
ការតាំងពីព័រណ៍ នៅវិចិត្រសាលគម្រោងសិល្បៈស-ស ។ រូបថត Sa-Sa-Art-projects-page
ភ្នំពេញ: ពិព័រណ៍ស្នាដៃសិល្បករ ៣ រូប ដែលក្នុងនោះមានទាំងព្រះសង្ឃ ១ អង្គ «សាងជាថ្មី» ត្រូវបានដាក់តាំងបង្ហាញនៅវិចិត្រសាលគម្រោងសិល្បៈស-ស ចាប់ពីដើមខែមីនា រហូតដល់ពាក់កណ្ដាលខែឧសភា ឆ្នាំ ២០២៣ ខាងមុខ។
ការតាំងពិព័រណ៍របស់សិល្បករ កញ្ញា ឡេង គឹមស្រៀង លោក គង់ តារា និងព្រះតេជព្រះគុណ សួង ភក្តី ជាស្នាដៃគំនូរចម្លាក់និងការផ្គុំដែលសិល្បករទាំង ៣ រូប-អង្គ លើកឡើងពីវដ្តនៃជីវិត និងការកសាងដែលសាមញ្ញតែស្មុគស្មាញរួមមានបញ្ហាផ្លូវចិត្ត និងការអភិវឌ្ឍក្រុង ភាពរលូននៃជីវិត ក្តីស្រឡាញ់ និងយេនឌ័រ ក៏ដូចជាមនុស្សធម្មជាតិ និងព្រះធម៌។
យោងតាមអ្នកគ្រប់គ្រងវិចិត្រសាលគម្រោងសិល្បៈស-ស អ្នកស្រី ឈុន ចាន់វាសនា បានឱ្យដឹងថា៖ «ចំណងជើងរបស់ពិព័រណ៍នេះត្រូវបានដកស្រង់ចេញពីស្នាដៃសាងជាថ្មីរបស់ ឡេង គឹមស្រៀង ដែលបង្កើតចម្លាក់និងការផ្គុំចម្លាក់ពីកម្ចេចកញ្ចក់ឆ្អិនប្រមូលរើសពីការដ្ឋានសំណង់នានាក្នុងទីក្រុងភ្នំពេញ»។
សិល្បករ គឹមស្រៀង បានបញ្ចប់ការសិក្សាផ្នែករចនាខាងក្នុងពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅភ្នំពេញចាប់អារម្មណ៍ ទម្រង់សិល្បៈលើប្រភេទនិងតួនាទីនៃកញ្ចក់ទាំងនោះ ព្រោះកញ្ចក់ត្រូវបានប្រើជារបាំងការពារអាកាសធាតុផង និងជាស្រទាប់ថ្លាសម្រាប់បង្ហាញឱ្យឃើញលម្អខាងក្នុងនៃអគារផង។
បើទោះជាកញ្ចក់ទាំងនោះមានភាពរឹងមាំយ៉ាងណាក៏ដោយ ក៏នៅពេលត្រូវកម្លាំងសម្ពាធដល់កម្រិតមួយវានឹងបែកខ្ចាយជាបំណែកតូចៗជាច្រើន។
សិល្បករ គឹមស្រៀង ចាត់ទុកភាពរឹងមាំរបស់កញ្ចក់នេះមិនខុសអីពីបញ្ហាសុខភាពផ្លូវចិត្តនោះទេ ដែលវាអាចធន់ទ្រាំតែដល់កម្រិតណាមួយប៉ុណ្ណោះ។
សិល្បករ អាយុ ២៦ ឆ្នាំរូបនេះ បានឱ្យដឹងថា៖ «ខ្ញុំបានផ្គុំកម្ទេចកញ្ចក់ទាំងនោះឡើងវិញ បង្កើតបានទៅជាទម្រង់ថ្មីជាច្រើនដូចជា ដុំបាល់ ដុំគុប កំណោងស្ពាននិងថ្នាលសម្រាប់ដាំដុះជាដើម ហើយយកមកបង្កើតវត្ថុផ្សេងៗ ជាមួយសម្ភារ ដូចជា ដែកគោល សរសៃដែក កង់ឡាននិងសៀវភៅសិក្សាជាដើម»។
