កម្មវិធីយោគៈ និងសមាធិ រួមចំណែកជួយលើកកម្ពស់គុណភាពជីវិត ដល់អ្នកមមាញឹកច្រើន
ភ្នំពេញ : កម្មវិធីយោគៈ និងសមាធិ បានត្រឡប់មកវិញជាលើកទី៣ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយលើកកម្ពស់គុណភាពជីវិតរស់នៅជាមូលដ្ឋានបង្កើតការសប្បាយរីករាយ និងសុខុមាលភាពទាំងផ្លូវចិត្ដ និងរាងកាយ។
កម្មវិធីដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧ កន្លះព្រឹក រហូតដល់ថ្ងៃត្រង់នៅផ្សារទំនើបផ្សារអ៊ីអនសែនសុខ ជាន់ទី៣ (AEON Mall Sen Sok Hall 3rd Floor) នឹងបើកទទួលអ្នកចូលរួម ៥០០នាក់ សម្រាប់ឆ្នាំទី៣នេះ។
កញ្ញាជោតដាលីនអាយុ២២ឆ្នាំជា Director of Individual Area នៅសភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជាសាខាទួលគោក (JCI Toulkork)បាននិយាយថា៖ «ក្នុងឆ្នាំ២០២៣នេះយើងមានបំណងទទួលអ្នកចូលរួម ៥០០នាក់ ហើយយើងរំពឹងថានឹងមានមហាជនដែលជាមន្ដ្រីរាជការអ្នកប្រកបអាជីវកម្មនិងអ្នកបម្រើការងារនៅគ្រឹះស្ថាននានាមកចូលរួមច្រើនតាមការគ្រោងទុក»។
យុវតី JCI Toulkork រូបនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងយល់ឃើញថាបច្ចុប្បន្ននេះមនុស្សម្នាក់ៗមានភាពមមាញឹកច្រើន ដែលធ្វើឱ្យពួកយើងមួយចំនួនភ្លេចថែរក្សាសុខភាពរបស់ពួកគាត់។យើងបាននិមន្ដអញ្ជើញព្រះតេជគុណ គូសុភាពនិងអញ្ជើញលោកគ្រូនឹមឈុននីមកណែនាំការថែទាំសុខភាពផ្លូវចិត្ដ»។
សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា JCI គឺជាអង្គការមិនរកប្រាក់ចំណេញរបស់ពលរដ្ឋសកម្មវ័យក្មេងដែលមានអាយុពី១៨ទៅ៤០ឆ្នាំក្នុង៥ពាន់សហគមន៍និង ១១៥ប្រទេសជុំវិញពិភពលោកដែលបានចូលរួមនិងប្តេជ្ញាបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។
JCI Toulkork ជាសាខាមួយក្នុងចំណោម ៧សាខារបស់សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា (JCI) ដែលត្រូវបានបង្កើតឡើង និងទទួលស្គាល់ពេញលេញក្នុងឆ្នាំ២០១២មានបេសកកម្មលើកកម្ពស់សុខុមាលភាពផ្លូវចិត្ដ។
កម្មវិធី យោគៈ និងសមាធិត្រូវបានប្រារឰធ្វើឡើងដំបូងក្នុងឆ្នាំ២០១៩ដែលមានចំនួនអ្នកចូលរួមជាង៣០០នាក់និងខកខាននៅឆ្នាំ២០២០និងឆ្នាំ២០២១ដោយសារវិបត្ដិកូវីដ១៩។នេះបើយោងតាមកញ្ញាជោតលីនដា។
