ព្រះសង្ឃកម្ពុជាទទួលជយលាភី ២ ពីការប្រកួតគំនូរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ភ្នំពេញ: នៅក្នុងឱកាសប្រារព្ធខួបលើកទី៣០ នៃវត្ដមានរបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទីភ្នាក់ងារបានរៀបចំការប្រកួតប្រជែងគំនូរស្ដីពី «ហ្រ្វង់កូហ្វូនីរបស់ខ្ញុំ អនាគតខ្ញុំ និងអត្តសញ្ញាណរបស់ខ្ញុំ»។
ព្រះតេជគុណ ថុន ស៊ីផាត បានទទួលជយលាភីចំនួន ២ គឺជយលាភីគំនូរចំណាត់ថ្នាក់លេខ ៣ និងជយលាភីសាធារណៈ ក្នុងចំណោមបេក្ខជនចំនួន ២៦ នាក់ មកពីប្រទេសចំនួន ៤ រួមមានវៀតណាម ឡាវ ថៃ និងកម្ពុជា។
ព្រះសង្ឃ ស៊ីផាត ដែលកំពុងសិក្សាសាលាភូមិន្ទវិចិត្រសិល្បៈឆ្នាំទី ៤ ផ្នែកសូនរូបក្នុងជំនាញគំនូរសារគមនាគមន៍ មានសង្ឃដិកាប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «រូបគំនូរនោះតំណាងឱ្យនិស្សិតខ្មែរយើងដែលសិក្សាភាសាបារាំង។ ពួកគាត់រៀនពីប្រវត្ដិសាស្ដ្រខ្មែរនៅក្នុងសៀវភៅសរសេរជាភាសាបារាំង។ បុរសម្នាក់ឈរនោះជារៀមច្បងបានពន្យល់ដល់សិស្សប្អូន ដែលទើបរៀនភាសាបារាំង»។
ធ្លាប់ជាអតីតសិស្សរៀនភាសាបារាំងនៅឆ្នាំមូលដ្ឋាន និងបានប្ដូរទៅភាសាអង់គ្លេសដោយសារមិនមានពិន្ទុគ្រប់កំណត់ ព្រះតេជគុណស៊ីផាត បានដាក់ពាក្យប្រកួតប្រជែងក្នុងនាមជាសិស្សរៀនភាសាបារាំង ១ អង្គ និងបានផ្ញើគំនូរប្រកួតទៅកាន់ទីស្នាក់ការ AUF នៅប្រទេសវៀតណាម។
ជាលទ្ធផល ព្រះតេជគុណ វ័យ ២៤ វស្សាអង្គនេះ បានទទួលជយលាភីទី៣ ជាមួយរង្វាន់សៀវភៅអេឡិចត្រូនិក ១ និងរង្វាន់កាស ១ សម្រាប់ជយលាភីសាធារណៈដែលមានមហាជនបោះឆ្នោតឱ្យច្រើនតាមហ្វេសប៊ុក។
ពិធីប្រគល់រង្វាន់ជយលាភីបានរៀបចំឡើងនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលឌីជីថល និងមជ្ឈមណ្ឌលការងាហ្រ្វង់កូហ្វូនភ្នំពេញ (CEF-CNF 5.0) ក្នុងដំណើរទស្សនកិច្ចរបស់សាកលវិទ្យាធិការ AUF ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លោកសាស្ដ្រាចារ្យសាកលវិទ្យាធិការ Slim Khalbous និងអ្នកស្រីសាស្ដ្រាចារ្យ Marie Nathalie Le Blanc សាកលវិទ្យាធិការរង AUF។
លោកសុខ គួង ប្រធានគម្រោងនិងទទួលបន្ទុកទំនាក់ទំនង AUF-Cambodge បានឱ្យដឹងថា គណៈកម្មការមានសមាជិកមកពីគ្រប់ប្រទេស និងមកពីទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងជាច្រើនរូប បានធ្វើការវាយតម្លៃជ្រើសរើសដោយផ្ទាល់លើចំណុចវិនិច្ឆ័យចំនួន៤។