ទាំងនេះគឺជាគោលបំណងដែលសិល្បករព្យាយាមកសាងជាថ្មីពីវត្ថុបាក់បែកឱ្យមានជីវិតសាជាថ្មីដែលភាពរឹងមាំ និងភាពផុយស្រួយដើរទន្ទឹមគ្នា។
តាមរយៈការផ្គុំឡើងវិញនូវបំណែកកញ្ចក់តូចៗទាំងនេះសិល្បកររូបនេះបានកត់ត្រាចិត្តសាស្ត្រនៃការអភិវឌ្ឍដ៏ឆាប់រហ័សនិងការផ្លាស់ប្តូរដ៏ញឹកញាប់របស់ទីក្រុងភ្នំពេញផង និងនិយាយអំពីដំណើរការនៃការព្យាបាលផ្សះផ្សាផ្លូវចិត្តផង។
សិល្បករ គឹមស្រៀង បានបង្កើតស្នាដៃ «សារនៅក្នុងចិត្ត»នៃមហោស្រពរូបថតភ្នំពេញ២០១៩ នៅវិចិត្រសាល,ទទឹមភ្នំពេញពិព័រណ៍«ដង្ហើម»ឆ្នាំ២០២០ នៅគម្រោងសិល្បៈស-សភ្នំពេញ,មហោស្រពសិល្បៈសក្ការៈនៅទីក្រុង Compiegne ឆ្នាំ២០២១ ប្រទេសបារាំង និងពិព័រណ៍ដាក់ដេញថ្លៃស្នាដៃសិល្បៈសម្រាប់ទ្រទ្រង់គម្រោងសិល្បៈស-ស ឆ្នាំ២០២០ និងឆ្នាំ២០២២ នៅ Factory Phnom Penh។
សិល្បករ គង់ តារា អាយុ ៣៣ឆ្នាំ រំលេចស្នាដៃ អទ្វេភាពជាមួយគំនូរគូរពីប៊ិក និងខ្មៅដៃពណ៌ចំនួន៨ផ្ទាំងនិងការផ្គុំចម្លាក់ធ្វើពីដីឥដ្ឋមិនទាន់ដុតចំនួន១ ផងដែរ។
យោងតាមអ្នករៀបចំពិព័រណ៍ បានបង្ហាញថា គំនូរដ៏លម្អិតប្រណីតរបស់ តារា រំលេចជារូបភាពសរសៃខ្សែពណ៌ខៀវរមួលត្របាញ់ពត់ពេនរុំព័ទ្ធកន្សោមអ្វីម្យ៉ាងដែលមើលទៅហាក់ដូចជាផែនទី។
អ្នករៀបចំបានរៀបរាប់ថា នៅក្នុងគំនូរនោះក៏មានរូបភាពពណ៌លឿងស្រាលៗនៅចំកណ្តាលដែលពេលអ្នកទស្សនាពិនិត្យជិតទៅទើបឃើញថា វាហាក់ដូចជាមានទម្រង់សរីរាង្គមួយចំនួនកំពុងហែលឆ្វាត់ឆ្វែលនៅក្នុងនោះ។
សិល្បករតារាបានឱ្យដឹងថា៖«ដោយយករូបភាពកូនក្អាត់និងទម្រង់សរីរាង្គជានិមិត្តរូបនៃការលូតលាស់ ការប្រែប្រួលនិងលំហូរគំនូរទាំងនេះ មានតួនាទីដូចជាផែនទីនៃបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ក្នុងការស្វែងរកនិងវិវត្តខ្លួនឯង ខណៈពេលធ្វើដំណើរឆ្លងកាត់តាមទីកន្លែង និងប្រទេសនានា ក៏ដូចជាជួបជាមួយមនុស្សម្នាមិត្តភក្តិថ្មីៗ»។
