ភ្នំពេញៈ ជាទូទៅ​ការបង្កើត​អាជីវកម្ម​មានការ​ងាយ​ស្រួល​ទេ តែ​ការធ្វើ​យ៉ាងណា​ឱ្យ​អាជីវកម្ម​មួយ​នោះ​មាន​លំនឹង ដើរទៅ​មុខ និង​អាច​ស្វែងរក​ប្រាក់ចំណេញ​បាន​ទើប​ជា​រឿង​មួយ​ដ៏​សែនពិបាក​ដែល​អ្នកជំនួញ​គ្រប់រូប​ត្រូវ​គិត រិះរក​គន្លឹះ និង​មធ្យោបាយ​ឱ្យ​អាជីវកម្ម​នោះ​រីកចម្រើន​បាន​។​

​ដំណើរការ​អាជីវកម្ម​នេះ​ទៀតសោត​ក៏​ទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម​នោះ​មាន​ភាព​វៃឆ្លាត និង​មាន​ដំណោះស្រាយ​អាជីវក​ម្មណា​ដែល​សមស្រប​ទៅតាម​តម្រូវការ​របស់​អតិថិជន ឬ​ត្រូវ​ធានាថា​ខ្លួន​ឈាន​ជើង​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​វិស័យ​មួយ​ដែល​ត្រឹមត្រូវ ទើប​មានឱកាស​ជោគជ័យ​ខ្ពស់​។​

​ជាក់ស្តែង ម្ចាស់​អាជីវកម្ម​១​រូប​គឺ​លោក ពឹង សាយ​ណ្ណ ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិក ក្រុមហ៊ុន MRN Co.,Ltd​បាន​រៀបរាប់​ឱ្យដឹងថា ខ្លួន​ធ្លាប់​បរាជ័យ​ក្នុង​ការរកស៊ី​រហូតដល់​២​ដង​ដោយសារ​ការបង្កើត​អាជីវកម្ម​ដែល​ខុសពី​តម្រូវការ​របស់​អតិថិជន និង​បើក​អាជីវកម្ម​អំឡុងពេល​វេលា​មិន​សមស្រប ទើប​ធ្វើឱ្យ​អាជីវកម្ម​បរាជ័យ​ទាំង ២​លើក​។​


​មុន​មាន​មាន​អាជីវកម្ម​ដែលមាន​លំនឹង​ដូច​បច្ចុប្បន្ននេះ លោក ពឹង សាយ​ណ្ណ បានឱ្យដឹងថា​៖ «​កាលពីមុន​ខ្ញុំ​ធ្លាប់ជា​បុគ្គលិក​ធ្វើការ​ឱ្យគេ​តាំងពី​អាយុ​នៅ ១៨​ឬ​១៩​ឆ្នាំ តែ​ចាប់ពី​ពេល​ហ្នឹង​មក​ក៏​ខ្ញុំ​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​រកស៊ី​ហ្នឹង​តែម្តង ដូច​ជាក់ស្តែង​ខ្ញុំ​ធ្លាប់​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​តែ​ដល់​ចំពេល​កូ​វីដ​១៩​ទៅ ក៏​ក្ស័យធន ហើយ​ខ្ញុំ​ក៏​សម្រេចចិត្ត​បិទ​ក្រុមហ៊ុន​អចលនទ្រព្យ អំឡុង​ឆ្នាំ​២០២០»​។​

​លោក ពឹង សាយ​ណ្ណ បាន​បន្ត​ឱ្យដឹងទៀតថា បន្ទាប់ពី​បិទ​រួចហើយ ក៏​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​១​ទៀត​ព្រោះ​អត់​ចង់​ដួល​ម្ដង​ហើយ​ម្ដងទៀត​នោះទេ ដូច្នេះ​ក៏បាន​ចាប់ផ្តើម​អាជីវកម្ម​ពាក់ព័ន្ធ​ជាមួយនឹង​ផ្សារ​ធម្មជាតិ​គឺ​ម៉ា​ត​បន្លែ​ធម្មជាតិ​។


​លោក ពឹង សាយ​ណ្ណ បាន​បន្តថា​៖ «​ខ្ញុំ​បាន​បើក​នៅ​ខាង​សែន​សុខ ខ្ញុំ​បើក​បាន​រយៈពេល​ជិត​១​ឆ្នាំ​ដែរ តែដោយសារ​បងប្អូន​ខ្មែរ​យើង​គាត់​និយម​បន្លែ​ដែល​នាំចូល​ពី​ក្រៅប្រទេស ដូច​យើង​ឃើញស្រាប់​ហើយ សព្វថ្ងៃ​យើង​ឃើញ​ច្រើន​មែនទែន តម្លៃ​ធូរ​ថ្លៃ​មែនទែន ដល់​យើង​បើក​ជា​ផ្សារ​ធម្មជាតិ ធម្មតា​យើង​មាន​ស្តង់ដា ការ​វេច​ខ្ចប់​ត្រឹមត្រូវ អ៊ីចឹង​ការលក់​របស់​យើង​មានតម្លៃ​ខ្ពស់​ជាងគេ​បន្តិច ក៏ប៉ុន្តែ​បងប្អូន​ខ្មែរ​យើង​គាត់​អត់​សូវ​និយម ដោយសារតែ​ការចំណាយ​ទូទៅ​ច្រើនពេក ដោយ​អត់​អាច​បន្ត​ក្នុង​វិស័យ​ហ្នឹង​តទៅទៀត​ក៏​សម្រេចចិត្ត​បិទ​អាជីវកម្ម​ហ្នឹង​១​មុខ​ទៀត​»​។​