ចំណុចទាំង ៤ នោះទី១ បេក្ខជនត្រូវមានការគោរពលើខ្លឹមសារនៃប្រធានបទ។ ទី២ មានលក្ខណៈដើមនៃស្នាដៃរបស់បេក្ខជន។ទី៣មានគុណភាព និងលក្ខណៈសិល្បៈ។ ចំណែកឯ ទី៤ រូបគំនូរត្រូវមានទាំងគុណភាពក៏ដូចជាខ្លឹមសារអត្ថបទដែលអមមកជាមួយរូបភាព»។
លោកឱ្យដឹងថា ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ដែលបង្កើតឡើង ៦០ ឆ្នាំមកហើយ ហើយបច្ចុប្បន្នវាក្លាយជាបណ្តាញសាកលវិទ្យាល័យទី១ នៅលើពិភពលោកជាមួយគ្រឹះស្ថានជាង ១ ០៣០ ជាសមាជិករួមទាំងសាកលវិទ្យាល័យសាលាបណ្តុះបណ្តាលធំៗនិងមជ្ឈមណ្ឌលស្រាវជ្រាវដែលមានវត្តមានក្នុងប្រទេសចំនួន ១២០ លើពិភពលោក។
បេសកកម្មនៃដំណើរទស្សនកិច្ច ក៏ដូចជាផ្ដល់រង្វាន់ម្ចាស់ជយលាភីលេខ ៣ គឺជាកិច្ចការពង្រឹងទំនាក់ទំនងរវាង AUF និងសាកលវិទ្យាល័យទាំងឡាយជាសមាជិករបស់ខ្លួននៅកម្ពុជា និងជួបពិភាក្សាស្ដីពីទស្សនវិស័យថ្មីៗនៃកិច្ចសហការ ខណៈដែលការិយាល័យជាតិប្រចាំទីក្រុងភ្នំពេញត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៤។
លោក គួង បន្ដថា៖ «បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាមានសាកលវិទ្យាល័យជាសមាជិកចំនួន ១៣ ដែលស្ថិតក្នុងចំណោមគ្រឹះស្ថានឧត្ដមសិក្សាចំនួន ៨៧ នៃបណ្ដាញរបស់ AUF ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
លោកនិយាយថា ក្នុងចំណោមផ្ទាំងផ្សព្វផ្សាយរបស់បេក្ខជនទាំង ២៦ នាក់មានតែ ១០ ផ្ទាំងប៉ុណ្ណោះដែលត្រូវបានជ្រើសរើសយកមកដាក់តាំងនៅឯមជ្ឈមណ្ឌលឌីជីថល និងការងារហ្រ្វង់កូហ្វូនភ្នំពេញស្ថិតក្នុងសាលាតិចណូ ជាពិសេសសម្រាប់ពិធីប្រគល់ជយលាភី និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃថ្នាក់ដឹកនាំពិភពលោក និងថ្នាក់តំបន់របស់ AUF នៅកម្ពុជានាថ្ងៃទី ៩-១០ ខែមីនា ឆ្នាំ ២០២៣។
លោក Khalbous បានឆ្លៀតពេលធ្វើបទបង្ហាញអំពីសកម្មភាពបន្ដបន្ទាប់របស់ AUF ដើម្បីជាប្រយោជន៍ដល់យុវជនប្រើប្រាស់ភាសាបារាំង ដូចជា កីឡាសាកលវិទ្យាល័យ ការចល័តនិស្សិត ការប្រកួតជាលក្ខណៈអន្ដរជាតិ និងការរៀបចំសន្និបាតយុវជនប្រើប្រាស់ភាសាបារាំងលើកទី ២ ជាព្រឹត្ដិការណ៍មួយក្នុងចំណោមព្រឹត្ដិការណ៍ធំៗនៃសប្ដាហ៍ពិភពលោករបស់ហ្រ្វង់កូហ្វូនីវិទ្យាសាស្ដ្រនៅរដ្ឋកេប៊ិក ប្រទេសកាណាដា ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើតាមលោក សុខ គួង។
គួរបញ្ជាក់ថា រង្វាន់ជយលាភីលេខ ១ និងលេខ ២ នៃការប្រកួតប្រជែងគំនូរឌីជីថលរបស់ AUF ដែលរៀបចំឡើងនៅប្រទេសវៀតណាម បានទៅលើនិស្សិតវៀតណាមទាំង ២។ ពួកគេទទួលបានឧបករណ៍ iPad Air ១ គ្រឿងសម្រាប់ម្ចាស់ជយលាភីលេខ ១ និងឧបករណ៍គូរគំនូរឌីជីថល ១ គ្រឿងសម្រាប់ម្ចាស់ជយលាភីលេខ ២៕