
ការតាំងពិព័រណ៍រូបថត ស្តីពីការថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ នៅមជ្ឈមណ្ឌលបូផាណា កាលពីថ្ងៃទី៣មីនា។ រូបថត DOULEURS SANS FRONTIERES
ភ្នំពេញ: អ្នកថតរូបជនជាតិព័រទុយហ្គាល់ ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល Douleurs Sans Frontières (DSF) ដើម្បីរៀបចំការតាំងពិព័រណ៍នៅវិទ្យាស្ថានភាសាបារាំងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការថែទាំអ្នកជំងឺក្នុងការពុះពារការឈឺចាប់នៅកម្ពុជា។
លោក Miguel Lopes Jeronimo បាននិយាយថា៖ «ថ្មីៗនេះយើងបានប្រារឰទិវាមហារីកអន្តរជាតិ ហើយដោយពិចារណាលើការងារសំខាន់ៗដែលអង្គការក្រៅរដ្ឋាភិបាលកំពុងធ្វើនៅលើវិស័យនេះ និងក្នុងការផ្តល់នូវភាពស្ងប់សុខនៃជីវិតចុងក្រោយដ៏ថ្លៃថ្នូរដល់អ្នកជំងឺគ្មានលទ្ធភាព»។
លោកនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា នេះជាប្រធានបទដែលគួរពិភាក្សាហើយមានមនុស្សកាន់តែច្រើន (ជាពិសេសនិស្សិតពេទ្យ) ចាប់អារម្មណ៍លើវិធីសាស្ត្រថែទាំដល់អ្នកជំងឺពេញលេញ»។
ការតាំងពិព័រណ៍ «ការថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយនៅកម្ពុជា» ដែលចាប់ផ្តើមពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ មានគោលបំណងផ្តោតលើនិស្សិតពេទ្យកម្ពុជា ដែលថែទាំអ្នកជំងឺប្រឈមការគំរាមកំហែងដល់អាយុជីវិត។
លោក Frederic Garcia នាយកប្រចាំប្រទេសនៃអង្គការ Douleurs Sans Frontières ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា៖ «វាគឺជាការតាំងពិព័រណ៍រូបថតនៃរូបភាពអ្នកជំងឺមហារីកចំនួន៤នាក់ ដែលក្រុមវេជ្ជសាស្ត្រនិងពេទ្យផ្លូវចិត្តរបស់យើងបានចុះទៅថែទាំតាមផ្ទះ»។
លោកបានបន្ដថា អ្នកថតរូបអាជីពលោក Miguel Lopes Jeronimo បានថតរូបជាច្រើនក្នុងពេលធ្វើអន្តរាគមន៍របស់បុគ្គលិកពេទ្យនៅផ្ទះអ្នកជំងឺ និងនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
Douleurs Sans Frontières (DSF) បំពេញការងារផ្នែកគ្រប់គ្រងការឈឺចាប់ និងការតាមដានអ្នកជំងឺដំណាក់កាលចុងបញ្ចប់នៃជីវិត ក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុត។
បង្កើតឡើងដោយវេជ្ជបណ្ឌិតទទួលបន្ទុកមន្ទីរពេទ្យក្នុងប្រទេសបារាំង អង្គការក្រៅរដ្ឋាភិបាលនេះពឹងផ្អែកលើទាំងអ្នកជំនាញសុខភាពស្ម័គ្រចិត្ត និងបុគ្គលិកជំនាញក្នុងការគ្រប់គ្រងគម្រោង។
DSF បានធ្វើការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំមកហើយ ហើយបានអភិវឌ្ឍជំនាញ និងបណ្តាញដៃគូដែលសម្របខ្លួនទៅនឹងការអភិវឌ្ឍនៃការថែទាំអ្នកជំងឺនិងរោគសញ្ញាដំណាក់កាលចុងក្រោយនៃជីវិតនៅក្នុងមន្ទីរពេទ្យក្នុងបរិវេណរបស់អង្គការ DSF និងនៅផ្ទះភាគច្រើនសម្រាប់អ្នកជំងឺមហារីក។
លោក Garcia បានបន្ដថា៖ «គោលដៅគឺដើម្បីលើកកម្ពស់ការថែទាំអ្នកជំងឺនៅកម្ពុជាជូនដល់ប្រជាជន អាជ្ញាធរនិងនិស្សិតពេទ្យ»។ .