​ក្រោយ​លោត​ពី​វិស័យ​មួយ​ទៅ​វិស័យ​មួយ អ្នកជំនួញ​រូបនេះ មើលឃើញថា​ប្រទេស​កម្ពុជា​មានការ​នាំចូល​ពី​បរទេស​ច្រើន​សូម្បីតែ​ផលិតផល​ដែល​ខ្លួន​អាច​ផលិត​បាន​។ ដោយ​ចង់​រួមចំណែក​កាត់បន្ថយ​ការនាំ​ចូល និង​កាត់បន្ថយ​ការចំណាយ​របស់​បងប្អូន​ខ្មែរ​នៅក្នុង​ប្រទេស​បាន​មួយចំណែក យុវជន​វ័យ ២៦​ឆ្នាំ​រូបនេះ​បាន​បង្កើត​ក្រុមហ៊ុន​១​ទៀត​ដែល ផលិត​ទឹកប្រហុក និង​គ្រឿងទេស​ខ្មែរ ដែលមាន​ឈ្មោះថា MRN​។​

​លោក ពឹង សាយ​ណ្ណ បានឱ្យដឹង​ទៀតថា ចំពោះ​ចក្ខុវិស័យ​របស់​អាជីវ​កម្ម​ថ្មី​នេះ គឺ​លោក​ចង់​ឱ្យគេ​ស្គាល់​យីហោ​របស់លោក​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​លោក​ព្យាយាម​បំពេញ​សេវាកម្ម​ឱ្យទៅ​ដល់ដៃ​ពួកគាត់​តែម្តង​មិន​ថា​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ឱ្យ​អតិថិជន បាន​ស្គា​ល់ពី​ផលិតផល​របស់​ខ្មែរ និង​ជួយ​លើកស្ទួយ​ទាំងអស់គ្នា​។​

​អាជីវកម្ម​ដែល​ចាប់ផ្ដើមបាន​២​ឆ្នាំ​មកនេះ ផ្តើម​ពី​ផលិតផល​ទឹកប្រហុក បន្ត​ដល់​គ្រឿង​ប្រឡាក់សាច់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​ស៊ុប​ប្លែកៗ និង​១​ផ្នែក​ទៀត​ពាក់ព័ន្ធ​ជាមួយនឹង​ផលិតផល​ខ្មែរ ដែល​ផលិត​ដោយ​ដៃ​ខ្មែរ រួមទាំង​វត្ថុធាតុដើម និង​ផ្តល់ឱកាស​ការងារ​ដល់​ជនពិការ និង រួមចំណែក​ជួយ​ដល់​កុមារកំព្រា​ផងដែរ​។​

​លោក ពឹង សាយ​ណ្ណ ក៏បាន​បង្ហើប​ឱ្យដឹង​ផងដែរ​ពី​ចង្វាក់​ផលិតកម្ម​របស់លោក​ថា​៖ «​ចំពោះ​ការផលិត​គឺ​មិន​ទៀងទេ តាម​តម្រូវការ​បងប្អូន​យើង​នៅតាម​ខេត្ត​មួយចំនួន ហើយ​ខ្ញុំ​ក៏​មិនទាន់បាន​វាយលុក​ទីផ្សារ​ច្រើន​ប៉ុន្មាន​ដែរ ព្រោះ​កន្លងមក​យើង​បានធ្វើ​តេស្ត​សាកល្បង​ពី​ផលិតផល​យើង អ៊ីចឹង​យើង​បាន​ប្តូរ​បែបបទ ប្តូរ​ការ​ឌី​ហ្សា​ញ កែតម្រូវ​ចំណុច​ណា​ដែល​ខ្វះខាត​កន្លងមក អ៊ីចឹង​ត្រឡប់មកវិញ​ក្នុង​១​ថ្ងៃ​យើង​អាច​ផលិត​បានជា​ធម្មតា​យើង​ចូល ១​ពាន់ ទៅ ២​ពាន់​ដប ឬ​ច្រើន​លើស​ហ្នឹង​ទៀត​ក្នុង​១​ថ្ងៃ​»​។​

​អ្នកជំនួញ​រូបនេះ​ក៏បាន​បញ្ជាក់​បន្ថែមថា ផលិតផល​របស់លោក​មាន​ទាំង​ប្រភេទ​កញ្ចប់ និង​ជា​ប្រភេទ​ដប​ផង កែវ​ផង ពោលគឺ​លោក​ព្យាយាម​ធ្វើឱ្យ​អតិថិជន​មាន​ជម្រើស​ច្រើន ព្រមទាំង​មានតម្លៃ​គឺ​សមរម្យ​៕