករៀបចំបានបន្ដថា លើសពីនេះ ទីធ្លារពណ៌បៃតងគឺជាកន្លែងអំណោយផលសម្រាប់ការអភិវឌ្ឍសុខុមាលភាព និងការច្នៃប្រឌិត។ វាស្ថិតនៅក្នុងបរិបទនៃការផ្លាស់ប្តូរអេកូឡូស៊ី ដែលវិទ្យាស្ថានបារាំងនៅកម្ពុជាកំពុងងាកទៅរកគោលដៅប្រកបដោយនិរន្តរភាពទាំងនេះ។
ជាមួយគ្នានេះវិទ្យាស្ថានបារាំងកម្ពុជាបានអញ្ជើញដូរីយ៉ា បឺឡង់ហ្ស៊េ (Doria Belanger) ជាសិល្បករសម្ដែងរបាំជុំវិញពិភពលោកមកបង្ហាញក្បាច់រាំរបាំនិងរបាំសហសម័យនៅកម្ពុជាតាមរយៈរូបភាពរបាំរយៈពេលមួយ ជាផ្នែកសំខាន់នៃគម្រោងរបស់អ្នកស្រីឈ្មោះ «សូមផ្តល់ពេលឱ្យខ្ញុំ១នាទី»។
វិទ្យាស្ថានក៏នឹងមានការតាំងបង្ហាញនូវរូបថតជាច្រើនសន្លឹកដែលត្រូវបានដំឡើងនៅទីធ្លានៃបណ្ណាល័យពហុឯកសារដែលថតចេញពីខ្សែភាពយន្តចុងក្រោយបង្អស់របស់អ្នកដឹកនាំរឿង Xavier de Lauzanneក្រោមចំណងជើងថា «ទេពហត្ថា» ដែលបង្ហាញពីប្រវត្តិនៃរបាំព្រះរាជទ្រព្យនិងការសម្តែងរបាំចុងក្រោយរបស់ ព្រះនាងបុប្ផាទេវី។
ភាពយន្ដនេះនឹងចាក់បញ្ចាំងនៅរោងភាពយន្តកម្ពុជាចាប់ពីថ្ងៃទី១ ខែមេសា ហើយនឹងចាក់បញ្ចាំងនៅរោងភាពយន្តរបស់វិទ្យាស្ថានបារាំងក្រោមវត្តមានរបស់អ្នកដឹកនាំរឿង។
នៅមានការបញ្ចាំងភាពយន្តក្រៅអគារដោយ Peter Greenaway រឿង«The Draughtsman’s Contract» ផងដែរ៕