ផលិតករតំបន់ទន្លេមេគង្គ បង្កើតវគ្គបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយលើកស្ទួយវិស័យសិល្បៈ

ភ្នំពេញ: ក្រុមផលិតករភាពយន្ដល្បីៗនៅតំបន់ទន្លេមេគង្គបានចងក្រងបង្កើតជាគំនិតផ្ដួចផ្ដើម «Write and Eat» ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្ដគាំទ្រអ្នកនិពន្ធជំនាន់ក្រោយ ដើម្បីជួយផ្សព្វផ្សាយ និងអភិរក្សវប្បធម៌ដ៏ពិសេសរបស់តំបន់នេះ តាមរយៈការលើកស្ទួយភាពយន្តក្នុងស្រុកឱ្យកាន់តែល្អប្រសើរ។
ផលិតករដែលមកពីប្រទេសកម្ពុជា វៀតណាម ឡាវ ក៏ដូចជាសិង្ហបុរី បានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់ចូល រួមឧបត្ថម្ភកម្មវិធីដែលទទួលបានការគាំទ្រពីនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។
គំនិតផ្តួចផ្តើម «Write and Eat» កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងផលិតករលោកសុខ វិសាល ស្ថាបនិកផលិតកម្ម802 Films នៅកម្ពុជា លោក Xaisongkham INDUANGCHANTHY មកពីប្រទេសឡាវ កញ្ញា Epsin HOAN មកពីប្រទេសវៀតណាម និងលោក Andy HO មកពីសិង្ហបុរី ដើម្បីរៀបចំសិក្ខាសាលារយៈពេល ១ ឆ្នាំ និងវគ្គបណ្តុះបណ្តាលបង្កើតបណ្តាញដែលរៀបចំឡើងដើម្បីលើកកម្ពស់ស្តង់ដាក្នុងតំបន់និងការនិពន្ធក្នុងស្រុក។
លោកសុខ វិសាល ស្ថាបនិកផលិតកម្ម802 Films បានឱ្យដឹងថា៖ «ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គមានចក្ខុវិស័យពិសេសនៅពេលនិយាយអំពីភាពយន្ត។ សិក្ខាសាលាជាស៊េរីរយៈពេល១ឆ្នាំនេះនឹងគាំទ្រផលិតករភាពយន្ត និងអ្នកនិពន្ធជំនាន់ក្រោយក្នុងតំបន់ ជាមួយនឹងសិក្ខាសាលាជាស៊េរីនិងឱកាសបង្កើតបណ្តាញ»។
ដោយសារតែលោកវិសាល មើលឃើញថា វិស័យសិល្បៈភាពយន្ដនៅអាស៊ីអាគ្នេយ៍ភាគច្រើនមិនសូវរកប្រាក់ចំណូលសិក្ខាសាលា «Write and Eat» ត្រូវបានបង្កើតឡើងដើម្បីពង្រឹងជំនាញមួយនេះ ជាទុនឱ្យអ្នកបម្រើការក្នុងវិស័យភាពយន្ដអាចរកចំណូលបាន។
គំនិតផ្តួចផ្តើម «Write and Eat» កំពុងស្វែងរកសិក្ខាកាមចំនួន ១៥ នាក់ដែលមានអាយុចន្លោះពី ២២ ទៅ ៣៥ ឆ្នាំមកពីប្រទេសកម្ពុជា វៀតណាម និងឡាវដើម្បីចូលរួមក្នុងកម្មវិធីអប់រំថ្នាក់តំបន់នេះ។
លោក វិសាល បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «តាមពិតទៅសិក្ខាកាមមិនតម្រូវឱ្យបង់ប្រាក់នោះទេ ដោយយើងអំពាវនាវឱ្យក្រុមហ៊ុននានាចូលរួមជួយឧបត្ថម្ភ។ ប៉ុន្ដែសិក្ខាកាមដែលជាយុវជនមកពី ៣ ប្រទេសនេះតម្រូវឱ្យកក់ប្រាក់ ១០០ ដុល្លារមុនពេលចូលរៀនវគ្គនីមួយៗ ក្នុងចំណោម ៦ វគ្គ»។