សម្រាប់ លោក តារា ដែលបានសិក្សាសិល្បៈនៅគម្រោងសិល្បៈស-ស ដែលគាត់ធ្វើការជាអ្នកសម្របសម្រួលកម្មវិធីនិវាសដ្ឋានពិសោធន៍ តាមរយៈការគូររូបទាំងនេះ លោកចង់ត្រិះរិះពិចារណាពីដំណើរលូតលាស់នៃជីវិត ការតស៊ូ ក្តីស្រឡាញ់ ទំនាក់ទំនងការអភិវឌ្ឍសង្គម និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
ចំណែកឯស្នាដៃផ្គុំចម្លាក់ដីឥដ្ឋឯណោះវិញ សិល្បករចង់បង្ហាញឱ្យឃើញកាន់តែច្បាស់នូវទម្រង់កូនក្អាត់កំពុងត្បុលត្របាញ់រមួលចូលគ្នា បង្កើតបានទៅជាសំណុំនៃចលនាជីវិត។ សម្ភារដីឥដ្ឋមិនទាន់ដុតនេះសបញ្ជាក់ពីស្ថានភាពមិនទាន់ស្ថិតស្ថេរ ភាពផុយស្រួយ និងភាពអាចផ្លាស់ប្តូរនៃដីនិងជីវិត។
លោកតារា បានតាំងបង្ហាញស្នាដៃក្នុងពិព័រណ៍ជាក្រុមជាច្រើននៅកម្ពុជា និងអន្តរជាតិរួមមាន នៅ Ku Bar បាងកក NhàSàn Collective ហាណូយ ស-ស បាសាក់ ភ្នំពេញ វិចិត្រសាលសិល្បៈសង្កែបាត់ដំបង វិចិត្រសាល Carol Shenក្រុងញូវយ៉ក និងគម្រោងសិល្បៈស-ស ភ្នំពេញជាដើម។
«ខន្ធ»ជាចំណងជើងនៃទម្រង់សិល្បៈរូបរាងកាយនិងសរីរាង្គខាងក្នុងរបស់មនុស្សដែលជាស្នាព្រះហស្តរបស់ព្រះតេជព្រះគុណសួង ភក្ដី ការសិក្សាតាមផ្លូវធម៌នៃព្រះពុទ្ធសាសនា។
ចម្លាក់ទាំង៦ ធ្វើអំពីគ្រោងឆ្អឹងដែករុំដណ្តប់ដោយកន្ទេលចចូត និងដេរភ្ជាប់គ្នាដោយថ្នេរធ្វើពីស្បង់ចីពរ។ ចម្លាក់សរីរាង្គខាងក្នុង រួមមាន ក្រពះ សួត បេះដូង និងថ្លើមទាំងនេះ សុទ្ធសឹងតែមានតួនាទីដ៏សំខាន់សម្រាប់ទ្រទ្រង់រាងកាយ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងបរិស្ថានអេកូឡូស៊ីធម្មជាតិនៅជុំវិញ។
ព្រះតេជព្រះគុណមានសង្ឃដីកាថា៖«ទំហំដ៏ធំលើសពីការពិតរបស់ចម្លាក់សរីរាង្គខាងក្នុងទាំងនេះធ្វើឱ្យយើងកាន់តែប្រឈមមុខនឹងវត្តមានរបស់វា»។
សិល្បករព្រះជន្ម ២៧វស្សា ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញផ្នែកគំនូរអង្គនេះបានបន្ដថា ព្រះអង្គបានបើកចំហផ្នែកខ្លះនៃចម្លាក់ទាំងនេះ អនុញ្ញាតឱ្យអ្នកទស្សនាមើលឃើញពីគ្រោងឆ្អឹងដែលកំពុងច្រែះស៊ី និងភាពប្រហោងក្នុងរបស់វា។