ប៉ុន្ដែចំពោះការរៀបចំលើកទី២នៅឆ្នាំ២០២២ដែលនៅសល់ចំហាយកូវីដ១៩អ្នកមានចូលរួមបានធ្លាក់មកត្រឹមតែជាង១០០នាក់ប៉ុណ្ណោះ។
កម្មវិធី យោគៈ និងសមាធិឆ្នាំ២០២៣ទទួលការចូលរួមពីវាគ្មិនកិត្ដិយសព្រះភិក្ខុវជិរប្បញ្ញោគូសុភាពលោកនឹមឈុននីនិង អ្នកនាងយីមសុធារីជាអ្នកអប់រំផ្លូវចិត្ដនិងសមាធិក៏ដូចជាលោកគ្រូយាន់វណ្ណៈជាអ្នកបង្ហាត់បង្រៀនយោគៈ។
កញ្ញាលីនដាបានឱ្យដឹងថាព្រះភិក្ខុវជិរប្បញ្ញោគូសុភាពនឹងសម្ដែងធម្មទេសនាអប់រំផ្លូវចិត្ដដល់អ្នកចូលរួមទាំងអស់ដើម្បីបង្កើតភាពស្ងប់សុខនៃផ្លូវចិត្ដ។
យុវតីវ័យ២២ឆ្នាំរូបនេះបានបន្ដថា៖ «យើងក៏បានអញ្ជើញលោកគ្រូ ជំនាញខាងយោគៈដែលមានបទពិសោធន៍ មកបង្ហាត់បង្រៀនដល់អ្នកចូលរួមនូវរបៀបធ្វើយោគៈនៅផ្ទះដោយខ្លួនឯង។ក្រោយការចូលរួមក្នុងកម្មវិធីនេះពួកគាត់អាចយកការបង្ហាត់បង្រៀនយោគៈនិងសមាធិនេះទៅអនុវត្ដផ្ទាល់នៅផ្ទះ»។
លោកយាន់វណ្ណៈគឺជាគ្រូបង្រៀនយោគៈខ្មែរដំបូងគេនៅក្រមាយោគៈ ជាអង្គការដំបូងគេដែលនាំយោគៈមកកម្ពុជា។ដើមហេតុដែលលោក វណ្ណៈ ចូលក្នុងការហាត់ និងបង្រៀនយោគៈដោយសារតែលោកយល់ពីសុភមង្គលសុខភាពនិងសេចក្តីពេញចិត្តដែលនាំចូលក្នុងជីវិតរបស់លោក។ នេះបើយោងតាម JCI Toulkork។
លោកវណ្ណៈដែលបានចាប់ផ្តើមការបណ្តុះបណ្តាលក្រោមការដឹកនាំរបស់ Isabelle Skaburskis ហើយបានទទួលវិញ្ញាបនបត្រ RYT ដំបូងរបស់លោកនៅ Knoff Yoga ក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០០៧ រួមបញ្ចូលគ្នានូវការតម្រង់និងលំហូរដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពនិងសម្រស់។
JCI Toulkork បានបន្ដថា៖ «រាល់ក្បាច់ដែលលោក វណ្ណៈ បានបញ្ចូលគ្នាវាក៏ជួយដោះស្រាយបញ្ហាសុខភាពនិងបញ្ហាផ្លូវចិត្តមួយចំនួនទៀត ដូចជាឈឺខ្នងរឹងសាច់ដុំស្មាស្ត្រេស្តថប់អារម្មណ៍និងបញ្ហាផ្សេងៗ។ នាពេលបច្ចុប្បន្ននេះលោកយាន់វណ្ណៈគឺជាសហស្ថាបនិកនៃ Peace Yoga»។
អ្នកនាងយីមសុធារីជាអ្នកជំនាញផ្នែកចិត្តសាស្ត្រ ជាគ្រូបង្វឹកផ្លាស់ប្តូរភាពជាអ្នកដឹកនាំនិងជាអ្នកកសាងសុខសន្តិភាព ដែលផ្ដោតលើដំណើរប៉ះទង្គិចផ្លូវចិត្តការព្យាបាលនិងការផ្សះផ្សាដោយផ្តោតលើភាពអត់ធន់និងការលូតលាស់។
អ្នកនាង សុធារី ជាស្ថាបនិកនិងជានាយកប្រតិបត្តិ Sneha ជាមជ្ឈមណ្ឌលព្យាបាលនិងបង្វឹក ជាមួយគោលបំណងបង្កើតទីកន្លែងសម្រាប់អ្នកមកជួបគ្រូបង្វឹក មិត្ដភក្ដិដើម្បីជួយដោះស្រាយបញ្ហាស្មុគស្មាញរបស់ពួកគេ។