លោកបានបន្ដថា៖ «ការកក់ប្រាក់នេះគឺចង់ឱ្យសិក្ខាកាមយកចិត្ដទុកដាក់រៀនឱ្យចប់ចុងចប់ដើម ដោយមិនបោះបង់ចោលការសិក្សាពាក់កណ្ដាលទី។ គ្រូបង្គោលទាំងអស់បានចំណាយពេលវេលានិងកម្លាំងកាយចិត្ដជាច្រើនដើម្បីបណ្ដុះបណ្ដាលពួកគេ។ ដូច្នេះយើងមិនចឹងឱ្យខាតកម្លាំងអាសាបង់នោះទេ»។
ចំពោះកូតាសិក្ខាកាមសម្រាប់ប្រទេសនីមួយៗ គឺកម្ពុជា ៥ នាក់ ឡាវ ៥ នាក់ និងវៀតណាម ៥នាក់។ នេះបើយោងតាមលោកវិសាល ម្ចាស់ផលិតកម្ម 802 Films។
អ្នកស្រីNg Swee Sanអ្នកនិពន្ធជនជាតិសិង្ហបុរីនិងជាគ្រូបង្រៀនផ្នែកនិពន្ធ បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិល្បៈពីមហាវិទ្យាល័យសិល្បៈ Lasalleក្នុងប្រទេសសិង្ហបុរីនិងក៏ជាអតីតប្រធានសមាគមអ្នកនិពន្ធ (សិង្ហបុរី) ផងដែរនោះ នឹងធ្វើជាគ្រូបង្គោលម្នាក់ក្នុងចំណោមគ្រូបង្គោលផ្សេងទៀតសម្រាប់វគ្គបណ្តុះបណ្តាលផ្លូវការនេះ។
វគ្គបណ្តុះបណ្តាលនេះរួមមានសិក្ខាសាលាបង្រៀនអំពីការនិទានរឿងការបង្កើតតួអង្គការសរសេរកិច្ចសន្ទនាការបង្កើតរចនាសម្ព័ន្ធរឿងនិងសមាសធាតុផ្សេងទៀតដែលចាំបាច់សម្រាប់ការនិពន្ធសាច់រឿង។
លោកវិសាល បានបន្ថែមថា៖ «យើងកំពុងស្វែងរកអ្នកមកពីតំបន់នេះដែលមានចំណង់ចំណូលចិត្តផលិតភាពយន្ដនិងអ្នកដែលចង់ជួយអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅក្នុងតំបន់។ ជាការពិតណាស់ ក្នុងនាមជាតួអង្គដ៏សំខាន់មួយយើងរំពឹងថា វប្បធម៌ដ៏រឹងមាំនិងគំនិតច្នៃប្រឌិតរបស់កម្ពុជានឹងដើរតួយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមនេះ»។
ក្នុងនាមជាស្ថាបនិក១រូបនៃគំនិតផ្តួចផ្តើម«Write and Eat»លោកសុខវិសាលដែលនាយកផ្នែកសិល្បៈនិងច្នៃប្រឌិត ជាផលិតករតន្ត្រីនិងជាស្ថាបនិកនៃផលិតកម្មKlapYaHandzបានប្ដេជ្ញាចិត្តលើកកម្ពស់វិស័យភាពយន្តកម្ពុជា។
ស្ថាបនិកផលិតកម្ម 802 Films រូបនេះបានសាងកេរ្ដិ៍ឈ្មោះក្នុងខ្សែភាពយន្តចំនួន ៥រឿងនារយៈពេល ១០ឆ្នាំកន្លងមកនេះហើយលោកបានរៀបចំព្រឹត្តិការណ៍កម្សាន្តធំៗនិងគាំទ្រផលិតកម្មភាពយន្តអន្តរជាតិជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិតអំពីវគ្គបណ្ដុះបណ្ដាលសិក្ខាកាមក្នុងវិស័យភាពយន្ដវ័យក្មេង និងការឧបត្ថម្ភ បំណងលើកស្ទួយសិល្បៈភាពយន្ដទាំងនៅតំបន់ទន្លេមេគង្គជាពិសេសសិល្បៈនៅកម្ពុជា ចំពោះគំនិតផ្តួចផ្តើមWrite and Eat នេះទាក់ទងមកកាន់អាសយដ្ឋានអ៊ីមែលinfo@writeandeat.com៕