យោងតាមអ្នកស្រី ចាន់ វាសនា បានឱ្យដឹងថា៖ «ជាមួយនឹងស្នាដៃចម្លាក់ថ្មីៗទាំងនេះ សិល្បករក៏បានបញ្ចូលនូវមែកឈើងាប់ក្រៀម១មែកផងដែរ។ តាមរយៈស្នាដៃនេះយើងឃើញបំណែកនៃរូបរាងកាយរបស់មនុស្សនិងធម្មជាតិកំពុងពុកផុយ ដែលសិល្បករចង់ក្រើនរំឭកអំពីអតុល្យភាពនៃធម្មជាតិបរិស្ថានអេកូឡូស៊ី និងភាពមិនស្ថិតស្ថេរនៃជីវិតដែលមនុស្សជាផ្នែកមួយនៅក្នុងនោះដែរ»។
ស្នាដៃសិល្បៈរបស់ព្រះអង្គផ្តោតលើបរិស្ថានវិទ្យា និងការរៀនសូត្រពីព្រះធម៌ និងច្រើនបង្ហាញជាទម្រង់ចម្លាក់ និងគំនូរ ដោយព្រះអង្គបានចូលរួមពិព័រណ៍ជាក្រុម រួមមាន «លទ្ធភាពចម្លងដំណើរ» ឆ្នាំ២០១៩ នៅគម្រោងសិល្បៈស-ស ភ្នំពេញទេពកោសល្យសិល្បករវ័យក្មេង#១១ឆ្នាំ២០១៩នៅការិយាល័យសិល្បៈនិងវប្បធម៌សហសម័យទីក្រុងបាងកក «បំណះ» ឆ្នាំ២០២១ នៅគម្រោងសិល្បៈស-ស ភ្នំពេញ និងពិព័រណ៍ដាក់ដេញថ្លៃស្នាដៃសិល្បៈសម្រាប់ទ្រទ្រង់គម្រោងសិល្បៈស-ស ឆ្នាំ២០២០ និងឆ្នាំ ២០២២ នៅ Factory Phnom Penh។
អ្នកស្រីចាន់ វាសនា អ្នកគ្រប់គ្រងវិចិត្រសាលបានបន្ដថា សិល្បករនៅក្នុងពិព័រណ៍ «សាងជាថ្មី» លើកឡើងពីវដ្តនៃជីវិតធម្មជាតិនិងអ្វីដែលមនុស្សកសាងព្រមទាំងបញ្ហាទាក់ទងអត្តសញ្ញាណក្រុងដែលផ្លាស់ប្តូរដ៏ញឹកញាប់ ភាពរឹងមាំ និងផុយស្រួយនៃសុខភាពផ្លូវចិត្ត ដំណើរកសាងបទពិសោធន៍ជីវិត ក៏ដូចជា អតុល្យភាព និងអស្ថិរភាពនៃជីវិត។
អ្នកស្រី បានបញ្ជាក់ថា៖ «តាមរយៈស្នាដៃទាំងអស់នេះសិល្បករក៏ហាក់ធ្វើឱ្យយើងចោទសួរថា តើរូបភាពបែបណាដែលយើងចង់កសាងវាឡើងសាជាថ្មី សម្រាប់ផ្លូវចិត្តយើង សម្រាប់ដំណើរជីវិតយើង សម្រាប់បរិស្ថានរស់នៅរបស់យើង និងសម្រាប់អេកូឡូស៊ីទាំងមូលផង»។
ពិព័រណ៍ «សាងជាថ្មី» បើកសម្ពោធកាលពីថ្ងៃទី២ ខែមីនា និងបន្ដរហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅ គម្រោងសិល្បៈស-ស ផ្ទះលេខ ៤៧ ផ្លូវ ៣៥០ (កែងផ្លូវ៩៥) រាជធានីភ្នំពេញ៕