លោក សាត ឌិច៖ ទម្រាំតែបានជយលាភី ម្នាក់ៗសុទ្ធតែឆ្លងកាត់ការបរាជ័យរាប់មិនអស់

ភ្នំពេញៈ លោក សាត ឌិច ជាអ្នកនិពន្ធម្នាក់ដែលស្វិតស្វាញក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ជាច្រើន ហើយទទួលបានជយលាភីជាបន្តបន្ទាប់ ដែលក្នុងនោះឆ្នាំ ២០១៤ លោកដណ្ដើមបានជយលាភីលេខ ២ ផ្នែកកំណាព្យក្រោមចំណងជើងថា «រួមគ្នាប្រឆាំងអំពើពុករលួយ» ដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជា។
ឆ្នាំ២០១៤ ដដែលនោះដែរ លោកទទួលបានជយលាភីកិត្តិយសផ្នែកកំណាព្យក្រោមចំណងជើងថា«យុវជនកូនកសិករ» ពានរង្វាន់លោក ហ៊ែល ស៊ុំផា រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងនៅឆ្នាំនោះដែរ លោកក៏ទទួលបានជយលាភីកិត្តិយស រឿងប្រលោមលោក «ឈាមយុវជន» ពានរង្វាន់លោក ហ៊ែល ស៊ុំផា រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្នុងឆ្នាំ២០១៦ លោក សាត ឌិច ក៏ទទួលបានជយលាភីកិត្តិយសផ្នែកកំណាព្យ «តំណក់ឈាមមាស»ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»ដែលរៀបចំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រីឯក្នុងឆ្នាំ២០១៧ ទទួលបានជយលាភីកិត្តិយស រឿងខ្លី «ម៉ែខ្ញុំឆ្កួត» ពានរង្វាន់លោក ហង្ស ធុនហាក់ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្នាំ២០១៧ ដដែលក៏ទទួលបានជយលាភីលេខ៣ផ្នែកកំណាព្យ គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយពានរង្វាន់សម្តេចសង្ឃរាជ ជួន ណាត ពីលោក ហ៊ុន សែន។
លោក សាត ឌិច បានឱ្យដឹងទៀតថា ឆ្នាំ២០១៨ លោកទទួលបានជយលាភីកិត្តិយសផ្នែកកំណាព្យ «ម្លប់ត្រជាក់» ពានរង្វាន់កំណាព្យខ្មែរ រៀបចំដោយបណ្ណាល័យបញ្ញវន្ត និងក្នុងឆ្នាំ២០១៩ លោកទទួលបានជយលាភីលេខ១ រឿងកុមារ «ម៉ម៉បាត់សៀវភៅ» ពានរង្វាន់រឿងកុមារ រៀបចំដោយអង្គការ អេដ អេ អាក់ស្យុង។
តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យស្នាដៃមានទម្ងន់? លោកសាត ឌិច បានថ្លែងប្រាប់ឱ្យដឹងថា ៖ «ចំពោះចំណុចនេះ ខ្ញុំសុំលើកតែការសរសេររឿងខ្លី កំណាព្យ និងរឿងកុមារប៉ុណ្ណោះ។ ការសរសេររឿងខ្លី៖ ផ្តោតសំខាន់ទៅលើធាតុទាំង៣ អត្ថរូប អត្ថន័យ អត្ថរស» និងការប្រើប្រាស់ពាក្យពេចន៍ខ្លីខ្លឹម មុតស្រួច និងបង្កប់ទស្សនវិជ្ជា»។
អ្នកនិពន្ធវ័យក្មេងរូបនេះ បានស្នាដៃត្រូវតែឆ្លុះពីសង្គម ហើយមានតម្លៃសកលដោយលោកថា កំណាព្យគឺ ខ្លីខ្លឹម ពីរោះរណ្តំ បង្កប់គំនិតអប់រំសកល ដោយចេះប្រៀបធៀប មិននិយាយចំៗពេក។ មួយទៀត ចៀសវាងការសរសេរប្រាសចាកក្បួននិងការសរសេរប្រាសចាកពីការពិតនៃសង្គម។
ចំណែករឿងទាក់ទងនឹងកុមារវិញ លោក សាត ឌិច បានប្រាប់ថា ការសរសេរត្រូវការប្រើប្រាស់ពាក្យពេចន៍ខ្លី ងាយយល់ ងាយអាន កំប្លុកកំប្លែង និងអប់រំដល់កុមារ។