ទន្ទឹមនឹងនេះលោកនឹមឈុននីដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងភាពជាអ្នកដឹកនាំ ការនិយាយជាសាធារណៈនិងការបណ្តុះបណ្តាល បានបង្កើតក្រុមហ៊ុន Smallworld Cambodia ហើយលោកជាសហនាយក Possibilities World ជាក្រុមហ៊ុនបណ្តុះបណ្តាលផ្តល់នូវដំណោះស្រាយអភិវឌ្ឍន៍និងការគ្រប់គ្រងភាពជាអ្នកដឹកនាំ។
JCI Toulkork បានឱ្យដឹងថាលោកបានដឹកនាំវគ្គវិបស្សនាសតិសម្បជញ្ញៈនៅមជ្ឈមណ្ឌលសមាធិអន្តរជាតិឈៀងម៉ៃអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់មកបានធ្វើដំណើរជុំវិញអាស៊ីខាងត្បូងដើម្បីចែករំលែកការបង្រៀនរបស់ព្រះពុទ្ធស្តីពីការអភិវឌ្ឍមនុស្ស។
បច្ចុប្បន្ននេះលោកឈុននី ជានាយកប្រតិបត្តិនៃ Grassroots Entrepreneur Club ជាគ្រូបណ្តុះបណ្តាលនាំមុខនៅ Impact Hub Phnom Penh និងជាសហអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុតថ្នាក់ជាតិស្តីពីសមាធិ «សមាធិដើម្បីថាមពលជីវិត» (Meditation for the Energy of Life )។
កញ្ញាលីនដាបានឱ្យដឹងថាក្រៅពីការលើកកម្ពស់គុណភាពជីវិតយោគៈនិងសមាធិនេះជាទីកន្លែងបង្កើតមិត្ដភាពថ្មីៗរវាងពាណិជ្ជករមន្ដ្រីរាជការអ្នកបម្រើការងារនៅក្រុមហ៊ុននានាដែលមកពីគ្រប់មជ្ឈដ្ឋាន។
ជាមួយការចុះឈ្មោះបង់ប្រាក់វិភាគទានពី១៥ទៅ២០ដុល្លារសម្រាប់អ្នកចូលរួមម្នាក់ទៅតាមសន្តានចិត្ដ Director of Individual Area របស់ JCI Toulkork រូបនេះបានឱ្យដឹងថាការៀបចំកម្មវិធីនេះមិនផ្ដោតលើប្រាក់ចំណេញសម្រាប់នរណាម្នាក់ឡើយ តែវាជាការចូលរួមក្នុងសកម្មភាពមនុស្សធម៌។
កញ្ញាបានបញ្ជាក់ថា៖ «ដូចការរៀបចំ២ឆ្នាំកន្លងមកប្រាក់ចំណេញពីការរៀបចំព្រឹត្ដិការណ៍យោគៈនិងសមាធិយើងបានយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបនិងមូលនិធិរបស់ព្រះតេជគុណគូសុភាព។ សម្រាប់ប្រាក់ចំណូលសល់ពីការចំណាយផ្សេងៗឆ្នាំនេះយើងក៏នឹងប្រើសម្រាប់ជាសកម្មភាពមនុស្សធម៌នៅតាមអង្គការផ្សេងៗផងដែរ»។
សម្រាប់ព័ត៌មានបន្ថែម @yogaandmeditationforwellbeing និងការចុះឈ្មោះចូលរួមកម្មវិធីយោគៈនិងសមាធិនៅថ្ងៃទី១៨ខែមីនាសូមចុចតំណភ្ជាប់នេះhttps://forms.gle/9ZukbuExcswUeeT87៕