ដោយជាគំនិតថ្មីនៃការថែទាំនៅកម្ពុជាដែលមានអ្នកឯកទេសតិចតួចលោកGarcia បានឱ្យដឹងថា ការថែទាំអ្នកជំងឺមានគោលបំណងបំបាត់ការឈឺចាប់ទាំងផ្លូវកាយ អារម្មណ៍ និងផ្លូវចិត្តរបស់អ្នកជំងឺហៀបរលុតជីវិត ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ។
លោក Garcia បាននិយាយថា ការថែទាំព្យាបាលអ្នកជំងឺគឺជាការថែទាំរួមរបស់មនុស្សគ្រប់វ័យ ដែលមានការឈឺចាប់ទាក់ទងនឹងសុខភាពដោយសារតែជំងឺធ្ងន់ធ្ងរ និងជាពិសេសអ្នកដែលនៅជិតចុងបញ្ចប់នៃជីវិត។ វាមានគោលបំណងលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺគ្រួសារ និងអ្នកថែទាំរបស់ពួកគេ។
លោកបានលើកឡើងថា ការថែទាំព្យាបាលអ្នកជំងឺធ្ងន់ធ្ងរនេះត្រូវបានអនុវត្ដជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងការរីករាលដាលនៃជំងឺអេដស៍នៃទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលមន្ទីរពេទ្យគ្លីនិក និងវត្តអារាមបានចាប់ផ្តើមផ្តល់ការថែទាំ«អ្នកជំងឺ» ដែលរង់ចាំសេចក្ដីស្លាប់ ប៉ុន្តែត្រូវបានបដិសេធដោយក្រុមគ្រួសាររបស់ពួកគេ។
មនុស្សពេញវ័យនិងកុមារដែលមានជំងឺរ៉ាំរ៉ៃដូចជាមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺអេដស៍ ទទួលបានអត្ថប្រយោជន៍ពីការថែទាំដូចគ្នា។
លោកGarcia បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «អ្នកជំងឺភាគច្រើនរបស់អង្គការ DSFនៅកម្ពុជាមានជំងឺមហារីក ហើយពួកគេផ្តល់ការថែទាំនៅផ្ទះដោយសារជំនឿវប្បធម៌ និងសាសនានៅកម្ពុជា។ អ្នកជំងឺភាគច្រើនមិនប្រាថ្នាចង់ស្លាប់នៅក្នុងមន្ទីរពេទ្យហើយជ្រើសរើសទៅផ្ទះ ទុកពេលវេលាចុងក្រោយនៅជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ»។
ជារៀងរាល់ឆ្នាំ ករណីមហារីកថ្មីចំនួន ១៥ ០០០ ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយមនុស្សជាង ១៣ ០០០ នាក់បានស្លាប់ដោយសារជំងឺនេះ។នេះបើយោងតាមនាយកប្រចាំប្រទេសនៃ Douleurs Sans Frontières នៅកម្ពុជា។
លោកថា ក្រសួងសុខាភិបាលខ្លួនឯងទទួលស្គាល់ថា ប្រសិនបើមិនអាចព្យាបាលជំងឺមហារីកភាគច្រើនក្នុងរយៈពេលមធ្យមទេ គឺអាចកាត់បន្ថយចំនួនអ្នកកើតជំងឺមហារីកដែលរស់នៅដោយការឈឺចាប់។
វាត្រូវបានគេប៉ាន់ប្រមាណថា ៨០ ភាគរយ នៃអ្នកជំងឺមហារីកបានស្លាប់ដោយគ្មានជួយបន្សាបអាការឈឺចាប់ដ៏ខ្លាំងក្លារបស់ពួកគេហើយច្រើនជាង ៦០ ភាគរយ នៃអ្នកជំងឺមហារីកកំពុងស្ថិតក្នុងការថែទាំទាំងស្រុងនៅពេលធ្វើរោគវិនិច្ឆ័យ។
ទោះជាយ៉ាងណាក៏ដោយ តួលេខគួរឱ្យព្រួយបារម្ភនេះនៅមិនទាន់យកជាផ្លូវការនៅឡើយទេ ព្រោះវាសំដៅលើអ្នកជំងឺដែលត្រូវបានព្យាបាលនៅក្នុងរាជធានីភ្នំពេញ ដែលមានមន្ទីរពេទ្យតែ២ប៉ុណ្ណោះបម្រើសេវាជំងឺមហារីក។
លោក Garcia បានបន្ថែមថា៖ «យើងក៏ត្រូវគិតគូរដល់អ្នកជំងឺនៅតាមខេត្តដែលមិនមានលទ្ធភាពទទួលបានការថែទាំ និងថ្នាំសមរម្យ។ នោះហើយជាមូលហេតុដែលយើងផ្តល់ការថែទាំព្យាបាលអ្នកជំងឺប្រឆាំងនឹងមច្ចុរាជនេះនៅក្នុងខេត្តចំនួន ១១ នៃប្រទេសកម្ពុជា»។
យោងទៅតាមអ្នកជំនាញខាងផ្នែកនរវិទ្យា Susan Needham បានបង្ហាញថា គោលគំនិតការថែទាំអ្នកជំងឺនៅដំណាក់កាលនៃ «ការស្លាប់ដ៏ស្ងប់សុខ»គឺពិតជាស្រដៀងគ្នាទៅនឹងប្រពៃណីរបស់កម្ពុជា។
ការតាំងពិព័រណ៍រូបថតបើកសម្រាប់សាធារណជនទាំងអស់នៅវិទ្យាស្ថានភាសាបារាំង។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តំណភ្ជាប់ Facebookwww.facebook.com/events/1154696195115921/?ref=newsfeed៕