លោកថា ៖ «បច្ចុប្បន្ននេះ ខ្ញុំងាកមកសរសេររឿងកុមារច្រើនជាងគេ ដោយយល់ថា ការអប់រំចាប់ផ្តើមពីកុមារ បើកុមារមានគ្រឹះ នោះធំឡើងក៏ស្រួលដែរ។ ដូច្នេះ ខ្ញុំចង់សរសេររឿងកុមារឱ្យបានច្រើន និងផ្តល់គំនិតអប់រំតាមរយៈសៀវភៅទាំងនោះ»។
ចំពោះអ្នកនិពន្ធដែលចង់ដណ្ដើមជយលាភី លោកសាត ឌិច បានផ្ដល់ជាយោបល់ថា ទម្រាំតែបានជយលាភី ម្នាក់ៗសុទ្ធតែឆ្លងកាត់ការបរាជ័យរាប់មិនអស់។ បើតាំងចិត្តមោះមុត ទោះបរាជ័យប៉ុន្មានដង ក៏អត់រាថយដែរ។ ក្នុងសមរភូមិទឹកខ្មៅ ទាមទារការអត់ធ្មត់និងការតាំងចិត្តខ្ពស់ក្នុងនាមជាអ្នកស្រឡាញ់អក្សរសាស្ត្រជាតិ។
សូមបញ្ជាក់ផងដែរថា លោក សាត ឌិច មានស្រុកកំណើតនៅក្រុងកែប ខេត្តកែប ក្រោយពីលោកបញ្ចប់ថ្នាក់វិទ្យាល័យ នៅឆ្នាំ២០១២ លោកបានប្រឡងជាប់ជាគរុសិស្សនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។ ក្នុងឆ្នាំ២០១២ ដដែល លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យអង្គរខេមរា និងបានបញ្ចប់ដោយជោគជ័យ។
បន្ទាប់ពីទទួលបានបរិញ្ញាបត្រ លោកក៏បន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់អក្សរសាស្ត្រខ្មែរក្នុងឆ្នាំ២០១៩។
ក្រៅពីនោះ លោកសាត ឌិច ក៏បានបញ្ចប់វគ្គនិពន្ធរឿងខ្លី នៅសមាគមអ្នកនិពន្ធខ្មែរផងដែរ។ បច្ចុប្បន្ន លោកកំពុងសិក្សាជំនាញ «ឯកទេសវិជ្ជាជីវៈនាយកសាលា» នៅវិទ្យាស្ថានជាតិអប់រំ ក្រោមការឧបត្ថម្ភពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង។
ពាក់ព័ន្ធពីប្រវត្តិការងាររបស់លោកវិញ ក្នុងឆ្នាំ២០១២ដល់ឆ្នាំ២០១៦ ជាគ្រូភាសាអង់គ្លេសស្ម័គ្រចិត្តនៅអង្គការព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ជីវិត។ ក្រៅពីការបំពេញការងារជាគ្រូបង្រៀនស្ម័គ្រចិត្ត នៅឆ្នាំ២០១៦ ដល់២០១៧ ជាគ្រូបង្រៀននៅសាលាអន្តរជាតិកែប។ ដោយសេចក្ដីព្យាយាម និងការបំពេញការងារបានល្អប្រសើរផងនោះ ឆ្នាំ២០១៧ ដល់២០២១ លោកបានធ្វើជាប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ជីវិត។
ក្រៅពីការងារនៅគ្រឹះស្ថានអប់រំឯកជន ពីឆ្នាំ២០១៤ ដល់២០២២ លោកក៏ជាជាគ្រូបង្រៀននៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ដែលបច្ចុប្បន្ន លោកជាអ្នកនិពន្ធនិងស្រាវជ្រាវនៅគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ។
គួររំឭកដែរថា ឆ្នាំ២០១៧ លោក សាត ឌិច ទទួលបានមេដាយមាសការងារល្អ ពីលោក ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ដោយសារមមាញឹកការងារច្រើន លោកមិនមានបំណងចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ណាមួយបន្តទៀតនោះទេ៕